ក៏ប៉ុន្តែ លោកសុំឲ្យតុលាការពិចារណាដោះលែងសកម្មជនតវ៉ាដីធ្លីផ្សេងទៀត និងអ្នកសារព័ត៌មានដែលលោកអះអាងថា ពួកគេត្រូវបានតុលាការចាប់ដាក់គុកយ៉ាងអយុត្តិធម៌។ លុះត្រាតែមានការពិចារណាដោះស្រាយលើបញ្ហាទាំងនេះ ទើបអាចបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានប្រសើរឡើងគួរឲ្យទុកចិត្តបាន។
បើទោះជាតុលាការប្រកាសលើកលែងការចោទប្រកាន់យ៉ាងណាក្ដី ក៏លោក ចាន់ សុវ៉េត អនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក នៅថ្ងៃទី៩ កុម្ភៈ ហាក់ដូចជាមិនសូវជាភ្ញាក់ផ្អើលចំពោះដំណឹងនេះប៉ុន្មានទេ ព្រោះថា លោកមិនបានធ្វើអ្វីខុសតាំងពីពេលដែលតុលាការចោទប្រកាន់មកម្ល៉េះ។
លោកចោទថា រឿងនេះទាក់ទងរឿងនយោបាយ៖ «អានេះ ដោយសារចំហាយឥទ្ធិពលនយោបាយចូលមកជ្រៀតជ្រែក អ៊ីចឹងហើយបានធ្វើឲ្យតុលាការលោកចោទប្រកាន់ខ្ញុំ។ ហើយបន្ទាប់ពីមានការសាកសួរខ្ញុំដោយផ្ទាល់ទៅ តុលាការមើលឃើញថា ខ្ញុំមិនបានប្រព្រឹត្តនូវអ្វីដែលជាកំហុសឆ្គងនោះទេ។ តុលាការហ្នឹង លោកលើកលែងការចោទប្រកាន់ល្អប្រសើរដែរ។ ប៉ុន្តែមិនមែនជារឿងធំដុំគួរឲ្យភ្ញាក់ផ្អើលនោះទេ»។
តាមលិខិតជូនដំណឹងស្ដីពីដីកាលើកលែងការចោទប្រកាន់របស់តុលាការ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃទី៩ កុម្ភៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វីរៈ ជូនដំណឹងទៅមេធាវីលោក ចាន់ សុវ៉េត គឺលោក ឡោ ជន់ធី និងលោក សំ សុគង់ បញ្ជាក់ថា តុលាការបានលើកលែងការចោទប្រកាន់លោក ចាន់ សុវ៉េត ក៏ប៉ុន្តែមិនបានបញ្ជាក់មូលហេតុទេ។
លោក ចាន់ សុវ៉េត បញ្ជាក់ថា លោកក៏មិនដឹងពីមូលហេតុនៃការលើកលែងការចោទប្រកាន់នោះដែរ តែលោកបានព្រលយពាក្យថា ទំនងរដ្ឋាភិបាលចង់បង្ហាញកាយវិការល្អដល់មតិជាតិ និងអន្តរជាតិ មុនពេលបោះឆ្នោតខាងមុខនេះ។
ទោះយ៉ាងណា លោកថា បើសិនរដ្ឋាភិបាលចង់បង្ហាញអំពីឆន្ទៈចង់កែទម្រង់ប្រព័ន្ធតុលាការមែននោះ រដ្ឋាភិបាលគួរដោះលែងសកម្មជនទាមទារដីធ្លី និងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ដែលត្រូវគេចាប់ខ្លួនក្នុងរឿងចោទទាក់ទងនឹងការបង្កើតតំបន់អបគមន៍ នៅខេត្តក្រចេះ នោះ ទើបគេអាចជឿទុកចិត្តបាន។
លោក ចាន់ សុវ៉េត៖ «ហើយខ្ញុំយល់ឃើញថា បើសិនប្រព័ន្ធយុត្តិធម៌កម្ពុជា ឲ្យបានប្រសើរនោះ វាទាល់តែមានដោះលែងសកម្មជនអ្នកការពារដីធ្លីមួយចំនួនកំពុងទទួលរងការចោទប្រកាន់ ជាពិសេស លោក ម៉ម សូណង់ដូ។ ហើយករណីមួយចំនួនដែលតុលាការធ្វើមិនត្រឹមត្រូវនោះ ត្រូវផ្ដន្ទាទោស ឧទាហរណ៍ ដូច ឈូក បណ្ឌិត ករណី ឈុត វុទ្ធី ត្រូវគេបាញ់សម្លាប់ ហើយស្លាប់ដោយមិនដឹងថាខ្លួនឯងថាយ៉ាងម៉េចនោះ ក៏ជារឿងមួយយើងឃើញថាមិនល្អដែរ។ ហើយករណី ប៊ន សំណាង សុខ សំអឿន ដែលគេចោទឡើងវិញនេះ ក៏ជាសញ្ញាមួយមិនល្អសម្រាប់ដំណើរការក្ដីក្ដាំនៅក្នុងប្រទេសកម្ពុជា ដែលគេមើលឃើញថា ប្រព័ន្ធយុត្តិធម៌នៅមានកម្រិតទាបជាដើម។ អាហ្នឹង ដែលគួរឲ្យព្រួយបារម្ភ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោកចៅក្រម ឆែ វីរៈ បានទេនៅថ្ងៃទី៩ កុម្ភៈ ដើម្បីសុំការបញ្ជាក់បន្ថែម។
កាលពីខែសីហា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានចោទលោក ចាន់ សុវ៉េត ពីបទផ្ដល់ជំនួយដល់ចារីជាអាទិ។ ការចោទប្រកាន់នេះ ពាក់ព័ន្ធនឹងរឿងរដ្ឋាភិបាលបានចោទលោក ម៉ម សូណង់ដូ និងលោក ប៊ុន រដ្ឋា ជាមេបះបោរនាំប្រជាពលរដ្ឋជិត ១ពាន់គ្រួសារ បង្កើតតំបន់អបគមន៍ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលរដ្ឋាភិបាលបានប្រើកម្លាំងទ័ពចុះបង្ក្រាបនៅខែឧសភា ឆ្នាំ២០១២ បណ្ដាលឲ្យក្មេងស្រីអាយុជាង ១០ឆ្នាំម្នាក់ស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។