ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរដ្ឋាភិបាល មានប្រសាសន៍កាលពីពេលថ្មីៗនេះដែលគេមើលឃើញតាមកញ្ចក់ទូរទស្សន៍ជាតិ ឬទូរទស្សន៍ស៊ីធីអិន ថា ការច្បាំងគ្នាអាចកើតមានទៅបានតែល្គឹកណាទាហានថៃបាញ់ដាក់ទាហានខ្មែរមុនប៉ុណ្ណោះ។ លោកថា បើច្បាំងគ្នានោះតើស្លាប់នរណា?
ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញផ្នែកយោធាសួរថា បើសិនជាមានចម្បាំងជាមួយថៃរឿងប្រាសាទនោះ តើកងទ័ពខ្មែរមានកម្លាំង មានអាវុធយុទ្ធភណ្ឌទំនើបគ្រប់គ្រាន់ដើម្បីយកជ័យជម្នះឬទេ?
កាលពីថ្ងៃទី៣០ ដាច់ខែកញ្ញាមុននេះ កាសែតភ្នំពេញប៉ុស្តិ៍ផ្សាយអត្ថបទមួយពិនិត្យមើលសម្ភារៈសឹកក្នុងកងយោធពលខេមរភូមិន្ទដោយយោងតាមស្ថិតិរដ្ឋាភិបាលពីឆ្នាំ២០០១ កម្ពុជា មានទាហាន១៤០,០០០នាក់។ កាំភ្លើងធំតូច មានរ៉ុកកែត បេ៤០ បេ៤១ កាំភ្លើងត្បាល់ កាំភ្លើងអាកា៤៧ ជាដើម។ល។ ភាគច្រើនផលិតនៅស្រុកចិន និងរុស្ស៊ី ដែលនៅសេសសល់ពីសម័យសង្គ្រាម។
គេថា មានកាំភ្លើងខ្លះច្រែះចាប់ហើយឃើញទាហានដោះជូតលាងនៅពេលមានវិវាទជាមួយថៃរឿងប្រាសាទព្រះវិហារតែប៉ុណ្ណោះ។ គេសង្កេតឃើញមានយន្តហោះចម្បាំងធុនមិច១៧ ឬមិច២១ ទិញពីអតីតសហភាពសូវៀត ចតនៅវាលពោធិ៍ចិនតុង មានខ្លះបែកកង់ ខ្លះកំពិតតួ។
គេថា រថក្រោះនិងរថពាសដែកមួយចំនួនផលិតក្រោយសម័យសង្រ្គាមលោកលើកទី២ ចុងទសវត្សរ៍១៩៤០ ប៉ុន្តែមានកាំជ្រួចបាញ់យន្តហោះប្រភេទសាំ៧ (SAM-7) ដែលទាហានអាចបាញ់ពីលើស្មា។
មន្រ្តីយោធាម្នាក់ប្រាប់កាសែតថា កម្ពុជានឹងទទួលបានយន្តហោះចម្បាំងធុនទំនើបនាពេលឆាប់ៗនេះ។ ជាមួយគ្នានេះទូរទស្សន៍ជាតិនិងទូរទស្សន៍ស៊ីធីអិនបានបញ្ចាំងរូបភាពទាហានប្រចាំការនៅតំបន់ប្រាសាទទាំងអស់នោះ មិនសូវមានស្បៀងអាហារ សម្ភារៈសឹក គ្រឿងប្រដាប់ការពារជំងឺគ្រប់គ្រាន់ឡើយ ហើយមានទាហានខ្លះពាក់ស្បែកជើងផ្ទាត់ជ្រកក្នុងខ្ទមនៅពេលភ្លៀងគេងចងអង្រឹងក្រោមដើមឈើដូចជាទ័ពព្រៃ៕
