ក្មេងប្រុសស្រី ប្រហែលជាង ៥០នាក់នោះ បានប្រើពលកម្មស៊ីឈ្នួលអូសរទេះដឹកទំនិញចេញចូលទឹកដីខ្មែ-ថៃតាមច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយពួកគេមិនសូវចាប់អារម្មណ៍ពីការរៀនសូត្រនោះទេ។
កុមារី សិទ្ធិ សុភី អាយុ ១៣ឆ្នាំ ដៃកាន់រទេះភ្នែកទាំងគូសម្លឹងមើលរនាំងច្រកទ្វារដែលនៅបិទនៅឡើយ បានរៀបរាប់ថា រូបនាងបានចាប់ផ្តើមអូសរទេះបានបីឆ្នាំ ហើយក្នុងមួយព្រឹកៗ នាងអាចរកបានពី ៤០ ទៅ ៥០បាត ទៅឲ្យម្ដាយ។
សុភី បន្តថា នាងរៀនថ្នាក់ទី៣ ប៉ុន្តែជីវភាពគ្រួសារលំបាក ទើបពេលខ្លះនាងឈប់រៀនហើយមកអូសរទេះរកលុយជួយគ្រួសារ ៖ «ខ្ញុំមកអូសរទេះ ២-៣ឆ្នាំហើយ តាំងពីអាយុ ១០ឆ្នាំ។ ប៉ាម៉ាក់អត់ធ្វើអីផង ជួនកាលគាត់ទៅរកអុស។ បានលុយយកឲ្យម៉ែ»។
នៅមុនម៉ោង៧ព្រឹក ក្មេងប្រុសស្រីទាំងនោះដៃកាន់រទេះរៀងខ្លួន បានប្រមូលផ្តុំគ្នាឈរចាំសមត្ថកិច្ចបើករនាំងដើម្បីចូលរកដឹកទំនិញឲ្យគេ។
ស្រី ប៉ុច អាយុ ១៣ឆ្នាំ ក្នុងចំណោមក្មេងប្រុសស្រីជាច្រើននាក់ទៀត ដែលឈរចាំនៅខាងមុខច្រកទ្វារនោះ បាននិយាយថា នាងបានមកអូសរទេះនេះជិតមួយឆ្នាំ ហើយរូបនាងមិនដែលបានចុះឈ្មោះចូលរៀនទេ។
ស្រី ប៉ុច រៀបរាប់ដូច្នេះថា ៖ «ទើបមកអូសហ្នឹង ជួនកាលមួយថ្ងៃបាន ៣០ ជួនកាល ៤០ ជួនកាល ៥០[បាត]។ ម៉ែខ្ញុំប្រើឲ្យមកអូសរទេះ។ ប៉ាខ្ញុំធ្វើការ ម៉ែខ្ញុំមើលប្អូន។ មួយថ្ងៃបាន ៥០ ជួនកាលបាន ៣០។ ខ្ញុំអត់ទាន់បានរៀនទេ ម៉ែអត់ទាន់ចុះឈ្មោះឲ្យផង»។
លោក ដួង ខែម កម្មករអូសរទេះម្នាក់នៅច្រកភ្នំដី ស្រុកសំពៅលូន បានឲ្យដឹងថា រាល់ព្រឹក ក្មេងៗប្រុសស្រីប្រហែលជាង ៥០នាក់ បានប្រើកម្លាំងពលកម្មអូសរទេះយកលុយជួយឧបត្ថម្ភគ្រួសារដែលមានជីវភាពខ្វះខាត ហើយពួកគេទាំងនោះមិនបានចូលសិក្សាទេ។
លោក ដួង ខែម មានប្រសាសន៍ថា ៖ «ក្មេងចំនួនវាច្រើន ព្រោះក្មេងវាច្រើន ចូល ៥០នាក់អី គ្រាន់តែមិនបានចូលសាលាហ្នឹង។ ព្រលឹមឡើង ទាំងអស់គ្នាហ្នឹង ចំនួន៥០នាក់ហ្នឹងតែម្ដង»។
