កំណើនសេដ្ឋកិច្ចនៅកម្ពុជា មិនបានឆ្លើយតបទៅនឹងកំណើនប្រជាជន ជាពិសេសកុមារដែលមានអាយុក្រោម ៥ឆ្នាំ កំពុងជួបប្រទះសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
ម៉្យាងវិញទៀត បញ្ហានេះបានក្លាយជាបន្ទុកចំណាយយ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា ដែលមិនទាន់រកឃើញដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាពនៅឡើយ។ ទោះជាយ៉ាងណា ដំណោះស្រាយផ្នែកកង្វះអាហារូបត្ថម្ភនេះ គឺជាប់ទាក់ទងនឹងស្ថាប័នពាក់ព័ន្ធជាច្រើន ដែលត្រូវចូលរួមដោះស្រាយ ដូចជាបញ្ហាការទទួលបានសេវាសុខភាពសាធារណៈ អនាម័យ និងទឹកស្អាត។
សេដ្ឋកិច្ចកម្ពុជា នៅចន្លោះឆ្នាំ២០០០ ដល់ ឆ្នាំ២០១០ មានកំណើនជាមធ្យមប្រមាណ ៨.២% ដែលកំណើននេះបង្ហាញអំពីកម្រិតអភិវឌ្ឍលឿនជាងប្រទេសនានាលើពិភពលោក ដែលស្ថិតនៅលំដាប់លេខ១៥។ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវគេរំពឹងថា នឹងមានកំណើនប្រមាណ ៦.៧% នៅឆ្នាំ២០១៣ ដោយសារការរំពឹងថា នឹងមានកំណើនខ្ពស់នៃការនាំចេញ និងការវិនិយោគឯកជន។
អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ស្រុន ដារិទ្ធិ មានប្រសាសន៍ថា បញ្ហាកង្វះអាហារូបត្ថម្ភនេះជាបញ្ហារួមរបស់រដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល ដែលត្រូវចូលរួមដោះស្រាយ។ បញ្ហានេះជាប់ពាក់ព័ន្ធនឹងដំណោះស្រាយជាប្រព័ន្ធ ហើយមានភាពស្មុគស្មាញបំផុត។ ផលលំបាកទាំងអស់នេះ បានជះឥទ្ធិពលអាក្រក់ដល់ស្ថានភាពកង្វះអាហារូបត្ថម្ភនៅកម្ពុជាបច្ចុប្បន្ន ហាក់ដូចជានៅទ្រឹងនៅឡើយ សម្រាប់រយៈពេលចុងក្រោយនេះ។
លោក ស្រុន ដារិទ្ធិ៖ «ការខិតខំប្រឹងប្រែងរួមគ្នាក៏វាបានបង្ហាញពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់រួចហើយ ក៏ប៉ុន្តែ យើងឃើញថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាហាក់ដូចជាបញ្ហាអាហារូបត្ថម្ភ ហាក់ដូចជានៅទ្រឹង មានន័យថា វឌ្ឍនភាពមិនមានការរីកចម្រើនខ្លាំង»។
លោក ស្រុន ដារិទ្ធិ បញ្ជាក់ថា ការនៅទ្រឹងនេះ គឺដោយសារតែសកម្មភាពនៃការអនុវត្តផែនការមិនស៊ីសង្វាក់គ្នារវាងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងរដ្ឋាភិបាល។ ម៉្យាងវិញទៀត បញ្ហាបច្ចុប្បន្នភាពផ្សេងទៀតដែលបង្ករាំងស្ទះដល់ការធ្វើឲ្យប្រសើរឡើងផ្នែកអាហារូបត្ថម្ភនេះ បណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចសកល ការឡើងថ្លៃម្ហូបអាហារ និងតម្លៃប្រេងសាំងជាដើម។ ឥទ្ធិពលទាំងនេះ បានបង្កឲ្យកង្វះអាហារូបត្ថម្ភនៅកម្ពុជា ជាពិសេសលើកុមារ មានការអភិវឌ្ឍតិចតួច។
ទោះជាយ៉ាងណាក៏ដោយ អង្គការក្រៅរដ្ឋាភិបាលធំៗ ដែលបានជួយគាំទ្រផ្នែកកង្វះខាងអាហារូបត្ថម្ភនេះ មានធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍របស់កម្ពុជា ដូចជាប្រទេស អូស្ត្រាលី និងទីភ្នាក់ងារអភិវឌ្ឍន៍របស់អង់គ្លេស។ ទោះជាយ៉ាងនេះក្ដី សកម្មភាព និងជំនួយរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងនោះ នៅមិនទាន់ឆ្លើយតបទៅនឹងភាពធ្វើឲ្យប្រសើរឡើងនៃកង្វះខាតផ្នែកអាហារូបត្ថម្ភនៅកម្ពុជា នៅឡើយ។
អ្នកវិភាគសង្គមលោក កែម ឡី មានប្រសាសន៍ថា កុមារកម្ពុជាដែលមានអាយុក្រោម ១៨ឆ្នាំ មានចំនួនប្រមាណ ៥លាននាក់ ប៉ុន្តែកុមារដែលមានអាយុក្រោម ៥ឆ្នាំ ហើយងាយរងគ្រោះមានប្រមាណ ៧៥ម៉ឺននាក់៖ «ដែលខ្ញុំថា កុមារដែលងាយរងគ្រោះហ្នឹង មានន័យថា កុមារចិញ្ចើមថ្នល់ កុមារដែលរស់នៅក្នុងគ្រួសារក្រីក្រ កុមារដែលឪពុកម្ដាយស្លាប់ដោយសារជំងឺអេដស៍ កុមារត្រូវគេចាប់រំលោភ កុមារដែលកង្វះចំណីអាហារជាដើម»។
លោក កែម ឡី មានប្រសាសន៍បន្ថែមថា ក្រុមកុមារទាំងនោះតែប្រឈមនឹងកង្វះចំណីអាហារ ហើយបញ្ហានេះមាននិន្នាការផ្ទាល់ទាក់ទងនឹងអត្រាភាពក្រីក្រ ដោយលោកបញ្ជាក់ទៀតថា កុមារក្រោមអាយុ ៥ឆ្នាំដែលមានភាពស្លេកស្លាំងប្រមាណ ៥៥% កុមារក្រិន ៤០% កុមារទម្ងន់តិចបើធៀបនឹងអាយុមាន ២៨% ហើយមូលហេតុចម្បងដែលធ្វើឲ្យកុមារក្រោម ៥ឆ្នាំទាំងនោះ ដោយសារខ្វះជីវជាតិ គឺដោយសារជីវភាពក្រីក្រ និងកង្វះជីវជាតិអំឡុងពេលចាប់កំណើត រហូតដល់អាយុ ៥ឆ្នាំ។
លោក កែម ឡី៖ «៤៤% នៃស្ត្រីមានផ្ទៃពោះ ជុំវិញសម្រាលមានសភាពស្លេកស្លាំង ដែលមានភាពស្លេកស្លាំងមកពីអី គឺមកពីជីវភាព មកពីខ្វះចំណីអាហារ មកពីការថែទាំសុខភាព ប៉ុន្តែមូលហេតុចម្បង គឺដោយសារតែជីវភាព»។
ទោះជាយ៉ាងណាក៏ដោយ ការរកឃើញចុងក្រោយដោយក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍន៍ផ្នែកកសិកម្មលើផ្នែកកង្វះអាហារូបត្ថម្ភរបស់កុមារ គឺត្រូវផ្ដោតសំខាន់នៅរយៈពេល ១ពាន់ថ្ងៃដំបូង មានន័យថា គិតចាប់ពីការចាប់កំណើតរហូតដល់រយៈពេល ២ឆ្នាំ។ ការជួយឧបត្ថម្ភកុមារនៅចន្លោះអាយុនេះ មានប្រសិទ្ធភាពខ្លាំងក្នុងការលើកកម្ពស់ផ្នែកកង្វះអាហារូបត្ថម្ភនៅប្រទេសកម្ពុជា។
លោក ស្រុន ដារិទ្ធិ មានប្រសាសន៍ថា រយៈកាលកន្លងមក ទឹកប្រាក់ដែលជួយផ្នែកកង្វះអាហារូបត្ថម្ភ គឺផ្ដោតជាពិសេសលើក្រុមកុមារដែលមានអាយុច្រើនជាង ២ឆ្នាំ ហើយលទ្ធផលនេះ មិនឆ្លើយតបទៅនឹងគោលដៅដែលបានកំណត់។
ការសិក្សាខាងប្រជាសាស្ត្រ និងសុខភាពរបស់កម្ពុជា បានបង្ហាញថាកុមារប្រមាណ ៤០% មានការលូតខុសប្រក្រតីបើធៀបនឹងអាយុនៃក្រុមកុមារដែលមានអាយុក្រោម ៥ឆ្នាំ។ តួលេខនេះបញ្ជាក់ថា នៅមានកម្រិតខ្ពស់បើធៀបនឹងតំបន់ ហើយបញ្ហាកង្វះអាហារូបត្ថម្ភនៅតែជាបញ្ហាធ្ងន់ធ្ងរសំខាន់មួយ ធ្វើឲ្យកម្ពុជា ខាតបង់លុយច្រើនលានដុល្លារ រៀងរាល់ឆ្នាំ។
ដៃគូអភិវឌ្ឍន៍នានាបានអះអាងថា អាហារូបត្ថម្ភជាផ្នែកមួយនៃការវិនិយោគក្នុងការអភិវឌ្ឍដ៏មានប្រសិទ្ធភាពបំផុត ដែលទទួលបានលទ្ធផលខ្ពស់ត្រឡប់មកវិញក្នុងទម្រង់ផលិតភាពការងារខ្ពស់។
កត្តានេះមានន័យថា ការចំណាយលើផ្នែកកង្វះអាហារូបត្ថម្ភសម្រាប់កុមារ គឺមានសារសំខាន់ និងជាដំណោះស្រាយជួយឲ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនប្រកបដោយនិរន្តរភាពនៅពេលអនាគត។ ប៉ុន្តែកង្វះអាហារូបត្ថម្ភកុមារ ស្ថិតក្នុងស្ថានភាពអាក្រក់នៅឡើយ ហើយជះឥទ្ធិពលកាន់អាក្រក់ថែមទៀតដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។
តាមការប៉ាន់ស្មានដោយស្ថាប័នអភិវឌ្ឍន៍នានាបានបង្ហាញថា បុគ្គលម្នាក់ៗបានបាត់បង់ចំណូលប្រមាណ ១០% ដែលចំណាយទៅលើកង្វះខាតអាហារូបត្ថម្ភ។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជា បានចំណាយទឹកប្រាក់លើបញ្ហាកង្វះវីតាមីន និងសារធាតុរ៉ែ នៃក្រុមកុមារដែលមានអាយុក្រោម ៥ឆ្នាំ ប្រមាណ ១៤០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
