ក្រុមប្រជាពលរដ្ឋរស់នៅតាមភូមិជាច្រើននៃឃុំកែវពណ៌ ស្រុកពួក កំពុងសំដែងការព្រួយបារម្ភចំពោះការបាត់បង់សត្វគោក្របី ដែលជាកម្លាំងភ្ជួររាស់សម្រាប់ធ្វើស្រែចម្ការរបស់គេ ដោយសារតែសត្វទាំងនោះកំពុងកើតជំងឺ និងខ្លះបានងាប់ ហើយពេទ្យសត្វក៏ពុំមានថ្នាំណាដែលអាចជួយព្យាបាលបានជាសះស្បើយនោះ។
លោក សុខ សាខន ជាប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំកែវពណ៌ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី៥ ខែតុលាថា លោកមានគោចំនួន៤ក្បាល ហើយកាលពីពេលថ្មី សត្វគោរបស់គាត់ទាំងអស់បានកើតជំងឺបណ្ដាលឲ្យគោ ១ក្បាលក្នុងចំណោមនោះបានងាប់ដោយសារតែពុំអាចរកថ្នាំមកព្យាបាលបាន ៖ «កំពុងឈឺហ្នឹង ៣ក្បាលទៀត ១២ថ្ងៃហើយ។ ឈឺហ្នឹងវាចាប់ផ្ដើមដំបូង វាខ្ញើចជើងដូចវារឹងជើងរឹងខ្លួន វារាងញ័រ វារលាកចុងអណ្ដាត ហើយអាបបេមាត់វាហ្នឹងសអស់រលីង ហើយវានៅតែគល់ថ្គាមវាហ្នឹងទេ ដែលវាអាចទំពាស្មៅបានអីចឹង វាអត់ចាប់ស្មៅបាន ទាល់តែបញ្ចុកវា។ មានការព្រួយបារម្ភខ្លាំងហើយចង់អំពាវនាវសុំឲ្យខាងថ្នាក់លើហ្នឹង បានផ្ដល់ថ្នាំ ឬក៏វិធានការការពារអី ដើម្បីកុំឲ្យជំងឺហ្នឹងវាផ្ទុះឡើងទាន់»។
ចំណែកស្រ្តីឈ្មោះ លុក ស៊ាន់ នៅភូមិថ្មីដែរ បានមានប្រសាសន៍ថា គាត់មានគោ ៦ក្បាល ហើយគោធំរបស់គាត់ចំនួន ២ក្បាល បានឈឺងាប់កាលពីពេលថ្មីៗ។ គោដែលឈឺងាប់នោះ គឺគាត់បានលក់ទៅឲ្យចាម ដែលទិញយកទៅកាប់សាច់លក់តាមទីផ្សារ។
លោក ម៉ាន់ នឿន មន្ត្រីពេទ្យសត្វប្រចាំភូមិថ្មី ឃុំកែវពណ៌ បានមានប្រសាសន៍ថា មានគោ និងក្របីជាច្រើនក្បាលនៅភូមិរបស់លោក កំពុងកើតជំងឺ និងបានខ្លះងាប់។ លោកបន្ថែមថា នៅភូមិរបស់លោក ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ៧៦គ្រួសារ សុទ្ធតែជាអ្នកចិញ្ចឹមគោ និងក្របី គឺមានតែ ១៣គ្រួសារប៉ុណ្ណោះដែលបានជៀសផុតពីសត្វគោ និងក្របីមិនកើតជំងឺ ៖ «មេរោគនេះបណ្ដាលមកពីជំងឺអុតក្ដាមណា។ វាផ្ទុះជំងឺនៅក្នុងតំបន់នេះតែម្ដងណា ប្រហែលជាវា (មេរោគ) រសាត់តាមខ្យល់មក ហើយម្យ៉ាងទៀតវាក្លាយមកពីការណ៍ដែលយើងលក់ដូរសត្វដែលឈើស្លាប់ទៅ នាំចូលទៅទីផ្សារធ្វើឲ្យបែកសាយមកពីទីផ្សារក៏មានដែរ។ កាលណាដែលចាប់មួយនៅកន្លែងនេះ អាមួយស៊ីស្មៅស្រក់ទឹកមាត់ អាមួយប៉ះទៀតវាឆ្លងទៅ ១ទៀត។ ជួនកាលវាចាប់នៅជើងវាមានដំបៅរលេះរលួយទៅ វាធ្លាក់ចុះពីជើងទៅតាមដី អាមួយដើរទៅជាន់ចំឆ្លងមកទៀត»។
ទោះយ៉ាងណា មន្ត្រីពេទ្យសត្វប្រចាំភូមិបានឲ្យដឹងថា ការផ្ដល់ថ្នាំវ៉ាក់សាំងដែលចាក់ការពារជំងឺសត្វឆ្នាំនេះ មិនបានទាន់ពេលវេលា ទើបធ្វើឲ្យសត្វគោ និងក្របីកើតជំងឺ និងងាប់ជាច្រើន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងឃុំកែវពណ៌ គឺមានភូមិជាច្រើនដែលសត្វគោ និងក្របីកំពុងកើតជំងឺ និងងាប់ ដូចជាភូមិគោកពោធិ មានសត្វគោ និងក្របីងាប់ជាង ៣០ក្បាល កាលពីពេលថ្មីៗ ភូមិស្វាយចេក ភូមិរកាយា ភូមិព្រៃដង្ហើម ភូមិគោកឫស្សី និងភូមិកំភេមជាដើម។
លោក វ៉ៃ អឿត ជំទប់ទី២ ឃុំកែវពណ៌ បានមានប្រសាសន៍ថា នៅក្នុងឃុំរបស់លោក ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៧ភូមិ គឺមានសត្វគោ និងក្របីឈឺងាប់ជាង ២០០ក្បាលហើយ ចាប់តាំងពីចុងខែកញ្ញា រហូតមកដល់ពេលនេះ។ មន្ត្រីដដែលបានមានប្រសាសន៍ថា ពេលបច្ចុប្បន្ននេះសត្វគោ និងក្របីនៅតែឈឺ និងងាប់ជាបន្តបន្ទាប់ ខ្លះងាប់ស្អុយចោលនៅតាមទីវាលគុម្ពោតព្រៃក៏មាន ដោយសត្វខ្លះគេបានចាក់ថ្នាំព្យាបាលដែរ ប៉ុន្តែថ្នាំទាំងនោះហាក់ពុំមានប្រសិទ្ធភាព។
អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាបទទួលបន្ទុកពេទ្យសត្វលោក មឿង សុនិត្យា មិនបានអធិប្បាយយ៉ាងណានៅឡើយទេ ជុំវិញព័ត៌មានអំពីការស្លាប់សត្វគោ និងក្របីជាច្រើននោះ ដោយលោកមានប្រសាសន៍ថា កំពុងជាប់រវល់៕