គណៈកម្មការទទួលបន្ទុកកិច្ចការព្រំដែននៃប្រទេសខ្មែរ និងវៀតណាម កាលពីពេលថ្មីៗនេះ បានប្រកាសបើកឲ្យមានការដាក់ដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុនមួយ ក្នុងការផលិតឯកសារផែនទីព្រំដែនដីគោក នៃប្រទេសទាំងពី។
ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការផលិតឯកសារផែនទីឡើងវិញ នឹងចាប់ផ្ដើមពីខែធ្នូ ក្រោយការដាក់ដេញថ្លៃនេះហើយ នឹងត្រូវបញ្ចប់ក្នុងរយៈពេល ២ឆ្នាំក្រោយ ស្របពេលដែលការបោះបង្គោលព្រំដែន ធ្វើចប់សព្វគ្រប់ ដើម្បីចំណេញពេលវេលា ៖ "សួរថា មានផែនទី ហើយចាំបាច់ធ្វើអ្វីទៀត? រួចស្មានតែគណៈកម្មការព្រំដែនយើងមិនដឹង? គេដឹងហើយ ប៉ុន្តែចាំបាច់ត្រូវធ្វើឲ្យមានផែនទីថ្មីជាក់លាក់"។
ក្រុមហ៊ុនចំនួន៥ បានចុះបញ្ជីនៅក្នុងការដាក់ដេញថ្លៃនោះរួចហើយ ដែលក្នុងនោះមានក្រុមហ៊ុន ប៊្លូម ហ្ជីម៉ាទិក អាស (BLOM Geomatics AS) របស់ប្រទេសដាណឺម៉ាក កាណាដា និងនរវ៉េ (Norway) ក្រុមហ៊ុនអិហ្គន៍ ហ្វី (IGN-Fi) របស់ប្រទេសបារំាង ក្រុហ៊ុនកូគូសល កុកយ៉ូ ខ័រប៉ូរ៉េហ្សិន (Kokusal Kogyo Corporation) របស់ប្រទេសជប៉ុន ក្រុមហ៊ុនហ្វាស្កូ ង្វិនម៉ាភ (Pasco-FINMAP) របស់ប្រទេសជប៉ុន និងហ្វាំងឡង់ និងក្រុមហ៊ុនសមប៊ូ អិនហ្ជិន័រិង (Samboo Engineering) របស់ប្រទេសកូរ៉េ។
ការដេញថ្លៃនៃការផលិតផែនទីនឹងត្រូវគេប៉ាន់ប្រមាណថា នឹងមានទឹកប្រាក់ចាប់ពីជាង ១លានដុល្លារ ទៅដល់ ៤លានដុល្លារកន្លះ ហើយមន្ត្រីគណៈកម្មការព្រំដែនចម្រុះនៃប្រទេសទាំងពីរ នឹងចូលរួមត្រួតពិនិត្យតាមដាន ដោយសហការជាមួយភាគីទី៣ ដែលនឹងត្រូវជ្រើសរើសនៅក្នុងដំណាក់ការអនុវត្តការងារផលិតផែនទី ដើម្បីរក្សានូវតម្លាភាព និងភាពត្រឹមត្រូវនៃប្រទេសទាំងពី។
លោក វ៉ា គឹមហុង បញ្ជាក់បន្ថែមទៀតយ៉ាងដូច្នេះ ៖ "សូមជម្រាបថា ក្រុមហ៊ុនទាំង៥ ដែលចូលរួមសុទ្ធតែជាក្រុមហ៊ុនធំ។ ដូចជាក្រុមហ៊ុន IGN-FI គឺជាក្រុមហ៊ុនភូមិសាស្ត្ររបស់រដ្ឋាភិបាលបារាំង"។
ព្រំដែនខ្មែរ-វៀតណាម មានប្រវែងចំនួន ១.២៧០គ.ម. ដោយកាត់តាមខេត្តកំពត តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម រតនគិរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង។ អ្នកជំនាញផ្នែកព្រំដែនបានឲ្យដឹងថា ផែនទីកំណត់ព្រំដែននៃប្រទេសទាំងពីរ ដោយមានការទទួលស្គាល់ពីអន្តរជាតិ និងប្រទេសវៀតណាម បានធ្វើឡើងនៅអំឡុងឆ្នាំ១៩៥៣ នៅលើខ្នាត ១ភាគ ១០០ពាន់ ដោយប្រទេសបារាំង មានន័យថា ១ស.ម. នៅលើក្រដាសផែនទី ស្មើនឹង ១គ.ម. នៅលើដីគោក។ បង្គោលព្រំដែនចំនួន ៧៣បង្គោល ត្រូវបានគេបោះកាលពីសម័យនោះ។
មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនលោក វ៉ា គឹមហុង បញ្ជាក់ថា បង្គោលដែលបានបោះនៅលើផែនទីចាស់តាំងអំឡុង១៩៥០ ខ្លះរកមិនឃើញ ខ្លះរលុបបាត់ ដែលជាហេតុធ្វើឲ្យផែនទីមានការប្រែប្រួល ហើយនេះជាតម្រូវការនៃការធ្វើផែនទីថ្មីនៅលើ ខ្នាត ១ភាគ ២០ពាន់ ដើម្បីជាឧបសម្ពន្ធសម្រាប់បំពេញបន្ថែមនៃការបោះបង្គោលព្រំដែន។