មេភូមិគីឡូ១៣ លោក សុខ ខៃ បានថ្លែងថា ក្មេងប្រុសស្រីទាំងនោះ រស់នៅភូមិគីឡូ១៣ ភូមិ អូរ និងភូមិត្រពាំងព្រលឹត បានចាប់មុខរបរអូសរទេះជារៀងរាល់ព្រឹក ដោយសារគ្រួសាររបស់ពួកគេមានជីវភាពក្រីក្រ ហើយខ្លះក្នុងចំណោមពួកគេបានបោះបង់ចោលការសិក្សាថែមទៀត។ ហើយបញ្ហានេះ បានធ្វើឲ្យពួកគេប្រឈមទៅនឹងការមិនចេះអក្សរ ហើយអាចក្លាយខ្លួនជាក្មេងមិនល្អ។
លោក សុខ ខៃ មានប្រសាសន៍ដូច្នេះថា ៖ «ម៉ែអត់ ដល់ទីទ័លក្រ ចេះតែប្រើកូនអូសរទេះអីចិញ្ចឹមជីវិត។ បារម្ភដែរ បារម្ភក្មេងអត់ចេះអក្សរទៅ វាទៅជាអ្នកខិលខូចអីអ៊ីចឹងទៅ ទៅជាអ្នកលួចឆក់អីក៏មានដែរ។ ការរៀនសូត្រ ឲ្យឪពុកម្ដាយបង្ខំកូនទៅរៀនសូត្រកុំឲ្យឈប់ទៅ។ វាអត់ចេះ»។
ក្រៅពីការរកលុយឧបត្ថម្ភគ្រួសារ ក៏មានក្មេងមួយចំនួនផ្សេងទៀតរកលុយបាន យកទៅលេងហ្គេមផងដែរ។
នៅបរិវេណខាងក្នុងផ្ទះមួយកន្លែងក្នុងភូមិជិតច្រកភ្នំដីនោះ គេសង្កេតឃើញក្មេងប្រុសស្រីជិត១០ មានអាយុប្រហែល ១៣ឆ្នាំចុះ បាននិងកំពុងអង្គុយលេងហ្គេមយ៉ាងសប្បាយ។
អ្នកភូមិបានថ្លែងថា ទូហ្គេមនៅទីនោះ ក្រៅពីក្មេងដែលមានឪពុកម្តាយមានជីវភាពធូរធារចូលលេង ក៏មានក្មេងអូសរទេះមួយចំនួនបានចំណាយលុយចូលលេង ដោយពួកមិនសូវគិតគូរពីការរៀនសូត្រទេ។
លោក សៅ ឡាត នាយកសាសាបឋមសិក្សា ហ៊ុន សែន សន្តិភាព ស្ថិតនៅឃុំសន្តិភាព ស្រុកសំពៅលូន បានថ្លែងថា ក្នុងចំណោមសិស្ស ១.២៦៤នាក់ មានសិស្សប្រហែល ១០០នាក់ បានប្រកបរបរអូសរទេះរកលុយរាល់ថ្ងៃ។
លោក សៅ ឡាត មានប្រសាសន៍ដូច្នេះថា ៖ «អ៊ីចឹងកូនសិស្សនៅកន្លែងនេះ គឺរៀនផង រកស៊ីផង អ៊ីចឹងការសិក្សារបស់គាត់វាមិនល្អប៉ុន្មានទេ ដោយសារគាត់ឆ្លៀតរកស៊ី។ ច្រើនដែរ មិនអាចកំណត់ថា ប៉ុន្មានរយនាក់ទេ ប៉ុន្តែស្មានចាប់ពី ១០០នាក់ឡើងទៅ មិនអាចក្រោម ១០០នាក់ទេ ក្រោមក៏ក្រោមតិចតួចដែរ។ វិន័យវាសំខាន់ហើយ ប៉ុន្តែក្មេងទីទ័លវាសំខាន់ជាងវិន័យទៅទៀត អ៊ីចឹងត្រូវតែដោះស្រាយឲ្យគេធ្វើការតាមគេអាចធ្វើបានទៅ»។
