ជុំ ម៉ី អតីត​អ្នក​ទោស​គុក​ទួល​ស្លែង​ឆ្លើយ​បំភ្លឺ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម

អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី បាន​ផ្ដល់​នូវ​សក្ខីកម្ម​ក្នុង​សវនាការ​នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​មិថុនា ដោយ​នាំ​មក​ជាមួយ​នូវ​ចម្ងល់​អំពី​ការ​ចោទ​ប្រកាន់​ចំពោះ​រូប​លោក ក៏​ដូច​ជា​អ្នក​ទោស​ដទៃ​ទៀត។

0:00 / 0:00

លោក ជុំ ម៉ី ថ្លែង​ដូច្នេះ​ថា ៖ «ខ្ញុំ​ចង់​ដឹង​ថា រឿង សេអ៊ីអា, កាសេបេ ហ្នឹង​វា​នៅ​ប៉ុន្មាន​ម៉ឺន​នាក់ នៅ​ប៉ុន្មាន​លាន​នាក់​ទៀត? ខ្ញុំ​ចង់​សួរ​លោក ឌុច»

លោក ជុំ ម៉ី ជា​សាក្សី​ទី​ពីរ​ហើយ​ដែល​បាន​ចូល​ខ្លួន​មក​បំភ្លឺ​ក្នុង​សវនាការ​ជា​សាធារណៈ បាន​មាន​ប្រសាសន៍​ថា គុក​ទួលស្លែង​ជា​ទី​ដែល​លោក​ទទួល​បាន​តែ​ពាក្យ​គ្រោត​គ្រាត​និង​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ។

លើស​ពី​នេះ លោក ជុំ ម៉ី បាន​បន្ត​ថា ទារុណកម្ម​ដែល​រូប​លោក​ពិបាក​ទ្រាំ​បំផុត​នោះ​គឺ​ការ​ឆក់​ខ្សែ​ភ្លើង​និង​ការ​ដក​ក្រចក​ជើង។

ចំពោះ​ការ​ឆក់​ខ្សែ​ភ្លើង លោក ជុំ ម៉ី បាន​បញ្ជាក់​ថា ពួក​ឆ្មាំ​គុក​ខ្មែរក្រហម​បាន​ប្រើ​ចរន្ត​អគ្គិសនី​២២០​វ៉ុល ចេញ​ពី​ជញ្ជាំង​តែ​ម្ដង គឺ​មិន​មែន​ជា​ចេញ​ពី​ឌីណាម៉ូ​ដែល​រវៃ​ដោយ​ដៃ​ដូច​ការ​អះអាង​របស់ ឌុច នោះ​ទេ ៖ «ឆក់​ខ្សែ​ភ្លើង​ខ្ញុំ​ហ្នឹង ខ្ញុំ​សន្លប់​អត់​ដឹង​ខ្លួន​ទេ ភ្នែក​យើង​ចេញ​សុទ្ធ​តែ​ភ្លើង​មក​តែ​ម្ដង»

និយាយ​អំពី​ការ​ឈឺ​ចាប់​ដែល​គាត់​បាន​ឆ្លង​កាត់​នៅ​មន្ទីរ​ស-​២១ លោក ជុំ ម៉ី បាន​បញ្ចេញ​ឈ្មោះ​ជន​ដៃ​ដល់​ដែល​បាន​វាយ​ដំ​និង​ធ្វើ​ទារុណ​កម្ម​ចំពោះ​រូប​លោក ៖ «អ្នក​វ៉ៃ​ហ្នឹង សូម​ទោស! ឈ្មោះ​វា អា​សេង អា​ទិត្យ អាហូ ។ តែ​ឥឡូវ​តាម​ដែល​ខ្ញុំ​ស្រាវជ្រាវ​ទៅ​ថា ៣​នាក់​ហ្នឹង​ងាប់​ទាំង​បី​នាក់។ ហ្នឹង​បាន​ខ្ញុំ​ជម្រាប​លោក ឌុច ចុះ បញ្ហា​ហ្នឹង​សំណាង​ហើយ​លោក ឌុច អត់​វ៉ៃ​ខ្ញុំ បើ​លោក ឌុច វ៉ៃ​ខ្ញុំ លោក ឌុច អត់​មាន​ឃើញ​ពន្លឺ​ថ្ងៃ​ទេ»

