កម្ពុជា​នឹង​ធ្វើ​សមាជ​រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​លើក​ទី​១​ នៅ​ថ្ងៃ​២៦ មេសា

ប្រទេស​កម្ពុជា មាន​គម្រោង​រៀបចំ​កោះ​ប្រជុំ​សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​រួម​គ្នា​លើក​ទី​១ នៅ​ថ្ងៃ​ទី​២៦ មេសា ខាង​មុខ​នេះ នៅ​សាល​ប្រជុំ​រដ្ឋ​សភា​ក្នុង​ទីក្រុង​ភ្នំពេញ។
ដោយ កែវ និមល
2011-04-22
Share
រដ្ឋ​សភា ៣០៥ រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា
RFA

សមាជិក​រដ្ឋ​សភា និង​សមាជិក​ព្រឹទ្ធ​សភា មាន​គម្រោង​ប្រជុំ​សមាជ​លើក​ទី​១ របស់​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា ដើម្បី​ពិភាក្សា​ការងារ​សំខាន់ៗ​មួយ​ចំនួន​ទាក់ទង​ជាមួយ​ជោគវាសនា​ប្រទេស​ជាតិ និង​ការ​ប្រជុំ​នេះ​ជា​ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​សមាជ​របស់​ស្ថាប័ន​ជាន់​ខ្ពស់​ជាតិ​ទាំង​ពីរ​សម្រាប់​ពេល​អនាគត​ទៀត​ផង។

លោក ប៉ែន បញ្ញា សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ព្រាង​បទបញ្ជា​ផ្ទៃក្នុង​នៃ​សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ មេសា ថា សមាជ​លើក​ទី​១​របស់​សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​នេះ ពិភាក្សា​តែ​ចំពោះ​សេចក្ដី​ព្រាង​បទបញ្ជា​ផ្ទៃក្នុង​របស់​សមាជ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ៖ «សមាជ​លើក​ដំបូង​នោះ មាន​ភារកិច្ច​តែ​មួយ​ទេ គឺ​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង​សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា អនុម័ត​អា​ហ្នឹង ហើយ​ទៅ​បាន​ថ្ងៃ​ក្រោយ​ទៅ មាន​ការ​ប្រជុំ​សមាជ​លើក​ទី​១ លើក​ទី​២ ប្រជុំ​សមាជ​លើក​ទី​៣ ទៅ​តាម​ការ​សម្រេច​របស់​គណៈកម្មការ​សមាជ»

លោក ប៉ែន បញ្ញា បាន​ឲ្យ​ដឹង​ថា បទបញ្ជា​ផ្ទៃក្នុង​របស់​សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​នោះ បាន​រៀបចំ​ព្រាង​រួច​ហើយ មាន ១០​ជំពូក ចែក​ចេញ​ជា ៣១​ប្រការ ហើយ​អ្នក​ដឹកនាំ​សមាជ​ដំបូង​មាន​គណៈកម្មាធិការ​ដឹកនាំ​មួយ​ដែល​មាន​​មន្ត្រី ៦​រូប ដែល​សមាសភាព​ជា​ប្រធាន​ព្រឹទ្ធ​សភា ប្រធាន​រដ្ឋ​សភា អនុ​ប្រធាន​ទាំង​២​របស់​ព្រឹទ្ធ​សភា និង​អនុ​ប្រធាន​ទាំង​២ របស់​រដ្ឋ​សភា។

លោក ប៉ែន បញ្ញា បន្ថែម​ថា ៖ «តាម​ពិត​ទៅ មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ មាត្រា​១១៦ និង ១១៧​ថ្មី។ ចែង​ថា សភា​ទាំង​២​នោះ​អាច​ប្រជុំ​គ្នា​ជា​សមាជ ដែល​យើង​ហៅ​ថា សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា ដើម្បី​ពិនិត្យ​ដោះស្រាយ​ទៅ​លើ​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ»

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​២០ មេសា របស់​អគ្គលេខាធិការដ្ឋាន​សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​សមាជ​បាន​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​២០ មេសា កន្លង​ទៅ ក្រោម​អធិបតីភាព​របស់​សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ប្រធាន​សមាជ​ស្ដីទី ដើម្បី​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ព្រាង​បទបញ្ជា​ផ្ទៃក្នុង​សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា។ ពិនិត្យ និង​សម្រេច​លើ​សេចក្ដី​ព្រាង​របៀប​វារៈ កាល​បរិច្ឆេទ និង​សមាសភាព​លេខាធិការ​ចំនួន ៤​រូប សម្រាប់​ថ្ងៃ​ប្រជុំ​សមាជ​ដំបូង។ ពិនិត្យ​គំនូស​ព្រាង​សម្រាប់​រៀប​អាសនានុក្រម​ជូន​សមាជិក សមាជិកា សមាជ​លើក​ដំបូង​នៅ​សាល​ប្រជុំ​រដ្ឋ​សភា។

ចំពោះ​ការ​កោះ​ប្រជុំ​សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​លើក​ទី​១​នេះ សមាជិក​សភា​មួយ​ចំនួន​មក​ពី​គណបក្ស​មិន​មាន​អាសនៈ​ក្នុង​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ថា ប្រជុំ​សមាជ​នេះ​មិន​មាន​ភាព​ចាំបាច់​ឡើយ​សម្រាប់​ស្ថានភាព​ប្រទេស​ជាតិ​បច្ចុប្បន្ន​នេះ។

លោក គឹម សួរភារិទ្ធ សមាជិក​សភា និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ មេសា ថា គណបក្ស សម រង្ស៊ី កំពុង​តែ​រៀបចំ​ប្រជុំ​ពិភាក្សា​ថា តើ​គណបក្ស​គួរ​ចូល​រួម​ក្នុង​សមាជ​នោះ ឬ​ក៏​អត់?

