សំឡេងអ្នកភូមិនៅតំបន់បឹងកក់ស្រែកតវ៉ា ៖ «មិនមែនបម្រើរាស្ត្រទេ នេះធ្វើដើម្បីផលប្រយោជន៍ក្រុមហ៊ុនទេ។ រាស្ត្រក្រីក្រនៅតែវេទនារាល់ថ្ងៃ ដោយសារតែការបូមពន្លិចផ្ទះប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់នេះ»។
ការតវ៉ានេះបានធ្វើឡើងព្រមគ្នា នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១០ ដោយប្រជាជន ៧ភូមិ រស់នៅក្នុងដីគោកជុំវិញបឹងកក់ នាសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលខឹងសម្បាក្រុមហ៊ុនស៊ូកាគូ បូមដីពីទន្លេយកមកលុបបឹងកក់ ដោយបានបង្វែរផ្លូវហូរនៃមាត់បំពង់ទឹកមកពន្លិចភូមិប្រជាជនភូមិ១ ជន់លិចភូមិ។
ប្រជាជនតវ៉ានោះភាគច្រើនជាស្ត្រី និងកុមារ បានស្រែកដាក់មីក្រូ និងដុតកង់ឡាន ដើម្បីឲ្យក្រុមហ៊ុនបញ្ឈប់ការបូមខ្សាច់នោះ។
ស្ត្រីនៅភូមិ២២ ឈ្មោះ ហេង មុំ បានឲ្យដឹងថា ៖ «ភូមិប្រជាពលរដ្ឋបានលិចអស់រលីង សូម្បីតែបើកទ្វារចូលផ្ទះក៏បើកមិនបានដែរនេះ។ ខ្ញុំដង្ហោយហៅរដ្ឋាភិបាលឲ្យជួយដោះស្រាយ ខ្ញុំមិនចង់ឃើញខ្មែរយើងមានទឹកភ្នែកហូរម្ដងហើយម្ដងទៀតអ៊ីចឹងទេ ខ្ញុំឈឺចាប់ណាស់!»។
ក្រោយពីមានការតវ៉ាដោយមិនមានដំណោះស្រាយ ប្រជាជនបានលើកគ្នាទៅប្ដឹងដល់ផ្ទះនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែត្រូវប៉ូលិសក្រុមខ្លាហោះ និងប៉ូលិសសង្កាត់ ខណ្ឌ រារាំងខ្លាំងក្លា រហូតមានការប្រតាយប្រតប់គ្នា ធ្វើឲ្យស្ត្រីម្នាក់សន្លប់។
ក្រុមកុមារបានប្ដេជ្ញាស្រាក់ដៃគ្នារត់ចូលទម្លាយម៉ូតូរបស់ប៉ូលិសចតរាំងផ្លូវមិនឲ្យប្រជាជនលើកគ្នាឡើងទៅប្ដឹងដល់ផ្ទះនាយករដ្ឋមន្ត្រីបាន។
ក្រុមកុមារបាននិយាយថា ពួកគេរស់នៅលិចលង់ក្នុងទឹកច្រើនថ្ងៃហើយ ដោយសារក្រុមហ៊ុនស៊ូកាគូ បូមខ្សាច់ចាក់លុបបឹងកក់ ហើយក្រុមហ៊ុនបង្វែរផ្លូវហូរនៃទឹកមកពន្លិចផ្ទះអ្នកភូមិ ដែលនៅលើគោកជុំវិញបឹងកក់ ៖ «ទៅផ្ទះសម្តេច ប៊ុន រ៉ានី ទៅឲ្យជួយបិទក្បាលបូមខ្សាច់កុំឲ្យលិចផ្ទះពួកខ្ញុំ។ ទៅប្ដឹងថា ផ្ទះខ្ញុំលិចឡើងត្រឹមកឯណោះ។ បុកចូលទៅផ្ទះសម្តេច ហ៊ុន សែន ឲ្យទាល់តែបាន»។