មន្ត្រីអ្នកឃ្លាំមើលបញ្ហាព្រំដែន លោក រ៉ុង ឈុន បានសំដែងការភ្ញាក់ផ្អើលថា ការរៀបចំធ្វើផែនទីនោះឆាប់ពេក ដោយសារតែបណ្ដឹងស្ដីអំពីការបាត់បង់ដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរ នៅតែកើតមាននៅឡើយ ៖ "ខ្ញុំឃើញហាក់បីដូចជាលឿនពេក ពីព្រោះការបោះបង្គោលព្រំដែនកំពុងតែចម្រុងចម្រាស់ ហើយយើងឃើញការបោះបង្គោលព្រំដែនដែលធ្វើហើយណឹង កើតមានភាពមិនប្រក្រតីច្រើន ដែលបានចូលមកក្នុងបូរណភាពទឹកដីនៃកម្ពុជា ហើយមានការតវ៉ាពីប្រជាពលរដ្ឋ និងសង្គមស៊ីវិលមិនទាន់ចប់នៅឡើយ"។
មន្ត្រីអ្នកនាំពាក្យគណបក្សប្រឆាំងសមរង្ស៊ី លោក យឹម សុវណ្ណ យល់ស្របដូចគ្នាថា ការបោះបង្គោលនោះឆាប់ពេក ហើយលោកព្រួយបារម្ភថា ការធ្វើផែនទីនឹងជំរុញកម្ពុជាបាត់បង់ដីជាផ្លូវការ ៖ "វានឹងបំបាត់ព្រំដែនចាស់ ដែលយើងមានតាំងតែពីដើមមក។ ហើយការណ៍ដែលយើងធ្វើហ្នឹង នឹងកំពុងធ្វើឲ្យដីរបស់ខ្មែរ ដែលយើងកំពុងតែធ្វើការទាមទារហ្នឹងបាត់ជារៀងរហូត"។
ប្រធានគណៈកម្មការព្រំដែនខ្មែរ នៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ បានពន្យល់ថា ផែនទីដែលធ្វើនៅសម័យបារាំងសុក្រឹតបំផុត ហើយគេអាចរាវរកបង្គោលចាស់មកវិញដោយងាយតាមរយៈម៉ាស៊ីន GPS ដែលដៅលើផែនទីស្រាប់។ លោកបញ្ជាក់ថា រដ្ឋាភិបាលខ្មែរមិនយកផែនទីចាស់មកអនុវត្តនោះទេ ដោយសារតែសន្ធិសញ្ញានាឆ្នាំ១៩៨៥ រវាងខ្មែរ និងវៀតណាម ត្រូវបានគេធ្វើជាថ្មី ក្រោមឥទ្ធិពលរបស់វៀតណាម ហើយការបោះបង្គោលក៏បានកំណត់យកផែនទីមិនត្រូវមកធ្វើជាមូលដ្ឋានសម្រាប់បោះបង្គោលផងដែរ។
លោកបានហៅគម្រោងរៀបចំធ្វើផែនទីថ្មី ថាកំពុងតែធ្វើខុស និងនាំខ្មែរបាត់ដីដោយសារតែមូលដ្ឋាននៃការបោះផែនទីនោះខុសស្រាប់ ៖ "ដែងគេហៅថា អ្នកបោះពុម្ពហ្នឹង គឺបោះតាមតែយើងថាហ្នឹងទេ គ្មានបានការអីទេ សំខាន់ផែនទីដែលបោះវាខុស គ្មានមូលដ្ឋានត្រឹមត្រូវ។ ហើយមួយវិញទៀត យើងមិនទាន់ធ្វើរួចរាល់ផង នៅសល់ពាក់កណ្ដាលទៀត យើងបង្ខំធ្វើឲ្យហើយ ដូច្នេះធ្វើមិនទាន់រួចផងបោះពុម្ព ចង់និយាយថាម៉េច"។
ការបោះបង្គោលព្រំដែនខ្មែរ-វៀតណាម បានចាប់ផ្តើមឡើងកាលពីប៉ុន្មានឆ្នាំមុន ហើយនឹងបញ្ចប់នៅឆ្នាំ២០១២ ខាងមុខនេះ ដែលបច្ចុប្បន្ននេះ គេបោះបានចំនួន ២ភាគ៣ហើយ គឺ ២០៩បង្គោល នៃបង្គោលសរុបចំនួន៣៧៥។
ចាប់តាំងពីមានការបោះបង្គោលនោះមក មានប្រជាពលរដ្ឋខ្មែរជាច្រើនបានត្អូញថា ពួកគាត់បាត់បង់ដីស្រែចម្ការ នៅក្នុងការបោះបង្គោលនោះ ប៉ុន្តែរដ្ឋាភិបាលតែងតែច្រានចោលនូវដំណឹងនេះ។ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ត្រូវបានរដ្ឋាភិបាលដាក់ទោសឲ្យជាប់ពន្ធនាគារជាង ១០ឆ្នាំ កាលពីពេលកន្លងមក នៅក្នុងបណ្ដឹងទាក់ទងនឹងការដកតម្រុយបង្គោលកំណត់ព្រំដែនខ្មែរ-វៀតណាម លេខ១៨៥ បោះចោល។ នៅថ្ងៃអាទិត្យខាងមុខនេះ ក្រុមសង្គមស៊ីវិលបានគ្រោងថា នឹងនាំគ្នាចូលទៅមើលបង្គោលតម្រុយព្រំដែននៅស្រុកមេមត់ ខេត្តកំពង់ចាម ក្រោយពីទទួលបានរបាយការណ៍ថា បង្គោលនោះបានបោះក្នុងដីខ្មែរ៕