ប្រធានការិយាល័យនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ប្រចាំស្រុកសំពៅលូន លោក ខាត់ ម៉ុន បានមានប្រសាសន៍ថា ក្មេងៗទាំងនោះ ភាគច្រើនគឺនៅក្រៅសាលា ៖ «ភាគច្រើនគឺក្មេងអត់នៅក្នុងសាលា ក្មេងមិនដឹងមកពីណាពីណី។ អត់មានកម្មវិធីអប់រំផង យុវជននិងកុមារក្រៅសាលាហ្នឹង»។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងវិញ បានមានប្រសាសន៍ថា ភាពក្រីក្រមានសម្ពាធយ៉ាងខ្លាំងទៅលើគ្រួសារទាំងនោះ ហើយមន្ទីរមិនអាចក្មេងៗទាំងនោះឲ្យបានចូលរៀនសូត្រ ១០០%ទេ ៖ «ប៉ុន្តែរឿងឧបត្ថម្ភបន្ទាន់តែម្ដង មានលុយកាក់ទៅលួងគាត់ថា យកទៅចិញ្ចឹមគ្រួសារទៅ ដើម្បីឲ្យវាមានរៀនអី យើងឈានអត់ទាន់ដល់ហ្នឹង»។
លោកបន្តថា នៅតំបន់មានទីផ្សារពលកម្មកុមារ ក្មេងៗទាំងនោះបានឆកឱកាសធ្វើការរកចំណូលជួយគ្រួសារ ដូច្នេះការរៀនសូត្ររបស់ពួកគេ គឺមិនមាននិរន្តភាពទេ។
លោកបន្តថា នៅទូទាំងខេត្តបាត់ដំបង ក្នុងចំណោមកុមារដែលមានវ័យបឋមសិក្សា មាន ៧ ទៅ ៨% បានចុះឈ្មោះ ហើយបោះបង់ចោលការសិក្សា ដែលបណ្តាលមកពីកត្តាជីវភាពគ្រួសារ ការធ្វើចំណាកស្រុក និងបញ្ហាអាហារូបត្ថម្ភ។
នាយកសាលាបឋមសិក្សា ហ៊ុន សែន សន្តិភាព បានមានប្រសាសន៍ថា ការប្រកបរបរអូសរទេះដើម្បីរកថវិកាមកជួយជីវភាពគ្រួសាររបស់ក្មេងៗទាំងនោះ និងធ្វើឲ្យប៉ះពាល់ដល់ការសិក្សាររបស់ពួកគេ។
លោកបានអំពាវនាវឲ្យមាតាបិតាក្មេងទាំងនោះធ្វើយ៉ាងណាជំរុញឲ្យកូនៗរបស់ពួកគេបានរៀនឲ្យបានគ្រប់ៗគ្នា ៖ «មាតាបិតាហ្នឹងជួយគិតគូរអនាគតកូនផង បន្ទាប់ពីគ្រូទៅគឺអាណាព្យាបាលហ្នឹងហើយ។ គ្រូជួយបង្ហាត់បង្រៀនមែន ប៉ុន្តែបើអាណាព្យាបាលមិនជួយជំរុញមក ក៏គ្រូបានបង្រៀនឯណា បើសិស្សអត់មក»។
ទាក់ទិនទៅនឹងបញ្ហាក្មេងៗដែលកំពុងប្រកបរបរអូសរទេះយកលុយមកជួយគ្រួសារនេះ ក្រុមមន្ត្រីអប់រំបានសម្តែងការបារម្ភថា ក្មេងៗទាំងនោះនឹងគ្មានអនាគតល្អទេ បើសិនពួកគេមិនបានចូលរៀននៅសាលាទេនោះ៕
