ប៉ូលិស​បង្ក្រាប​អ្នក​បឹង​កក់​ដែល​មក​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី

ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់ ដែល​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ក្នុង​ការ​តវ៉ា​កាល​ពី​ថ្ងៃ​៣០ កញ្ញា បាន​បន្ត​ការ​តវ៉ា​ជា​ថ្មី​ទៀត​ដល់​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​លោក​ជួយ​អន្តរាគមន៍​ជុំវិញ​ការ​បូម​ដី​លប់​បឹង​កក់​របស់​ក្រុមហ៊ុន​ស៊ូកាគូ ដែល​បណ្ដាល​ឲ្យ​លិច​លង់​លំនៅ​របស់​ពួកគាត់។

ពលរដ្ឋ​មក​ពី ៧​ភូមិ​រស់​នៅ​តំបន់​បឹង​កក់ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ប្រមាណ ១០០​នាក់ នៅ​​ព្រឹក​ថ្ងៃ​ទី​១ ខែ​តុលា បាន​មក​ប្រមូល​ផ្គុំ​គ្នា​នៅ​ខាង​មុខ​គេហដ្ឋាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ដោយ​​​​បាន​អំពាវនាវ​​ឲ្យ​​​ជួយ​​​​រក​ដំណោះស្រាយ​អំពី​បញ្ហា​ទឹក​លិច​ផ្ទះ​សម្បែង​របស់​ពួក​គាត់ បណ្ដាល​មក​ពី​ក្រុមហ៊ុន​ស៊ូកាគូ បូម​ខ្សាច់​លប់​បឹង​កក់។

ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ការ​ជួប​ប្រជុំ​គ្នា​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​ប្រើ​កម្លាំង​បង្ក្រាប ដែល​បណ្ដាល​ឲ្យ​ស្ត្រី ២​នាក់​រង​របួស ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ គង់ ចន្ថា ដួល​សន្លប់​នៅ​នឹង​កន្លែង និង​ស្ត្រី​ម្នាក់​ទៀត​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែរ។

បន្ទាប់​ពី​ត្រូវ​បាន​អាជ្ញាធរ​វាយ​បង្ក្រាប ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​បាន​ទៅ​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ទៀត​នៅ​មុខ​វត្ត​បទុមវតី និង​បន្ទាប់​មក​ពួក​គាត់​ទៅ​ជួបជុំ​គ្នា​នៅ​មុខ​រដ្ឋ​សភា ដើម្បី​ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​កំពូល​មួយ​នេះ​ជួយ​អន្តរាគមន៍​ជុំវិញ​កង្វល់​របស់​ពួកគាត់។

ស្ត្រី​ឈ្មោះ លី មុំ ដែល​អះអាង​ថា ជា​តំណាង​ពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់ ដែល​ត្រូវ​​ទឹក​លិច មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​នេះ​កុមារ​តូចៗ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​រៀន​បាន និង​កើត​ជំងឺ​សើ​ស្បែក​ជា​ច្រើន​នាក់ ក្រោយ​ពី​ក្រុមហ៊ុន​ស៊ូកាគូ បូម​ខ្សាច់​លប់​បឹង​កក់​រួច​មក។

អ្នកស្រី លី មុំ បាន​អំពាវនាវ​សូម​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​ស្ថាប័ន​កំពូលៗ ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់ ៖ «ថ្ងៃ​ទី​១ (តុលា) នេះ ពួក​ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​ផ្ទះ​សម្ដេច​នាយក​ទៀត ដើម្បី​ឲ្យ​សម្ដេច​ជួយ​ដោះស្រាយ​ពី​ផល​លំបាក​ពួក​ខ្ញុំ តែ​ត្រូវ​ប៉ូលិស​វាយ​ដំ​រហូត​ដល់​សន្លប់​ម្នាក់​ទៀត ប្រើ​ដំបង​ឆក់ ហើយ​រុញ​ច្រាន​ពួក​ខ្ញុំ ទាត់​ពួក​ខ្ញុំ​សាហាវ​ដូច​សត្វ​ធាតុ​អ៊ីចឹង»

ស្រដៀង​គ្នា​នេះ​ដែរ​ស្ត្រី​ឈ្មោះ ហេង មុំ បាន​អំពាវនាវ​ក្នុង​សំឡេង​ទួញ​យំ​ដូច្នេះ ៖ «មិន​ឃើញ​លោក​ណា​មក​ជួយ​ខ្ញុំ​ទេ ទោះ​បី​យំ​បែក​មេឃ​បែក​ដី​ក៏​គ្មាន​លោក​ណា​មក​ជួយ​ខ្ញុំ​ដែរ មាន​តែ​សម្ដេច​តេជោ ហ៊ុន សែន ទេ...»

