ព្រឹត្តិការណ៍សំខាន់ៗក្នុងថ្ងៃចូលឆ្នាំចិន
2013.02.12

ចំណែកនៅរាជធានីភ្នំពេញវិញ ហាក់មានភាពស្ងប់ស្ងាត់ជាងសព្វមួយដង ដោយសារតែមនុស្សម្នាភាគច្រើន បានសម្រុកចេញទៅកម្សាន្តតាមបណ្ដាខេត្តនានា និងជួបជុំសាច់ញាតិបងប្អូន។ សាលារៀន គ្រឹះស្ថានរដ្ឋ និងឯកជន ការទិញលក់ដូរនៅតាមទីផ្សារធំៗមួយចំនួន ត្រូវបានផ្អាកដំណើរការមួយរយៈ ហើយគ្រោងនឹងបើកឲ្យដំណើរការវិញនៅថ្ងៃពុធ ទី១៣ ខែកុម្ភៈ។
មិនខុសពីឆ្នាំមុនៗនោះទេ ក្នុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល ៣ថ្ងៃ ស្ថានភាពរាជធានីភ្នំពេញ តែងមានសភាពស្ងប់ស្ងាត់។ ក្រុមអាជីវករខ្មែរដែលជាប់សែស្រឡាយចិន ឬវៀតណាម បានបិទទ្វារមិនធ្វើអាជីវកម្មរបស់ខ្លួន។ ស្របពេលគ្នានោះ ហាងទំនិញ និងផ្សារធំៗមួយចំនួន ដូចជាផ្សារធំថ្មី ផ្សារអូរឫស្សី ផ្សារអូឡាំពិក ផ្សារទួលទំពូង ក៏ត្រូវបានបិទទ្វារមិនដំណើរការអាជីវកម្មដែរ។
មានក្រុមអាជីវករខ្លះបានព្យាយាមលក់ម្ហូបអាហារ និងគ្រឿងប្រើប្រាស់ខ្លះនៅក្រៅរបងផ្សារ តែការលក់ដូរនោះគេឃើញតែពេលព្រឹកប៉ុណ្ណោះ។
ផ្ទះជាច្រើនស្ថិតនៅតាមបណ្តោយផ្លូវនានា ដូចជាផ្លូវអូរបែកក្អម ផ្លូវស៊ីសុវត្ថិ ផ្លូវមុនីរ៉េត ផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវម៉ៅសេទុង និងផ្លូវជាច្រើនទៀតក្នុងរាជធានីភ្នំពេញ ត្រូវបានបិទទ្វារចាក់សោដោយមិនមានមនុស្សនៅ។ ភាគច្រើន ប្រជាពលរដ្ឋទាំងនោះបានចាកចេញទៅស្រុកកំណើត និងខ្លះទៅដើរលេងកម្សាន្តនៅរមណីយដ្ឋានផ្សេងៗនៅតាមបណ្ដាខេត្តមួយចំនួន។
មន្ត្រីអាជ្ញាធរមួយចំនួនបានរាយការណ៍ថា មានពលរដ្ឋជាច្រើនបានធ្វើដំណើរពីភ្នំពេញទៅតាមបណ្ដាខេត្តដែលមានរមណីយដ្ឋានច្រើន ដូចជាខេត្តព្រះសីហនុ កំពត កែប សៀមរាប មណ្ឌលគិរី និងខេត្តរតនគិរី ជាដើម។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត វិទូ បានឲ្យដឹងថា រយៈពេល ២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន មានចំនួនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តនេះប្រមាណ ១ម៉ឺននាក់។ តួលេខនេះមានការថយចុះជាងកាលពីបុណ្យចូលឆ្នាំចិន កាលពីឆ្នាំមុនដែលមានអ្នកទេសចរជាង ២ម៉ឺននាក់ ទៅកម្សាន្តនៅតំបន់នោះ៖ «ចាញ់ៗជិតពាក់កណ្ដាល មូលហេតុព្រឹត្តិការណ៍ពីរកាលពីឆ្នាំទៅណា ព្រឹត្តិការណ៍ទី២ ចូលឆ្នាំសកល ខែមួយ។ ព្រឹត្តិការណ៍ទី២ ចូលឆ្នាំចិន ដែលគាត់ឈប់សម្រាកបានយូរ»។
ចំពោះបញ្ហាចរាចរណ៍វិញ បើតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា ក្នុងរយៈពេល ២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែកុម្ភៈ មានមនុស្សចំនួន ៣៣នាក់ស្លាប់ និងរបួសចំនួន ១១៤នាក់នៅទូទាំងប្រទេស។ ចំនួនគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៩៥ករណី។ មូលហេតុចម្បងដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏ច្រើននៅថ្ងៃចូលឆ្នាំចិន មកពីការបើកបរក្នុងល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹង។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីកង្វល់សម្រាប់រាជរដ្ឋាភិបាល។
