តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែធ្នូនេះ បានប្រកាសពន្យារពេលសវនាការជាថ្មីទៀត ចំពោះរឿងក្ដីដែលមានជនជាប់ចោទ លោក សេង យៀន និងលោកស្រី ឌី ព្រឹម។ អ្នកទាំងពីរកំពុងតែស្ថិតនៅក្រោមបទចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ មានទឹកប្រាក់ ២សែនដុល្លារអាមេរិក ដើម្បីជាថ្នូរនឹងការធ្វើរបាយការណ៍ក្លែងបន្លំរដ្ឋាភិបាលកន្លងមក ដើម្បីប៉ុនប៉ងរឹបយកដីស្រែជាង ៥ហិកតាពីកសិករម្នាក់នៅក្នុងខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ។
ចៅក្រមជម្រះក្ដី លោក ឌុច គឹមស៊ន នៅក្នុងចៅក្រមប្រឹក្សា ២នាក់ទៀត បានប្រកាសថា តុលាការមិនអាចបន្តជម្រះក្ដីលើសំណុំរឿងនេះបានទេ ដោយសារតែមេធាវី និងជនជាប់ចោទអវត្តមានក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ និងមានសំណើសុំពន្យារពេល។ ចៅក្រមជម្រះក្ដីមិនបានកំណត់កាលបរិច្ឆេទជាថ្មីភា្លមៗទេ។
ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ លោក ជេត ខេមរា បានឯកភាពតាមសំណើនេះ។
មេធាវីរបស់ក្រសួងអធិការកិច្ច ទំនាក់ទំនងសភា និងព្រឹទ្ធសភា ជាដើមបណ្ដឹង គឺលោក ទ្បុង នរិន្ទ ដែលបានប្ដឹងលោក សេង យៀន និងលោកស្រី ឌី ព្រឹម កន្លងមក មានប្រសាសន៍ថា ក្នុងនាមលោកជាដើមបណ្ដឹង លោកមិនជំទាស់នឹងសំណើនេះទេ។
មេធាវីរបស់កសិកររងគ្រោះ គឺលោក កៅ ទី បានស្នើសុំបន្តនីតិវិធីសវនាការនេះ ប៉ុន្តែចៅក្រមជម្រះក្ដី លោក ឌុច គឹមស៊ន បានបដិសេធ។
មេធាវីរបស់កសិកររងគ្រោះ គឺលោក កៅ ទី បានមានប្រសាសន៍នៅក្រៅតុលាការថា ការស្នើសុំពន្យារពេលនេះ គឺជាលេសដើម្បីគេចវេះរបស់ជនជាប់ចោទ ៖ «លិខិតរបស់ក្រសួងយុត្តិធម៌ដែលអន្តរាគមន៍ទៅសម្ដេចនាយករដ្ឋមន្ត្រីនោះ គឺសុំឲ្យលើកលែងការចោទប្រកាន់លើជនជាប់ចោទឈ្មោះ ឌី ព្រឹម ដែលជាការស្នើសុំកំហុសធ្ងន់ធ្ងរបំផុត ក្នុងនាមជាក្រសួងយុត្តិធម៌»។
កសិកររងគ្រោះឈ្មោះ ហួត សារុំ អាយុ ៦៥ឆ្នាំ នៅក្នុងខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ បានថែ្លងនៅខាងក្រៅតុលាការថា តុលាការមិនមានឆន្ទៈផ្ដន្ទាទោសជនជាប់ចោទ ៖ «ខ្ញុំប្រជាជនក្រីក្រ ខ្ញុំពិបាកណាស់ទម្រាំបានពេលមកម្តងៗ ដូច្នេះហើយតុលាការធ្វើការងារអត់ត្រឹមត្រូវអ៊ីចឹង វាអត់ប្រយោជន៍»។
នេះគឺជាការលើកពេលសវនាការលើកទី៣ហើយ ដែលមិនបានជម្រះក្តីលើសំណុំរឿងចោទប្រកាន់អំពើពុករលួយនេះ តាំងពីឆ្នាំ២០០៩មក។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសទី២ នៅក្នុងទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២៩ ខែធ្នូនេះថា លោកស្រី ឌី ព្រឹម ជាសាច់ញាតិរបស់លោក ប៉ុន្តែលោកមិនលូកដៃចូលឡើយ ដោយទុកលទ្ធភាពឲ្យតុលាការ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ៖ «ប៉ុន្មានថ្ងៃមុនឭគេថា មានជីដូនមួយលោកនាយករដ្ឋមន្ត្រីមួយរត់ការរឿងស្អីណានេះ។ ដូចគេត្រូវកាត់ទោសថ្ងៃហ្នឹង កាត់ទៅ កាត់តាមច្បាប់។ អង្គ វង្សវឌ្ឍានា សរសេរសំបុត្រមកខ្ញុំ ខ្ញុំទាត់ចោល អត់ទេ! ហ្នឹងនៅក្នុងកញ្ចប់សំណុំរឿងមួយ គឺមិនអាចបំបែករឿងមួយបានទេ។ ជីដូនមួយបង្កើតពិតមែន ឌី ព្រឹម»។
លោក សេង យៀន ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអធិការកិច្ចរបស់ក្រសួងអធិការកិច្ច ទំនាក់ទំនងសភា និងព្រឹទ្ធសភា ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកហូតចេញពីតំណែងកាលពីថៃ្ងទី៣០ ខែកក្កដា ឆ្នាំ២០០៩ កន្លងទៅ ក្រោយពីរដ្ឋាភិបាលកម្ពុជា បានស្រាវជ្រាវរកឃើញថា បុរសខាងលើនេះបានទទួលប្រាក់សំណូក ២សែនដុល្លារអាមេរិកពីឈ្មួញដីធ្លី ឈ្មោះ ឌី ព្រឹម ដើម្បីធ្វើរបាយការណ៍ក្លែងបន្លំរដ្ឋាភិបាល ដើម្បីរឹបយកដីស្រែចំនួនជាង ៥ហិកតាពីកសិករឈ្មោះ ហួត សារុំ ទុកលក់ក្នុងតម្លៃជាង ៧លានដុល្លារអាមេរិក កាលពីចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០០៩ ប៉ុន្តែការរត់ការនោះមិនបានសម្រេចឡើយ។
លោក សេង យៀន បានរងការចោទប្រកាន់ដោយតុលាការក្រុងភ្នំពេញ កន្លងមក តាមមាត្រាទី៣៨ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលសម័យអ៊ុនតាក់ ក្រោមបទស៊ីសំណូក និងលោកស្រី ឌី ព្រឹម បានរងការចោទប្រកាន់តាមមាត្រាទី៥៨ ក្រោមបទសូកប៉ាន់។
ឯកសារចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ ពីប្រធានខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហូ សិទ្ធី បានសុំឲ្យប្រធានសភាជាតិ លោក ហេង សំរិន អន្តរាគមន៍លើកលែងការចោទប្រកាន់លើលោក សេង យៀន។
ឯកសារចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១០ ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកលែងការចោទប្រកាន់លោកស្រី ឌី ព្រឹម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចារឆ្លើយតបវិញថា ទុកឲ្យតុលាការបន្តចាត់ការ ប្រសិនបើ ឌី ព្រឹម ត្រូវបានតុលាការបានរកឃើញថា គ្មានកំហុស គឺទុកឲ្យតុលាការជាអ្នកលើកលែងការចោទប្រកាន់៕
