តំណាងប្រជានេសាទប្រចាំខេត្តបាត់ដំបង គឺលោក ហ៊ុត ហាន មានប្រសាសន៍នៅព្រឹកថ្ងៃ១៧ វិច្ឆិកា ក្នុងសិក្ខាសាលាមួយស្តីពីទិដ្ឋភាពច្បាប់និងស្ថានភាពនេសាទលក្ខណៈគ្រួសារ ថា ការកំណត់ឲ្យប្រជានេសាទប្រើឧបករណ៍ដូចដែលមានចែងក្នុងសេចក្ដីព្រាងនៃសេចក្តីប្រកាសស្តីពីការកំណត់ប្រភេទឧបករណ៍នេសាទដែលអនុញ្ញាតឲ្យប្រើប្រាស់ក្នុងដែននេសាទទឹកសាបនិងសមុទ្ររបស់ក្រសួងកសិកម្ម នឹងធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព ព្រោះវាមិនអាចចាប់ត្រីបានច្រើនល្មមដើម្បីលក់ដោះស្រាយជីវភាពបានឡើយ។
លោក ហ៊ុត ហាន បានបញ្ជាក់ថា ៖ «គាត់មិនមែនតែនេសាទយកមកចិញ្ចឹមឆ្នាំងគាត់ទេ គាត់អាចយកទៅដោះដូរលក់ទិញជាអង្ករ ទិញជាសម្ភារៈប្រើប្រាស់ដូចកូនចៅដែលរៀនអ៊ីចឹង... បើកាលណាកំណត់ឲ្យត្រឹមតែលក្ខណៈគ្រួសារចិញ្ចឹមតែឆ្នាំងអ៊ីចឹង គាត់មិនអាចរស់បានទេ»។
លោក ស៊ឹម សុបញ្ញា តំណាងប្រជានេសាទខេត្តកំពង់ឆ្នាំង ប្រតិកម្មយ៉ាងដូច្នេះថា ៖ «អ៊ីចឹងខ្ញុំក៏សំណូមសុំដល់ខាងនាយកដ្ឋានជលផល សុំធ្វើយ៉ាងណាតម្រូវទៅតាមការនេសាទរបស់ប្រជានេសាទរបស់យើងដែលនៅក្នុងតំបន់នេសាទហ្នឹង ជាពិសេសតំបន់បឹងទន្លេសាប»។
ឧបករណ៍នេសាទចំនួន៥៧ប្រភេទត្រូវបានកំណត់ឲ្យប្រើប្រាស់ជាលក្ខណៈគ្រួសារ តែអ្វីដែលជាប្រតិកម្មរបស់ប្រជានេសាទនោះគឺបរិមាណនៃឧបករណ៍នីមួយៗដែលអនុញ្ញាតឲ្យប្រើប្រាស់មិនអាចឆ្លើយតបនឹងតម្រូវការក្នុងការចាប់ត្រីឲ្យបានសមល្មមដើម្បីយកទៅលក់យកប្រាក់មកដោះស្រាយជីវភាពគ្រួសារពួកគេបាន។ ឧទាហរណ៍ លប សៃយឺន ឬទ្រូ មានកម្ពស់តិចជាង០,៨ម៉ែត្រ និងបន្ទាត់ផ្ចិតតិចជាង០,៣ម៉ែត្រ មងមិនឲ្យលើសពី៣ម៉ែត្រជាដើមនោះ។
អនុប្រធានរដ្ឋបាលជលផល លោកស្រី កាំង ឃីម ពន្យល់ចំពោះបញ្ហាខាងលើថា ការកំណត់ប្រភេទឧបករណ៍នេសាទជាលក្ខណៈគ្រួសារមានគោលដៅអភិរក្សធនធានមច្ឆាជាតិ។
លោកស្រី កាំង ឃីម បានមានប្រសាសន៍ថា ៖ «ការនេសាទជាលក្ខណៈគ្រួសារហ្នឹងមិនត្រូវការដើមទុនច្រើន អ៊ីចឹងហើយគឺផ្ដល់សក្ដានុពលសម្រាប់អ្នកនេសាទយើង គាត់ជាអ្នកក្រីក្រ ដើម្បីផ្ដល់ឱកាសឲ្យគាត់ចូលរួមប្រើប្រាស់ធនធានរបស់យើង។ ដូច្នេះការថែទាំធនធានរបស់យើងគឺដើម្បីធានាឲ្យប្រជាជនយើងគាត់អាចចាប់យកផលនេសាទនោះមាននិរន្តរភាព បានន័យថា ធានាធនធានជលផលហ្នឹងពីជំនាន់មួយទៅជំនាន់មួយឲ្យនៅគង់វង្ស»។
មាត្រាទី៣១នៃច្បាប់ស្តីពីជលផលបានចែងថា ការធ្វើនេសាទជាលក្ខណៈគ្រួសារអាចប្រព្រឹត្តទៅបាននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយ ដោយប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារ៕