ជនជាតិ​ភាគ​តិច​នៅ​ខែត្រ​ក្រចេះ​ភ័យ​ព្រួយ​ពី​ការបាត់បង់​ដី​ធ្លី

សហគមន៍​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា​ជនជាតិ​ភាគ​តិច​កំពុងតែ​មាន​ការភ័យ​ព្រួយ​អំពី​ការបាត់បង់​ដី​ធ្លី បន្ទាប់ពី​មាន​ក្រុមហ៊ុន​មួយ​ចូល​ទៅ​អភិវឌ្ឍ​លើ​ដី​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​កាន់កាប់។

0:00 / 0:00

តំណាង​សហគមន៍​ភូមិ​មានជ័យ ឃុំ​ស្រែចារ គឺ​លោក សារ៉ែន កែត បាន​ឲ្យ​ដឹង​ថា​ជនជាតិ​ភាគ​តិច​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ស៊ីអាយវី កំពុង​ចុះ​អភិវឌ្ឍ​ប៉ះពាល់​លើ​ដី​របស់​ខ្លួន​នោះ កំពុងតែ​រិះរក​វិធានការ​ទប់ទល់។

លោក សារ៉ែន កែត បាន​ឲ្យ​ដឹង​ថា ៖ «បើសិន​ជា​អស់​លោក​មិន​ព្រម​ស្ដាប់ មិន​ព្រម​ចរចា​ដោយ​យុត្តិធម៌​ទេ ប្រហែល​ជា​ខ្ញុំ​ហ្នឹង​នាំ​ប្រជាពលរដ្ឋ ទៅ​ធ្វើ​បាតុកម្ម​យ៉ាង​ធំ​មួយ ដេញ​ក្រុមហ៊ុន​ហ្នឹង​ចេញ។ ឥឡូវ​ស្រាប់តែ​មាន​អាត្រាក់​លេច​ទៅ​ឈូស​ខាង​លិច​ទៀត​ហើយ»

ការអះអាង​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​លោក សារ៉ែន កែត បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស៊ីអាយវី​បាន​ចាត់​វិធានការ​ប្ដឹង​ប្រជាពលរដ្ឋ​៣​នាក់​ទៅ​តុលាការ ឲ្យ​សង​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ដោយ​ចោទ​ថា​ប្រជាពលរដ្ឋ​ទាំង​នោះ​ជា​ក្រុម​អនាធិបតេយ្យ​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​ចូល​អភិវឌ្ឍ​បាន។

ប្រជាពលរដ្ឋ​ម្នាក់​គឺ​លោក ប៊ុន ថេន ក្នុង​ចំណោម​ប្រជាពលរដ្ឋ​៣​នាក់​ដែល​ជាប់​ចោទ​បាន​បំភ្លឺ​ថា លោក​នឹង​ប្ដឹង​ចោទ​ប្រកាន់​ពី​ក្រុមហ៊ុន​នោះ​វិញ។

លោក ប៊ុន ថេន បាន​មាន​ប្រសាសន៍​ថា ៖ «បើសិន​ខ្ញុំ​មាន​រំលោភ​ដី​ក្រុមហ៊ុន ខ្ញុំ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​តែម្ដង។ ដែល​មាន​ភស្តុតាង​គ្រប់គ្រាន់ ខ្ញុំ​ប្ដឹង​ក្រុមហ៊ុន​ហ្នឹង​វិញ ឲ្យ​ជំងឺ​ចិត្ត​ដែល​បរិហារកេរ្តិ៍​ខ្ញុំ​វិញ។ មក​នេះ គេ​មក​ប្លន់​ដី​ប្រជាពលរដ្ឋ មិនមែន​មក​ធ្វើ​ដី​ព្រៃ​សម្បទាន​របស់​រដ្ឋាភិបាល​ដែល​សម្បទាន​ឲ្យ​ទេ»

លោក ចំរើន និង​លោក សារី អះអាង​តាមរយៈ​សហគមន៍​ថា នឹង​ធ្វើ​ប្រតិកម្ម​តបត​ក្រោយ​ពេល​ដែល​បាន​ទទួល​ដីកា​កោះ​អញ្ជើញ។

អ្នក​ស្រុក​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​បាន​អះអាង​ថា សារី និង ចំរើន បាន​កាន់កាប់​ដី​ដែល​ក្រុមហ៊ុន​ចង់​យក​ទៅ​អភិវឌ្ឍ​នោះ​អស់​រយៈកាល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ។ ឯ​លោក ប៊ុន ថេន ទើប​ទទួល​កាន់កាប់​ដី​នេះ​នៅ​ឆ្នាំ​២០០៧​ទេ ដោយ​ទទួល​ការផ្ទេរ​សិទ្ធិ​បន្ត​ពី​អ្នកស្រី បូ មាំ ដែល​កាន់កាប់​ដី​នោះ តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ។

ប្រជាពលរដ្ឋ​និង​សហគមន៍​បាន​អះអាង​ថា ពុំ​មាន​សង្ឃឹម​ទៅ​លើ​អាជ្ញាធរ​ក្នុង​ការជួយ​អន្តរាគមន៍​ឡើយ។

អភិបាល​ស្រុក​ស្នួល​គឺ​លោក អ៊ីវ សាភុម បាន​អះអាង​ថា​ក្រុម​ការងារ​ខេត្ត​និង​ស្រុក​កំពុងតែ​ចុះ​ពិនិត្យ​នៅ​តំបន់​កើត​ហេតុ​ផ្ទាល់ ដើម្បី​រក​ការ​ពិត​ក្នុង​ការសម្រុះ​សម្រួល។

លោក អ៊ីវ សាភុម បាន​ឲ្យ​ដឹង​ថា ៖ «យើង​អាច​សម្រប​សម្រួល​គ្នា​បាន យើង​សម្រប​សម្រួល​គ្នា​ជាមួយ​ក្រុមហ៊ុន។ បើ​សម្រប​សម្រួល​មិន​បាន​ទេ អា​ហ្នឹង​ឲ្យ​គាត់​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ទៅ»

ក្រុមហ៊ុន​ស៊ីអាយវី​មិន​អាច​ទំនាក់​ទំនង​សុំ​ការបំភ្លឺ​ពី​ការប្ដឹង​ចោទ​ប្រកាន់​នោះ​បាន​ឡើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​និង​តំណាង​សហគមន៍​បាន​អះអាង​ថា ប្រជាពលរដ្ឋ​៣​នាក់​ដែល​ជាប់​ចោទ គឺ​បាន​ទទួល​លិខិត​បណ្ដឹង​នោះ​ម្នាក់​មួយ​ច្បាប់។

ក្រុមហ៊ុន​ស៊ីអាយវី​បាន​ទទួល​ការសិក្សា​លើ​ដី​ជាង​១​ពាន់​ហិកតា​ដើម្បី​ដាំ​ដុះ​ដំណាំ​កសិឧស្សាហផល៕