នាយករដ្ឋមន្ត្រី​សម្ពោធ​បើក​ការដ្ឋាន​សង់​ផ្សារ​ទំនើប​​មាន​តម្លៃ​ទឹក​ប្រាក់​ជាង​២០០​លាន​ដុល្លារ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​ធំ​ជាង​គេ​ទី​មួយ​នៅ​​រាជធានី​​ភ្នំពេញ ដែល​មាន​កម្ពស់ ៤​ជាន់ នៅ​លើ​ផ្ទៃ​ដី​ទំហំ​ជាង ១០​ហិកតារ​នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត និង​ពាណិជ្ជកម្ម​កោះ​ពេជ្រ។
ដោយ សុខ សេរី
2012-12-10
Share
ហ៊ុន សែន ៣០៥ ១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។
RFA

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ បាន​អំពាវនាវ​សុំ​ឲ្យ​អ្នក​វិនិយោគទុន​ជប៉ុន និង​បរទេស​នានា មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ឲ្យ​បាន​ច្រើន​ថែម​ទៀត នៅ​គ្រា​ដែល​ស្ថានការណ៍​នយោបាយ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា កំពុង​តែ​មាន​ស្ថិរភាព និង​គ្មាន​វិបត្តិ​នយោបាយ​ដូច​ពេល​មុនៗ​ឡើយ។

គម្រោង​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន ឈ្មោះ អ៊ីអន ម៉ល (AEON MALL) នោះ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១២ និង​ចប់​នៅ​ដើម​ឆ្នាំ​២០១៤ ក្នុង​តម្លៃ​ទឹក​ប្រាក់​ចំនួន​ជាង ២០០​លាន​ដុល្លារ​អាមេរិក។ ផ្សារ​ទំនើប​នេះ​នឹង​មាន​កន្លែង​ចត​រថយន្ត​ចំនួន ១.៤០០​គ្រឿង និង​មាន​កន្លែង​ចត​ម៉ូតូ​ចំនួន​ជាង ១.៦០០​គ្រឿង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​ជប៉ុន មក​សាងសង់​ផ្សារ​ទំនើប​នេះ គឺ​ជា​ការ​ចាំបាច់ និង​ចំ​ពេល​វេលា​នៅ​កម្ពុជា៖ «វត្តមាន​របស់​ក្រុមហ៊ុន​ជប៉ុន ជា​បណ្តើរៗ​នេះ មិន​មែន​ជា​ការ​ចៃដន្យ​ទេ គឺ​ជា​ការ​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​ការ​រីក​ចម្រើន​របស់​កម្ពុជា ហើយ​ក៏​មើល​ឃើញ​អំពី​ទិដ្ឋភាព​ទាំង​ឡាយ​ទាក់ទង​នឹង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​យើង។ រឿង​នេះ​ក៏​អាច​បង្ហាញ​មួយ​ផ្នែក​អំពី​ស្ថិរភាព​ខាង​នយោបាយ​ដែល​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ បាន​សម្រេច​ដាក់​ទុន​នៅ​កម្ពុជា មុន​ការ​បោះ​ឆ្នោត»

ជាមួយ​គ្នា​នេះ អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា បាន​មាន​ប្រសាសន៍​ថា ទីក្រុង​ភ្នំពេញ កំពុង​តែ​ក្លាយ​ជា​ទី​កន្លែង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំៗ​នៃ​ប្រទេស​នានា​នៅ​ក្នុង​តំបន់៖ «គឺ​ជា​សញ្ញា​មួយ​ដ៏​ល្អ​បំផុត​សំរាប់​ខ្ញុំ​ជា​អភិបាល ហើយ​សំរាប់​ប្រជាជន​រាជធានី​ភ្នំពេញ ទាំង​អស់ ព្រោះ​នេះ​ជា​ការ​ផ្ដល់​ទុក​ចិត្ត​ដ៏​ធំ​ពី​អ្នក​វិនិយោគ​ជប៉ុន មក​លើ​កម្ពុជា​យើង ហើយ​មក​លើ​រាជធានី​ភ្នំពេញ ហើយ​ក៏​អាច​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ កាន់​តែ​មាន​ជីវភាព​ខ្ពស់​ឡើង ដោយសារ​តែ​គាត់​មាន​លទ្ធភាព​ចូល​ផ្សារ​ទំនើប​ដ៏​ធំ​នេះ ព្រោះ​ថា បើ​អត់​មាន​សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ គ្មាន​នរណា​ប្រថុយ​យក​លុយ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​មក​វិនិយោគ​បែប​នេះ​ទេ»

អគ្គនាយក​ក្រុមហ៊ុន អ៊ីអន ម៉ល របស់​ជប៉ុន លោក ម៉ូតូយ៉ា អូកូដា (Motoya Okoda) បាន​មាន​ប្រសាសន៍​ជា​ភាសា​ជប៉ុន ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ ទីផ្សារ​ទំនើប​នេះ​គឺ​ជា​ការ​ប្រមូល​ផ្ដុំ​នូវ​ទំនិញ និង​ហាង​លក់​ទំនិញ​ពី​បរទេស​ទំនើបៗ៖ «លើស​ពី​នេះ​ទៅ​ទៀត យើង​ខ្ញុំ​នឹង​នាំ​ឲ្យ​ហាង​លក់​រាយ​នានា​ជាង ១៥០ ពី​ក្នុង​ស្រុក​ផង និង​ក្រៅ​ស្រុក​ផង ប្រមូល​ផ្ដុំ​នូវ​ទំនិញ​នានា ឬ​ភាព​កម្សាន្ត​យ៉ាង​ច្រើន ព្រម​ទាំង​រៀបចំ​បរិស្ថាន​ទិញ​ទំនិញ​យ៉ាង​សប្បាយ ប្រកប​ដោយ​សុវត្ថិភាព​បំផុត»

របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​នៅ​ពេល​នេះ មាន​ក្រុមហ៊ុន​ឯកជន​របស់​ជប៉ុន មួយ​ចំនួន​កំពុង​តែ​ចាប់​ផ្ដើម​ដំណើរ​ការ ក្នុង​នោះ​មាន​ដូចជា ក្រុមហ៊ុន​ជប៉ុន ផលិត​ម៉ូទ័រ ក្រុមហ៊ុន​ជប៉ុន ផលិត​ជី​កសិកម្ម និង​ក្រុមហ៊ុន​ជប៉ុន ផលិត​ស្ករ​ស និង​ក្រុមហ៊ុន​ជប៉ុន មួយ​ចំនួន​ទៀត។

ទាក់ទង​នឹង​វិស័យ​វិនិយោគ​នេះ​ដែរ អង្គការ​តម្លាភាព​អន្តរជាតិ​ហៅ​កាត់​ថា ធី.អាយ (TI=Transparency International) កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ កន្លង​ទៅ​នេះ បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​លេខ​រៀង​ទី​ ១៥៧ នៅ​ក្នុង​ចំណោម​ប្រទេស​សរុប ១៧៦ ដែល​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជាង​គេ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បដិសេធ​ថា របាយការណ៍​នោះ គឺ​ជា​ការ​យល់​ឃើញ មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​លូតលាស់​របស់​កម្ពុជា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល