មន្ត្រី​ជំនាញ​អំពាវនាវ​ឲ្យ​ម្ចាស់​សិប្បកម្ម​ទឹកត្រី​ទឹក​ស៊ីអ៊ីវ​បញ្ចូល​ជីវជាតិ​ដែក

អនុ​គណៈកម្មការ​ជាតិ​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណី​អាហារ បាន​អំពាវនាវ​ឲ្យ​ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ​នៅ​ទូទាំង​ប្រទេស ឲ្យ​ចូល​រួម​អនុវត្ត​កម្មវិធី​បញ្ចូល​មីក្រូ​សារជាតិ ឬ​ជីវជាតិ​ដែក​ទៅ​ក្នុង​ផលិតផល​របស់​ខ្លួន។

0:00 / 0:00

ការ​អំពាវនាវ​នេះ គឺ​ដោយ​សារ​ជីវជាតិ​ដែក​នោះ មាន​សារប្រយោជន៍​ច្រើន​ជួយ​ឲ្យ​រាង​កាយ​មនុស្ស​មាន​សុខភាព​មាំមួន​ល្អ និង​ជួយ​កាត់​បន្ថយ​នូវ​ជំងឺ​ផ្សេងៗ ដូចជា​ជំងឺ​ស្លេកស្លាំង​ជាដើម។

អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ឲ្យ​ដឹង​ថា សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា មួយ​ចំនួន សព្វថ្ងៃ​នេះ​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​ស្លេកស្លាំង​នៅ​ឡើយ ជា​ពិសេស​គឺ​ស្ត្រី និង​កុមារ។

មន្ត្រី​ដដែល​បាន​បន្ថែម​ថា កន្លង​មក​រាជរដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដៃគូ បាន​បង្កើត​កម្មវិធី​ផ្ដល់​មីក្រូ​សារជាតិ​ផ្សេងៗ ដោយ​ផ្ដល់​ជា​ថ្នាំ​គ្រាប់​មាន​ជីវជាតិ​ដែក​ជាដើម ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​នេះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ជំងឺ​ស្លេកស្លាំង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​ខ្ពស់ គឺ​ប្រមាណ​ជិត ៥០%។

ដោយ​បាន​ឃើញ​បញ្ហា​នេះ ទើប​កន្លង​មក​អនុ​គណៈកម្មការ​ជាតិ​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណី​អាហារ ព្រមទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ជួយ​អភិវឌ្ឍន៍​ផ្នែក​សុខភាព​នៅ​កម្ពុជា ដូចជា​អង្គការ​រ៉ាឆា (The Reproductive and Child Health Alliance=RACHA) ជាដើម បាន​នាំ​គ្នា​បង្កើត​កម្មវិធី​មួយ​ដោយ​បញ្ចូល​មីក្រូ​សារជាតិ ឬ​ជីវជាតិ​ដែក​នៅ​ក្នុង​ផលិតផល​ចំណី​អាហារ​ផ្សេងៗ ដូច​ជា​ផលិតផល​ទឹក​ស៊ីអ៊ីវ និង​ទឹកត្រី។ ការ​បញ្ចូល​ជីវជាតិ​ដែក​ទៅ​ក្នុង​ផលិតផល​នេះ ក៏​ដើម្បី​ជួយ​ដល់​អ្នក​ប្រើប្រាស់​បាន​ទទួល​ជីវជាតិ​ដែក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ជួយ​កាត់​បន្ថយ​នូវ​ជំងឺ​ស្លេកស្លាំង​របស់​ប្រជាពលរដ្ឋ។

ឱសថការី ប៉ុល សម្បត្តិ នាយក​គម្រោង​បញ្ចូល​មីក្រូ​សារជាតិ​នៅ​ក្នុង​ចំណី​អាហារ​នៃ​អង្គការ រ៉ាឆា។លោក​បាន​មាន​ប្រសាសន៍​ថា អង្គការ​រ៉ាឆា ដែល​បាន​សហការ​ជាមួយ​នឹង​អនុ​គណៈកម្មការ​ជាតិ​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណី​អាហារ​កន្លង​មក​នេះ​គឺ​បាន​ជំរុញ​ឲ្យ​ក្រុម​សិប្បករ ឬ​ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ​នៅ​ទូទាំង​ប្រទេស​ឲ្យ​ចូល​រួម​អនុវត្ត​កម្មវិធី​បញ្ចូល​មីក្រូ​សារជាតិ ឬ​ជីវជាតិ​ដែក​ទៅ​ក្នុង​ផលិតផល​របស់​គេ។

