លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់ធ្ងន់ៗ និងចោទប្រព័ន្ធតុលាការកម្ពុជា ថាមិនមានឯករាជ្យ បក្សពួកនិយម និងគ្មានវិជ្ជាជីវៈ។
ក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធគម្រប់ខួប ៩ឆ្នាំ នៃឃាតកម្មលោក ជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករ កាលព្រឹកថ្ងៃអង្គារ ទី២២ ខែមករា លោក ជា មុនី បានប្រកាសដកពាក្យបណ្ដឹងលើសំណុំរឿងបាញ់សម្លាប់បងប្រុសពីតុលាការ។ បន្ថែមលើនេះ លោក ជា មុនី បានស្នើឲ្យ តុលាការដោះលែងលោក ប៊ន សំណាង និងលោក សុខ សំអឿន ឲ្យមានសេរីភាពវិញ ដែលអ្នកទាំង២ ត្រូវគេចាត់ទុកថា ជាឃាតកសិប្បនិម្មិត ហើយត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ។
លោក ជា មុនី បន្ថែម៖ «យើងអត់មានជំនឿលើប្រព័ន្ធតុលាការបន្តិចណាសោះ។ លោក ម៉ម សូណង់ដូ មិនមានភស្តុតាងដើម្បីដាក់បន្ទុកលើគាត់ទេ ចាប់គាត់ដាក់គុក ២០ឆ្នាំ នេះប្រព័ន្ធតុលាការស្រុកខ្មែរ។ បើ សម រង្ស៊ី ដកបង្គោលតម្រុយព្រំដែនហ្នឹងខុស ចុះហេតុអីមិនទៅធ្វើបង្គោលឡាក់ត្រង់កន្លែងដកហ្នឹងទៅ? អាហ្នឹងយើងមើលឃើញទាំងអស់គ្នា កាត់ សម រង្ស៊ី ជាប់គុក។ រឿងអ្នកស្រី យ៉ោម បុប្ផា ផ្ទះសម្បែងដេញអស់រលីង គ្រាន់តែតវ៉ាដើម្បីរកជម្រកចាប់ដាក់គុក។ លោក មឿង សុន គ្រាន់តែជម្រាបប្រាប់គេថា កុំដាក់ភ្លើងនៅអង្គរ ធ្វើឲ្យប៉ះពាល់ ចាប់ដាក់គុក ចាប់ប្រផាប់ប្រភីង។ ប៉ុន្តែក្រោយមកអត់មានធ្វើអី គឺដោះភ្លើងពីអង្គរដែរ។ យើងសម្លឹងមើលទៀត លោក ឈូក បណ្ឌិត អភិបាលក្រុងបាវិត បាញ់កម្មករធ្លាយទ្រូង ធ្លាយសាច់ តុលាការអត់ចាប់។ អ៊ីចឹងបានថា តុលាការស្រុកខ្មែរ បុគ្គលតំណាងឲ្យតុលាការស្រុកខ្មែរ ក្រុមថោកទាប ដែលគេរងទុកដោយសារពួកតុលាការហ្នឹងឯង»។
លោក ជា វិជ្ជា ត្រូវឃាតកបាញ់សម្លាប់នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅពេលកំពុងអានកាសែត ក្បែរវត្តលង្កា ក្នុងរាជធានីភ្នំពេញ។ គិតមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ជាគម្រប់ខួប ៩ឆ្នាំនៃឃាតកម្មនេះ។
សាច់ញាតិជនរងគ្រោះបានអះអាងថា សមត្ថកិច្ច ឬតុលាការ មិនទាន់បានស្វែងរកមុខឃាតកពិតដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះនៅឡើយទេ។
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោក ជា វិជ្ជា បានទទូចឲ្យសមត្ថកិច្ច និងតុលាការស្វែងរកឃាតកពិតយកមកផ្ដន្ទាទោសជាជាងចាប់មនុស្សមិនបានប្រព្រឹត្តកំហុសឲ្យមកទទួលទោស៖ «ឲ្យរដ្ឋាភិបាលជួយរៀបចំសង់ស្តូបឲ្យលោក ជា វិជ្ជា ឲ្យបានឆាប់ ហើយសុំឲ្យឧទ្ទេសនាមឈ្មោះរបស់គាត់លោក ជា វិជ្ជា ជាវីរបុរសកម្មករ»។
ទាក់ទិនបញ្ហានេះ លោក រ៉ុង ឈុន ក្នុងនាមប្រធានសហភាពសហជីពកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍រំលឹកពីវីរភាពក្លាហានរបស់លោក ជា វិជ្ជា កាលនៅមានជីវិតក្នុងការទាមទារសិទ្ធិសេរីភាព និងលក្ខខណ្ឌការងារល្អប្រសើរជូនកម្មករ ព្រមទាំងចូលរួមជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងសំណុំរឿងឃាតកម្មសពលោក ជា វិជ្ជា សមត្ថកិច្ចបានចាប់ខ្លួនបុរស ២នាក់ មានឈ្មោះ លោក ប៊ន សំណាង និងលោក សុខ សំអឿន បញ្ជូនឲ្យតុលាការផ្ដន្ទាទោស។ បុរសទាំង២ ត្រូវតុលាការកាត់ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ចំនួន ២០ឆ្នាំ។ ប៉ុន្តែសាលក្រមនេះត្រូវសាច់ញាតិជនរងគ្រោះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាត់ទុកថា ជាឃាតកសប្បនិម្មិត និងស្នើឲ្យតុលាការដោះលែងពីពន្ធនាគារឲ្យមានសេរីភាពវិញ។
ទាក់ទិនសំណុំរឿងនេះ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ កាលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គធ្លាប់មានព្រះរាជតម្រិះតាមព្រះរាជសារចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០០៥ ថា លោក ប៊ុន សំណាង និងលោក សុខ សំអឿន មិនមែនជាឃាតកពិតប្រាកដដែលសម្លាប់លោក ជា វិជ្ជា នោះទេ ប៉ុន្តែព្រះអង្គមិនមានសិទ្ធិអំណាចអ្វីដើម្បីធ្វើអន្តរាគមន៍ជួយអ្នកទាំងពីរទេ។ ប៉ុន្តែព្រះអង្គសង្ឃឹមថា នៅថ្ងៃណាមួយតុលាការនឹងទទួលស្គាល់ការប្រព្រឹត្តខុសរបស់ខ្លួន ហើយដោះលែងលោក ប៊ន សំណាង និងលោក សុខ សំអឿន ឲ្យមានសេរីភាពវិញ។
ពិធីដង្ហែកម្រងផ្កាគោរពវិញ្ញាណក្ខន្ធគម្រប់ខួប ៩ឆ្នាំ នៃអំពើឃាតកម្មលើសពលោក ជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករកម្ពុជា នៅឆ្នាំនេះ មិនសូវមានវត្តមានមេដឹកនាំសង្គមស៊ីវិល ប្រជាពលរដ្ឋ ឬកម្មករ-កម្មការិនី និងឥស្សរជននយោបាយ គណបក្សប្រឆាំង ចូលរួមឲ្យបានច្រើនកុះករដូចបណ្ដាឆ្នាំមុនៗទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។