អ្នក​ភូមិ​បុរី​កីឡា​ប្ដឹង​មន្ត្រី​សាលា​ខណ្ឌ​៧​មករា

ប្រជា​ពល​រដ្ឋ​បុរី​កីឡា​ជាង ៧០​នាក់ បាន​នាំ​គ្នា​ឡើង​ទៅ​ការិយាល័យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ដើម្បី​ប្ដឹង​មន្ត្រី​សាលា​ខណ្ឌ ៧​មករា ២​រូប និង​មន្ត្រី​សហគមន៍​បុរី​កីឡា ៦​នាក់​ទៀត ពី​បទ​ស៊ីសំណូក។

ហើយ​មន្ត្រី​ទាំង​នោះ​ក៏​ត្រូវ​បាន​ចោទ​ថា​បន្លំ​ឈ្មោះ​ប្រជា​ពល​រដ្ឋ​បុរី​កីឡា ដែល​ត្រូវ​ទទួល​ផ្ទះ​​​ល្វែង​សង់​ថ្មី ប្រគល់​ជូន​ដោយ​​​ក្រុមហ៊ុន​ផានអ៊ីមិច (Phan Imex)។

បុរស​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ដើម​បណ្ដឹង​ជាង ៧០​នាក់ ដែល​បាន​ទៅ​​ដាក់​ពាក្យ​បណ្ដឹង​នោះ មាន​ប្រសាសន៍​ថា មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ម្នាក់ បាន​មក​​ទទួល​ពាក្យ​បណ្ដឹង ដោយ​បាន​សន្យា​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​នឹង​ស៊ើប​អង្កេត​បណ្ដឹង​នេះ។

ក្រុមហ៊ុន​ផានអ៊ីមិច​បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​កម្ពុជា អភិវឌ្ឍន៍​សំណង់​នៅ​បុរី​កីឡា​នៅ​នឹង​កន្លែង ហើយ​បាន​ចុះ​កិច្ច​សន្យា​សង់​ផ្ទះ​​ល្វែង​ឲ្យ​អ្នក​បុរី​កីឡា​រស់​នៅ​ចំនួន ១០​អាគារ តែ​ក្រុមហ៊ុន​នេះ​បាន​សង់​តែ ៨​អាគារ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។