បណ្ដាញ​អ្នក​នេសាទ​តំបន់​ឆ្នេរ​សមុទ្ទ​ជួប​គ្នា​រក​យុទ្ធសាស្ត្រ​ទប់ស្កាត់​បទ​ល្មើស

តំណាង​បណ្ដាញ​ប្រជា​នេសាទ និង​សហគមន៍​នេសាទ ក្នុង​តំបន់​ទឹក​ប្រៃ​ចំនួន ៣ ខេត្ត គឺ​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះ​កុង បាន​មក​ជួប​ប្រជុំ​គ្នា នៅ​ថ្ងៃ ទី ២៨ កក្កដា នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​លើក​ឡើង​ពី​បញ្ហា​បទ​ល្មើស​នេសាទ​អនាធិបតេយ្យ​ក្នុង​ដែន​សមុទ្ទ​ខ្មែរ ដែល​ពុំ​មាន​វិធានការ​បង្ក្រាប​ពី​អាជ្ញាធរ​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ឡើយ។

បណ្ដាញ​ប្រជា​នេសាទ​តំបន់​ឆ្នេរ ខេត្ត​កំពត ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ បាន​មក​ជួប​ជុំ​គ្នា នៅ​ទីស្នាក់ការ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ហៅ​កាត់​ថា ហ្វាកត៍ (FACT) ដើម្បី​រិះរក​យុទ្ធសាស្ត្រ​ទប់ស្កាត់​បទ​ល្មើស និង​ពង្រឹង​កិច្ច​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដែល​ពាក់ព័ន្ធ។

លោក ឡោ ឈាន បណ្ដាញ​ប្រជា​នេសាទ​តំបន់​ឆ្នេរ​ខេត្ត​កំពត កោះកុង និង​ខេត្ត​ព្រះសីហនុ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​បណ្ដាញ​ប្រជា​នេសាទ​នៅ​តំបន់​ឆ្នេរ ថ្ងៃ​ទី​២៨ កក្កដា​ថា នៅ​ខេត្ត​កំពត បញ្ហា​នេសាទ​ខុស​ច្បាប់​ដោយ​ប្រើ​ឧបករណ៍​ប្លែកៗ ពី​សំណាក់​ជនជាតិ​នៃ​ប្រទេស​ជិត​ខាង និង​អ្នក​មាន​ធនធាន​ទ្រព្យ​សម្បត្តិ​បច្ចុប្បន្ន ពុំ​បាន​ចុះ​ថយ​ទេ។

លោក​ថា​កន្លង​មក សហគមន៍ ក៏​ដូច​ជា​បណ្ដាញ​ប្រជា​នេសាទ ធ្លាប់​លើក​ឡើង​ពី​ទុក​កង្វល់​នេះ​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ដែរ ក៏​ប៉ុន្តែ ពុំ​ឃើញ​មាន​ការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ រីឯ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ដដែល។

លោក ឡោ ឈាន ៖ «បទល្មើស គឺ​ត្រូវ​កើន​ឡើង​មិន​មែន​ថយ​ទេ ដូច​ជា​ឧបករណ៍​នេសាទ​ក៏​វា​មាន​ទំនើបៗ ច្រើន​ដែរ។ ខុស​ច្បាប់​ដូចជា មង​ក្រឡា​ញឹក លប​កន្ទុយ​កណ្ដុរ ដែល​វា​ធ្វើ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​នោះ វា​មាន​ពី​គេ​ផង​មាន​ពី​យើង​ផង។ ជនជាតិ​ជិត​ខាង​ហ្នឹង ដែល​មក​រក​ស៊ី​នៅ​តំបន់​យើង​ហ្នឹង។ ខាង​ជលផល​យើង​ហ្នឹង គាត់​ថា​អត់​អី​ទេ ចាំ​គាត់​ធ្វើ​ការ​វិភាគ ហើយ​ម្យ៉ាង​ទៀត គាត់​លើក​ថា ធ្វើ​ទៅ​ប៉ះ​ខាង​នេះ ធ្វើ​ទៅ​ប៉ះ​ខាង​នោះ នាំ​ឲ្យ​មាន​ការ​លំបាក​ដល់​គាត់»។

ចំណែក​អនុ​ប្រធាន​បណ្ដាញ​ប្រជា​នេសាទ​ខេត្ត​ព្រះសីហនុ អ្នកស្រី មាឃ សារឿន មាន​ប្រសាសន៍​ថា ដោយ​សារ​បញ្ហា​បទ​ល្មើស​នេសាទ​បាន​កើត​មាន​ច្រើន ហាក់​ពុំ​មាន​ការ​ទប់ស្កាត់​ទាន់​ពេល​នោះ ធ្វើ​ឲ្យ​ប្រជា​នេសាទ​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ក្នុង​ជីវភាព ខ្វះ​ប្រាក់​ចំណូល ជំពាក់​ប្រាក់​ធនាគារ និង​ចំណាក​ស្រុក។

អ្នកស្រី មាឃ សារឿន ៖ «ដូច​ជា​ស្រុក​ព្រៃនប់ គឺ​មាន​ទូក​ឌុន និង​រនាស់​អូស​គ្រែង​ឈាម។ នៅ​ស្ទឹងហាវ បញ្ហា​ទូក​មង​ហោះ និង​ទូក​ធំ វា​ច្រើន​មក​អូស​នៅ​ទឹក​រាក់ ប៉ះពាល់​ដល់​សម្ភារៈ​អ្នក​ដែល​នេសាទ​ជា​លក្ខណៈ​គ្រួសារ ធ្វើ​ឲ្យ​គាត់​មាន​ជម្លោះ ដូច​ថា ទូក​ធំៗ អ៊ីចឹង​មក​អូស​ទៅ​ដាច់​មង​គាត់​ដាច់​អី​អ៊ីចឹង។ ឧទាហរណ៍​ថា​អស់ ១ លាន​អ៊ីចឹង​ណា៎ សង ២០ ម៉ឺន ៣០ ម៉ឺន។ គាត់​យក​លុយ អេ.ស៊ី.លីដា អម្រឹត​អ៊ីចឹង​មក គាត់​រក​អី​អត់​បាន អត់​មាន​អី​សង​គេ»។

បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ បណ្ដាញ​ប្រជា​នេសាទ​ខេត្ត​កោះកុង លោក សំ សាម៉ុន មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​បទ​ល្មើស​នេសាទ​នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​បី​ជា​មន្ត្រី​ជំនាញ​រួម​គ្នា​បង្ក្រាប​យ៉ាង​ណា​ក៏​ដោយ។

លោក សំ សាម៉ុន ៖ «រយៈ​កាល​កន្លង​មក​សហគមន៍​នេសាទ​តំបន់​ឆ្នេរ​សមុទ្ទ​កោះ​ខ្យង គឺ​ឃុំ​ជី​ខ​ក្រោម ក៏​បាន​បង្ក្រាប​បទល្មើស មាន​កិច្ច​សហការ​ពី​ជំនាញ​ជលផល​បាន​ច្រើន​ករណី​ដែរ ប៉ុន្តែ យើង​ឃើញ​ថា ទោះ​បី​មាន​ការ​បង្ក្រាប​ប៉ុណ្ណឹង​ក៏​ដោយ បទល្មើស​នេសាទ​ហាក់​ថា​មិន​ខ្លាច»។

មន្ត្រី​គម្រោង​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ហ៊ុត រ៉ាន់ដា មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​នេះ គឺ​ជា​ឱកាស​​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អ្នក​នេសាទ​នៅ​ខេត្ត​ទាំង​ ៣។ លោក​បន្ត​ថា អង្គការ​នេះ បាន​ផ្ដល់​ទីតាំង​ដល់​បណ្ដាញ​ប្រជា​នេសាទ​តំបន់​ឆ្នេរ សម្រាប់​ការ​ជួប​ប្រជុំ​គ្នា​ជា​រៀង​រាល់​ខែ។

លោក ហ៊ុត រ៉ាន់ដា ៖ «ក្រោយ​ពី​កិច្ច​ប្រជុំ​នេះ យើង​កំណត់​ជា​ផែនការ​យុទ្ធសាស្ត្រ។ បន្ទាប់​ពី​គាត់​លើក ពី​បញ្ហា​នៅ​តាម​ខេត្ត​នីមួយៗ ហើយ យើង​បាន​កំណត់​បាន​បញ្ហា​អាទិភាព ពីព្រោះ​បញ្ហា​វា​មាន​ច្រើន​ជា​រួមៗ ហើយ​យើង​លើក​នូវ​បញ្ហា​ណា ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់។ ហើយ​បន្ទាប់​មក​ទៀត យើង​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ជាមួយ​ពួក​គាត់។ បន្ទាប់​មក​ទៀត យើង​តាម​ដាន ពី​ផែនការ ដែល​ត្រូវ​ធ្វើ​ស្អី​បន្ត​ទៀត ក្នុង​ការ​ទប់​ស្កាត់ និង​ចូលរួម​ការពារ អភិរក្ស​ធនធាន​ជលផល​អស់​ទាំង​នេះ»។

យ៉ាង​នេះ​ក្ដី លោក ស្បោង សារ៉ាត អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់ ចំពោះ​បញ្ហា​ល្មើស​ក្នុង​តំបន់​នេសាទ​នេះ។ លោក​ថា ទោះ​យ៉ាង​ណា​ក៏​ដោយ ករណី​នេះ​មន្ត្រី​ជំនាញ​កំពុង​បន្ត​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ និង​មាន​វិធានការ​ទប់ស្កាត់។

លោក ស្បោង សារ៉ាត ៖ «បញ្ហា​ទូក​នេសាទ​នេះ ជា​សមត្ថកិច្ច​មួយ​ធំ​ណាស់ កន្លង​មក​គេ មាន​វិធានការ​គេ​មាន​ការ​ទប់ទល់ ហើយ​គេ​មាន​ច្បាប់ គេ​មាន​ការ​ណែនាំ​ហើយ»។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា​កន្លង​ទៅ តំណាង​ប្រជា​នេសាទ​នៅ​តាម​តំបន់​ទន្លេ​សាប ទន្លេ​មេគង្គ និង​តំបន់​ឆ្នេរ​ចំនួន ២៥ នាក់ ធ្លាប់​បាន​ទៅ​ជួប​តំណាង​ព្រឹទ្ធសភា ដែល​ជា​គណៈកម្មការ​សេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធាន​ទឹក ឧតុនិយម អភិវឌ្ឍន៍​ជនបទ និង​បរិស្ថាន ដើម្បី​គាំ​ទ្រ​ចំពោះ​ចំណាត់​ការ លេខ ០១ របស់​រដ្ឋាភិបាល​ស្ដី​ពី​ការ​បង្ក្រាប​បទ​ល្មើស​ជលផល និង​សុំ​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​បញ្ហា​បទ​ល្មើស​នេសាទ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ខាង​ជីវភាព។ ក៏​ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​នេះ ពុំ​ទាន់​មាន​លទ្ធផល​អ្វី​នៅ​ឡើយ​ទេ៕