អតីត​ទាហាន​ខ្មែរ​ក្រហម​មួយ​ចំនួន​គាំទ្រ​មេដឹកនាំ​ខ្លួន

អតីត​កងទ័ព​ខ្មែរ​ក្រហម​មួយ​ចំនួន​បាន​និយាយ​ថា ការ​ខិតខំ​តស៊ូ​របស់​ពួកគេ​ដើម្បី​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា មិន​ត្រឹមតែ​មិន​​បាន​ទទួល​គុណ​សម្បត្តិ​ទេ ថែម​ទាំង​ត្រូវ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ចាត់​ទុក​ជា​បន​ប្រល័យ​ពូជសាសន៍ និង​​ត្រូវ​តុលាការ​វិសាមញ្ញ​កំពុង​បើក​ដំណើរ​ការ​កាត់​ទោស​អតីត​​​ក្រុម​មេដឹកនាំ​របស់​ពួកគេ​ទៀត។

0:00 / 0:00

អតីត​កងទ័ព​ខ្មែរ​ក្រហម​មួយ​ចំនួន​ដែល​ខំ​លះបង់​​ចាកចោល​ស្រុក​កំណើត​ចូល​ព្រៃ​កាន់​អាវុធ​​ធ្វើ​​​ចលនា​តស៊ូ​ជាមួយ​​ខ្មែរ​ក្រហម តាំង​តែ​ពី​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ចលនា​នោះ បាន​ទទួល​ស្គាល់​ថា ក្នុង​របប​ដែល​ខ្លួន​ចូល​រួម​កន្លង​មក គឺ​ពិត​ជា​បាន​សម្លាប់​រង្គាល​​ប្រជាពលរដ្ឋ​កម្ពុជា ខ្លួន​ឯង​រាប់​ម៉ឺន​នាក់​នៅ​ពេល​ដែល ប៉ុល ពត បាន​ដឹកនាំ និង​កាន់​អំណាច​ចាប់​ពី​អំឡុង​ខែ​មេសា ឆ្នាំ​១៩៧៥ រហូត​ដល់​ដើម​ខែ​មករា ឆ្នាំ​១៩៧៩ នោះ​មែន។

ក៏​ប៉ុន្តែ​អតីត​កងទ័ព​ខ្មែរ​ក្រហម​មួយ​ចំនួន​ទៀត នៅ​តែ​ជឿ​ជាក់​ថា អង្គការ​របស់​គេ​​មិន​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង ដូច​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ដែល​​កំពុង​ចោទ​ប្រកាន់​លើ​អតីត​មេដឹកនាំ​កំពូល​របស់​ពួកគេ​ចំនួន ៣​រូប ដោយ​កំពុង​ដំណើរ​ការ​អង្គ​សវនាការ​នោះ​ឡើយ។

អតីត​កងទ័ព​ខ្មែរ​ក្រហម​ខ្លះ​ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​ប្រជាពលរដ្ឋ​ធម្មតា និង​កំពុង​រស់​នៅ​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​ដែន​ខ្មែរ-​ថៃ បាន​និយាយ​ថា អ្នក​ចាញ់​សង្គ្រាម​នឹង​ត្រូវ​ទទួល​បាន​វាសនា​យ៉ាង​ដូច្នេះ។

អតីត​មេបញ្ជាការ​កង​វរសេនាតូច​របស់​ខ្មែរ​ក្រហម​ម្នាក់ អាយុ​ជាង ៥០​ឆ្នាំ ដែល​ក្លាយ​ជា​ជន​ពិការ​ជើង​ម្ខាង ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចូល​ព្រៃ​ធ្វើ​ជា​ចលនា​តស៊ូ​ជាមួយ​ខ្មែរ​ក្រហម​តាំង​ពី​លោក​មាន​អាយុ ១៧​ឆ្នាំ។ ការ​ចូល​ព្រៃ​កាន់​អាវុធ​​តាំង​ពី​អំឡុង​ឆ្នាំ​១៩៧៣ នោះ ដោយសារ​តែ​លោក​ក៏​ដូច​ជា​អ្នក​ភូមិ​ជា​ច្រើន​ទៀត មាន​ការ​ឈឺ​ចាប់​ជាមួយ​ក្រុម​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់ និង​សហរដ្ឋ​អាមេរិក ដែល​បាន​ទម្លាក់​គ្រាប់​បែក​ប្រមាណ ៩​លាន​តោន​​លើ​ទឹក​ដី​កម្ពុជា ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ជា​ច្រើន​រង​ទុក្ខ។