កង្វល់មួយទៀតដែលអាជ្ញាធររាជធានីភ្នំពេញ ព្រួយបារម្ភ និងចាត់វិធានការទប់ស្កាត់បង្ការជាសំខាន់ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម នោះ គឺបញ្ហាអគ្គិភ័យ។
ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ លោក នេត វន្ថា កត់សម្គាល់ថា ក្នុងរយៈពេល ៤ថ្ងៃពិធីបុណ្យ រាប់គិតពីថ្ងៃសែន គឺថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ មានគ្រោះអគ្គិភ័យចំនួន ២ករណី ជាទ្រង់ទ្រាយតូច និងមិនបង្កឲ្យមនុស្សស្លាប់ និងរបួសទេ។ ចំនួននេះមានការថយចុះមួយករណី កាលពីអំឡុងពេលដូចគ្នាកាលពីបុណ្យចូលឆ្នាំចិន ឆ្នាំមុន៖ «គ្រាន់ជាទ្រង់ទ្រាយតូច យើងអន្តរាគមន៍បានទាន់ពេលវេលា ចំណាត់ការរបស់លោកស្នងការនគរបាលជាតិ យើងបានពង្រាយរថយន្តទឹកត្រៀមយ៉ាងស្រេច ២៤ម៉ោង ដើម្បីចាំជួយសង្គ្រោះប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម»។
គេសង្កេតឃើញទៀតថា ក្នុងពិធីបុណ្យចូលឆ្នាំចិន បើទោះជាគ្មានច្បាប់អនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលឲ្យឈប់សម្រាក ក៏មន្ត្រីរាជការប្រមាណជិត ៧០% បានពហិការមិនទៅធ្វើការ។ ហើយគ្រឹះស្ថានរដ្ឋ សាលារៀន និងសកលវិទ្យាល័យទាំងរដ្ឋ និងឯកជនភាគច្រើន បានបិទទ្វារមិនដំណើរការដែរ។
ស្របពេលគ្នានោះ សមាគមន៍ខ្មែរក្រោមនៅកម្ពុជាក្រោម ក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១០ ខែកុម្ភៈ ចំថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ដោយបានចាត់ទុករដ្ឋការក្រុងហាណូយ ប្រទេសវៀតណាម ដែលមិនអនុញ្ញាតឲ្យខ្មែរក្រោមជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម បានឈប់សម្រាកក្នុងរយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលតែងធ្វើនៅក្នុងខែមេសា ដូចជាប្រជាជនវៀតណាម ដែលមានសិទ្ធិឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម រហូត ៩ថ្ងៃ នៅក្នុងឆ្នាំនេះ។
សមាគមន៍ខ្មែរក្រោម ចាត់ទុកការអនុញ្ញាតឲ្យខ្មែរក្រោម ចូលរួមក្នុងពិធីបុណ្យតាមប្រពៃណីខ្មែរ ជាការប្រកាន់ពូជសាសន៍ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរចំពោះខ្មែរក្រោមជាម្ចាស់ស្រុក។
ចំពោះបញ្ហាសន្តិសុខវិញ គេសង្កេតឃើញថា មិនមានអ្វីគួរឲ្យកត់សម្គាល់នៅរាជធានីភ្នំពេញទេ ប៉ុន្តែនៅឯខេត្តបាត់ដំបង មានករណីវាយប្រហារគ្រាប់បែកដៃមួយទៅលើហ្វូងមនុស្សជាច្រើននាក់ ក្នុងពិធីចាក់ធុងបាសរាំលេងកម្សាន្តមួយ ក្នុងពិធីបុណ្យសែនចូលឆ្នាំចិន កាលពីថ្ងៃទី៩ ខែកុម្ភៈ។
