ក្រសួង​អប់រំ​ផ្សព្វផ្សាយ​សៀវភៅ​ស្តីពី​គោលនយោបាយ​សុខភាព​សិក្សា

មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០០៨​នេះ​ថា ក្រសួង​អប់រំ​ថ្មីៗ​នេះ​បាន​ធ្វើការ​បោះពុម្ព​និង​ផ្សព្វផ្សាយ​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​នូវ​សៀវភៅ​ស្តីពី​គោលនយោបាយ​សុខភាព​សិក្សា ដើម្បី​ជួយ​លើកកម្ពស់​គុណភាព​អប់រំ​និង​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​ផ្សេងៗ​របស់​កុមារ​សិស្សានុសិស្ស និង​បុគ្គលិក​សិក្សា​ក្នុង​សាលារៀន​នៅ​ទូទាំង​កម្ពុជា។

0:00 / 0:00

មន្ត្រី​ក្រសួង​អប់រំ​បាន​បញ្ជាក់​ទៀត​ថា សៀវភៅ​ស្តីពី​គោលនយោបាយ​សុខភាព​សិក្សា​នេះ គេ​បាន​រៀបចំ​ចងក្រង​តាំងពី​ឆ្នាំ​២០០៦ មក​ម៉្លេះ តែ​ដោយសារ​ខ្វះខាត​ថវិកា​ទើប​អូសបន្លាយ​មក​ដល់​ពេល​នេះ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០០៨​នេះ​ដោយ​មាន​ការជួយ​ឧបត្ថម្ភ​ថវិកា​ពី​សប្បុរសជន​ជប៉ុន​នៃ​ខេត្ត​ហេរ៉ូហ្សីម៉ា តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្ដិការ​អន្តរជាតិ​ជប៉ុន (Jica) បាន​ជួយ​បោះពុម្ព​សៀវភៅ​នេះ​ដែល​សាកល្បង​ផ្សព្វផ្សាយ​ជា​លើក​ដំបូង​ចំនួន​៥០០០​ក្បាល។

ប្រធាន​នាយកដ្ឋាន​សុខភាព​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ប៉ែន សារឿន បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យ​កព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា នៅ​ក្នុង​សេចក្តី​ចែង​របស់​សៀវភៅ​ស្តីពី​គោលនយោបាយ​សុខភាព​សិក្សា​របស់​ក្រសួង​អប់រំ​នោះ គេ​មាន​ទិសដៅ​សំខាន់ៗ​ជា​ច្រើន​ដែល​រួម​មាន​ការអប់រំ​សុខភាព អនាម័យ​ខ្លួន​ប្រាណ ការថែទាំ​បរិស្ថាន​សាលារៀន ហើយ​និង​ការផ្តល់​សេវា​ថែទាំ​សុខភាព​ចាំបាច់​ជាដើម។

លោក​បាន​បន្ត​ថា ចំពោះ​កម្មវិធី​ផ្តល់​សេវា​ថែទាំ​សុខភាព​ចាំបាច់​នេះ​គឺ​កម្មវិធី​មួយ​សម្រាប់​ជួយ​សម្រួល​ដល់​សិស្ស​ដែល​មាន​ករណី​ជំងឺ​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ម៉ោង​ដែល​គេ​កំពុងតែ​រៀន​សូត្រ​នៅ​ក្នុង​ថ្នាក់​ជាដើម ដូច​ជា​ជួយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ មណ្ឌល​សុខភាព ឬ​ប៉ុស្តិ៍​សុខភាព ហើយ​ដែល​ការព្យាបាល​ទាំង​នោះ​នឹង​មិន​តម្រូវ​ឲ្យ​សិស្ស​ធ្វើការ​បង់​ថ្លៃ​ឡើយ។