គាត់​បាន​មាន​ប្រសាសន៍​ទៀត​ថា គាត់​មិន​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​ចូល​ចលនា​តស៊ូ​ជាមួយ​ខ្មែរ​ក្រហម​នោះទេ​ ដោយ​គាត់​យល់​ថា ការ​កាន់​អាវុធ​របស់​គាត់​រយៈពេល ២៥​ឆ្នាំ ដើរ​ប្រយុទ្ធ​នៅ​តាម​សមរភូមិ​ជា​ច្រើន​នោះ គឺ​ដើម្បី​ការពារ​ជាតិ និង​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យ​ផុត​ពី​​កណ្ដាប់​ដៃ​ចក្រពត្តិ​និយម​អាមេរិក​ឃោរឃៅ ដែល​បាន​ទម្លាក់​គ្រាប់បែក​លើ​ភូមិឋាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ២០០​យប់ និង ២០០​ថ្ងៃ បង្កើត​ឱ្យ​មាន​វិនាសកម្ម​យ៉ាង​ធំធេង។

ទោះ​យ៉ាង​ណា គាត់​ទទួល​ស្គាល់​ថា នៅ​ក្នុង​របប​ខ្មែរ​ក្រហម​គ្រប់គ្រង​អំណាច គឺ​គាត់​​ជឿ​ថា ពិត​ជា​មាន​ការ​សម្លាប់​មនុស្ស​មែន ក៏​ប៉ុន្តែ​គាត់​ទាមទារ​ថា កង​ទ័ព​ខ្មែរ​ក្រហម​ជា​ច្រើន​ផ្សេង​ទៀត​​ដែល​​បាន​លះ​បង់​ដើម្បី​ការពារ​ជាតិ និង​ប្រជាជន​ពិត​ប្រាកដ​ គួរ​តែ​ត្រូវ​បាន​ទទួល​គុណ​សម្បត្តិ​ពី​ជាតិ​វិញ។

អតីត​ទាហាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បន្ត​ដូច្នេះ៖ «ខ្ញុំ​ថា ខ្ញុំ​តស៊ូ​ដើម្បី​ជាតិ ផ្ទុយ​ទៅ​វិញ​ជាតិ​ថា ការ​ចូល​រួម​នោះ​វា​ទៅ​ជា​មាន​កំហុស ថា​ពួក អា​ពត បន​ប្រល័យ​ពូជ​សាសន៍ សម្លាប់​ប្រជាជន​រាប់​លាន។យើង​គ្រាន់​ថា វា​អន់​ចិត្ត​ដែរ ខំ​ប៉ុណ្ណឹង​ហើយ ម៉េច​ក៏​បាន​ឈ្មោះ​​មិន​ល្អ? ពិការ​ជើង​ម្ខាង ក៏​ប៉ុន្តែ​ខ្ញុំ​ថា​ខ្លួន​ខ្ញុំ​មាន​ន័យ ខ្លួន​កំណត់​ថា ខ្ញុំ​ស្នេហា​ជាតិ។ អត់​ន័យ​ជាមួយ​តែ​មេដឹកនាំ មេដឹកនាំ​គេ​ធ្វើ​យ៉ាង​ម៉េចៗ យើង​អត់​បាន​ដឹង​ទេ បើ​អ៊ីចឹង ការ​កាត់​ទោស​ហ្នឹង​វា​សម​ហើយ។ គាត់​ក៏​មិន​ខ្លាច​ស្លាប់​ដែរ ព្រោះ​គាត់​ស្លាប់​ហើយ ប៉ុន្តែ​គ្រាន់​ថា ការ​កាត់​ទោស​ហ្នឹង​យុត្តធម៌ ឬ​មិន​យុត្តិធម៌​ខ្ញុំ​អត់​ដឹង​ទេ»

