ភាព​ទាល់ច្រក​នៃ​ការ​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ

ការ​​បន្ត​ជាប់​គាំង​​ដែល​មិន​អាច​ឈាន​ទៅ​រក​ការ​បញ្ចប់​ជម្លោះ​​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ ជា​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​បន្ត​​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត ៥​ឆ្នាំ​មក​ហើយ ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០០៨។
ដោយ ម៉ម មុនីរតន៍
2013.02.17
ប្រាសាទ ព្រះវិហារ ៣០៥ ទេសចរ​នៅ​លើ​ប្រាសាទ​ព្រះវិហារ គោបុរៈ​ទី​៤។ រូបថត​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០១៣
RFA/Morm Moniroth

ការ​ផ្ទុះ​សង្គ្រាម​ព្រំដែន​កម្ពុជា-​ថៃ កើត​ឡើង​ក្រោយ​ពី​ប្រាសាទ​ដែល​មាន​អាយុកាល​ជាង ១​ពាន់​ឆ្នាំ​មួយ​នេះ ត្រូវ​ដាក់​បញ្ចូល​ទៅ​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សម្រាប់​មនុស្ស​ជាតិ​រួច​មក។ ការ​មិន​​អាច​ទម្លាយ​ភាព​ទាល់​ច្រក​នេះ​បាន​នោះ ក៏​ព្រោះ​តែ​ភាគី​ថៃ សំអាង​លើ​ផែនទី​ជា​ឯកតោភាគី​ថា មាន​តំបន់ ៤.៦ ក្បែរ​​ប្រាសាទ​ព្រះវិហារ គឺ​ជា​ទីតាំង​ដែល​​ខ្លួន​ត្រូវ​គ្រប់គ្រង។ ប៉ុន្តែ​ភាគី​កម្ពុជា ពុំ​ទទួល​ស្គាល់​ថា មាន​តំបន់ ៤.៦ ក្បែរ​​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និយាយ​ថា អ្វី​ដែល​រដ្ឋាភិបាល​ថៃ បង្កើត​តំបន់ ៤.៦​គីឡូម៉ែត្រ​ការ៉េ នៅ​លើ​តំបន់​ឆ្លង​កាត់​របស់​ខ្មែរ​ទៅ​កាន់​ប្រាសាទ​នេះ ក៏​ព្រោះ​តែ​ភាគី​ថៃ មើល​ឃើញ​ថា ប្រសិន​បើ​គម្រោង ៤.៦ នេះ ខ្លួន​ទាក់ទាញ​ការ​ជឿ​ទុកចិត្ត​បាន​ពី​អន្តរជាតិ បាន​ន័យ​ថា គឺ​ជា​ជោគជ័យ​មួយ​ដ៏​ធំ​ក្នុង​ការ​កាត់​ផ្ដាច់​ទាំង​ស្រុង​លើ​​ផ្នែក​យោធា និង​សេដ្ឋកិច្ច​របស់​កម្ពុជា។

ក៏​ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ជនជាតិ​អាមេរិកាំង លោក ចន បើកហ្គេស (John Burgess) ដែល​បាន​តាមដាន​យ៉ាង​ដិត​ដល់​លើ​ដំណើរ​ការ​ក្ដី​ប្រាសាទ​ព្រះវិហារ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ពុំ​មាន​អ្វី​ដែល​ត្រូវ​សង្ស័យ​ទៀត​នោះ​ឡើយ ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​នោះ។

ក្នុង​ន័យ​នេះ​លោក​បញ្ជាក់​ថា ពិត​ណាស់ ផ្អែក​តាម​សាលដីកា​ឆ្នាំ​១៩៦២ ប្រាសាទ​ព្រះវិហារ គឺ​ជា​របស់​កម្ពុជា យ៉ាង​ពិត​ប្រាកដ៖ «នៅ​ឆ្នាំ​១៩៦២ បន្ទាប់​ការ​ជំនុំជម្រះ​អស់​រយៈពេល​ដ៏​យូរ ICJ បាន​សម្រេច​ថា ប្រាសាទ​ព្រះ​វិហារ​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា។ ការ​តវ៉ា​ជា​ច្រើន​ត្រូវ​បាន​គេ​ដាក់​ជូន​តុលាការ រួម​មាន​ការ​តវ៉ា​របស់​ថៃ អំពី​ដែនដី​ពិសិដ្ឋ និង​ការ​តវ៉ា​របស់​កម្ពុជា អំពី​កេរមរតក។ ប៉ុន្តែ​នៅ​ទី​បំផុត អ្វី​ដែល ICJ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ផែនទី​ដែល​ផលិត​នៅ​​ឆ្នាំ​១៩០៧»

នៅ​មុន​ការ​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២ ឡើង​វិញ ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​ក្នុង​ខែ​មេសា ឆ្នាំ​២០១៣ ខាង​មុខ មជ្ឈដ្ឋាន​នានា​មាន​ជំនឿ​ថា សាលដីកា​នេះ​នឹង​នាំ​ឲ្យ​កម្ពុជា មាន​ប្រៀប​ផ្នែក​ផ្លូវ​ច្បាប់​រួច​ជា​ស្រេច​លើ​ភាគី​ជម្លោះ។

យោធា​ថៃ និង​កម្ពុជា ប្រាំ​បូក​ប្រាំ (5+5) ដែល​ប្រចាំ​ការ​នៅ​វាល​សំបុកឃ្មុំ ស្ថិត​នៅ​ខាង​មុខ​ប្រាសាទ​ព្រះវិហារ ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​ពុំ​មាន​ចេតនា​ក្នុង​ការ​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ក្នុង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​នោះ​ទេ។

ពួក​គេ​បន្ត​ថា៖ «រាល់​ថ្ងៃ​កង​កម្លាំង​ខ្មែរ​និង​ថៃ ដែល​មាន​ចំនួន​ម្ខាង ៥​នាក់ តែង​តែ​ជួប​ប្រជុំ​ជាមួយ​គ្នា ហើយ​មិន​មាន​ការ​ប្រើ​កម្លាំង​ណា​មួយ​ដើម្បី​តទល់​គ្នា​ទេ។ ខ្ញុំ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ជា​មរតក​របស់​ពិភពលោក​ហើយ។ យើង​មិន​ចង់​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នេះ​ទេ»

លោក ចន បើកហ្គេស គិត​ថា រដ្ឋាភិបាល​ទីក្រុង​បាងកក គួរ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​ការ​កាន់​កាប់​ប្រាសាទ​ព្រះវិហារ ក្រោយ​ពី​មាន​សេចក្ដី​សម្រេច​ភ្លាមៗ របស់ ICJ ក្នុង​ឆ្នាំ​១៩៦២។លោក​បន្ត​ថា គេ​​ពុំ​គួរ​ជំទាស់​ចំពោះ​សេចក្ដី​សម្រេច​របស់ ICJ នៅ​ពេល​នេះ​នោះ​ទេ។ បើ​តាម​លោក ចន បើកហ្គេស គេ​ហាក់​ពុំ​​ឃើញ​មាន​ឯកសារ​ណា​មួយ ដែល​មាន​និយាយ​អំពី​តំបន់ ៤.៦ នោះ​ឡើយ។

លោក ចន បើកហ្គេស៖ «អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ថៃ​មិន​ដែល​ជំទាស់​នឹង​ផែនទី​​នេះ​ទេ។ ការ​ពិត​ថៃ ទទួល​ស្គាល់​ផែនទី​ដែល​បង្ហាញ​ថា ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា។ នៅ​ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បាន​សម្រេច​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ​ ហើយ​ប្រទេស​ថៃ បាន​ទទួល​ស្គាល់​ថា ប្រាសាទ​ព្រះវិហារ មិន​មែន​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ថៃ​នោះ​ទេ។ ដូច្នេះ​វា​ហួស​អាជ្ញា​អាយុកាល​ក្នុង​ការ​សើរើ​រឿង​ក្ដី​​នេះ​ហើយ»

ប្រាសាទ​ព្រះវិហារ​ដែល​មាន​អាយុកាល​ជាង ១​ពាន់​ឆ្នាំ​មួយ​នេះ ត្រូវ​ខ្ទេចខ្ទាំ​ដោយ​ការ​បាញ់​រះ​របស់​យោធា​ថៃ និង​ក្លាយ​ទៅ​ជា​សមរភូមិ​ប្រយុទ្ធ​ដ៏​តានតឹង ក្រោយ​ពី​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។

កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១១ តុលាការ​យុត្តិធម៌​​អន្តរជាតិ​ទីក្រុង​ឡាអេ ICJ បាន​ចេញ​បទ​បញ្ជា​បន្ទាន់​មួយ តម្រូវ​ឲ្យ​កម្ពុជា និង​ថៃ ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្ដោះអាសន្ន​លើ​ទំហំ​ដី ១៧​គីឡូម៉ែត្រ​ក្រឡា។ អ្វី​ដែល ICJទាមទារ​ឲ្យ​ភាគី​​ជម្លោះ​ទាំង​ពីរ​ដក​ខ្លួន​ចេញ​ពី​ទីតាំង​ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ នោះ​ក៏​ព្រោះ​តែ​ដើម្បី​សង្គ្រោះ​ប្រាសាទ​ព្រះវិហារ​ពី​ការ​​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​សព្វាវុធ។ នេះ​គឺ​ជា​ការ​ឆ្លើយតប​នូវ​សំណើ​របស់​កម្ពុជា ជា​ថ្មី​ម្ដង​ទៀត ដែល​ស្នើ​សុំ​​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​បន្ទាន់​មួយ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​មួយ​នេះ កាល​ពី​ខែ​មេសា ឆ្នាំ​២០១១។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និយាយ​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ថា នៅ​ក្នុង​ផែនទី​ឧបសម្ពន្ធ​ផលិត​ក្នុង​ឆ្នាំ​១៩០៨ ដែល​មាន​តម្លៃ​ជា​សកល​នោះ ពុំ​មាន​ចែង​​ក្នុង​មាត្រា​ណា​មួយ​ដែល​កំណត់​ថា មាន​តំបន់ ៤.៦​នោះ​ទេ។

លោក ផៃ ស៊ីផាន ហៅ​ការ​បង្កើត​យុទ្ធសាស្ត្រ​របស់​ថៃ​នេះ ថា​គឺ​ជា​ផែនទី​ផលិត​ដោយ​ឯកតោ​ភាគី និង​ជា​ការ​ប៉ុនប៉ង​ដើម្បី​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ខ្មែរ​​ប៉ុណ្ណោះ៖ «ក្នុង​ឆ្នាំ​១៩៦០ ហ្នឹង យើង​ឃើញ​​​ថា ថៃ​​ហ្នឹង​​បាន​គូស​ពណ៌​លឿង ហើយ​កម្ពុជា បាន​គូស​ពណ៌​ក្រហម។ ខណ្ឌ​សីមា​ពណ៌​ក្រហម​ហ្នឹង តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​យក​ជា​ផ្លូវការ ទាត់​ចោល​ខ្សែ​ខណ្ឌសីមា ដែល​ថៃ​​​​គូស​ដោយ​ខ្លួនឯង ជា​ឯកតោ​ភាគី​ក្នុង​ឆ្នាំ​១៩៦២។ បន្ទាប់​ពី​ហ្នឹង​បាន​យើង​ឃើញ​ក្នុង​ឆ្នាំ​២០០៨ បាន​ឃើញ​ថៃ គូស​ខ្សែ​បន្ទាត់​ពណ៌​ខ្មៅ​នេះ ខ្សែ​បន្ទាត់​ពណ៌​ខ្មៅ​នេះ ជា​ខ្សែ​បន្ទាត់​ខណ្ឌសីមា​ថ្មី ដែល​ថៃ​ផលិត​ខ្លួន​ឯង​ដោយ​កាត់​យក​តំបន់​ប្រាសាទ​ដែល​ជា​តូច​នេះ​របស់​ប្រាសាទ ដែល​ឲ្យ​ខ្មែរ​ហើយ​ទុក​រក្សា​ដី​នេះ​ហើយ។ ក៏​ប៉ុន្តែ​បើ​សិន​យើង​ពិចារណា​មើល​ពី​ចន្លោះ​ខ្សែ​ពណ៌​ខ្មៅ​ទៅ​ខ្សែ​ពណ៌​ក្រហម​នេះ អា​នេះ​ហើយ​ដែល​គេ​ថា ជា​ផែន​ដី​​ដែល ៤.៦ របស់​ថៃ ដែល​ថៃ​គេ​ទាមទារ​ដោយ​មិន​ស្រប​ច្បាប់​នេះ​ឯង»