លោក​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​មាន​សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ ​ចំនួន ១១ បាន​ចុះ​កិច្ច​ព្រមព្រៀង​ចូល​រួម​អនុវត្ត​បញ្ចូល​ជីវជាតិ​ដែក ដូចជា​សិប្បកម្ម​នៅ​ខេត្ត​បាត់ដំបង មាន​ចំនួន ៤​កន្លែង នៅ​ខេត្ត​កែប មាន​ចំនួន ២​កន្លែង ខេត្ត​កំពត មាន ១​កន្លែង ខេត្ត​សៀមរាប មាន ១​កន្លែង ខេត្ត​បន្ទាយមានជ័យ មាន ១​កន្លែង និង ១​កន្លែង​ទៀត​នៅ​ភ្នំពេញ។

រី​ឯ​ចំពោះ​ការ​បញ្ចូល​ជីវជាតិ​ដែក​ទៅ​ក្នុង​ផលិតផល​ទឹក​ត្រី ឬ​ទឹក​ស៊ីអ៊ីវ​នោះ លោក​បាន​ឲ្យ​ដឹង​ថា គឺ​មាន​ការ​ជួយ​បណ្ដុះបណ្ដាល​ពី​ក្រុម​អ្នក​ជំនាញ​របស់​អនុ​គណៈកម្មការ​ជាតិ​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណី​អាហារ ដូចជា​អ្នក​ជំនាញ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ក្រសួង​សុខាភិបាល ក្រសួង​ពាណិជ្ជកម្ម និង​អ្នក​ជំនាញ​របស់​អង្គការ​រ៉ាឆា ជាដើម។

ឱសថការី ប៉ុល សម្បត្តិ៖ «យើង​ជួយ​ផ្ដល់​ចំណេះ​ដឹង​ជូន​គាត់ ឲ្យ​គាត់​បាន​យល់​ដឹង​អំពី​ការ​ផលិត​តាម​បែប​ទំនើប ក៏​ដូច​ជា​អនាម័យ និង​ការ​ត្រួត​ពិនិត្យ​គុណភាព ផលិតផល​របស់​គាត់។ បើ​យើង​គិត​លទ្ធផល​សរុប​នៅ​ក្នុង​ឆ្នាំ​២០១២ នេះ គឺ​យើង​បាន ១៧៥​តោន​ហើយ ទឹកត្រី ទឹក​ស៊ីអ៊ីវ ដែល​មាន​បញ្ចូល​ជាតិ​ដែក»

បញ្ជាក់​ប្រាប់​ពី​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ទូច ដារា មន្ត្រី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ​បាន​មាន​ប្រសាសន៍​ថា ការ​បញ្ចូល​ជីវជាតិ​ដែក​ទៅ​ក្នុង​ផលិតផល​ទឹកត្រី ទឹក​ស៊ីអ៊ីវ​នេះ គឺ​ជា​មធ្យោបាយ​មួយ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​បាន​ទទួល​នូវ​ជីវជាតិ​ដែក​បាន​គ្រប់គ្រាន់។

លោក​វេជ្ជបណ្ឌិត ទូច ដារា៖ «ហើយ​មួយ​ទៀត ជាតិ​ដែក​ហ្នឹង​វា​ជួយ​ផ្នែក គេ​ហៅ​ថា បញ្ញា ខួរក្បាល ផ្នែក​សមាធិ​របស់​មនុស្ស​មួយៗ​ហ្នឹង ធ្វើ​ម៉េច​សមាធិ​គាត់​មូល​ក្នុង​ការ​រៀន​សូត្រ ទាក់ទិន​នៅ​ក្នុង​វ័យ​សិក្សា។ មួយ​ទៀត ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ជួយ​រក្សា​កូន ធ្វើ​ម៉េច​ឲ្យ​កូន​ហ្នឹង​មាន​ការ​លូតលាស់​ល្អ។ ម្ដាយ​ហ្នឹង​មាន​លទ្ធភាព មាន​កម្លាំង​កំហែង ពេល​គាត់​សម្រាល​កូន​អី​ហ្នឹង ជួយ​ការពារ​ធ្លាក់​ឈាម ពេល​គាត់​សម្រាល​ចៀស​ផុត​ពី​បញ្ហា​គ្រោះថ្នាក់​ដល់​ខ្លួន​គាត់ ហើយ​មួយ​ទៀត​ជួយ​ឲ្យ​កូន​ហ្នឹង​មាន​ការ​លូតលាស់​ល្អ»

រី​ឯ​បើ​មនុស្ស​មាន​បញ្ហា​ខ្វះ​ជីវជាតិ​ដែក​វិញ​នោះ មន្ត្រី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ​បាន​បញ្ជាក់​ថា គឺ​នឹង​នាំ​ឲ្យ​ប្រព័ន្ធ​រាងកាយ​ចុះ​ខ្សោយ ហើយ​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ផ្សេងៗ ពិសេស​គឺ​កុមារ​អាច​កើត​ជំងឺ​ក្រិន ស្គមស្គាំង​មិន​សូវ​លូតលាស់​ទាំង​រាងកាយ និង​បញ្ញា​ស្មារតី។

