ប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនឈាម លោកវេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីថា ការរាតត្បាតជំងឺគ្រុនឈាមនៅខេត្តសៀមរាប នៅតែបន្តការកើនឡើងខុសធម្មតា ហើយឥឡូវនេះភ្នាក់ងារកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមកំពុងតែធ្វើបទអន្តរាគមន៍ជាបន្ទាន់នៅទីនោះ ដូចជាធ្វើការដាក់ថ្នាំអាបែតកម្ចាត់សត្វមូសខ្លាដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម ព្រមទាំងធ្វើការអប់រំប្រជាពលរដ្ឋឲ្យមានការរក្សាអនាម័យសម្អាតលំនៅឋានជាដើម ។
លោកវេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា បានមានប្រសាសន៍ថា ៖ «បើសិនជាភ្នាក់ងារសុខាភិបាលយើង ចុះដាក់អាបែត ឲ្យគាត់ទទួលយក កុំឲ្យភ័យខ្លាចថា អាបែតហ្នឹងពុលឲ្យសោះ ។ គឺយើងបានណែនាំគាត់ ឲ្យគាត់ប្រញាប់យកកូនគាត់ដែលគ្រុនក្ដៅ ហើយសង្ស័យគ្រុនឈាម គឺយកមកទទួលសេវានៅមន្ទីរពេទ្យសាធារណៈហ្នឹង ឲ្យបានទាន់ពេលវេលា ដើម្បីទទួលការព្យាបាលឲ្យបានសមស្រប» ។
បញ្ជាក់ប្រាប់ពីបញ្ហានេះដែរប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ឌី ប៊ុនឆែម បានឲ្យដឹងថា អ្នកជំងឺគ្រុនឈាមដែលភាគច្រើនជាកុមារបាននិងកំពុងតែមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួនពីរនៅក្នុងខេត្តសៀមរាបនោះ គឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជយវរ្ម័នទី៧ ដែលក្នុងមួយអាទិត្យមានចំនួនជាង១០០ករណី ៖ «តាមពិតវាមិនជាច្រើនទេ មិនជាឡើងខ្ពស់ទេ» ។
មន្រ្តីមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនឈាមបានឲ្យដឹងផងដែរថា ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ការកើតជំងឺគ្រុនឈាមនៅទូទាំងកម្ពុជាមានចំនួនជិត៥ពាន់ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន៤៣នាក់ ហើយអ្នកដែលរងគ្រោះដោយសារជំងឺនេះភាគច្រើនជាងគេគឺកុមារស្ថិតនៅក្នុងវ័យសិក្សាដែលមានអាយុពី ៩ឆ្នាំ ទៅ ១៥ឆ្នាំ និងបន្ទាប់មកគឺកុមារមានអាយុពី ១ឆ្នាំ ទៅ ៥ឆ្នាំ។
លោកបានបន្តទៀតថាករណីជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ គឺមិនមានសភាពខ្លាំងក្លាគួរឲ្យកត់សម្គាល់ដូចកាលពីឆ្នាំមុននោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគេនៅតែមានការព្រួយបារម្ភពីព្រោះជំងឺនេះបាននិងកំពុងធ្វើការរាតត្បាតខ្លាំងនៅប្រទេសជិតខាងក្នុងតំបន់មានប្រទេសថៃនិងលាវ ។
ប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម លោកវេជ្ជបណ្ឌិត ង៉ាន់ ចន្ថា បានបញ្ជាក់ថាប្រជាពលរដ្ឋនៅទូទាំងកម្ពុជា ជាពិសេសឪពុកម្តាយដែលមានកូនតូចៗ ត្រូវមានការប្រុងប្រយ័ត្នថែទាំកូនចៅរបស់ខ្លួន ហើយបើឃើញមានការកើតជំងឺគ្រុនក្តៅ ដែលសង្ស័យថាជាជំងឺគ្រុនឈាមនោះត្រូវប្រញាប់ប្រញាល់នាំកូនមកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ដោយកុំទុកព្យាបាលនៅផ្ទះដោយខ្លួនឯងឡើយ ពីព្រោះបើមានការយឺតយ៉ាវមកមិនទាន់ពេលវេលាទេ មេរោគគ្រុនឈាមអាចនឹងបណ្តាលឲ្យអ្នកជំងឺមានគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិត ៕
