ក៏ប៉ុន្តែ មន្ត្រីបក្សប្រឆាំង អះអាងផ្ទុយទៅវិញថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ទេ ដែលបានកែប្រែសេដ្ឋកិច្ចខ្មែរឱនថយគ្រប់គ្រងបែបកុម្មុយនីស្ត មកទីផ្សារសេរីវិញនោះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានប្រកាសនៅថ្ងៃទី៧ មករា ថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ខាងអភិវឌ្ឍន៍សេដ្ឋកិច្ចបានឆាប់រហ័សក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ បើប្រៀបធៀបទៅនឹងប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចគ្នា។
លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា ថ្លែងនៅក្នុងពិធីប្រារព្ធបុណ្យខួបថ្ងៃ៧ មករា ខួបទី៣៤ ថា សេដ្ឋកិច្ចកម្ពុជា បានលូតលាស់ដូច្នេះដោយសារគុណបុណ្យថ្ងៃ៧ មករា ដែលជាស្នាដៃរបស់គណបក្សប្រជាជន៖ «តាមរយៈលទ្ធផលដ៏ល្អនេះ កម្ពុជា ត្រូវបានវាយតម្លៃថាជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ ដែលទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោកក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលនឹងអាចសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងជាប្រទេសមានចំណាត់ថ្នាក់ទី១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរក្នុងការកែលំអសូចនាករផ្នែកសង្គមកិច្ច»។
លោក ហេង សំរិន ដែលធ្វើសន្ទរកថាជំនួសលោក ជា ស៊ីម ប្រធានបក្សដែលលោកមានវ័យកាន់តែជរាទៅហើយនោះ បន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា កំពុងប្រសើរឡើង គឺឆ្នាំ២០១២ នេះ អត្រាកំណើនសេដ្ឋកិច្ចមាន ៧% ហើយអត្រានេះនឹងនៅមានលំនឹងបន្តទៅឆ្នាំក្រោយៗទៀត។ ក្នុងនោះ លោកឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗនៅឆ្នាំ២០១២ បានកើនដល់ជិត ១ពាន់ដុល្លារ ប្រៀបធៀបឆ្នាំ២០០៨ មានចំនួនជាង ៧០០ដុល្លារ។ លោកថា នៅឆ្នាំ២០១៣ ផលិតផលសរុបក្នុងស្រុករបស់ប្រជាពលរដ្ឋខ្មែរក្នុងម្នាក់ៗនឹងកើនឡើងជាង ១ពាន់ដុល្លារ។ ចំណែកល្បឿនកាត់បន្ថយភាពក្រីក្រវិញ ក៏បានធ្លាក់ចុះពីចំនួនជាង២៥% នៅឆ្នាំ២០០៨ មកត្រឹម២០% នៅឆ្នាំ២០១២ ហើយរំពឹងថា អត្រានេះនឹងធ្លាក់ចុះដល់១៩% នៅឆ្នាំ២០១៣ ខាងមុខនេះ។
ដោយឡែកចំពោះសមិទ្ធផលកសាងជាតិ ជាស្នាដៃរបស់បក្សប្រជាជនក្នុងរយៈពេលជាង ៣០ឆ្នាំវិញ លោក ហេង សំរិន រំលេចរឿងធំៗមួយចំនួនដូចជាបក្សប្រជាជនផ្ដួលរំលំរបប ប៉ុល ពត រំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ បង្កើតសន្តិភាពពេញលេញ ផ្ដល់សិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូរដល់ប្រជាពលរដ្ឋ ផ្សះផ្សាជាតិ ការពារអធិបតីភាព បូរណភាពដែនដី។ល។
ទាក់ទងសេចក្ដីថ្លែងរបស់លោក ហេង សំរិន អំពីស្នាដៃបក្សប្រជាជននេះ លោក សុន ឆ័យ តំណាងរាស្ត្របក្សប្រឆាំង បានជំទាស់ ហើយយល់ផ្ទុយពីការអះអាងនេះទៅវិញ។
លោក សុន ឆ័យ បន្តថា រដ្ឋាភិបាលខ្មែរដែលវៀតណាម បង្កើតក្រោយថ្ងៃ៧ មករា មិនត្រឹមតែមិនបានកសាងសេដ្ឋកិច្ចជាតិ តែថែមទាំងធ្វើឲ្យប្រទេសកម្ពុជា ជំពាក់បំណុលប្រទេសអតីតសហភាពសូវៀត មកដល់សព្វថ្ងៃជិត ២ពាន់លានដុល្លារទៀតផង។
លោក សុន ឆ័យ បែរជាសរសើរថ្ងៃ២៣ តុលា វិញ ដោយបញ្ជាក់ថា ដោយសារថ្ងៃទី២៣ តុលា នេះហើយ ទើបកម្ពុជា បង្កើតសេដ្ឋកិច្ចទីផ្សារសេរី ដែលពេលមុននេះសេដ្ឋកិច្ចកម្ពុជា ត្រូវបានគ្រប់គ្រងដោយសេដ្ឋកិច្ចផែនការតាមបែបកុម្មុយនិស្ត។ លោកថា រដ្ឋាភិបាលគួររៀបចំបុណ្យថ្ងៃ២៣ តុលា ឲ្យធំជាងថ្ងៃ៧ មករា ទើបត្រូវ ព្រោះថាសេដ្ឋកិច្ចកម្ពុជា រីកចម្រើន គឺដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
កាលពីឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលគាំទ្រដោយកងទ័ពវៀតណាម រាប់ម៉ឺននាក់ បានលុកលុយប្រទេសកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ចេញពីអំណាច។ បន្ទាប់មក រដ្ឋាភិបាលខ្មែរដែលដឹកនាំដោយលោក ហេង សំរិន ត្រូវបានបង្កើតឡើង។ រដ្ឋាភិបាលលោក ហេង សំរិន ទាមទារថាខ្លួនជាអ្នករំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ប៉ុន្តែ អង្គការសហប្រជាជាតិ រួមទាំងប្រទេសប្លុកប្រទេសសេរី កាលនោះមិនទទួលស្គាល់រដ្ឋាភិបាលនេះទេ ហើយបានចោទថាវៀតណាម ឈ្លានពានកម្ពុជា ថែមទៀត។
គំនិតផ្ទុយគ្នាដូច្នេះ ក៏នៅតែកើតមានឡើងក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរមកទល់សព្វថ្ងៃ។ ក៏ប៉ុន្តែ មន្ត្រីគណបក្សប្រជាជន នៅតែទទូចថាថ្ងៃ៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រដែលបក្សប្រជាជនជាអ្នករំដោះប្រជាពលរដ្ឋរួចផុតពីរបបប្រល័យពូជសាសន៍មិនអាចប្រកែកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
