ដោយឡែកចំពោះប្រទេសថៃ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ថៃបានធ្វើពាណិជ្ជកម្មជាមួយកម្ពុជា គឺសម្លឹងមើលផលប្រយោជន៍ និងកេងយកចំណេញពីកម្ពុជា ដោយមិនគោរពសមធម៌ពាណិជ្ជកម្ម ហើយជាងនេះទៅទៀតនោះ គឺថា ថៃមិនបើកច្រកទីផ្សារសេរីសម្រាប់ឲ្យកម្ពុជា នាំផលិតផលទៅកាន់ទីផ្សារថៃ នោះទេ។
អ្នកជំនាញខាងកសិកម្មបានឲ្យដឹងនៅថ្ងៃទី១០ កុម្ភៈ ថា ប្រទេសថៃ ទទួលយកផលិតផលរបស់កម្ពុជា ទៅតាមតម្រូវការរបស់ថៃ ម្ដងម្កាលទេ មិនដូចកម្ពុជា បើកច្រកឲ្យថៃ នាំចូលផលិតផលថៃ សេរីចូលមកទីផ្សារកម្ពុជា នោះទេ។
អ្នកជំនាញខាងផ្នែកកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ និងជាប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) មានប្រសាសន៍ថា សព្វថ្ងៃនេះថៃ មិនអនុញ្ញាតឲ្យកម្ពុជា នាំចេញអង្ករទៅកាន់ទីផ្សារថៃ នោះទេ។ លោកថា ថៃធ្វើដូច្នេះមិនមានតុល្យភាពផ្នែកពាណិជ្ជកម្មរវាងកម្ពុជា និងថៃនោះទេ ពីព្រោះថា កម្ពុជាជាទីផ្សារដ៏ធំក្នុងការនាំចូលផលិតផលរបស់ថៃមកទីផ្សារកម្ពុជា។
ការលើកឡើងដូច្នេះ នៅខណៈដែលទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ (Xinhua) បានចុះផ្សាយកាលពីថ្ងៃទី៩ កុម្ភៈ ដោយស្រង់សំដីអ្នកវិភាគសេដ្ឋកិច្ចរបស់ថៃ ថា កម្ពុជាជាទីកន្លែងដ៏ល្អបំផុតសម្រាប់ធ្វើពាណិជ្ជកម្មសម្រាប់ពាណិជ្ជករថៃ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀត។
សកលវិទ្យាធិការនៃសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ផ្នែកពាណិជ្ជកម្មអាស៊ាន លោក រុងរោត បិនចាម៉ាស៊ូធីន (Roongrote Benjamasuthin) បានជំរុញឲ្យអ្នកជំនួញខ្នាតតូច និងមធ្យមថៃ ត្រូវសម្លឹងមកប្រទេសកម្ពុជា ក្នុងការធ្វើជំនួញ ដោយលោកចាត់ទុកប្រទេសកម្ពុជា ថាជាទីកន្លែងជោគជ័យបំផុតក្នុងគម្រោងពាណិជ្ជកម្មរបស់ថៃ។
លោកបញ្ជាក់ថា អ្នកវិនិយោគថៃ គួរតែមកបើករោងចក្រ និងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃអង្ករនៅកម្ពុជា ដែលជាប្រទេសជិតខាង ដោយលោកបានលើកហេតុផលថា តម្លៃពលកម្មនៅកម្ពុជា ថោកជាងប្រទេសថៃ ពីព្រោះថា តម្លៃកម្មករក្នុងមួយថ្ងៃចំនួន ២០០បាត ឬជាង ៦ដុល្លារ។ រីឯតម្លៃពលកម្មនៅថៃ ថ្លៃជាងនៅកម្ពុជា គឺប្រមាណ ១០ដុល្លារក្នុងមួយថ្ងៃ។
សារព័ត៌មានដដែលបានស្រង់សំដីនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck shinawatra) បានប្រកាសថា ថៃនឹងជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវរថភ្លើងតភ្ជាប់ពីប្រទេសឥណ្ឌូចិន ដើម្បីជួយដល់ផែនការទំនាក់ទំនងគ្នាក្នុងក្របខ័ណ្ឌប្រទេសតំបន់អាស៊ាន។
ផលិតផលថៃ នាំចូលមកកម្ពុជា កន្លងមក ដូចជាសំលៀកបំពាក់ ស្បែកជើង សាប៊ូ ថ្នាំដុសធ្មេញ គ្រឿងអគ្គិសនី ផ្លែឈើ និងផលិតផលផ្សេងៗទៀត។
លោកបណ្ឌិត យ៉ង សាំងកុមារ បានទទួលស្គាល់ថា កម្ពុជាជាទីផ្សារធំបំផុតរបស់ថៃ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ដែលនាំចូលផលិតផលមកកាន់ទីផ្សារកម្ពុជា។
លោក យ៉ង សាំងកុមារ អះអាងថា កម្ពុជានៅខ្វះឧស្សាហកម្មកែច្នៃផលិតផលនៅឡើយ ដូច្នេះហើយ កម្ពុជាពឹងផ្អែកលើការនាំចូលផលិតផលពីបរទេសនោះ កម្ពុជាមិនអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់កសិកររីកចំរើនបានលឿនទេ។ បញ្ហានេះ លោកបញ្ជាក់ថា កម្ពុជាត្រូវការពេលវេលាពី ៥ឆ្នាំ ទៅ ១០ឆ្នាំទៀត ដើម្បីឲ្យកម្ពុជា មានផលិតផលកែច្នៃច្រើននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
របាយការណ៍របស់រដ្ឋាភិបាលបានសរសេរថា ប្រទេសដែលមកវិនិយោគនៅកម្ពុជា ច្រើនជាងគេក្នុងឆ្នាំ២០១២ គឺថៃ មានទឹកប្រាក់ចំនួន ១២១លានដុល្លារ បន្ទាប់មកវៀតណាម ចំនួន ៨៦លានដុល្លារ សិង្ហបុរី ៨២លានដុល្លារ និងម៉ាឡេស៊ី ជាង ១សែនដុល្លារ៕