មន្ត្រីក្រុមការងារពិសេសសិទ្ធិលំនៅឋាន ដែលឃ្លាំមើលសកម្មភាពបូមខ្សាច់ពន្លិចទឹកមកលើផ្ទះប្រជាជន លោក ណឹប លី បានថ្លែងថា ៖ «រដ្ឋាភិបាល និងក្រុមហ៊ុនហ្នឹង ធ្វើការចរចា ឬក៏ដោះស្រាយឲ្យពួកគាត់ឲ្យបានសមរម្យទៅ មុននឹងបូមពន្លិចគាត់អ៊ីចឹង។ យើងមើលឃើញនឹងភ្នែកទាំងអស់គ្នាហើយថា លំនៅឋានទាំងអស់ហ្នឹងនៅភូមិ១ ដែលនៅខាងចុងនេះ ត្រូវបានលិចលង់ហើយ ហើយគ្មានដំណោះស្រាយអីមួយទេ»។
ក្រោយពីមានការរារាំង និងមានការចរចានៅថ្ងៃត្រង់ថ្ងៃដដែល ចៅសង្កាត់ស្រះចក គឺលោក ឆាយ ធិរិទ្ធ និងអភិបាលខណ្ឌដូនពេញ គឺលោក សុខ សម្បត្តិ បានចុះមើលសភាពការណ៍នោះ និងបានឃើញផ្ទះប្រជាជនពិតជារងនូវការពន្លិចទឹកពិតមែន។ លោកបានសុំឲ្យប្រជាជនលើកសំណូមពរយកទៅដាក់នៅសាលាខណ្ឌ ដើម្បីអាជ្ញាធរខណ្ឌយកសំណើ និងសំណូមពរទាំងឡាយ ទៅពិភាក្សាជាមួយអាជ្ញាធរក្រុងបន្តទៀត។
លោក សុខ សម្បតិ្ត អភិបាលខណ្ឌដូនពេញ ថ្លែងយ៉ាងដូច្នេះ ៖ «អ៊ីចឹងបានខ្ញុំចង់បានសំណូមពរ ឥឡូវបងសរសេរមកណា៎!។ បងស្រី បងសរសេរមកណា៎!»។
នៅរសៀលថ្ងៃព្រហស្បតិ៍ ប្រជាជនមិនបានយកសំណើ និងសំណូមពរទៅជូនអភិបាលខណ្ឌតាមការសន្យាទេ។ ពួកគាត់អះអាងថា គ្រាន់តែអភិបាលខណ្ឌត្រឡប់ទៅវិញ ក្រុមហ៊ុនស៊ូកាគូ បន្តបូមខ្សាច់ឲ្យទឹកលិចផ្ទះអ្នកស្រុកដដែល។
ប្រភពពីមន្ត្រីអង្គការសង្គមស៊ីវិលបានឲ្យដឹងថា ទំនាស់ដីតំបន់បឹងកក់ ប៉ះពាល់ប្រជាជនចំនួន ៤.២៥២គ្រួសារ។ ទំនាស់បានកើតឡើងតាំងពីឆ្នាំ២០០៦មក។ ការដោះស្រាយមិនទាន់ចប់សព្វគ្រប់នៅឡើយ គឺនៅសល់ពលរដ្ឋ ៧ភូមិ មានភូមិលេខ១ លេខ៦ លេខ២០ លេខ២១ លេខ២២ លេខ២៣ និងលេខ២៤ ប្រមាណជា ២.៧០០គ្រួសារទៀត ដែលភាគច្រើនរស់នៅលើដីគោក ជុំវិញបឹងកក់ ដែលក្រុមហ៊ុនមិនធ្វើការចរចាទេ តែបែរជាបូមដីមានលាយទឹកពន្លិចភូមិពួកគេ។
តំបន់បឹងកក់ត្រូវរដ្ឋាភិបាលជួលទៅឲ្យក្រុមហ៊ុនស៊ូកាគូ រយៈពេល ៩៩ឆ្នាំ ក្នុងតម្លៃ ៧៩លានដុល្លារសហរដ្ឋអាមេរិក លើផ្ទៃដីប្រមាណជាង ១៣៣ហិកតា។ បច្ចុប្បន្នបានកាត់វិហារឥស្លាមនៅក្នុងនោះចេញ នៅសល់ផ្ទៃដីវិនិយោគតែជាង ១២៦ហិកតា៕