លោក ប៉ែន សារឿន បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​មណ្ឌល​សុខភាព​ក៏​បាន​សហការ​ជាមួយ​យើង ឲ្យ​ធ្វើ​ការងារ​ហ្នឹង គឺ​ថា​គ្រូ​នាំ​សិស្ស​ឈឺ​ទៅ​ដល់​មន្ទីរពេទ្យ ផ្ដល់​ការព្យាបាល​ដោយ​ឥត​គិត​ថ្លៃ ហើយ​ដល់​ពេល​សិស្ស​ឈឺ​ហើយ ស្រាប់តែ​យើង​នាំ​ក្មេងៗ​ទៅ​ផ្ទះ​តែម្ដង ទៅ​ផ្ទះ​សួរ​ថា ឪពុក​ម្ដាយ​មាន​លទ្ធភាព​ណា​ទៅ​ព្យាបាល​កូន? ទាល់តែ​យើង​យក​ទៅ​មន្ទីរពេទ្យ។ ហើយ​មន្ទីរពេទ្យ​គួរតែ​មណ្ឌលសុខភាព​ភូមិ ឃុំ ឬ​មួយ​ស្រុក គួរតែ​ព្យាបាល​ឲ្យ​សិស្ស​ចាំបាច់​ដែល​មិន​បង់​លុយ។ គោលដៅ​សំខាន់​គឺ​គោលនយោបាយ​របស់​យើង​គ្របដណ្ដប់​នៅ​គ្រប់​សាលា​បឋម​សិក្សា​និង​មធ្យម​សិក្សា​ទូទាំង​ប្រទេស​តែម្ដង»

មន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ឲ្យ​ដឹង​ផងដែរ​ថា នៅ​ក្នុង​គោលនយោបាយ​សុខភាព​សិក្សា ដូច​ជា​ការផ្តល់​សេវា​ថែទាំ​សុខភាព​ចាំបាច់​ដល់​សិស្សានុសិស្ស​ដូច​បាន​បញ្ជាក់​មក​នេះ គឺ​ក្នុង​ថ្នាក់​រៀន​នីមួយៗ​គេ​នឹង​តម្រូវ​ឲ្យ​មាន​សៀវភៅ​តាមដាន​សុខភាព​សិស្ស ដែល​ការងារ​នេះ​ក្រសួង​អប់រំ​បាន​ធ្វើការ​សាកល្បង​រួច​ហើយ​នៅ​ក្នុង​សាលារៀន​មួយចំនួន​នៅ​ក្នុង​ស្រុក​ពួក ខេត្ត​សៀមរាប ដោយ​មាន​ការសហការ​ពី​ខេត្ត​ហេរ៉ូហ្សីម៉ា​ជប៉ុន​តាម​រយៈ​អង្គការ Jica ។

ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​អប់រំ​ខេត្ត​សៀមរាប លោក អ៊ុង សិរីឌី បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ស្រុក​ពួក​ដែល​មាន​សាលារៀន​បាន​ធ្វើការ​អនុវត្ត​នូវ​គោលនយោបាយ​សុខភាព​សិក្សា​នោះ គឺ​បាន​សហការ​ជាមួយ​មណ្ឌល​សុខភាព​សសរ​ស្តម។

លោក​បាន​បន្ត​ថា ចំពោះ​កម្មវិធី​សហការ​ជាមួយ​ខេត្ត​ហេរ៉ូហ្សីម៉ា​ជប៉ុន​តាមរយៈ​អង្គការ Jica នោះ មក​ដល់​ពេល​នេះ​គេ​បាន​បញ្ចប់​ហើយ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​គឺ​មន្ទីរ​អប់រំ​ខេត្ត និង​មន្ទីរ​សុខាភិបាល ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ហើយ​និង​សហគមន៍​បាន​រួម​សហការ​គ្នា​បន្ត​ការងារ​នេះ​ដដែល។

លោក​បាន​បន្ត​ថា ជា​លទ្ធផល​យ៉ាង​ណា​នោះ​ក៏​មិន​ទាន់​ហ៊ាន​អះអាង​ថា​ដូចម្តេច​ដែរ ក៏ប៉ុន្តែ​បន្ទាប់ពី​បាន​សាកល្បង​គោលនយោបាយ​សុខភាព​សិក្សា​នោះ គេ​ឃើញ​មាន​ការប្រែប្រួល​ខ្លះ។

