ប្រវត្តិ​តស៊ូ​និង​ការ​ប្រឈម​របស់​បុរស​ជន​ជាតិ​ដើម​មួយ​រូប​នៅ​រតនគិរី

ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ជន​ជាតិ​ដើម​ភាគ​តិច​មួយ​រូប​នៅ​ខេត្ត​រតនគិរី គឺ​លោក សឿង ច្រាច់ ឬ សឿង យ៉ារាត់ បាន​ក្លាយ​ជា​ជន​ពិការ​ជើង​ម្ខាង នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​រំលោភ​ដណ្ដើម​ដី​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​ប្រាក់​មាន​អំណាច។
ដោយ វិទ្យុអាស៊ីសេរី
2013.02.08
ជនជាតិ​ដើម​ភាគ​តិច ៣០៥ ៧-កុម្ភៈ-២០១៣៖ លោក សឿង យ៉ារ៉ាត់ កំពុង​រៀន​ដើរ​នៅ​ឯ​មជ្ឈមណ្ឌល​ស្ដារ​នីតិសម្បទា​កៀនឃ្លាំង ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។
PHOTO/Adhoc

នៅ​ក្នុង​មជ្ឈដ្ឋាន​អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក សឿង យ៉ារ៉ាត់ ត្រូវ​បាន​គេ​ដក​ស្រង់​សេចក្តី​អធិប្បាយ​ជា​បន្តបន្ទាប់​ពី​សកម្មភាព​តស៊ូ​ប្រឆាំង​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​រស់នៅ និង​អំពើ​បាញ់​ប្រហារ ធ្វើ​ឲ្យ​លោក​ត្រូវ​កាត់​ជើង​ម្ខាង និង​សកម្មភាព​តវ៉ា​ពី​ការ​រំលោភ​សិទ្ធិ​រស់នៅ​របស់​ក្រុម​សហគមន៍​ជន​ជាតិ​ដើម​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា។

ទន្ទឹម​នេះ​ដែរ លោក​ក៏​ជា​ទិសដៅ​នៃ​ការ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់ និង​គាំពារ​ផ្នែក​សិទ្ធិ​មនុស្ស ពី​សំណាក់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ។

ឆ្នាំ​នេះ លោក សឿង យ៉ារ៉ាត់ មាន​អាយុ ៥១​ឆ្នាំ។ លោក​បាន​ចំណាយ​ពេល​ប្រមាណ​ជិត ១០​ឆ្នាំ ក្នុង​សកម្មភាព​តវ៉ា​ពី​ការ​រំលោភ​សិទ្ធិ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ២៣​គ្រួសារ ក្នុង​ភូមិ​សាយ៉ោះលើ ឃុំ​កាឡែង ស្រុក​លំផាត់ ខេត្ត​រតនគិរី បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​អំណាច បាន​ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​អ្នក​ភូមិ​អស់​គ្មាន​សល់។

កាល​ពី​ឆ្នាំ​២០០៦ លោក សឿង យ៉ារ៉ាត់ បាន​រងគ្រោះ​ថ្នាក់​ដើម​ឈើ​រលំ​សង្កត់​បាក់​ដៃ​ឆ្វេង​ម្ខាង ត្រូវ​កាត់​មួយ​កំណាត់​នៅ​ពេល​ដែល​លោក​កាប់​ឆ្ការ​ព្រៃ​រាន​យក​ដី​ធ្វើ​ស្រែ​ចម្ការ​ជាមួយ​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ជាង ២០​គ្រួសារ ដើម្បី​បង្កើត​ភូមិ​ថ្មី​មួយ​ទៀត គឺ​ភូមិ​សាយ៉ោះលើ តាម​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច។

ក្នុង​ឋានៈ​ជា​ជន​ពិការ​ដៃ​ម្ខាង អ្វី​ដែល​លោក សឿង យ៉ារ៉ាត់ ទទួល​បាន​ពី​កិច្ច​ការពារ​ដីធ្លី​អ្នក​ភូមិ និង​ក្រុម​គ្រួសារ​លោក គឺ​ការ​ឈឺ​ចាប់​នៃ​ភាព​ពិការ​ជើង​ម្ខាង​របស់​លោក​បន្ថែម​ទៀត ដោយ​សារ​សមត្ថកិច្ច​ប៉ូលិស​ការពារ​ក្រុមហ៊ុន ឌី.អឹម គ្រុប (DM GROUP) ដែល​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​អ្នក​មាន​អំណាច​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​បាញ់។

លោក​ត្រូវ​ប៉ូលិស​ប្រដាប់​អាវុធ​បាញ់​ត្រូវ​ភ្លៅ​ស្តាំ កាល​ពី​ឆ្នាំ​២០០៨ បន្ទាប់​ពី​លោក និង​អ្នក​ភូមិ ២៣​គ្រួសារ បាន​នាំ​គ្នា​ទៅ​ជម្រះ​ស្មៅ​នៅ​ចម្ការ ដោយ​ក្រុម​ទាហាន និង​ប៉ូលិស រួម​និង​មេការ​ក្រុមហ៊ុន​ចោទ​ថា​អ្នក​ភូមិ​នាំ​គ្នា​រំលោភ​យក​ដី​ក្រុមហ៊ុន។

លោក សឿង យ៉ារ៉ាត់៖ «គាត់​បញ្ជា​ប៉ូលិស ទាហាន ក្រុមហ៊ុន​បញ្ជា​ពួក​ហ្នឹង ដើម្បី​បង្ក្រាប​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ជា​បន្ទាន់​ពី​លំនៅឋាន​ហ្នឹង​ឲ្យ​ឆាប់ៗ។ ដល់​អ៊ីចឹង គេ​ធ្វើ​មែន​បាន​គេ​បាញ់​ខ្ញុំ​ទៅ ខ្ញុំ​ក៏​បាក់​ជើង​ទៅ បាន​ប្រជាពលរដ្ឋ​ចេញ​អស់​មួយ​ចំនួន។ ឥឡូវ​នៅ​សល់​តែ ១២​គ្រួសារ»

កាល​ពី​ឆ្នាំ​២០០៤ លោក សឿង យ៉ារ៉ាត់ តំណាង​ឲ្យ​អ្នក​ភូមិ ២៣​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក ខេត្ត និង​តុលាការ​ពី​ការ​លក់​ដូរ​ដី​សហគមន៍​ជន​ជាតិ​ដើម​ភូមិ​សាយ៉ោះ ជាង ១០០​ហិកតារ។ ការ​លក់​ដូរ​ដី​នេះ គឺ​ធ្វើ​ឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ភូមិ​កាណាងគឹត ដោយ​សំអាង​ថា ដី​ដែល​អ្នក​ភូមិ​សាយ៉ោះ រស់​នៅ គឺ​ជា​អតីត​ដី​ដូនតា​របស់​អ្នក​ភូមិ​កាណាងគឹត និង​មាន​មន្ត្រី​ភូមិ ឃុំ ស្រុក ចុះ​ហត្ថលេខា​លើ​ឯកសារ​ទិញ​លក់​ដី​នោះ​ទៀត​ផង។

លោក សឿង យ៉ារ៉ាត់ កត់​សម្គាល់​ថា ពាក្យ​បណ្ដឹង​អ្នក​ភូមិ​ត្រូវ​កប់​ចោល​មិន​មាន​ដំណោះស្រាយ ហើយ​ក្រុមហ៊ុន ឌី.អឹម គ្រុប បាន​ធ្វើ​ការ​ឈូស​ឆាយ​មក​លើ​ដី​ចម្ការ​អ្នក​ភូមិ ២៣​គ្រួសារ​អស់ ដោយ​សំអាង​ថា​ដី​នោះ​គេ​បាន​ទិញ។

យ៉ាង​នេះ​ក្តី អាជ្ញាធរ​ឃុំ​កាឡែង បាន​ប្រគល់​ដី​មួយ​កន្លែង​ទៀត​ចំនួន ១៥​ហិកតារ នៅ​ក្បែរ​បរិវេណ​ដី​ក្រុមហ៊ុន​នេះ​មក​ឲ្យ​ប្រជាពលរដ្ឋ ២៣​គ្រួសារ តាំង​ទី​លំនៅ​ថ្មី ប៉ុន្តែ​ដោយ​សារ​ការ​ភ័យ​ខ្លាច​មាន​តែ​អ្នក​ភូមិ ១២​គ្រួសារ​ប៉ុណ្ណោះ បាន​មក​តាំង​ទីលំនៅ​លើ​ដី​ថ្មី​នោះ៖ «មេ​ឃុំ​ទី​ពីរ ទី​បី ពាក់ព័ន្ធ​ទាំង​អស់ ព្រោះ​ខ្ញុំ​ដឹង​ដី​ហ្នឹង បើ​តាម​ការ​ពិត គាត់​ថា​លក់​តែ​ដី​ព្រៃ​ទេ​រហូត​ដល់​គាត់​លាក់​កំបាំង​ធ្វើ​អក្សរ​លួច​លាក់​ទៅ​លក់​ចម្ការ​ប្រជាពលរដ្ឋ​ប្រហែល​ជា ១០០​ហិកតារ»

