ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានទាមទារឲ្យតុលាការមានភាពឯករាជនិងជៀសវាងធ្វើសេចក្ដីសម្រេចទៅតាមឥទ្ធិពលនយោបាយនិងអ្នកមានអំណាចក្នុងការបើកសវនាការរបស់តុលាការកំពូល នៅថ្ងៃទី៣១ ធ្នូ ខាងមុខនេះ អំពីករណីបាញ់សម្លាប់ប្រធានសហជីពលោក ជា វិជ្ជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
ទោះជាយ៉ាងណា លោក រ៉ុង ឈុន បានឲ្យដឹងថា លោកនៅតែមិនទុកចិត្តទៅលើតុលាការនៅក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះនោះឡើយ ៖ «ចំពោះតុលាការនៅកម្ពុជាយើង ហាក់បីដូចជាធ្វើឲ្យប្រជាពលរដ្ឋ រួមទាំងរូបខ្ញុំបាត់បង់ជំនឿនិងសេចក្ដីទុកចិត្តសម្រាប់តុលាការ ពីព្រោះតុលាការនៅកម្ពុជាយើងតែងតែទទួលឥទ្ធិពលនយោបាយពីអ្នកមានអំណាច»។
សហភាពសហជីពកម្ពុជា បានលើកឡើងថា ការកាត់ទោស ប៊ន សំណាង និង សុខ សំអឿន ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ដោយតុលាការក្រុងភ្នំពេញនិងសាលាឧទ្ធរណ៍ គឺជាឆាកល្ខោនរបស់អ្នកនយោបាយដែលមានអំណាច ហើយថា តុលាការគ្មានភស្តុតាង ជាក់លាក់ណាមួយ បញ្ជាក់ថា ប៊ន សំណាង និង សុខ សំអឿន ជាឃាតករសម្លាប់ លោក ជា វិជ្ជា នោះឡើយ។
គួរជម្រាបថា អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ និងក្រុមគ្រួសារញាតិមិត្ត សុទ្ធតែមិនជឿថា លោក ប៊ន សំណាង និង សុខ សំអឿន ជាឃាតករពិតប្រាកដដែលបានសម្លាប់ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា កាលពី៥ឆ្នាំ មុននោះឡើយ ហើយបានអំពាវនាវឲ្យមានការដោះលែងពួកគេឲ្យមានសេរីភាពនិងសូមឲ្យតុលាការនិងអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតសាជាថ្មី និងវែកមុខឃាតករពិតប្រាកដ៕