លោក អ៊ុង សិរីឌី បាន​ឲ្យ​ដឹង​ថា ៖ «ការអប់រំ​សម្រាប់​ទាំងអស់ ហើយ​ទាំងអស់​គ្នា​សម្រាប់​ការអប់រំ​នេះ​ជា​ទ្រឹស្ដី ជា​គោលការណ៍​របស់​យើង ប៉ុន្តែ​គ្រាន់តែ​ថា ការអនុវត្ត​ជាក់ស្ដែង​ក៏យើង​នៅ​ខ្វះ​ចន្លោះ​ដោយសារតែ​មធ្យោបាយ​បំពេញ​ការងារ ហើយ​និង​បទពិសោធន៍ កម្រិត​យល់ដឹង​របស់​យើង វា​មិន​ទាន់​បាន​សុក្រឹត ឬ​ក៏​បំពេញ​បំណង​ដែល​យើង​ចង់​បាន​១០០%​ទេ។ ប៉ុន្តែ​វា​បាន​ល្អ​ប្រសើរ​ជាង​មុន​បណ្ដើរៗ​ហើយ។ ប្រជាជន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ដឹង​អំពី​គេ​ហៅ​ថា អាទិភាព​បឋម​នូវ​ក្នុង​ការជួយ​ទាក់ទង​ទៅ​នឹង​ការអប់រំ​សុខភាព មណ្ឌល​សុខភាព​នៅ​មូលដ្ឋាន​ផ្ទាល់ ដែល​ភ្នាក់ងារ​របស់​ក្រសួង​សុខាភិបាល​ប្រចាំ​មូលដ្ឋាន​ហ្នឹង ជួយ​លើ​កម្មវិធី​ទាក់ទង​ទៅ​នឹង​ការសង្រ្គោះ​បន្ទាន់ ទាក់ទង​នឹង​កម្មវិធី​បង្ការ​ផ្សេងៗ គឺ​ថា​គេ​ធ្វើ​ទំនាក់​ទំនង​ហ្នឹង​គឺ​សាលារៀន​ទាក់ទង​នឹង​មណ្ឌល​សុខភាព​ធ្វើ​អន្តរាគមន៍​ភ្លាមៗ ជួយ​សង្រ្គោះ​កុមារ ប៉ុន្តែ​នៅ​ក្នុង​កម្រិត​បឋម​ទេ ដល់​កម្រិត​ធ្ងន់ៗ អា​ហ្នឹង​ទាមទារ​ត្រូវ​បញ្ជូន​ទៅម​ន្ទីរពេទ្យ​បង្អែក​ស្រុក​របស់​ខេត្ត​របស់​អី»

បញ្ជាក់​ប្រាប់​ពី​បញ្ហា​នេះ​ដែរ ប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​អង្គជុំ ខេត្ត​សៀមរាប លោក ម៉ក់ សំអឿន បាន​មាន​ប្រសាសន៍​ថា បុគ្គលិក​នៅ​តាម​មណ្ឌល​សុខភាព​នៃ​ស្រុក​ពួក​បាន​និង​កំពុង​ចូលរួម​ធ្វើការ​ព្យាបាល​សិស្សានុសិស្ស​តាម​គោលនយោបាយ​សុខភាព​សិក្សា​នោះ ដោយ​បាន​ណែនាំ​ជា​ដំបូង​ឲ្យ​សាលា​នីមួយៗ​ក្នុង​ស្រុក​ពួក​នោះ បង្កើត​នូវ​សៀវភៅ​តាមដាន​សុខភាព​របស់​សិស្ស។

លោក​បន្ត​ថា នៅ​ក្នុង​ពេល​បវេសនកាល​ខាង​មុខ​នេះ​ដែល​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ បាន​ចូល​រៀន​និង​ធ្វើការ​បង្រៀន​វិញ​នោះ គឺ​ការិយាល័យ​ស្រុក​ប្រតិបត្តិ​អង្គជុំ​នឹង​រៀបចំ​កម្មវិធី​មួយ​ទៀត​ដោយ​ផ្តល់​វគ្គ​បណ្ដុះបណ្ដាល​សង្គ្រោះ​ដំបូង​ដល់​គ្រូ​បង្រៀន​ក្នុង​សាលារៀន​ដែល​បាន​អនុវត្ត​កម្មវិធី​គោលនយោបាយ​សុខភាព​សិក្សា​នោះ​កន្លង​មក។