លោក​មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​ថា បើ​សិន​ជា​យើង​ចូល​រួម តើ​វា​មាន​សារប្រយោជន៍​អី​ខ្លះ? ហើយ​បាន​យើង​ធ្វើការ​សម្រេច​ចិត្ត​ជា​ក្រោយ។ ប្រហែល​ជា​នៅ​ពេល​ខាង​មុខ ស្អែកៗ​នេះ យើង​មាន​ការ​ប្រជុំ​សមាជិក​ព្រឹទ្ធ​សភា និង​រដ្ឋ​សភា គណបក្ស​យើង ដើម្បី​យើង​កំណត់​គោលនយោបាយ ​ថា តើ​យើង​ទៅ​ចូល​រួម ឬ​មិន​ចូល​រួម? ហើយ​បើ​ទៅ​ចូល​រួម តើ​យើង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​មាន​ប្រយោជន៍​ដល់​ស្ថាប័ន​សភា?»។

លោក គឹម សួរភារិទ្ធ បាន​មាន​ប្រសាសន៍​ថា តាម​យោបល់​លោក​ផ្ទាល់ សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​នា​ពេល​នេះ មិន​បាច់​ធ្វើ​ក៏​បាន​ដែរ ពីព្រោះ​សមាជ​នេះ​មិន​សង្ឃឹម​ថា ហ៊ាន​និយាយ​រិះគន់​ការ​ខុស​ឆ្គង​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត និង​ដឹកនាំ​ប្រទេស​ជាតិ​នោះ​ឡើយ។

លោក​បន្ថែម​ថា ៖ «ការ​ធ្វើ​សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​នេះ មិន​ចាំបាច់ ខ្ញុំ​មើល​ទៅ ពីព្រោះ​នៅ​ពេល​ដែល​គណបក្ស​កាន់​អំណាច​កាន់​កាប់​អាសនៈ​លើសលប់​នៅ​ក្នុង​ស្ថាប័ន​ទាំង​២​នេះ ហើយ​ស្ថាប័ន​នោះ​នៅ​តែ​បម្រើ​ផលប្រយោជន៍​អ្វី​ដែល​ជា​គោលបំណង​គណបក្ស​កាន់​អំណាច។ ខ្ញុំ​គិត​ថា សមាជ​នេះ​ប្រហែល​ជា​ដើម្បី​បំពេញ​កិច្ច​ឲ្យ​មើល​ឃើញ​ថា ស្ថាប័ន​ទាំង​២​នេះ​វា​នៅ​ក្រៅ​អំណាច​រដ្ឋាភិបាល ប៉ុន្តែ​ធាតុ​ពិត​ស្ថាប័ន​ទាំង​២​នេះ​វា​នៅ​តែ​ប្រថាប់ត្រា​ឲ្យ​ស្ថាប័ន​នីតិប្រតិបត្តិ​អីចឹង​ដដែល»

លោក ញ៉ែម បុញ្ញាឫទ្ធិ សមាជិក​សភា​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស បាន​មាន​ប្រសាសន៍​ទាក់ទង​ការ​រៀបចំ​ប្រជុំ​សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​នេះ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រៀបចំ​សមាជ​នោះ ហើយ​លោក​យល់​ថា សមាជ​រវាង​ព្រះមហាក្សត្រ​ជាមួយ​មហាជន​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ គណបក្ស​កាន់​អំណាច​មិន​បាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ឡើយ ហើយ​លោក​បាន​ហៅ​ ការ​រៀបចំ​សមាជ​នៅ​ពេល​នេះ​ថា ជា​សមាជ​ដើម្បី​បម្រើ​គណបក្ស​នយោបាយ​តែប៉ុណ្ណោះ។

លោក ញ៉ែម បុញ្ញាឫទ្ធិ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «សេចក្ដី​ស្នើ​ច្បាប់​ដែល​ស្នើ​ដោយ​តំណាងរាស្ត្រ និង​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​នេះ ដែល​ស្នើ​សុំ​ជុំវិញ​សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​នេះ យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន ដោយ​ក្នុង​នោះ មាន​ចែង​ពី​កូរ៉ុម យក​តែ ៥០ + ១ ហើយ​និង​ក្ដី​អនុម័ត​យក​តែ ៥០ + ១។ ការ​អនុម័ត​របស់​សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​នេះ មាន​សារសំខាន់​សម្រាប់​ប្រទេស​ជាតិ។ យើង​យល់​ថា អ្វី​ដែល​មាន​ការ​សម្រេច​សំខាន់​បំផុត​សម្រាប់​ប្រទេស​ជាតិ ត្រូវ​តែ​មាន​កូរ៉ុម ២ ភាគ ៣ ហើយ​ការ​សម្រេច​នោះ​ឲ្យ​បាន ២ ភាគ ៣ ដែរ»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​សមាជ បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​សមាជ​លើក​ដំបូង​គឺ​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​អង្គារ ទី​២៦ មេសា ឆ្នាំ​២០១១ វេលា​ម៉ោង ៨ :៣០​នាទី​ព្រឹក នៅ​សាល​ប្រជុំ​រដ្ឋ​សភា៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល