ការព្រួយបារម្ភនេះបានស្ដែងចេញនៅក្នុងកិច្ចពិភាក្សាមួយរវាងសកម្មជនការពារធនធានជលផល និងតំណាងសហគមន៍អ្នកនេសាទទឹកសាប និងទឹកប្រៃ មកពីខេត្តនៅជុំវិញបឹងទន្លេសាប ទន្លេមេគង្គ និងខេត្តនៅតាមឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១១ នៅក្នុងទីក្រុងភ្នំពេញ។
កិច្ចពិភាក្សានេះបានទទូចសុំឲ្យអ្នកសារព័ត៌មានរាយការណ៍ព័ត៌មានឲ្យបានច្រើន ផ្ដោតលើស្ថានការណ៍ធនធានជលផលដែលរងការនេសាទខុសច្បាប់ ដើម្បីការពារ និងអភិរក្សធនធានជលផល។
តំណាងប្រជានេសាទ និងជាប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ទ្បុង សុចែត បានមានប្រសាសន៍ថា អ្នកនេសាទបានកើនឡើងច្រើន និងបានសម្រុកទៅនេសាទត្រីនៅតំបន់ឆ្ងាយៗ និងទឹកជ្រៅនៅបឹងទន្លេសាប ដោយសារខ្សត់ត្រី។
លោកបន្តថា ៖ «យើងមើលឃើញទៅគាត់ប្រើសម្ភារៈច្រើន សូម្បីតែឧបករណ៍នេសាទ សូម្បីតែទូកក្ដារ កាណូត អត់មានកាណូតទៅនេសាទអត់បានទៀតឥឡូវ ព្រោះមានការប្រកួតប្រជែងគ្នា។ ដូចកន្លែងណាមានត្រីច្រើនទៅកន្លែងហ្នឹង អ៊ីចឹងប្រកួតប្រជែងគ្នា។ ទៅមិនទាន់គ្នាអត់ទៀត»។
តំណាងសម្ព័ន្ធប្រជានេសាទនៅតំបន់ឆ្នេរសមុទ្រ លោកស្រី ព្រាប ចន្ត្រី បានមានប្រសាសន៍ថា អ្នកនេសាទមួយចំនួនបានប្រើប្រាស់ឧបករណ៍នេសាទទំនើបៗ និងក្រទ្បាញឹកចាប់ត្រីតូចៗនៅក្នុងសមុទ្រ ៖ «ពីដើមការនេសាទលក្ខណៈគ្រួសារ គឺគាត់មានឧបករណ៍នេសាទចំនួនតែ ៣កញ្ចប់ទេ គឺមងរបស់គាត់តែ ៣កញ្ចប់ទេ គាត់អាចរកទទួលទានបាន ហើយនៅសល់ខ្លះ តែបច្ចុប្បន្ននេះគាត់មានឧបករណ៍ច្រើន ប៉ុន្តែចេញទៅខ្វះខាតថ្លៃសាំងទៀត»។
ប្រភពពីសកម្មជនការពារធនធានជលផលបានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា មានសហគមន៍អ្នកនេសាទសរុបចំនួន ៤៦៩ ទាំងទឹកសាប និងទឹកប្រៃ។ មានប្រជាពលរដ្ឋរស់នៅពឹងផ្អែកទាំងស្រុងលើធនធានជលផលចំនួនជាង ១លាននាក់កន្លះ និងប្រជាពលរដ្ឋរស់នៅពឹងផ្អែកលើមុខរបរកសិកម្មផង និងនេសាទបន្ទាប់បន្សំផងចំនួន ៤លាននាក់។
ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ណៅ ធួក បានមានប្រសាសន៍ពន្យល់ថា ស្ថានការណ៍ធនធានជលផលមិនអាក្រក់ដូចការអះអាងនោះទេ ៖ «គាត់អត់បានមើលថា តើផលត្រីហ្នឹងយ៉ាងម៉េចទេ? ឆ្នាំនេះបើនិយាយមែនទែន អ្នកនេសាទគ្រួសារនៅបឹងទន្លេសាបហ្នឹង ចាប់បានកើនទ្បើង១ជា២ក៏មានដែរ អ្នកនៅឆ្នុកទ្រូ ហើយការប្រើឧបករណ៍ក្រទ្បាញឹក គឺថយច្រើនណាស់ ព្រោះយើងបង្ក្រាបបានច្រើនណាស់»។
លោកបានបញ្ជាក់ថា ធនធានត្រីដែលប្រមូលបាននៅឆ្នាំ២០១០ កន្លងទៅ គឺមានចំនួនសរុប ៥៥៥ពាន់តោន នៅក្នុងនោះមានត្រីប្រៃជាង ៧៥ពាន់តោន និងត្រីទឹកសាប ៤០៥ពាន់តោន និងត្រីចិញ្ចឹមចំនួន ៦០ពាន់តោន។ ប្រៀបធៀបឆ្នាំ២០០៩ កន្លងទៅ គឺផលត្រីទឹកប្រៃប្រមូលបានចំនួន ៧៥ពាន់តោន ត្រីទឹកសាបចំនួន ៤៩៥ពាន់តោន និងត្រីចិញ្ចឹមចំនួន ៥០ពាន់តោន។
នៅឆ្នាំ២០១០ កន្លងមក រដ្ឋបាលជលផលបានបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួនជាង ៨.០០០ករណី ចាប់ខ្លួនជនល្មើសចំនួន ៧៣នាក់ និងជនសង្ស័យចំនួន ១៤៥នាក់ បានរងការប្តឹងទៅតុលាការ៕