បញ្ហា​ទិដ្ឋាការ​ខ្មែរ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​សហរដ្ឋ​អាមេរិក បាន​ត្អូញត្អែរ​ថា ពួកគេ​តែង​ជួប​ផល​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅ​លេង​បង​ប្អូន​នៅ​ប្រទេស​កម្ពុជា ដោយសារ​បញ្ហា​ទិដ្ឋាការ ឬ Visa ហាក់​មាន​ភាព​មិន​ប្រក្រតី។

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ ដែល​បាន​អត្ថាធិប្បាយ​តាម​សារ​អេឡិចត្រូនិក​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា នៅ​ពេល​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ម្តងៗ តែង​ជួប​ឧបសគ្គ​ក្នុង​ការ​ប្រើប្រាស់​ទិដ្ឋាការ​ដែល​គេ​ទទួល​បាន​ពី​សហរដ្ឋ​អាមេរិក។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​គេ​ទៅ​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​រាជធានី​ភ្នំពេញ គេ​ត្រូវ​ចំណាយ​លុយ​ឲ្យ​ក្រុម​មន្ត្រី​នគរបាល ដែល​ទទួល​បន្ទុក​ខាង​ទិដ្ឋាការ​ចំនួន ៣០​ដុល្លារ​ថែម​ទៀត បើ​ទោះ​បី​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​មាន​ទិដ្ឋាការ​ដែល​ស្ថានទូត​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​ផ្ដល់​ឲ្យ​ក៏ដោយ។

ប្រភព​បាន​បន្ថែម​ថា មន្ត្រី​នគរបាល​ខាង​ទិដ្ឋាការ​មួយ​ចំនួន​អះអាង​ថា ទិដ្ឋាការ​ដែល​គេ​បាន​ពី​សហរដ្ឋ​អាមេរិក មិន​មាន​ប្រសិទ្ធភាព​ដូច​ទិដ្ឋាការ​ដែល​គេ​ចេញ​ឲ្យ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នោះ​ឡើយ។

ប្រតិកម្ម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រូប​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​លោក ហែម ហេង ឯក​អគ្គ​រាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ថា ស្ថានទូត​ខ្មែរ​ផ្ដល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទូទៅ​ដោយ​ឥត​គិត​ថ្លៃ។

ឆ្លើយ​តប​នៅ​នឹង​ប្រតិកម្ម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​បាន​លើក​ឡើង​អំពី​បញ្ហា​ទិដ្ឋាការ​នោះ ឯក​អគ្គ​រាជ​ទូត​ខ្មែរ លោក ហែម ហេង ថ្លែង​ថា កន្លង​មក​លោក​តែង​ឮ​ពាក្យ​ចចាមអារ៉ាម​ថា មាន​សមត្ថកិច្ច​ខ្លះ​នៅ​អាកាស​យានដ្ឋាន បាន​យក​លុយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ពី​បរទេស​មែន ប៉ុន្តែ​ក្រសួង​ការបរទេស​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ បាន​ខិតខំ​បំបាត់​បញ្ហា​នេះ។

លោក ហែម ហេង មាន​ប្រសាសន៍​ដូច្នេះ ៖ «តាម​ពិត​បង​ប្អូន​ដែល​បាន​ទិដ្ឋាការ​ពី​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​របស់​យើង​នៅ​ក្រៅ​ប្រទេស​ហើយ គឺ​ថា អត់​មាន​ត្រូវ​បង់​អី​ទៀត​ទេ វា​ស្រប​ច្បាប់​ហើយ ហើយ​មនុស្ស​ដែល​ថា មក​សុំ​លុយ​សុំ​កាក់​អី ថា​របស់​ហ្នឹង​វា​មិន​ល្អ​អី អ្នក​ហ្នុង​ជា​មនុស្ស​ខូច ហើយ​ជា​បុគ្គល​ប៉ុណ្ណោះ»

លោក ហែម ហេង បន្ត​ថា ពលរដ្ឋ​ទាំង​ឡាយ​ត្រូវ​រាយការណ៍​ទៅ​នគរបាល​រាជធានី​ភ្នំពេញ អំពី​សកម្មភាព​ទារ​លុយ​ណា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​សមត្ថកិច្ច​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

លោក ហែម ហេង មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ចំពោះ​រឿង​នេះ សុំ​​ឲ្យ​មាន​ការ​សហការ​ទាំង​អស់​គ្នា ពីព្រោះ​ការ​ដែល​បុគ្គល​ធ្វើ​ហ្នឹង​គេ​លួច​ធ្វើ​ទេ ធ្វើ​ម៉េច​នឹង​ក្រសួង​ដឹង ដូច្នេះ​សូម​បង​ប្អូន​ដែល​ទទួល​រង​ហ្នឹង សូម​ឲ្យ​ប្ដឹង សូម​ឲ្យ​រាយការណ៍​ទៅ​ប៉ូលិស​ហ្នឹង​ទៅ អា​ហ្នឹង​ទើប​យើង​អាច​ចាត់​វិធានការ​បាន»

