ទាហាន​ខ្មែរ​បង្កើន​ការប្រុង​ប្រយ័ត្ន​ក្រោយ​ការប៉ះទង្គិច​គ្នា​ជាមួយ​ថៃ

ទាហាន​ខ្មែរ​តាម​បណ្តោយ​ព្រំប្រទល់​ខ្មែរ​ថៃ​បាន​ទទួល​បញ្ជា​ឲ្យ​ធ្វើការ​ប្រុងប្រយ័ត្ន​ទ្វេ​ឡើង​ក្រោយ​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​កាលពី​ម្សិលមិញ​ដែល​មាន​ទាហាន​យ៉ាង​ហោច​ណាស់​៣​នាក់​បាន​រង​របួស។

ការផ្ទុះ​អាវុធ​ជា​ច្រើន​នាទី​នៅ​តំបន់​ភ្នំ​ទ្រព្យ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ប្រាសាទ​ព្រះវិហារ ត្រូវ​គេ​រាយការណ៍​ឲ្យ​ដឹង​ជា​ផ្លូវការ​ថា មាន​ទាហាន​ខ្មែរ​ម្នាក់​និង​ទាហាន​ថៃ​២​នាក់​រង​របួស​នៅ​ពេល​បាន​បាញ់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ។

ប្រភព​ពី​មន្ត្រី​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​ជា​អ្នក​បាញ់​កាំភ្លើង​អឹម​៧៩​ដាក់​កង​កម្លាំង​ទាហាន​ខ្មែរ​ជា​មុន ទើប​បាន​ហេតុការណ៍​ផ្ទុះ​អាវុធ​បាន​កើត​ឡើង។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក សាវយុត ដែល​តាមដាន​សភាពការណ៍​ប៉ះទង្គិច​គ្នា​នេះ​រាយការណ៍​បន្ថែម ៖

ម៉ាយ៉ារិទ្ធិ ៖ លោក សាវយុត តើ​លោក​មាន​ព័ត៌មាន​អ្វី​បន្ថែម​ជុំវិញ​ព្រឹត្តិការណ៍​កាលពី​ម្សិលមិញ​ដែរ​ឬ​ទេ?

សាវយុត ៖ សូម​ជម្រាប​ថា ចាប់​តាំង​ពី​ម៉ោង​ប្រមាណ​៨:១៥​នាទី ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា​នេះ មាន​សេចក្ដី​រាយការណ៍​ថា​បន្ទាប់ពី​កងទ័ព​ថៃ​និង​កងទ័ព​ខ្មែរ​បាន​ប៉ះ​គ្នា​ដោយ​អាវុធ​នៅ​ឯ​តំបន់​ព្រលាន​ឥន្ទ្រី​ជាប់​ភ្នំ​ទ្រព្យ​ហ្នឹង​មក គឺ​ទាហាន​ថៃ​បាន​ដកថយ​ប្រហែល​ជា​៤​ម៉ែត្រ ក៏ប៉ុន្តែ​គេ​ឃើញ​ថា​ការដកថយ​ហ្នឹង​មាន​លក្ខណៈ​របៀប​ជា​ត្រៀម​កងទ័ព​ទំនង​ជា​រៀបចំ​ក្បួន​យោធា​របៀប​ជា​ប្រយុទ្ធ។

ដោយឡែក​ស្ថានការណ៍​នៅ​ឯ​ខ្សែ​ត្រៀម​ជួរ​មុខ​ជាប់​តំបន់​ប្រាសាទ​ព្រះវិហារ​ហ្នឹង​មាន​សេចក្ដី​រាយការណ៍​ថា មាន​ការជ្រួល​ច្របល់​នៅ​ក្នុង​កងទ័ព​ថៃ​ហ្នឹង​ចំនួន​៣​លើក​រួច​មក​ហើយ ដោយ​កង​ទាហាន​ថៃ​ខ្លះ​មាន​ការភ្ញាក់ផ្អើល ហើយ​មាន​ការរត់ចោល​អង្រឹង​ឬ​ក៏​រត់ចោល​កន្លែង​របស់​ខ្លួន​ទៀត​ផង។ ក៏ប៉ុន្តែ​យើង​ឃើញ​ថា ស្ថានការណ៍​នៅ​សមរភូមិ​ហ្នឹង​ហាក់​មាន​សភាព​តានតឹង​ណាស់ គឺ​កង​កម្លាំង​រៀង​ខ្លួន​ហ្នឹង​បាន​ត្រៀម​ប្រយុទ្ធ ហើយ​អាវុធ​រៀង​ខ្លួន​ហ្នឹង​បាន​ត្រៀម​នៅ​តាម​កន្លែង​លេណដ្ឋាន​ដែល​មាន​លក្ខណៈ​ប្រយុទ្ធ​តឹងតែង។