មន្ត្រី​នាំ​ពាក្យ និង​ជា​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ ដែល​បាន​ចេញ​ពី​កិច្ច​ប្រជុំ​សភា​មក​ជួប​ពលរដ្ឋ​នៅ​មុខ​រដ្ឋ​សភា បាន​ស្នើ​ទៅ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ឲ្យ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ​ឲ្យ​បាន​ឆាប់។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ៖ «ការ​អភិវឌ្ឍ​ណា​មួយ​ក៏​ដោយ ទាល់​តែ​ចំណេញ​គ្រប់​ភាគី​ទាំង​អស់។ ការ​អភិវឌ្ឍ​ក្រុមហ៊ុន​ឯកជន​រាប់​រយ​លាន​ដុល្លារ ចំណេញ​តែ​រដ្ឋាភិបាល មន្ត្រី​ពុករលួយ​មួយ​ក្ដាប់​តូច ទុក​ឲ្យ​ប្រជាជន​រង​ទុក្ខ​លំបាក​វេទនា​រាប់​ពាន់​គ្រួសារ គឺ​យើង​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​បែប​នេះ»

ទាក់ទិន​នឹង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ តំណាង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គង់ ចំរើន ដែល​បាន​ទៅ​ជួប​ពលរដ្ឋ​បាន​សន្យា​ថា នឹង​យក​សំណើ​ពលរដ្ឋ​ដាក់​ជូន​ទៅ​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ និង​ធ្វើ​អន្តរាគមន៍។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ចាត់​ទុក​សកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​លើ​ពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​ថា ទង្វើ​ហិង្សា​នេះ​មិន​អាច​រក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​​​បាន​​ឡើយ។

លោក អំ សំអាត មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​គួរ​តែ​រក​វិធី​ចរចា​ដោយ​សន្តិវិធី ហើយ​រក​ដំណោះស្រាយ​យ៉ាង​ណា​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​បាន មិន​អាច​ប្រើប្រាស់​កម្លាំង​ដើម្បី​បង្ក្រាប​ក្នុង​បញ្ហា​ដោះស្រាយ​ដូច​ពេល​នេះ​ទេ»

ចំណារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៨ បាន​សម្រេច​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូកាគូ ដោះស្រាយ​គោល​នយោបាយ​ជូន​ពលរដ្ឋ​ដែល​មាន​ខ្នង​ផ្ទះ​ស្ថិត​នៅ​ក្នុង​តំបន់​បឹង​កក់​ពិត​ប្រាកដ​នូវ​ជម្រើស​ចំនួន ៣ សម្រាប់​ឲ្យ​ពលរដ្ឋ​ជ្រើស​រើស។

ទី​១ ចំពោះ​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​ផ្លាស់​ទី​លំនៅ​ចេញ​ពី​ទីតាំង​អភិវឌ្ឍន៍​ដោយ​មិន​យក​ផ្ទះ ក្រុមហ៊ុន​ផ្ដល់​ថវិកា​ចំនួន ៨​ពាន់​ដុល្លារ និង​សោហ៊ុយ​ចំនួន ២​លាន​រៀល​ក្នុង​១​ខ្នង​ផ្ទះ។ ទី​២ ចំពោះ​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​​ទទួល​យក​ផ្ទះ​នៅ​ក្រៅ​ទីតាំង​អភិវឌ្ឍន៍ ក្រុមហ៊ុន​រៀបចំ​ផ្ដល់​ផ្ទះ ១​ល្វែង និង​សោហ៊ុយ ២​លាន​រៀល​ក្នុង​១​ខ្នង​ផ្ទះ និង​ទី​៣ ចំពោះ​ពលរដ្ឋ​ដែល​ចង់​រស់​នៅ​តំបន់​បឹង​កក់​ដដែល គឺ​ក្រុមហ៊ុន​សុំ​ឲ្យ​ទៅ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​កន្លែង​ដែល​សាលា​ក្រុង​រៀបចំ​ជូន ដោយ​រង់ចាំ​ក្រុមហ៊ុន​បូម​ខ្សាច់​បំពេញ​បឹង​កក់​រួច​ជា​ស្ថាពរ ក្រុមហ៊ុន​នឹង​សង់​ជា​​អគារ​ផ្ដល់​ជូន​ពលរដ្ឋ​ទាំង​នោះ៕