លោក សឿង យ៉ារ៉ាត់ មាន​កំណើត​ជន​ជាតិ​ដើម​គ្រឹង លោក​មាន​ភរិយា និង​កូន ៥​នាក់ ក្នុង​បន្ទុក។ លោក​បាន​ប្រឈម​ទៅ​នឹង​ការ​បណ្ដេញ​ឲ្យ​រុះរើ​លំនៅឋាន​ចេញ​ពី​ដី​ថ្មី​ជា​លើក​ទី២ នៅ​ចុង​ឆ្នាំ​២០១២ ក្នុង​ចំណោម​ប្រជាពលរដ្ឋ ១២​គ្រួសារ​អ្នក​នៅ​សល់​ពី​ប្រជាពលរដ្ឋ ២៣​គ្រួសារ ដែល​បាន​មក​តាំង​ទី​លំនៅ​លើ​ដី​ទំហំ ១៥​ហិកតារ ដែល​អាជ្ញាធរ​ឃុំ​ប្រគល់​ឲ្យ។

នៅ​ខែ​មករា ឆ្នាំ​២០១៣ លោក សឿង យ៉ារ៉ាត់ និង​អ្នក​ភូមិ ១១​គ្រួសារ បាន​សម្រេច​ចិត្ត​បោះ​បង់​ចោល​ផ្ទះ​សម្បែង។ កូន និង​ភរិយា​របស់​លោក រួម​ទាំង​អ្នក​ភូមិ ១១​គ្រួសារ ទៅ​សុំ​ស្នាក់​នៅ​ជាមួយ​សាច់​ញាតិ​នៅ​ភូមិ​ផ្សេង បន្ទាប់​ពី​កូន​ប្រុស​ម្ចាស់​កសិដ្ឋាន​ចម្ការ​កៅស៊ូ​នៅ​ក្បែរ​នោះ ដែល​មាន​តួនាទី​ជា​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ទោ និង​អនុសេនីយ៍ឯក​នោះ បាន​ដឹកនាំ​កម្មករ​ទៅ​កាប់​រំលំ​ដើម​ឈើ​មាន​ខ្នុរ ស្វាយ របស់​អ្នក​ភូមិ​ចោល ហើយ​ប្រើប្រាស់​អាវុធ​គំរាម​អ្នក​ភូមិ​ឲ្យ​រុះរើ​លំនៅឋាន​ចេញ​ពី​ដី ដោយ​សំអាង​ថា ដី​នោះ​គេ​បាន​ទិញ​ពី​អ្នក​ភូមិ​អស់​ហើយ។

លោក សឿង យ៉ារ៉ាត់ បាន​មក​ស្នាក់​អាស្រ័យ​នៅ​ការិយាល័យ​សមាគម​អាដហុក (Adhoc) ហើយ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​អយ្យ​ជា​ថ្មី ដើម្បី​រក​យុត្តិធម៌ ក៏ប៉ុន្តែ​បន្ទាប់​ពី​រត់​ចាក​ចេញ​ពី​ផ្ទះ​នោះ​មក ផ្ទះ​របស់​អ្នក​ភូមិ ១២​គ្រួសារ ត្រូវ​កូន​ម្ចាស់​កសិដ្ឋាន និង​កម្មករ​រុះរើ​ចោល​អស់​តែ​ម្តង៖ «ដី​ហ្នឹង រហូត​ដល់​សព្វថ្ងៃ​ហ្នឹង តា​ជូ ហ្នឹង គាត់​បញ្ជា​កម្មករ​មក​ប្រមាណ ៤០​នាក់ ទៅ ៥០​នាក់ ហើយ​គាត់​បញ្ជា​កម្មករ​រំលំ​ស្វាយ ដុត​ផ្ទះ​ខ្ញុំ​ចោល​អស់​ហើយ ឆ្កែ មាន់ ជ្រូក អណ្ដែត​ពេញ​ទឹកដី​អស់​ហើយ​ហ្នឹង»

លោក សឿង យ៉ារ៉ាត់ មិន​បាន​សិក្សា​អក្សរសាស្ត្រ​ចេះ​ដឹង​អ្វី​នោះ​ទេ ក៏ប៉ុន្តែ​ទស្សនវិជ្ជា​របស់​លោក មិន​ចង់​ឲ្យ​សង្គម​មាន​អំពើ​អាក្រក់​ជិះជាន់​មនុស្ស​ដូច​គ្នា​នោះ​ឡើយ លោក​បញ្ជាក់​ថា លោក​នៅ​តែ​ព្យាយាម​តស៊ូ​មតិ​ដោយ​អហិង្សា និង​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់៖ «ខ្ញុំ​ថា​អស់​សង្ឃឹម ប៉ុន្តែ​សតិអារម្មណ៍​ខ្ញុំៗ​នៅ​ប្រឹង​និយាយ ខំ​ប្រឹង​មាន​សេចក្តី​សង្ឃឹម​លើ​ជំហរ​មួយ​ដែល​តម្រង់​ទៅ​អនាគត​ឲ្យ​សង្គម​ក្លាយ​ទៅ​ជា​ល្អ។ បើ​សិន​ជា​ពិការ​ស្រាប់​ហើយ អាច​ទាម​ទារ​នៅ​ច្បាប់»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រួម​ទាំង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ឃ្លាំ​មើល និង​ផ្តល់​កិច្ច​គាំពារ​ផ្នែក​សិទ្ធិ​មនុស្ស​ដល់​លោក សឿង យ៉ារ៉ាត់។

មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក សឿង យ៉ារ៉ាត់ បាន​ដាក់​ពាក្យ​ប្ដឹង​បី​ករណី​ហើយ​នៅ​ស្ថាប័ន​តុលាការ​ខេត្ត​រតនគិរី។ ទី​មួយ ប្ដឹង​ពី​ករណី​ក្រុមហ៊ុន ឌី.អឹម គ្រុប រំលោភ​កាន់​កាប់​ដី​អ្នក​ភូមិ។ ទី២ ប្ដឹង​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ដែល​ជា​អ្នក​យាម​ការពារ​ក្រុមហ៊ុន ឌី.អឹម គ្រុប បាន​បាញ់​លោក​ឲ្យ​ពិការ​ជើង និង​ប្ដឹង​ម្ចាស់​កសិដ្ឋាន និង​កូន ដែល​បាន​កាប់​រំលំ​ផល​ដំណាំ និង​រុះរើ​លំនៅឋាន​របស់​លោក សឿង យ៉ារ៉ាត់ និង​អ្នក​ភូមិ ១១​គ្រួសារ​ទៀត។

លោក​បន្ត​ថា ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ចាត់​ទុក​ករណី​លោក សឿង យ៉ារ៉ាត់ និង​អ្នក​ភូមិ​ថា ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ជាពិសេស​រំលោភ​សិទ្ធិ​រស់នៅ​របស់​ក្រុម​ជាតិ​ដើម​ភាគ​តិច ដែល​អនុសញ្ញា​អន្តរជាតិ​បាន​គាំពារ ហើយ​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ចាត់​ការ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ភូមិ៖ «យើង​ឃើញ​ថា គាត់​មាន​ការ​លំបាក ហើយ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ ១២​គ្រួសារ​ទៀត។ ផ្ទះ​ដែល​គាត់​សង់​ឡើង​ខ្ទេច​ខ្ទី​អស់​ហើយ​ណា! យើង​ឃើញ​ថា ជីវភាព​ទៅ​ថ្ងៃ​មុខ មិន​ដឹង​ជា​យ៉ាង​ណា​ទេ ពីព្រោះ​ឥឡូវ​អស់​ទាំង​ដី អស់​ទាំង​អ្វី​ទាំង​អស់។ គាត់​បាត់​បង់​កម្លាំង​ពលកម្ម​គាត់​ទៀត។ ជា​ការ​រំលោភ​សិទ្ធិ​មួយ​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ទទួល​ស្គាល់​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ហ្នឹង​ណា!»

កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៣ លោក សឿង យ៉ារ៉ាត់ បាន​ទទួល​កិច្ច​គាំពារ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ឯ​ទីក្រុង​ភ្នំពេញ ដើម្បី​ព្យាបាល​ដៃ និង​ជើង​ពិការ​របស់​លោក​បន្ថែម​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ហើយ​បច្ចុប្បន្ន លោក​កំពុង​ទទួល​ការ​ស្ដារ​នីតិសម្បទា​ឡើង​វិញ នៅ​មជ្ឈមណ្ឌល​ស្ដារ​នីតិសម្បទា​កៀនឃ្លាំង ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

លោក​អាច​ធ្វើ​ដំណើរ​ជាមួយ​ជើង​សិប្បនិមិត្ត ដោយ​មិន​បាច់​ប្រើ​ឈើ​ច្រត់​ដូច​មុន​ទេ ក៏ប៉ុន្តែ​ភាព​រីករាយ​របស់​លោក នៅ​បង្កប់​ជាមួយ​ក្តី​បារម្ភ​ថា នៅ​ពេល​តែ​មួយ​សប្ដាហ៍​ទៀត លោក​នឹង​វិល​ត្រឡប់​ទៅ​ភូមិ​ស្រុក​វិញ តើ​លោក​នឹង​ទៅ​រស់នៅ​កន្លែង​ណា? ហើយ​បាន​ដីធ្លី​អ្វី​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត? ហើយ​អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ តើ​ពួក​គេ​មាន​ទៅ​រស់នៅ មាន​សុវត្ថិភាព និង​ជីវភាព​បែប​ណា​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។