ចំណែក​អតីត​ជា​មេបញ្ជាការ​កងវរសេនាតូច​របស់​កងទ័ព​ខ្មែរ​ក្រហម​ម្នាក់​ទៀត ដែល​បច្ចុប្បន្ន​ជា​ជន​ពិការ​ជើង​ម្ខាង​ រស់​នៅ​ស្រុក​អន្លង់វែង ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា គាត់​បាន​ចូល​បំរើ​កងទ័ព​ខ្មែរ​ក្រហម​តាំង​តែ​ពី​ឆ្នាំ​១៩៧៣ រហូត​ដល់​ចលនា​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ចុង​ក្រោយ កាល​ពី​ឆ្នាំ​១៩៩៨។

គាត់​បាន​អះអាង​ដោយ​​​មិន​ជឿ​ថា មេដឹក​នាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ទាំង​អស់​ដែល​គាត់​​ធ្លាប់​ស្គាល់ និង​ជួប​មុខ ដូច​ជា ប៉ុល ពត នួន ជា និង ខៀវ សំផន ជា​ដើម បាន​ដឹកនាំ​របប​មួយ​បញ្ជា​ឱ្យ​មាន​ការ​សម្លាប់​រង្គាល​លើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​រាប់​ម៉ឺន​នាក់​នោះ​ទេ។

អតីត​មេបញ្ជាការ​យោធា​ខ្មែរ​ក្រហម​ថ្នាក់​ទាប​ដដែល បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​គាត់​​ធ្វើ​ជា​យោធា​ខ្មែរ​ក្រហម​មក​ គាត់​មិន​ដែល​ឭ​​អង្គការ​ខ្មែរ​ក្រហម​​​បាន​បញ្ជា​ឱ្យ​សម្លាប់​មនុស្ស​ទេ មាន​តែ​ការ​អប់រំ​មិន​ឱ្យ​កងទ័ព​ទាំង​ឡាយ​ទៅ​​​ប៉ះពាល់​ដល់​ប្រជាជន​ សូម្បី​តែ​បេះ​ម្ទេស ១​ផ្លែ​របស់​ប្រជាជន​ក៏​ត្រូវ​ហាម​ឃាត់​ដែរ។ ការ​កាន់​អាវុធ​រយៈពេល ២៥​ឆ្នាំ​​នៅ​ជាមួយ​ខ្មែរ​ក្រហម​ គាត់​ធ្លាប់​បាន​អង្គការ​​​លើក​ទឹក​ចិត្ត​​ឱ្យ​រំដោះ និង​ការពារ​ទឹក​ដី​ពី​វៀតណាម ប៉ុណ្ណោះ។

គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​ជា​កងទ័ព​ខ្មែរ​ក្រហម​ដែល​នៅ​សមរភូមិ​មុខ​មិន​ដែល​ឮ​ព័ត៌មាន​ពី​ការ​សម្លាប់​ប្រជាជន​នៅ​ខាង​ក្រោយ​នោះ​ឡើយ ហើយ​គាត់​ចាត់​ទុក​ថា ការ​បើក​សវនាការ​ដើម្បី​ស្វែង​រក​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ពេល​នេះ វា​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ បើ​គិត​ទៅ​ដល់​ក្រុម​មួយ​ដែល​ចាញ់​សង្គ្រាម គឺ​ត្រូវ​ទទួល​វាសនា​យ៉ាង​ដូច្នេះ។