ទាក់ទង​នឹង​ការ​បញ្ចូល​ជីវជាតិ​ដែក​ទៅ​ក្នុង​ផលិតផល​ទឹក​ត្រី ទឹក​ស៊ីអ៊ីវ ដើម្បី​ជួយ​លើក​កម្ពស់​សុខភាព​ប្រជាពលរដ្ឋ​នោះ មន្ត្រី​អង្គការ​រ៉ាឆា បាន​ឲ្យ​ដឹង​ថា កម្មវិធី​នោះ​គឺ​ជា​គម្រោង​មួយ​ដែល​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី គ្លបល ហ្វរ អ៊ីមព្រូវ ញូទ្រីហ្សិន (Global for Improve Nutrition) ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ហ្គេន (GAIN) របស់​ប្រទេស​ស្វីស ដែល​គេ​បាន​ផ្ដល់​ជា​ថវិកា​ចំនួន​ជាង ១​លាន​ដុល្លា។

ចំពោះ​គម្រោង​អនុវត្ត​កម្មវិធី​នេះ គឺ​មាន​រយៈពេល ៥​ឆ្នាំ ដោយ​រាប់​គិត​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៦។

មន្ដ្រី​អនុ​គណៈកម្មការ​ជាតិ​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណី​អាហារ​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា មក​ដល់​ពេល​នេះ​គេ​កំពុង​អំពាវនាវ​សុំ​ឲ្យ​ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ ដែល​នៅ​មិន​ទាន់​បាន​ចុះ​កិច្ច​ព្រមព្រៀង​អនុវត្ត​កម្មវិធី​នេះ​ឲ្យ​មក​ចុះ​ឈ្មោះ​ឲ្យ​បាន​ទាន់​ពេល​វេលា។

លោក​បាន​បន្ត​ថា សិប្បកម្ម​ផលិត​ទឹក​ស៊ីអ៊ីវ និង​ទឹកត្រី​ដែល​កំពុង​ដំណើរ​ការ​នៅ​កម្ពុជា សព្វ​ថ្ងៃ​នេះ​មាន​ចំនួន​ទាំង​អស់​ជាង ១០០​កន្លែង ហើយ​ក្នុង​នោះ​មាន​សិប្បកម្ម​ខ្នាត​ធំ​ជិត ៤០​កន្លែង។ ប៉ុន្តែ​អ្នក​ដែល​បាន​មក​ចុះ​ឈ្មោះ​អនុវត្ត​បញ្ចូល​ជាតិ​ដែក​មាន​តែ​ចំនួន ១១​កន្លែង។

ចំពោះ​ការ​ជំរុញ​ឲ្យ​ក្រុម​សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ បញ្ចូល​ជាតិ​ដែក​ក្នុង​ផលិតផល​របស់​គេ​នោះ មាន​ម្ចាស់​សិប្បកម្ម​ខ្លះ​បាន​ត្អូញត្អែរ​ថា ក្រោយ​ពី​គេ​បាន​អនុវត្ត​តាម​កម្មវិធី​នោះ គឺ​បាន​ធ្វើ​ឲ្យ​ផលិតផល​របស់​គេ​លក់​មិន​សូវ​ដាច់ ដោយ​ហេតុ​ថា ទឹក​ត្រី​ដែល​បញ្ចូល​ជាតិ​ដែក​នោះ​មាន​ភាព​កករ​ល្អក់​ជាង​ទឹក​ត្រី​ធម្មតា ដែល​នាំ​ឲ្យ​អតិថិជន​អ្នក​ទិញ​រារែក​មិន​សូវ​ចង់​ទិញ​យក​ទៅ​ប្រើប្រាស់។

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ ឱសថការី ប៉ុល សម្បត្តិ នាយក​គម្រោង​បញ្ចូល​មីក្រូ​សារជាតិ​នៅ​ក្នុង​ចំណី​អាហារ​នៃ​អង្គការ​រ៉ាឆា។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​បញ្ចូល​ជីវជាតិ​ដែក​ទៅ​ក្នុង​ផលិតផល​ទឹក​ត្រី​នោះ គឺ​អ្នក​ជំនាញ​របស់​អនុ​គណៈកម្មការ​ជាតិ​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណី​អាហារ ដែល​មាន​សមាជិក​ជា​អន្ដរ​ក្រសួង​ចំនួន ៨​ដូច​ជា​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​សុខាភិបាល ។ល។ ហើយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​បាន​ពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស​បាន​ត្រឹមត្រូវ ដោយ​ពុំ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ឡើយ។

មន្ត្រី​ដដែល​បាន​បន្ថែម​ថា គេ​កំពុង​តែ​រៀបចំ​គម្រោង​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​អំពី​បញ្ហា​នេះ ដើម្បី​ឲ្យ​គេ​បាន​ជ្រាប​អំពី​សារប្រយោជន៍​នៃ​មីក្រូ​សារជាតិ ឬ​ជីវជាតិ​ដែក ដែល​អាច​ជួយ​លើក​កម្ពស់​សុខភាព​របស់​មនុស្ស​គ្រប់​រូប​ឲ្យ​បាន​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។