កម្ពុជា-​ថៃ​បន្ត​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន​ការពារ​បាតុករ​អាវ​លឿង

កងទ័ព​រដ្ឋាភិបាល​កម្ពុជា និង​កងទ័ព​រដ្ឋាភិបាល​ប្រទេស​ថៃ បាន​បន្ត​ពង្រឹង​ការ​ការពារ​សន្តិសុខ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​បន្ថែម​ទៀត បន្ទាប់​ពី​ពួកគេ​ទទួល​ដំណឹង​ថា ក្រុម​បាតុករ​អាវ​លឿង​ថៃ គ្រោង​លើក​គ្នា​មក​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ជន​ជាតិ​ថៃ ៧​នាក់ ដែល​កម្ពុជា បាន​ចាប់​ខ្លួន​​កាល​ពី​ពេល​ថ្មីៗ​នេះ។
ដោយ សួន សុផលមុន្នី
2010-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​៦ វិច្ឆិកា ២០០៩។
ទិដ្ឋភាព​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​៦ វិច្ឆិកា ២០០៩។
Photo: RFA

លោក ហាំ វណ្ណៈ មេបញ្ជាការ​វរសេនាតូច​ការពារ​ព្រំដែន​៨៩១ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣១ ខែ​ធ្នូ​ថា ច្រក​របៀង​នានា​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ត្រូវ​បាន​ប្រកាស​បិទ​ទាំង​អស់។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ព័ត៌មាន​ថា មាន​អ៊ីចឹង មាន​ថា ក្រុម​គេ​ប្រុង​មក​ធ្វើ​បាតុកម្ម​ដល់​ទល់​ដែន​យើង។ មក​ខាង​គាត់​ចេះ​តែ​មក ប៉ុន្តែ​មក​ខាង​កម្ពុជា​ម៉េច​បាន? សភាពការណ៍​វា​មិន​ទាន់​មាន​បញ្ហា​អី​ធំដុំ​ទេ ប៉ុន្តែ​គ្រាន់​ថា នៅ​ទល់​មុខ​គ្នា​កន្លែង​កើត​ហេតុ មាន​ការ​ប្រុង​ចំណុច​ខ្ពស់​ហើយ»

ក្រុម​អាជ្ញាធរ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ក្រុម​បាតុករ​អាវ​លឿង​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ គ្រោង​លើក​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​តំបន់​ព្រំដែន ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ទល់​មុខ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជា​ទី​កន្លែង​ដែល​កង​ការពារ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ​បាន​ចាប់​ជនជាតិ​ថៃ ៧​នាក់។

កង​ការពារ​ព្រំដែន​លេខ​៥០៣ របស់​រដ្ឋាភិបាល​ខ្មែរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ បាន​ចាប់​ខ្លួន​ជន​ជាតិ​ថៃ ចំនួន ៧​នាក់​នោះ ដោយ​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ពី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ខុស​ច្បាប់ ចូល​មក​ទឹក​ដី​ខ្មែរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ហើយ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ខ្មែរ​កាត់​ទោស​តាម​ច្បាប់​ប្រទេស​កម្ពុជា។

កង​ការពារ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ច្រក​របៀង​នានា​ត្រូវ​ប្រកាស​បិទ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ឡើយ ៖ «ទាំង​សង​ខាង គឺ​មិន​អនុញ្ញាត​ឲ្យ​បង​ប្អូន​ហ្នឹង​មាន​ភាគី​ខាង​ណា​ចេញ​ចូល​ទេ ខាង​យើង​ក៏​អត់​មាន ខាង​គេ​ក៏​អត់​មាន គឺ​សភាពការណ៍​ស្ងប់​ធម្មតា ព្រោះ​យើង​មិន​ចង់​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ»

ទោះ​យ៉ាង​ណា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ ទី​៣១ ខែ​ធ្នូ​នេះ ស្ថានភាព​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ​ថៃ មិន​ទាន់​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ តែ​ភាគី​កង​កម្លាំង​ប្រទេស​ទាំង​ពីរ​កម្ពុជា-​ថៃ នៅ​តែ​បន្ត​បិទ​ច្រក​របៀង​ទាំង​នោះ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ក្រុម​បាតុករ​អាវ​លឿង​ថៃ។

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បាន​មាន​ប្រសាសន៍​ថា ខាង​យោធភូមិភាគ​៥ កម្ពុជា និង​ខាង​យោធភូមិភាគ​១​ថៃ ក៏​បាន​ជួប​ប្រជុំ​ចរចា​គ្នា​នៅ​ស្រុក​អារ៉ាញ់ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​រក​ដំណោះស្រាយ​ទាក់ទិន​សភាពការណ៍​តានតឹង​នានា ដែល​បាន​កើត​មាន​ឡើង​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ គេ​ពុំ​ទាន់​បាន​ដឹង​ឡើយ។

លោក អ៊ុក កែវរតនៈ បាន​បញ្ជាក់​ថា ការ​ប្រកាស​បិទ​ច្រក​របៀង​នានា នៅ​ជាប់​ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ គឺ​ជា​វិធានការ​ល្អ​ក្នុង​ការ​ការពារ​សន្តិសុខ ៖ «ថៃ​គេ​មាន​វិធានការ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ចូល​ទៅ​ដី​គេ អ៊ីចឹង​ក៏​ស្រួល​ដែរ យើង​ក៏​មិន​ពិបាក​ភ័យ​ខ្លាច​គេ​បាញ់​ប្រជាពលរដ្ឋ​យើង​ទៀត ពួក​អា​ហ្នឹង​សាហាវ​ព្រៃផ្សៃ​ណាស់»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ធ្នូ ប្រទេស​ថៃ បាន​ដាក់​ពង្រាយ​កងទ័ព​ជា​ច្រើន​ពាន់​នាក់ និង​មាន​ការ​ចល័ត​រថពាសដែក​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ក្នុង​ខេត្ត​ស្រះកែវ​ថៃ ជាប់​ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា បន្ទាប់​ពី​ក្រុម​បាតុករ​អាវ​លឿង​ថៃ មាន​បំណង​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​ពី​ទឹក​ដី​ថៃ ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដើម្បី​ធ្វើការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ជន​ជាតិ​ថៃ ៧​នាក់ ដែល​កង​កម្លាំង​ការពារ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ ចាប់​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​តុលាការ​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នៅ​ឯ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល