តុលាការក្រុងភ្នំពេញ គ្រោងនឹងបើកសវនាការជាថ្មីទៀត នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ នៅវេលាម៉ោង ៨ព្រឹក លើសំណុំរឿងចោទប្រកាន់អំពីអំពើពុករលួយលើទឹកប្រាក់ ២សែនដុល្លារអាមេរិក ចំពោះនឹងជនជាប់ចោទឈ្មោះលោក សេង យៀន ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងអធិការកិច្ច និងឈ្មួញដីធ្លីឈ្មោះលោកស្រី ឌី ប្រឹម ដែលបានរងការចោទថា បានរួមគ្នាធ្វើរបាយការណ៍ភូតកុហករដ្ឋាភិបាលកម្ពុជាកន្លងមក ដើម្បីរឹបយកដីស្រែពីកសិករម្នាក់ ប៉ុន្តែមិនបានសម្រេច។
ឯកសារដីកាដែលវិទ្យុអាស៊ីសេរីទទួលបាននៅថ្ងៃទី៥ ខែធ្នូ បានបង្ហាញថា ព្រះរាជអាជ្ញារង លោក ជេត ខេមរា នៃតុលាការក្រុងភ្នំពេញ បានកោះហៅក្នុងលិខិតចុះថ្ងៃទី២៤ ខែវិច្ឆិកា ឲ្យកសិកររងគ្រោះឈ្មោះ ហួត សារុំ និងមេធាវីរបស់កសិករនេះ ឈ្មោះ កៅ ទី ឲ្យចូលរួមនៅក្នុងសវនាការខាងមុខនេះ។
មេធាវីរបស់កសិកររងគ្រោះ គឺលោក កៅ ទី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែធ្នូថា លោកត្រៀមខ្លួនរួចហើយ ក្នុងការការពារក្ដីនេះ ៖ "តុលាការផ្ដន្ទាទោសជនល្មើសឲ្យបានធ្ងន់ធ្ងរជាទីបំផុត ដើម្បីជាគំរូកុំឲ្យគ្នាច្រើនរំលោភលើកូនក្តីខ្ញុំជាកសិករមេម៉ាយចាស់ជរា"។
កសិករឈ្មោះ ហួត សារុំ អាយុ៦៥ឆ្នាំ នៅក្នុងសង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរងគ្រោះដោយសារការរឹបយកដីស្រែមិនបានសម្រេចកន្លងមក បានថ្លែងថា លោកស្រីចង់ឲ្យតុលាការនេះផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរដល់ជនជាប់ចោទទាំងនោះ ៖ "ដូច្នេះដាក់ទណ្ឌកម្មឲ្យវាជាប់គុកគ្រប់គ្នាទាំងអស់ អ្នកដែលធ្វើទាំងប៉ុន្មាន"។
អគ្គនាយករងនៃអគ្គនាយកដ្ឋានអធិការកិច្ច នៃក្រសួងអធិការកិច្ច ទំនាក់ទំនងសភា និងព្រឹទ្ធសភា លោក សេង យៀន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកចេញពីតំណែងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៩ ក្រោយពីរដ្ឋាភិបាលបានរកឃើញថា លោកបានទទួលប្រាក់សំណូក ២សែនដុល្លារអាមេរិក ពីឈ្មួញដីធ្លីឈ្មោះ ឌី ប្រឹម ដើម្បីធ្វើរបាយការណ៍ភូតកុហករដ្ឋាភិបាលកម្ពុជា កាលពីចន្លោះឆ្នាំ២០០៨ និង២០០៩ ដើម្បីរឹបយកដីស្រែចំនួនជាង ៥ហិកតារពីកសិករឈ្មោះ ហួត សារុំ ទុកលក់ ដែលកាលនោះមានតម្លៃជាង ៧លានដុល្លារអាមេរិក ប៉ុន្តែមិនបានសម្រេច។
ក្រោយមក តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោក សេង យៀន ក្រោមបទស៊ីសំណូកតាមមាត្រាទី៣៨ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលសម័យអ៊ុនតាក់ (UNTAC)។ តុលាការដដែលក៏បានចោទប្រកាន់ឈ្មួញដីធ្លីឈ្មោះ ឌី ប្រឹម ផងដែរ ក្រោមបទសូកប៉ាន់ តាមមាត្រាទី៥៨ នៃច្បាប់អ៊ុនតាក់នេះ។
តុលាការក្រុងភ្នំពេញបានលើកពេលសវនាការចំនួន ៣លើករួចមកហើយតាមសំណើរបស់ជនជាប់ចោទទាំងនោះ។ ព្រះរាជអាជ្ញារង លោក ជេត ខេមរា និងចៅក្រម លោក ជ័យ សុវណ្ណ បានកែប្រែបទល្មើសព្រហ្មទណ្ឌ នៃអំពើពុករលួយនេះ ទៅជាបទល្មើសមជ្ឈិម ដែលមានកម្រិតស្រាលជាងពេលកន្លងមក។
លោកបានកែប្រែបទល្មើសពីបទមជ្ឈិម មកជាបទល្មើសព្រហ្មទណ្ឌវិញ កាលពីខែតុលាកន្លងទៅ ក្រោយពីមេធាវីរបស់កសិកររងគ្រោះបានប្ដឹងតវ៉ាទៅឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម គណៈមេធាវីកម្ពុជា និងខុទ្ទកាល័យព្រះមហាក្សត្រ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយកន្លងមក៕