គួរ​បញ្ជាក់​ផង​ដែរ​ថា ទិដ្ឋាការ ឬ Visa សម្រាប់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជា​ទិដ្ឋាការ​អចិន្ត្រៃយ៍​ប្រភេទ K និង​ជា​ទិដ្ឋាការ​ដែល​គេ​អាច​ទទួល​បាន​ដោយ​ឥត​គិត​ថ្លៃ ហើយ​សុំ​តែម្ដង​អាច​ប្រើ​បាន​រហូត​ដល់​លិខិត​ឆ្លង​ដែន​អស់​សុពលភាព ឬ​ផុត​ថ្ងៃ​កំណត់។

ជា​រឿយៗ វិទ្យុ​អាស៊ី​សេរី​តែង​ទទួល​បាន​លិខិត​ត្អូញត្អែរ​ពី​ភ្ញៀវ​ទេសចរណ៍​ខ្មែរ​អាមេរិកកាំង ដែល​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​កម្ពុជា ដែល​អះអាង​ថា ពួកគេ​តែង​ជួប​បទ​ពិសោធន៍​សឹង​គ្រប់ៗ​គ្នា អំពី​ក្រុម​ប៉ូលិស​អន្តោប្រវេសន៍​ដែល​ធ្វើការ​ពិនិត្យ​លើ​លិខិត​ឆ្លង​ដែន​របស់​អ្នក​ធ្វើ​ដំណើរ តែង​ទារ​លុយ​ក្រៅ​ផ្លូវការ​ពី​ភ្ញៀវ​ទេសចរណ៍។

ជុំវិញ​បញ្ហា​នេះ លោក ហែម ហេង ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ប្រសិន​បើ​សមត្ថកិច្ច​នៅ​តាម​អាកាស​យានដ្ឋាន​ឆ្លៀត​ឱកាស​យក​លុយ​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ នៅ​តែ​បន្ត​កើត​មាន​នោះ នឹង​ធ្វើ​ឲ្យ​មុខ​មាត់​របស់​កម្ពុជា កាន់​តែ​អាប់ឱន។

លោក ហែម ហេង មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​ពិត​ហើយ ប្រសិន​បើ​ជា​មាន​មន្ត្រី​ខ្លះ​គាត់​នៅ​តែ​លួច​ធ្វើ​អ៊ីចឹង​ទៀត គឺ​ថា វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​មុខ​មាត់​ប្រទេស​ជាតិ។ កាល​ណា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​ជាតិ វា​ធ្វើ​ឲ្យ​ចំនួន​អ្នក​ទៅ​ទស្សនា​ស្រុក​ខ្មែរ​ហ្នឹង​វា​អាច​ថយ​ចុះ ដោយសារ​គេ​អន់​ចិត្ត ពីព្រោះ​ជួនកាល​ពេល​គេ​ត្រឡប់​មក​វិញ គេ​និយាយ​ប្រាប់​មិត្ត​ភក្ដិ ឬ​ប្រាប់​អ្នក​ផ្សេង​ទៅ វា​ធ្វើ​ឲ្យ​បញ្ហា​ហ្នឹង​កាន់​តែ​រីក​ធំ ហើយ​រាជ​រដ្ឋាភិបាល​តែង​តែ​ចាត់​វិធានការ​លុប​បំបាត់​នូវ​អំពើ​អសកម្ម​ទាំង​នេះ ប៉ុន្តែ​នៅ​តែ​មាន​ត្រីងៀត​ឆ្លៀត​ពង។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ រាជ​រដ្ឋាភិបាល​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​អស់ ដើម្បី​ជំរុញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ធ្វើ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ​កាន់​តែ​ច្រើន​ថែម​ទៀត»

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ជា​ច្រើន​និយាយ​ថា ប្រសិន​បើ​បញ្ហា​ទិដ្ឋាការ​ទៅ​កម្ពុជា ឧបសគ្គ​ដ៏​ស្មុគស្មាញ​ក្នុង​ការ​ធ្វើ​ដំណើរ​ដូច្នេះ​នោះ កម្ពុជា​អាច​ធ្លាក់​ចុះ​នូវ​វិស័យ​ទេសចរណ៍​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​ធំ​របស់​ប្រទេស៕