«តាម​ខ្ញុំ​រស់​នៅ​ជាមួយ​គាត់​គ្មាន​គំនិត​ថា ក្បត់​សម្លាប់​ប្រជាជន វា​មិន​មែន​គាត់​ជា​អ្នក​សម្លាប់​ទេ។ បើ​និយាយ​ឱ្យ​ចំ​ទៅ គឺ​ផ្ទៃក្នុង ឬ​ក៏​អ្នក​សម្លាប់​នោះ គឺ​វា​ដុត​ឱ្យ​ខ្លោច​រោច​ឱ្យ​ឆៅ​ និយាយ​ឱ្យ​ចំ​មួយ​ម៉ាត់។ព្រោះ​កាល​ជំនាន់​នោះ​មាគ៌ា​ដែល​ដឹកនាំ​មក គឺ​បាន​រំដោះ​​ការពារ​ទឹក​ដី​ពី​របប​យួន​ឈ្លាន​ពាន កាល​ណោះ​គេ​ប្រើ​ថា យួន ហើយ​ពាក្យ​ស្លោក​គេ​ជំនាន់​ហ្នឹង​គេ​ប្រើ​ពាក្យ​ថា យួន​ដាំ​ខ្មែរ​ធ្វើ​តែ​អុង ដល់​អ៊ីចឹង​ទៅ​អ្នក​តស៊ូ​ចេះ​តែ​ខំ​ការពារ​ទឹក​ដី​ហើយ»

អតីត​កង​ទ័ព​ខ្មែរ​ក្រហម​​ខ្លះ​ហាក់​បង្ហាញ​ជំហរ​​មិន​គាំទ្រ​​​សំណុំ​រឿង​លេខ ០០២ ដែល​សហ​ព្រះរាជអាជ្ញា​របស់​​​សាលាក្ដី​ខ្មែរ​ក្រហម​​បាន​ចោទ​ប្រកាន់​ទៅ​លើ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចំនួន ៣​រូប គឺ​លោក ខៀវ សំផន លោក នួន ជា និង​លោក អៀង សារី ពី​បទ​ធំៗ​ចំនួន ៣​ករណី គឺ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ ហើយ​និង​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​របប​ដែល​ខ្មែរ​ក្រហម​កាន់​អំណាច​នោះ​ទេ។

ការ​បើក​សវនាការ​លើ​អង្គ​សេចក្ដី​នៃ​សំណុំ​រឿង ០០២ កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ កន្លង​ទៅ ជន​ជាប់​​ចោទ នួន ជា ដែល​គេ​ស្គាល់​ថា ជា​បង​ធំ​ទី​២ នៅ​ក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​របស់​​​សាលាក្ដី​ខ្មែរ​ក្រហម​ទៅ​​លើ​រូប​គាត់ ដោយ​ថា អីៗ​ដែល​ចោទ​ទាំង​ប៉ុន្មាន​នោះ​ជា​ការ​ខុស​ទទេ ដោយ​ច្រឡំ​មិត្ត​ជា​សត្រូវ​មើល​ស​ត្រូវ​ថា​ជា​មិត្ត។

ទោះ​យ៉ាង​ណា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ស្រាវ​ជ្រាវ​ពី​របប​ខ្មែរ​ក្រហម បាន​ហៅ​ការ​បដិសេធ​របស់​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​ថា មិន​បាន​សម្លាប់​មនុស្ស​នោះ គឺ​គ្រាន់​តែ​ជា​ការ​ដោះសា​ប៉ុណ្ណោះ។

លោក ឌី ខាំប៉ូលី អ្នក​សរសេរ​ប្រវត្តិសាស្ត្រ​អំពី​របប​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ថា គេ​មាន​ភស្តុតាង​ជា​ច្រើន​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា របប​ខ្មែរ​ក្រហម​ដែល​កាន់កាប់​អំណាច​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ រហូត​ដល់​ដើម​ខែ​មករា ឆ្នាំ​១៩៧៩ ពិត​ជា​បាន​សម្លាប់​មនុស្ស​រាប់​សែន​នាក់។