បើ​ទោះ​ជា​តំបន់ ៤.៦ ពុំ​មាន​ចែង​នៅ​ក្នុង​ផែនទី​ឧបសម្ពន្ធ ឆ្នាំ​១៩០៨ របស់​អន្តរជាតិ ក៏​ដូចជា​ការ​អះអាង​របស់​កម្ពុជា យ៉ាង​ណា​ក៏ដោយ តែ​គេ​នៅ​មាន​មន្ទិល​ថា តើ​មូលហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ទីក្រុង​បាងកក នៅ​បន្ត​មាន​ប្រៀប និង​អាច​គ្រប់គ្រង​តំបន់ ៤.៦ ពី​ចម្ងាយ នៅ​គ្រា​តំបន់​ដែល​គូសវាស​នេះ ស្ថិត​នៅ​ក្នុង​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​របស់​កម្ពុជា​នោះ។

វិទ្យុ​អាស៊ី​សេរី បាន​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​តាម​សារ​អេឡិចត្រូនិក (Email) ពី​មន្ត្រី​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា​ដែរ ដើម្បី​ឲ្យ​មាន​ការ​បក​ស្រាយ​ពី​ទំហំ​ដី ៤.៦ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា ចាត់​ទុក​ថា ជា​ផែនទី​គូស​ដោយ​ឯកតោ​ភាគី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ​នោះ​ទេ។

ប៉ុន្តែ​កាល​ពី​ដើម​ខែ​កុម្ភៈ តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​របស់​ថៃ និយាយ​ថា គណបក្ស​ភឿថៃ បាន​ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី គឺ​​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បើក​ការ​ចរចា​ជាមួយ​កម្ពុជា ដើម្បី​ស្នើ​សុំ​ឲ្យ​កម្ពុជា ពិចារណា​ក្នុង​ការ​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ពី ICJ ដោយ​​ងាក​មក​ចរចា​ទ្វេ​ភាគី​ឡើង​វិញ និង​អភិវឌ្ឍ​រួម​គ្នា​លើ​ទំហំដី​ដែល​ថៃ អះអាង​ដោយ​ឯកតោភាគី​ថា មាន​តំបន់ ៤.៦ គីឡូម៉ែត្រ​ការ៉េ​នោះ។

អ្នក​វិភាគ​បញ្ហា​សង្គម​គិត​ថា អ្នក​នយោបាយ​​កម្ពុជា បាន​បោះបង់​ជំហរ​សិទ្ធិ​ជា​ម្ចាស់​ប្រទេស និង​ហាក់​​ដើរ​ក្រោយ​នយោបាយ​ថៃ ជា​ដរាប ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ ជា​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ ការ​ចាញ់​ប្រៀប​នយោបាយ​ថៃ​នោះ មាន​ន័យ​ថា កម្ពុជា​បរាជ័យ​ចំពោះ​ការ​ទាមទារ​ដាក់​​ឲ្យ​មាន​អ្នក​សង្កេត​ការ​ឥណ្ឌូនេស៊ី នៅ​តំបន់​ដែល​មាន​ជម្លោះ និង​ពុំ​អាច​ធ្វើ​អ្វី​បាន ដូច​ជា​ការ​ធ្វើ​ផ្លូវ​ឡើង​ប្រាសាទ​ក្នុង​ទឹកដី​របស់​ខ្លួន ព្រោះ​តែ​មាន​ការ​ជំទាស់​ពី​ភាគី​ថៃ​នោះ។

បញ្ហា​​នេះ នៅ​ក្នុង​អំឡុង​​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ កម្ពុជា​បង្ខំ​ទម្លាយ​អាង​ស្តុក​ទឹក​មួយ​កន្លែង នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ ទៅ​តាម​ការ​ទាមទារ​របស់​ភាគី​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។