ការរើសអើង​ចំពោះ​អ្នក​កើត​អេដស៍​នៅតែ​កើត​មាន​នៅ​កម្ពុជា

ការរើសអើស​ប្រឆាំង​នឹង​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​អ្នក​កើត​អេដស៍​នៅតែ​ជា​វិបត្តិ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

0:00 / 0:00

លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន អនុ​ប្រធាន​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ជំងឺ​សើ​ស្បែក​និង​កាមរោគ​នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​កាលពី​យប់​មិញ​ក្នុង​នាម​ជា​វាគ្មិន​កិតិ្តយស​នៃ​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​ថា កម្ពុជា​បច្ចុប្បន្ន​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​អ្នក​កើត​អេដស៍​ទាំងអស់​ប្រមាណ​៦៧០០០​នាក់ និង​ថា​ការរើសអើង​ប្រឆាំង​នឹង​អ្នក​ជំងឺ​ទាំង​នោះ​នៅតែ​មាន​នៅ​ឡើយ​នៅ​កម្ពុជា ប៉ុន្តែ​មាន​កម្រិត​តិច​ជាង​កាលពី​ឆ្នាំ​មុនៗ។

លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​គិត​ទៅ​ការរើសអើង​វា​មាន​លាយឡំ​ជាមួយ​នឹង​ការភ័យ​ខ្លាច ខ្លាច​ឆ្លង​នោះ​ណា៎។ កាលពី​ដំបូងៗ​មេរោគ​អេដស៍​ឆ្លង​មក​ស្រុក​យើង​តាំង​ពី​ដើម​ទសវត្សរ៍​៩០​នោះ មិន​មែន​ត្រឹម​តែ​ប្រជាពលរដ្ឋ​ទូទៅ​ទេ​ខ្លាច សូម្បី​តែ​បុគ្គលិក​ផ្ដល់​សេវា​សុខភាព​ក៏​ខ្លាច​ដែរ ខ្លាច​ឆ្លង វា​លាយឡំ​ជាមួយ​ការរើស​អើង​ហ្នឹង ប៉ុន្តែ​ដោយសារ​ជា​បន្ត​បន្ទាប់​ហ្នឹង​យើង​មាន​ការបណ្ដុះ​បណ្ដាល មាន​ការផ្សព្វផ្សាយ​ច្រើន​ទៅ ការ​ដែល​ខ្លាច​ឆ្លង​នេះ​យើង​ឃើញ​ថា​បាត់​បន្តិចៗ​ម្ដង»

ការរើសអើង​រួម​មាន​ការបំបោះបង់​អ្នក​ជំងឺ​ចោល ប្រើ​ពាក្យ​សម្ដី​និង​អាកប្បកិរិយា​មិន​គប្បី​លើ​អ្នក​ជំងឺ​ជាដើម។ល។។

លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន ថ្លែង​ថា មាន​កត្តា​សំខាន់ៗ​មួយចំនួន​ទៀត​ដែល​ជួយ​កាត់​បន្ថយ​ការរើសអើង​នោះ រួម​មាន​ការកើន​ឡើង​នូវ​សេវាកម្ម​ជួយ​ព្យាបាល​បាន​ដល់​៩០% ដែល​ក្នុង​នោះ​អ្នក​ខ្លះ​មាន​សុខភាព​គ្រាន់បើ​ឡើង​វិញ ហើយ​វិល​ទៅ​ប្រកប​ការងារ​របស់​គាត់​បាន និង​មាន​អ្នក​ខ្លះ​ទៀត​ក៏​បាន​ចងក្រង​គ្នា​បង្កើត​ជា​មណ្ឌល​ជា​ក្រុម​មិត្ត​ជួយ​មិត្ត ហ៊ាន​ចេញ​មុខ​ជា​សាធារណៈ​ថ្លែង​អប់រំ​បន្ត ហើយ​កម្ពុជា​ក៏​មាន​ច្បាប់​ប្រឆាំង​នឹង​ការរើសអើង​ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​អ្នក​កើត​អេដស៍​នៅ​ក្នុង​កិច្ច​ការងារ​ដែរ។

លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន ថ្លែង​បន្ថែម​ថា មេរោគ​អេដស៍​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​តាម​របៀប​៤​យ៉ាង​គឺ ៖ «តាមរយៈ​ការរួមភេទ​ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ មេរោគ​អេដស៍​ក៏​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ​ការចាក់​ថ្នាំ​ញៀន ប្រើប្រាស់​ស៊ីរាំង​រួម​គ្នា មាន​ន័យ​ថា ដក​ស៊ីរាំង​ពី​អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍​ចាក់​លើ​អ្នក​ដែល​មិន​ទាន់​ឆ្លង​គឺ​អាច​ឲ្យ​ឆ្លង​ដែរ។ មេរោគ​អេដស៍​ក៏​អាច​ឆ្លង​តាមរយៈ​ការទទួល​ឈាម​ដែល​មាន​មេរោគ ឈាម​ហ្នឹង​មិន​បាន​ពិនិត្យ​ច្បាស់លាស់។ ហើយ​មួយ​វិញ​ទៀត​គឺ​ការចម្លង​ពី​មាតា​ទៅ​ទារក បើ​សិន​ជា​ស្ត្រី​ដែល​មាន​គភ៌​ម្នាក់​មាន​ផ្ទុក​មេរោគ​អេដស៍ គាត់​មាន​លទ្ធភាព​ចម្លង​ទៅ​កូន​របស់​គាត់ មាន​បី​ដំណាក់កាល ទាំង​ក្នុង​ផ្ទៃ នៅ​ដំណាក់កាល​ដែល​ឆ្លង​ទន្លេ ក៏​ដូច​ជា​ដំណាក់កាល​បំបៅ​ទឹក​ដោះ»

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ជំងឺ​អេដស៍​គឺ​ជា​ជំងឺ​ឆ្លង​រ៉ាំរ៉ៃ​ប្រហាក់​ប្រហែល​នឹង​ជំងឺ​រ៉ាំរ៉ៃ​ខ្លះ​ទៀត​ដែរ​ដែល​ត្រូវការ​កិច្ច​ព្យាបាល​យូរ​អង្វែង។ សូម​កុំ​យល់​ថា​ឲ្យ​តែ​កើត​អេដស៍​គឺ​ជា​ថ្ងៃ​បញ្ជប់​នៃ​ជីវិត​របស់​លោក​អ្នក។

លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន បញ្ជាក់​ថា សូម​កុំ​គិត​ដូច្នោះ ព្រោះ​ថា​បើ​លោក​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍ ប៉ុន្តែ​ចេះ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ ទទួល​ការជួយ​ប្រឹក្សា​ផ្តល់​យោបល់ គ្មាន​ការរើសអើង ប្រើ​ថ្នាំ​ពន្យារ​ជីវិត​ឲ្យ​បាន​ទៀងទាត់ នោះ​លោក​អ្នក​អាច​រស់នៅ​បាន​យូរ​អាច​ប្រកប​ការងារ​បាន​ធម្មតា អាច​ថែទាំ​កូន​ចៅ​បាន​ជា​ថ្មី​ឡើង​វិញ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន រំឭក​ថា ការការពារ​គឺ​ប្រសើរ​ជាង​ការព្យាបាល។

លោក​វេជ្ជបណ្ឌិត​ក៏​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​សូម​មេត្តា​កុំ​មាន​ការរើសអើង​ប្រឆាំង​នឹង​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​អ្នក​កើត​អេដស៍ ក្នុង​ន័យ​ជួយ​ឲ្យ​សង្គម​កម្ពុជា​ប្រកប​ដោយ​ក្តី​ករុណា មាន​ចិត្ត​មនុស្សធម៌ ចំពោះ​អ្នក​ជំងឺ​ទាំងអស់​នោះ៕