លោក ឌី ខាំប៉ូលី៖ «យើង​មាន​ផែនទី​រណ្ដៅ​សាកសព​ដែល​យើង​បាន​រក​ឃើញ​វាល​ពិឃាដ​ចំនួន ៣៨៨​កន្លែង សរុប​ទៅ​វា​មាន​ទៅ​ដល់​ជិត ២​ម៉ឺន​រណ្ដៅ​នៅ​ទូទាំង​ប្រទេស។ ទាំង​អស់​នេះ​គឺ​ជា​ភស្តុតាង​ដែល​បង្ហាញ​អំពី​ការ​កាប់​សម្លាប់​យ៉ាង​ច្រើន​រាប់​សែន​នាក់ ដែល​ប្រជាជន​កម្ពុជា ស្លាប់​ដោយសារ​ការ​កាប់​សម្លាប់​ហ្នឹង ហើយ​បន្ថែម​លើ​ភស្តុតាង​រណ្ដៅ​សាកសព និង​ឆ្អឹង​ដែល​យើង​បាន​រក​ឃើញ​​ទូទាំង​ប្រទេស​នេះ យើង​​មាន​ឯកសារ​ដែល​សេសសល់​ពី​​មន្ទីរ ស.២១ ដែល​បង្ហាញ​អំពី​ការ​បញ្ជា​ឱ្យ​មាន​ការ​សម្លាប់​អ្នក​ទោស​នៅ​ក្នុង​សម័យ​នោះ។ វា​បាន​បញ្ជាក់​ថា មេដឹកនាំ​ខ្មែរ​ក្រហម​ពិត​ជា​បាន​ដឹង​អំពី​ការ​កាប់​សម្លាប់ ហើយ​ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដែល​បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​ទម្ងន់​រហូត​ដល់​បាក់​កម្លាំង​ដាច់​បាយ ដាច់​ពោះ​ស្លាប់​នៅ​ទូទាំង​ប្រទេស»

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​លាន​នាក់​ដែល​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ក្នុង ១​គ្រួសារៗ​សុទ្ធតែ​បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​សមាជិក​គ្រួសារ​របស់​គេ​ម្នាក់​ដែរ ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ឱ្យ​ដឹង​ថា គេ​បាន​ផ្តល់​ឯកសារ រូបថត និង​ខ្សែភាពយន្ត​ផ្សេង​ៗ ក៏​ដូច​ជា​បទសម្ភាសន៍​ជាមួយ​ជន​រងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ខ្លះ គឺ​មាន​ចំនួន​ប្រហែល ៥​សែន​ទំព័រ​ទៅ​ឱ្យ​សាលាក្ដី​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ដើម្បី​យក​ទៅ​ប្រើប្រាស់ ឬ​ក៏​អាច​ធ្វើ​ជា​ភស្តុតាង​ខ្លះ​ក្នុង​ផ្លូវ​ច្បាប់ ក្នុង​ការ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នោះ។

លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម។ លោក​បាន​មាន​ប្រសាសន៍​ថា ទោះ​យ៉ាង​ណា ចំពោះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចំនួន ៣​រូប មាន​លោក ខៀវ សំផន លោក នួន ជា និង​លោក អៀង សារី ដែល​សហ​ព្រះរាជអាជ្ញា​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ ​និង​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​នោះ អាច​មាន​ទោស ឬ​យ៉ាង​ណា នឹង​ដឹង​នៅ​ពេល​ដែល​ចៅក្រម​ស្ដាប់​ការ​លើក​ហេតុផល ពិនិត្យ​ភស្តុតាង និង​ធ្វើ​ការ​ពិភាក្សា​ទៅ​លើ​អង្គហេតុ​​​អង្គ​ច្បាប់ ដោយ​អាច​នឹង​រក​ឃើញ​យុត្តិធម៌​មួយ​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ពេល​ខាង​មុខ តែ​​​មិន​​​​ទាន់​កំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់​ថា ពេល​ណា​នៅ​ឡើយ៕