លោក ម៉ក់ សំអឿន បាន​មាន​ប្រសាសន៍​ថា ៖ «ឧទាហរណ៍​ថា ក្មេង​ហ្នឹង​វា​រត់​ទៅ​ដួល​បាក់​ដៃ យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ហូរ​ឈាម​យើង​ត្រូវ​ជូត រុំ​យ៉ាង​ម៉េច​អី​អ៊ីចឹង ហើយ​យើង​នឹង​ផ្ដល់​សម្ភារៈ​មួយចំនួន​ទុក​តម្កល់​តាម​សាលា​ហ្នឹង​ឯង។ សម្ភារៈ​ទាំង​នោះ​យើង​មាន​លទ្ធភាព​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​ទេ ពីព្រោះ​អា​ហ្នឹង​ជា​សម្ភារៈ​របស់​រាជរដ្ឋាភិបាល ថ្នាំ​របស់​រាជរដ្ឋាភិបាល​យើង»

ប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​អង្គរជុំ ខេត្ត​សៀមរាប លោក ម៉ក់ សំអឿន បាន​ប្រាប់​ឲ្យ​ដឹង​ថែម​ទៀត​ដែរ​ថា ការជួយ​សង្គ្រោះ​ឬ​ព្យាបាល​កុមារ​សិស្សានុសិស្ស​ក្នុង​សាលារៀន​រហូត​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​បាន​ធ្វើ​របាយការណ៍​ណា​មួយ​ថា មាន​ចំនួន​ប៉ុន្មាន​នាក់​ដែរ​ទេ ដោយ​គ្រាន់តែ​ដឹង​ខ្លះ​ថា ក្រោយ​ពី​បាន​សាកល្បង​អនុវត្ដ​គោលនយោបាយ​សុខភាព​សិក្សា​មួយ​រយៈ​មក​នោះ គឺ​ឃើញ​មាន​សិស្ស​ជា​ច្រើន​នាក់​បាន​ចូល​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ដោយសារតែ​មិន​មាន​តម្រូវការ​ឲ្យ​គេ​បង់​ថ្លៃ​ព្យាបាល​នោះ។

ប្រធាន​នាយកដ្ឋាន​សុខភាព​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ប៉ែន សារឿន បាន​បញ្ជាក់​ប្រាប់​ដែរ​ថា សុខភាព​គឺ​ជា​បញ្ហា​ចម្បង​បំផុត​ដែល​រួមចំណែក​ជួយ​លើកកម្ពស់​វិស័យ​អប់រំ​ឲ្យ​មាន​គុណភាព​ល្អ ហេតុ​ដូច្នេះ​ហើយ​ក្រសួង​នឹង​ធ្វើការ​ចែកចាយ​សៀវភៅ​ស្តីពី​គោលនយោបាយ​សុខភាព​សិក្សា ដែល​បោះពុម្ព​ផ្សាយ​ជា​លើក​ដំបូង​ចំនួន​៥០០០​ក្បាល​នោះ​ទៅ​ដល់​មន្ទីរ​អប់រំ​ខេត្ត​ស្រុក​ហើយ បន្ទាប់​មក​មន្ទីរ​អប់រំ​ខេត្ត​ស្រុក​នឹង​ធ្វើការ​ផ្សព្វផ្សាយ​បន្ត ទម្រាំ​ក្រសួង​មាន​ថវិកា​គ្រប់គ្រាន់​នឹង​ធ្វើការ​បោះពុម្ព​សៀវភៅ​នោះ​ជា​ថ្មី​ទៀត ដើម្បី​ផ្ដល់​ជូន​ឲ្យ​បាន​គ្រប់​សាលារៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា៕