ការ​ប្រើ​សម្ដី​លាយ​ឡំ​នឹង​ការ​ឈឺ​ចាប់​របស់​លោក ជុំ ម៉ី ទៅ​កាន់ ឌុច បាន​ធ្វើ​ឲ្យ​ប្រធាន​ចៅក្រម​អង្គ​ជំនុំ​ជម្រះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម គឺ​លោក និល ណុន ធ្វើ​ការ​រំឭក​មិន​ឲ្យ​លោក ជុំ ម៉ី ប្រើ​ប្រាស់​នូវ​ពាក្យ​សម្ដី​ដែល​ប៉ះ​ពាល់​ដល់​ជន​ដែល​ត្រូវ​ចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ។

លោក និល ណុន ថ្លែង​ដូច្នេះ​ថា ៖ «ហេតុ​ដែល​កើត​មាន​ឡើង​ជាក់​លាក់​ដែល​អ៊ំ​បាន​លើក គឺ​ជា​ការ​ត្រឹម​ត្រូវ​ណាស់ ប៉ុន្តែ​មិន​ចង់​បាន​ត្រង់​ថា​និយាយ​ទៅ​ប៉ះ​ពាល់​បុគ្គល​ណា​មួយ​មាន​លក្ខណៈ​មិន​ត្រឹម​ត្រូវ»

លោក ជុំ ម៉ី បាន​អះអាង​ថា រូប​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​និង​បញ្ជូន​មក​កាន់​គុក​ទួល​ស្លែង​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​១៩៧៨ ហើយ​មួយ​អាទិត្យ​ក្រោយ​មក ក្រចក​មេ​ជើង​ទាំង​ពីរ​របស់​លោក​ត្រូវ​បាន​គេ​ដក​មួយ​ថ្ងៃ​ម្ខាង​ៗ ក្នុង​ទារុណ​កម្ម​ដើម្បី​សួរ​ចម្លើយ ៖ «យក​ដង្កាប់​ហ្នឹង​មក​មួល​ក្រចក​មេ​ជើង​ខ្ញុំ​ហ្នឹង អត់​ដាច់ វា​កន្រ្តាក់ ជើង​ខ្ញុំ​ញ័រ»

សាក្សី​រូប​នេះ​បាន​បញ្ជាក់​ថា រូប​លោក​បាន​ឆ្លង​ផុត​ពី​ការ​ធ្វើ​ទារុណ​កម្ម​សព្វ​បែប​យ៉ាង បន្ទាប់​ពី​លោក​ព្រម​ឆ្លើយ​សារភាព​និង​ឆ្លើយ​ដាក់​អ្នក​​ដទៃ។

លោក ជុំ ម៉ី ក៏​បាន​រៀប​រាប់​ឲ្យ​ដឹង​ផង​ដែរ​អំពី​ដំណើរ​ជីវិត​ក្រោយ​ពេល​ដែល​លោក​បាន​ចេញ​ពី​គុក​ទួលស្លែង និង​គ្រា​ចុង​ក្រោយ​ដែល​លោក​បាន​ឮ​សំឡេង​ភរិយា​ដើម​របស់​លោក ៖ «វា​បាញ់​រះ​ទៅ​លើ​គ្រួសារ​ខ្ញុំ​ហ្នឹង​រ៉ាវៗ ខែ​ភ្លឺ គ្រួសារ​ខ្ញុំ​ស្រែក ប៉ា​អា​ភាព​អើយ​រត់​ទៅ គេ​បាញ់​ខ្ញុំ​ហើយៗ»

សូម​ជម្រាប​ជូន​ថា លោក ជុំ ម៉ី ក៏​បាន​ដាក់​ពាក្យ​ធ្វើ​ជា​ភាគី​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ផង​ដែរ ហើយ​ខណៈ​ដែល​លោក​រៀបរាប់​ជូន​អង្គ​សវនាការ ឌុច បាន​អង្គុយ​ស្ដាប់​ក្នុង​លក្ខណៈ​យក​ចិត្ត​ទុក​ដាក់៕