ក៏ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ឃើញ​ថា តាម​សេចក្ដី​រាយការណ៍​ពី​កង​យោធា​ខ្មែរ​ថា មេបញ្ជាការ​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​ប្រចាំ​សមរភូមិ​ហ្នឹង​បាន​ខំ​ទប់ស្កាត់​ស្ថានការណ៍​កុំ​ឲ្យ​ទាហាន​ខ្មែរ​ធ្វើការ​ផ្ទុះ​អាវុធ។

ក៏ប៉ុន្តែ​ដោយ​ឡែក​នៅ​ឯ​វត្ត​កែវសិក្ខាគិរីស្វរៈ​ដែល​មាន​ទាហាន​ថៃ​នៅ​ក្នុង​វត្ត​ចំនួន​១០​នាក់​នៅ​ឡើយ​នោះ តាម​សេចក្ដី​រាយការណ៍​ពី​កង​យោធា​ខ្មែរ​ថា ទាហាន​ថៃ​ទាំង​នោះ​បាន​សុំ​ចាកចេញ​ពី​តំបន់​វត្ត​ហ្នឹង​ទៅ​កាន់​កន្លែង​របស់​គេ ក៏ប៉ុន្តែ​មេ​បញ្ជាការ​ខ្មែរ​បាន​ដាក់​លក្ខខណ្ឌ​ថា បើសិន​ជា​ទាហាន​ថៃ​ចំនួន​១០​នាក់​នៅ​ឯ​វត្ត​កែវសិក្ខាគិរីស្វរៈ​ហ្នឹង​ចង់​ចាកចេញ គឺ​គេ​អនុញ្ញាត​ឲ្យ​ចាកចេញ ក៏ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​វិញ​បាន​ទេ។ ហើយ​រហូត​មក​ទល់​ពេល​នេះ​កង​ទាហាន​ឈុត​ខ្មៅ​ដែល​នៅ​ក្នុង​ទឹក​ដី​ខ្មែរ វត្ត​កែវសិក្ខាគិរីស្វរៈ​ហ្នឹង គឺ​នៅតែ​មាន​វត្តមាន​នៅ​ឡើយ ប៉ុន្តែ​គេ​ស្ថិត​នៅ​ក្នុង​សភាព​ភ័យ​ខ្លាច។

ម៉ាយ៉ារិទ្ធិ ៖ មាន​ការចោទ​ប្រកាន់​ពី​មេបញ្ជាការ​របស់​ថៃ​គឺ​លោក​ឧត្ដមសេនីយ៍​ឈ្មោះ វីប៊ុនសាក់វីផាន់ បាន​ប្រាប់​អ្នក​កាសែត​ថា ទាហាន​ថៃ​កំពុងតែ​ដើរ​ល្បាត ហើយ​ឃើញ​ថា មាន​ទាហាន​ខ្មែរ​ប៉ុនប៉ង​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​គេ ហើយ​គេ​ក៏​បាន​បាញ់​ទៅ​លើ​ជា​ច្រើន​គ្រាប់ ក៏ប៉ុន្តែ​នៅ​ពេល​នោះ​ភាគី​ខ្មែរ​ក៏​បាន​បាញ់​ត្រឡប់​មក​វិញ តើ​រឿង​នេះ​មាន​ការសំអាង​យ៉ាង​ណា​ដែរ?