ស្នងការនគរបាលខេត្តបាត់ដំបង លោក ស ថេត ឲ្យដឹងថា មានមនុស្សប្រុសស្រីចំនួន ១៤នាក់ រងរបួសដោយសារតែវាយប្រហារដោយគ្រាប់បែកដៃនោះ៖ «អ្នករបួសមាន ១៤នាក់ របួសធ្ងន់មាន ៣នាក់ ទាំងអស់ ១៤នាក់ កំពុងឲ្យកម្លាំងធ្វើការកំណត់មុខសញ្ញាស្រាវជ្រាវបណ្ដាលមកពីទំនាស់រឿងអី»។
ក្នុងពិធីបុណ្យចូលឆ្នាំចិន ក្នុងឆ្នាំនេះដែរ គេឃើញមានឧកញ៉ា ឯកឧត្តម និងមន្ត្រីរាជការខ្លះដែលមានសែស្រឡាយជាកូនកាត់ចិន ឬវៀតណាម បានផ្តល់រង្វាន់ ឬអាំងប៉ាវ ទៅដល់បុគ្គលិក និងកងកម្លាំងសមត្ថកិច្ចចម្រុះរបស់រាជរដ្ឋាភិបាលរាប់ពាន់នាក់។ ការផ្តល់អាំងប៉ាវនោះ ធ្វើឲ្យមានការរិះគន់ជាច្រើនថាជាសំណូកសូកប៉ាន់របស់ក្រុមទាំងនោះ ចំពោះផលប្រយោជន៍ក្រុមគ្រួសារ ឬបុគ្គលនោះ។
ជាក់ស្តែង ក្នុងថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន ប្រធានក្រុមហ៊ុនភាពីម៉ិច គឺអ្នកស្រី ជឹង សុភាព ហៅយាយភូ ជាភរិយារបស់លោក ឡៅ ម៉េងឃិន ជាសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា ដែលលោកជាប្រធានក្រុមហ៊ុនស៊ូកាគូ (Shukaku) អភិវឌ្ឍន៍តំបន់បឹងកក់ដ៏ចម្រូងចម្រាស បានផ្តល់អាំងប៉ាវជាទ្រង់ទ្រាយធំទៅដល់កងកម្លាំងសមត្ថកិច្ចចម្រុះជាង ១ពាន់នាក់។ អាំងប៉ាវដែលត្រូវផ្តល់ជូននោះ គឺមានចន្លោះពី ៣ម៉ឺន ទៅ ៥ម៉ឺនរៀល។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានក្រុមស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ សុវ៉េត សម្ដែងការងឿងឆ្ងល់ថា ការផ្តល់អាំងប៉ាវដល់កងកម្លាំងចម្រុះនោះ ជាការសូកប៉ាន់ ឬយ៉ាងណា?៖ «នៅពេលដែលមានក្រុមហ៊ុន ឬអ្នកមានអ្នកបាន គាត់បានយកមកប្រើប្រាស់ដើម្បីឲ្យការពារ ឬធ្វើបំភ័យ ឬក៏ជួយជ្រោមជ្រែងឲ្យអ្នកមានកាន់តែមានបាន អាហ្នឹងជារឿងអយុត្តិធម៌នៅក្នុងសង្គមដែលសង្គមស៊ីវិលយើងកំពុងទាមទារហើយ»។
ទោះជាយ៉ាងណា មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់ឃើញថា ការផ្តល់អាំងប៉ាវនៅថ្ងៃចូលឆ្នាំចិន វៀតណាម គ្រាន់តែជាការសម្ដែងនូវទឹកចិត្តមនុស្សធម៌ប៉ុណ្ណោះ៖ «ក៏ប៉ុន្តែ អ្វីជារូបភាពហាក់ដូចជាមិនសម លោកជំទាវគួរតែរៀបចំជូនតាមអង្គភាពទៅវិញទៅ ដើម្បីការផ្តល់ហ្នឹងជាការផ្តល់ដល់បុគ្គល មិនមែនផ្តល់តាមឯកសណ្ឋាន ឬអង្គភាពគោលដៅ»។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា ការផ្តល់អាំងប៉ាវនៅថ្ងៃបុណ្យចូលឆ្នាំចិន ជាការផ្សារភ្ជាប់វប្បធម៌ចិន ដល់កម្ពុជា ប៉ុន្តែការផ្តល់អាំងប៉ាវដល់កងកម្លាំងប្រដាប់អាវុធ មិនមែនជាការផ្តល់ក្នុងន័យមនុស្សធម៌ទាំងស្រុងនោះទេ តែជាការផ្តល់តាមបែបការទិញទឹកចិត្ត។ ខណៈដែលក្រុមហ៊ុនភាពីម៉ិច មានរឿងអាស្រូវជាច្រើនក្នុងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយប្រជាពលរដ្ឋនៅតំបន់បឹងកក់ នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។