ពលរដ្ឋ​ចោទ​បុគ្គលិក​កំពង់​ចម្លង​អ្នក​លឿង​ប្រព្រឹត្ត​អំពើ​ពុករលួយ

ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​សាឡាង​នៃ​កំពង់​ចម្លង​អ្នក​លឿង បាន​ចោទ​បុគ្គលិក​កំពង់​ចម្លង​នេះ​ថា បាន​​ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​ទារ​លុយ​ថ្លៃ​សំបុត្រ​ឆ្លង​សាឡាង​លើស​ចំនួន​កំណត់។

0:00 / 0:00

ក្រុម​ប្រជាពលរដ្ឋ​ជា​អ្នក​បើក​រថយន្ត​​ឆ្លង​កាត់​កំពង់​ចំលង​អ្នក​លឿង ឬ​សាឡាង​អ្នក​លឿង បាន​ឲ្យ​ដឹង​ប្រហាក់​ប្រហែល​​គ្នា​ថា អំពើ​ពុករលួយ​កំពុង​កើត​មាន​នៅ​កំពង់​ចំលង​អ្នក​លឿង។

ភាព​អនាធិបតេយ្យ​ទាំង​នោះ មាន​​​ដូចជា​បុគ្គលិក​កំពង់​ចំលង​នោះ​បាន​គាប​យក​លុយ​ថ្លៃ​ឆ្លង​សាឡាង​លើស​តម្លៃ​​ក្នុង​វិក្កយបត្រ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត។

អ្នក​បើក​រថយន្ត​ទេសចរណ៍​ឈ្មោះ ជួន សារិន ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ផ្សេង​ទៀត បាន​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់ ឬ​លុប​បំបាត់​អំពើ​ពុករលួយ​យក​លុយ​លើស ដែល​កំពុង​កើត​មាន​ក្នុង​អង្គភាព​កំពង់​ចំលង​អ្នក​លឿង​ឲ្យ​បាន​ជា​ស្ថាពរ។

លោក​ថា សំរាប់​រថយន្ត​ទេសចរណ៍​ដឹក​ភ្ញៀវ ១២​កៅអី ក្នុង​វិក្កយបត្រ​តម្រូវ​ឲ្យ​បង់​លុយ​ចំនួន ៨.៥០០​រៀល ១​គ្រឿង ប៉ុន្តែ​បុគ្គលិក​កំពង់​ចំលង​បាន​គាប​យក​លុយ​រហូត​ដល់ ៩​ពាន់ ទៅ ១​ម៉ឺន​រៀល បើ​មិន​បង់​ឲ្យ​គេ គេ​នឹង​ទុក​ឲ្យ​រថយន្ត​ខក​ជើង​សាឡាង​ក៏​មាន។

អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត​ក៏​បាន​រអ៊ូរទាំ​ថា មិន​គួរ​រដ្ឋាភិបាល​ទុក​ឲ្យ​អំពើ​ពុករលួយ​កើត​មាន​អនាធិបតេយ្យ​ក្នុង​ស្ថាប័ន​រដ្ឋ​មិន​បាន​ទប់​ស្កាត់​ដូច្នេះ​ទេ។ លោក​ថា បុគ្គលិក​កំពង់​ចំលង​អ្នក​លឿង​កំពុង​បង្ក​ភាព​​​ក្តៅ​ក្រហាយ​ដល់​អ្នក​បើក​បរ​រថយន្ត​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​មិន​ទាន់​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណា​មួយ​ជួយ​ទប់​ស្កាត់​នោះ​ទេ។

លោក សួន ប៊ុនទ្រី ក៏​ជា​អ្នក​បើក​រថយន្ត​ឆ្លង​កាត់​កំពង់​ចំលង​សាឡាង​អ្នក​លឿង​ម្នាក់​ដែរ ក្នុង​ចំណោម​អ្នក​ដំណើរ​ជា​ច្រើន​ទៀត បាន​ឲ្យ​ដឹង​ថា ​អំពើ​ពុករលួយ​គាប​យក​លុយ​ពី​ម្ចាស់​រថយន្ត​ពិត​ជា​កំពុង​កើត​មាន ក្នុង​ស្ថាប័ន​កំពង់​ចំលង​អ្នក​លឿង​ពិត​មែន។

​​លោក សេង ឈួន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​កំពង់​ចំលង​អ្នក​លឿង បាន​​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​​ទេ ជុំវិញ​ការ​ចោទ​ប្រកាន់​លើ​ករណី​អំពើ​ពុករលួយ ​ដែល​កើត​មាន​ក្នុង​ស្ថាប័ន​លោក ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា។

ទោះ​យ៉ាង​ណា លោក មាស ខេង ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ស្វាយរៀង។ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​មិន​គួរ​ទុក​ឲ្យ​អំពើ​ពុករលួយ​បន្ត​កើត​មាន​នៅ​កំពង់​ចំលង​អ្នក​លឿង បង្ក​ផលវិបាក​ដល់​អ្នក​ធ្វើ​ដំណើរ​​នោះ​ទេ។

លោក​បន្ត​ថា អំពើ​ពុករលួយ​ក្នុង​កំពង់​ចំលង​អ្នក​លឿង មិន​មែន​ទើប​កើត​មាន​ថ្មីៗ​នេះ​ទេ គឺ​បាន​កើត​មាន​យូរ​ឆ្នាំ​មក​ហើយ​ និង​ស្ទើរ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ទប់​ស្កាត់​ទេ។

ទាក់ទង​កំពង់​ចំលង​អ្នក​លឿង​នេះ​ដែរ មិន​មាន​ប្រភព​បញ្ជាក់​ថា ក្នុង ១​ថ្ងៃៗ​កំពង់​ចំលង​អ្នក​លឿង​នេះ មាន​រថយន្ត និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​មាន​ចំនួន​ប៉ុន្មាន និង​ទទួល​បាន​ចំណូល​ប៉ុន្មាន​នោះ​ទេ។

​ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​បាន​ថ្លែង​ថា ពួកគាត់​ពុំ​មាន​ជំនឿ​ថា រដ្ឋាភិបាល​កម្ពុជា អាច​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​បាន​ទេ សូម្បី​អំពើ​ពុករលួយ​កំពុង​កើត​មាន​ក្នុង​ស្ថាប័ន​កំពង់​ចំលង​អ្នក​លឿង រដ្ឋាភិបាល​មិន​បាន​ដឹង និង​មិន​ទាន់​អាច​ទប់ស្កាត់​បាន​​​ផង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។