សាវយុត ៖ បើ​តាម​ការអះអាង​របស់​ឧត្ដមសេនីយ៍​យោធា​ថៃ ហើយ​បើ​វិល​មក​ស្ដាប់​ពី​មេបញ្ជាការ​កងទ័ព​ខ្មែរ​វិញ គឺ​មាន​ការអះអាង​ខុស​គ្នា ពីព្រោះ​ខ្ញុំ​បាន​ជួប​មេបញ្ជាការ​រង​ថ្មើរជើង​កងពល​លេខ​៤៣​ដែល​កង​ទាហាន​របស់​គាត់​បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ជាមួយ​ទាហាន​ថៃ​ហ្នឹង លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​កងទ័ព​ខ្មែរ​នៅ​ក្នុង​ទីកន្លែង​មួយ​ដែល​ជា​ដែនដី​ខ្មែរ​បោះ​ទីតាំង​នៅ​យូរ​មក​ហើយ គឺ​គេ​ហៅ​ថា​ព្រលានឥន្ទ្រី នៅ​ជាប់​តំបន់​ភ្នំ​ទ្រព្យ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ​ហ្នឹង គឺ​ទាហាន​ថៃ​ចំនួន​ប្រមាណ​ជា​៣០​នាក់​បាន​ចូល​មក​ដល់​កន្លែង​ដែល​ទាហាន​ខ្មែរ​បោះ​ទីតាំង​ហ្នឹង ហើយ​បាន​ព្យាយាម​បណ្ដេញ​ទាហាន​ខ្មែរ​ដែល​នៅ​ហ្នឹង​ឲ្យ​ចាកចេញ ដោយ​ថៃ​សំអាង​ថា​ជា​ទឹក​ដី​របស់​ថៃ ហើយ​ទាហាន​ខ្មែរ​បាន​បញ្ជាក់​ថា ធ្វើ​អ៊ីចឹង​មិន​កើត​ទេ ពីព្រោះ​អ្នក​ឯង​មក​បញ្ជាក់​ថា ទឹក​ដី​ថៃ​កន្លែង​នេះ ទឹក​ដី​ថៃ​កន្លែង​នោះ ដោយ​មិន​មាន​គណៈកម្មការ​ព្រំដែន​ដោះស្រាយ​អ៊ីចឹង​មិន​កើត​ទេ ដូច្នេះ​ត្រូវ​ថយ​ទៅ​វិញ រង់ចាំ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​សិន។ បើសិន​ជា​ដោះស្រាយ​ថា​ជា​ទឹក​ដី​អ្នក​ណា​នោះ ទាហាន​ខ្មែរ​នឹង​ដក​ចេញ ប៉ុន្តែ​សុំ​ឲ្យ​កង​ទាហាន​ថៃ​ដែល​ចូល​មក​ហ្នឹង​ចាកចេញ​ទៅ​វិញ។ ហើយ​មេបញ្ជាការ​រង​កងពល​ថ្មើរ​ជើង​លេខ​៤៣​បាន​បញ្ជាក់​ថា បន្ទាប់ពី​កង​ទាហាន​ថៃ​ចាកចេញ​ពី​កង​ទាហាន​ខ្មែរ​ដោយ​រុញ​ច្រាន​គ្នា​ទៅ​បាន​ប្រមាណ​ជា​៨០​ម៉ែត្រ​ហ្នឹង គឺ​កង​ទាហាន​ថៃ​បាន​ផ្ទុះ​អាវុធ​ដោយ​បាញ់​អាវុធ​ធុន M79 មក​លើ​ទាហាន​ខ្មែរ ហើយ​មាន​ការបាញ់​រះ​អាវុធ​តូចៗ​ជា​ច្រើន​គ្រាប់ ទើប​ទាហាន​ខ្មែរ​ប្រើ​ស្វ័យ​ការពារ​ខ្លួន​ដោយ​បាញ់​អាវុធ​ការពារ​តបត​ទៅ​វិញ​តែ​ប៉ុណ្ណោះ ហើយ​បើ​ទោះ​បី​ជា​មាន​ការបាញ់​មែន ក៏ប៉ុន្តែ​ទាហាន​ខ្មែរ​មិន​បាន​ជំរុល​ទៅ​ដេញ​តាម​ទាហាន​ថៃ​ទេ។

មន្ត្រី​ខ្មែរ៖ ការប៉ះទង្គិច​រវាង​ខ្មែរ​និង​ថៃ​នឹង​មិន​រារាំង​ដល់​ជំនួប​នៃ​មេដឹកនាំ​ប្រទេស​ទាំង​២​ទេ

ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រវាង​ទាហាន​ខ្មែរ​និង​ទាហាន​ថៃ​នេះ​បាន​កើត​ឡើង​នៅ​ប្រមាណ​១០​ថ្ងៃ​មុន​ការត្រៀម​ជួប​គ្នា​រវាង​នាយក​រដ្ឋមន្ត្រី​ខ្មែរ​និង​នាយក​រដ្ឋមន្ត្រី​ថៃ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​បញ្ហា​ព្រំ​ប្រទល់។

មាន​ការវិភាគ​ខ្លះ​តាម​សារព័ត៌មាន​បាន​សរសេរ​ថា គេ​បារម្ភ​ខ្លាច​ក្រែង​ការប៉ះទង្គិច​គ្នា​នោះ​នឹង​អាច​ធ្វើ​ឲ្យ​រារាំង​ដល់​ការគ្រោង​ជួប​គ្នា​រវាង​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ ប៉ុន្តែ​មន្ត្រី​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​រាជ​រដ្ឋាភិបាល លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា គេ​មិន​រំពឹង​ថា​ហេតុការណ៍​នោះ​នឹង​នាំ​ជា​ឧបសគ្គ​រារាំង​ជំនួប​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រង​នៃ​កងទ័ព​ថៃ​ចោទ​ថា ទាហាន​ខ្មែរ​ជា​អ្នក​បាញ់​ទៅ​លើ​ទាហាន​ថៃ​មុន

ពី​ប្រទេស​ថៃ​នោះ​វិញ​អ្នក​នាំ​ពាក្យ​រង​នៃ​កងទ័ព​ថៃ​បាន​ចោទ​ថា ទាហាន​ខ្មែរ​ជា​អ្នក​បាន​បាញ់​ទៅ​លើ​ទាហាន​ថៃ​មុន។

លោកស្រី​វរសេនីយ៍​ឯក ស៊ីរីយ៉ាន ង៉ា ថុង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការបាញ់​បាន​ធ្វើ​នៅ​ពេល​ថៃ​កំពុង​យាម​ល្បាត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។
លោកស្រី​វរសេនីយ៍​ឯក ស៊ីរីយ៉ាន ង៉ា ថុង បាន​មាន​ប្រសាសន៍​ថា ៖ "ក្នុង​ពេល​ប្រយុទ្ធ ភាគី​ម្ខាង​ទៀត​បាន​បាញ់​កាំភ្លើង​ដៃ​មក​លើ​ទាហាន​យើង។ ឥឡូវ​មេ​បញ្ជាការ​កងទ័ព​បាន​ឲ្យ​មេបញ្ជាការ​ក្នុងតំបន់​ពិភាក្សា​ជាមួយ​មេបញ្ជាការ​ខ្មែរ​ហើយ។ ដំបូង​គេ​នឹង​ធ្វើការ​ស៊ើបអង្កេត​សិន​ពីព្រោះ​វា​អាច​មាន​ការភ័ន្តច្រឡំ"។

ប្រសាសន៍​របស់​អ្នក​នាំ​ពាក្យ​រង​កងទ័ព​ថៃ​នេះ​បាន​ផ្ទុយ​ទៅ​នឹង​សម្តី​របស់​ឧត្តមសេនីយ៍​ឯក​ថៃ លោក Viboonsak Neepan មេបញ្ជាការ​ប្រចាំ​ភាគ​បូព៌ា​របស់​ថៃ ដែល​បាន​ប្រាប់​អ្នកកាសែត​ថា ទាហាន​ថៃ​បាន​បាញ់​ទៅ​លើ​អាកាស​ព្រមាន​ទាហាន​ខ្មែរ ហើយ​ទាហាន​ខ្មែរ​ក៏​បាន​បាញ់​តប​មក​ទាហាន​ថៃ​នោះ​វិញ។

នៅ​ជាមួយ​គ្នា​នោះ​ដែរ កាសែត The Nation របស់​ថៃ​បាន​សរសេរ​ថា ការប្រយុទ្ធ​ប្រមាណ​១០​នាទី​រវាង​ទាហាន​ខ្មែរ​ថៃ គឺ​នៅ​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​មក​ថា មាន​ទាហាន​ថៃ​ចំនួន​១០​នាក់​បាន​ឆ្លង​ចូល​ទៅ​ក្នុង​បរិវេណ​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ៕