ថ្លែងនៅថ្ងៃច័ន្ទ ទី២៩ ខែធ្នូនេះ លោកស្រី សុខ ស៊ីនួន បានចោទឈ្មោះ ផេង សុផាន់ណា នៅស្រុកស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ ថា បានប្រើលោកស្រីឲ្យទិញស្រូវពីកសិករក្នុងស្រុកស្វាយចេកចំនួន៤១តោន២៩៥គីឡូ គិតជាទឹកប្រាក់ស្មើនឹង៣៨៣២៩៦បាត ហើយបានប្រគល់ប្រាក់ឲ្យមួយចំនួន នៅខ្វះជាង១០ម៉ឺនបាតទៀតមិនព្រមឲ្យ។
លោកស្រីបន្តថា លោកស្រីជាអ្នកដើរទិញស្រូវស៊ីក្បាលកាក់១០បាតក្នុងមួយបាវពីកសិករ ចំណែកឯស្រូវក្នុងមួយគីឡូក្រាមថ្លៃ៩,៣បាត។
លោកស្រីបានបន្តថា បើសិនជាលុយ១០ម៉ឺនបាតនោះ ឈ្មោះ ផេង សុផាន់ណា មិនព្រមឲ្យទេនោះ លោកស្រីមិនមានលុយចេញសងដល់អ្នកភូមិជាង១០គ្រួសារដែលបានលក់ស្រូវឲ្យនោះទេ។
លោកស្រី សុខ ស៊ីនួន បានមានប្រសាសន៍ថា ៖ «ក្រណាស់បងអើយ គ្នាធ្វើស្រែមួយឆ្នាំខ្លះបាន៥បាវលក់ ...មិនទាន់បានលុយឲ្យគេ អ៊ីចឹងខ្ញុំមានសមត្ថភាពពីណា... បើខ្ញុំមានខ្ញុំធ្វើទៅគេបាត់ហើយ។ ខ្ញុំស៊ីក្បាលកាក់ពីវា១០បាតៗ ប្រមូលឲ្យវាអ៊ីចឹងទៅ»។
ផេង សុផាន់ណា ជាឈ្មួញទិញស្រូវដែលរងការចោទនេះបានប្រតិកម្មថា លោកស្រី សុខ ស៊ីនួន បានទិញស្រូវសើមខ្មៅខូចគុណភាពឲ្យ។
ផេង សុផាន់ណា បានបញ្ជាក់ថា ៖ «គិតតាមគីឡូស្រូវគាត់គឺ៤០ដើមជាង គឺគីឡូសើម បើសិនជាគាត់គិតគីឡូសើម ខ្ញុំត្រូវខ្វះគាត់ជាង១០ម៉ឺនមែន ក៏ប៉ុន្តែគីឡូសើមដែលគាត់ថាខ្ញុំខ្វះគាត់ជាង១០ម៉ឺន ខ្ញុំអត់ទទួលស្គាល់ទេ ព្រោះខ្ញុំទិញពិតមែនស្រូវស្អាត ខ្ញុំអត់ទិញស្រូវខ្មៅ ...ស្រូវសើមអ៊ីចឹងទេ»។
ផេង សុផាន់ណា បន្តថា ចំនួនថវិកាជាង២០ម៉ឺនបាតត្រូវបានប្រគល់ឲ្យលោកស្រី សុខ ស៊ីនួន រួចហើយ ហើយនៅសល់ថវិកាជាង២ម៉ឺនបាតទៀតប៉ុណ្ណោះត្រូវប្រគល់ឲ្យ ប៉ុន្តែលោកស្រី សុខ ស៊ីនួន មិនព្រមយក។
សមាជិកក្រុមប្រឹក្សាឃុំស្វាយចេកម្នាក់បានថ្លែងថា មានអ្នកភូមិជាច្រើនគ្រួសារដែលលក់ស្រូវនោះ ហើយបច្ចុប្បន្នមិនទាន់ទទួលបានថវិកា ៖ «ច្រើនណាស់ ...គេទិញឲ្យស៊ីនួនទាំងអស់ ហើយស៊ីនួនក៏លក់ឲ្យផាន់ណាហ្នឹងទាំងអស់ដែរ»។
លោក ស៊ី ឌី អធិការនគរបាលស្រុកស្វាយចេកបានថ្លែងថា ករណីខាងលើនេះភាគីទាំងពីរបានស្នើឲ្យនគរបាលដោះស្រាយដែរកាលពីពេលកន្លងទៅថ្មីៗនេះប៉ុន្តែដោះស្រាយមិនចេញ ហើយលោកជុំរុញឲ្យទៅប្តឹងតុលាការខេត្តបន្ទាយមានជ័យ។
លោក ស៊ី ឌី បានមានប្រសាសន៍ថា ៖ «មន្ត្រីនគរបាលយុត្តិធម៌មិនអាចទទួលបណ្ដឹងរឿងរដ្ឋប្បវេណីបានទេ។ អ៊ីចឹងឲ្យគាត់ទៅប្ដឹងនៅតុលាការ»។
ព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ លោក សូវាត បានថ្លែងថា លោកបានទទួលព័ត៌មានពីករណីនេះហើយ ប៉ុន្តែរហូតមកដល់ពេលនេះតុលាការមិនទាន់ទទួលពាក្យប្តឹងណាមួយពីភាគីទាំងពីរទេ។
លោក សូវាត មិនធ្វើអធិប្បាយទេ តែថាករណីនេះជាបទល្មើសរដ្ឋប្បវេណី ៖ «ទុកឲ្យភាគីខាងណាដែលគេបាត់ប្រយោជន៍ហ្នឹង គេប្ដឹងមកតុលាការរដ្ឋប្បវេណីទៅ»។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងចាប់តាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៨ ក្រោយពីលោកស្រី សុខ ស៊ីនួន បានដើរប្រមូលទិញស្រូវពីអ្នកភូមិនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕
