ប្រជា​នេសាទ​ខ្មែរ​ប្រមូល​គ្នា​ព័ទ្ធ​ចាប់​ទូក​នេសាទ​វៀតណាម​នៅ​កំពត

ក្រុម​ប្រជា​នេសាទ​នៅ​ភូមិ​ដូនតោក ខេត្ត​កំពត បាន​អះអាង​ថា ទូក​នេសាទ​វៀតណាម​ជា​ច្រើន បាន​ចូល​នេសាទ​ក្នុង​សមុទ្រ​ខ្មែរ​ដោយ​ខុស​ច្បាប់។
ដោយ អ៊ុក សាវបូរី
2010.10.22

ប្រជា​នេសាទ​ភូមិ​ដូនតោក សង្កាត់​ត្រើយកោះ ក្រុង​កំពត ខែត្រ​កំពត បាន​អះអាង​ថា ពួកគាត់​បាន​ឃើញ​ទូក​វៀតណាម ច្រើន​គ្រឿង​ចូល​មក​នេសាទ​ក្នុង​ដែល​សមុទ្រ ក្បែរ​ភូមិ​របស់​ពួកគាត់​កំពុង​រស់​នៅ​ច្រើន​ខែ​ឆ្នាំ​មក​ហើយ។ ឃើញ​ដូច្នេះ ពួកគាត់​បាន​ដាក់​សញ្ញា​គ្នា​នៅ​យប់​ថ្ងៃ​១៩ ខែ​តុលា ដើម្បី​ព័ទ្ធ​ចាប់។ ពួកគាត់​អះអាង​ថា បាន​ប្រើ​ទូក​នេសាទ​ចំនួន ១០០​គ្រឿង និង​ប្រើ​កម្លាំង​មនុស្ស​ប្រមាណ ៣០០​នាក់ ព័ទ្ធ​ចាប់​បាន​ទូក​វៀតណាម ១​គ្រឿង នៅ​យប់​ម៉ោង​ជាង ១​អធ្រាត្រ ឈាន​ចូល​ព្រលឹម​ថ្ងៃ​ទី​២០ ខែ​តុលា។

លោក សើ សារ៉េត បាន​អះអាង​ថា ៖ «ប្រមូល​គ្នា​ម៉ោង ១២​យប់ ចាប់​បាន​នៅ​ម៉ោង​១។ ទូក​ឥឡូវ​នៅ​កន្លែង​ជលផល ទូក​របស់​វៀតណាម។ ទូក​នោះ​សុទ្ធតែ​មាន​អ្នក​ធានា​ឲ្យ​ចូល​នេសាទ។ ធានា​គេ​ខាង​ជើង​ទឹក មាន​អូប័រ​គេ​អ្នក​ធានា គេ​មាន​តែម មាន​សំបុត្រ ធ្វើ​ជា​ប័ណ្ណ​ធានា​របស់​គេ​ហ្នឹង​តែម្ដង ជា​អក្សរ​ខ្មែរ»

លោក លាស់ សើ បន្ថែម​ថា ៖ «ឥឡូវ​សំណូមពរ​ឲ្យ​រាជ​រដ្ឋាភិបាល​បំបាត់​នូវ​អា​ទូក​យួន នៅ​តំបន់​ខែត្រ​កំពត​នោះ​ឲ្យ​អស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្រណុក​ធ្វើការ​នេសាទ​រក​ស៊ី​ចិញ្ចឹម​ជីវិត»

តំណាង​ក្រុម​អ្នក​នេសាទ​សមុទ្រ លោក នាក់ សេម បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ទូក​វៀតណាម​ចូល​នេសាទ គឺ​ជា​ស្ថាប័ន​ការពារ​ព្រំដែន​ខាង​ភាគី​កម្ពុជា ៖ «គេ​អត់​ដាក់​ឈ្មោះ​ទេ គេ​ខាង​ការពារ​ព្រំដែន​ទេ។ ថ្ងៃ​ឲ្យ​ចូល ថ្ងៃ​១៣ ខែ​១០ រហូត​ដល់​ផុត​កំណត់​នៅ​ថ្ងៃ​៣០ ខែ​១ ឆ្នាំ​២០១១»

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពត និង​ខេត្ត​កែប លោក ស សារិន វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក​ជម្រាប​សួរ​អំពី​ចំណាត់​ការ​របស់​ជលផល និង​បញ្ជូន​សំណុំ​រឿង​ទូក​វៀតណាម ដែល​ប្រជា​នេសាទ​ព័ទ្ធ​ចាប់​បាន​ទៅ​តុលាការ ឬ​រក្សា​ទុក​រង់​ចាំ​ដោះស្រាយ​បាន​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​តុលា។

មន្ត្រី​តុលាការ​ខេត្ត​កំពត ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា តុលាការ​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​មន្ត្រី​ជលផល ប្ដឹង​អំពី​ទូក​វៀតណាម ឆ្លង​ដែន​មក​នេសាទ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រជា​នេសាទ​ខ្មែរ​ព័ទ្ធ​ចាប់​បាន​នោះ​នៅ​ឡើយ​ទេ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោកស្រី ទ្រី ឈូន ឲ្យ​ដឹង​ថា បទល្មើស​នេសាទ​មាន​បណ្ដឹង​ទៅ​តុលាការ​ច្រើន​ករណី ប៉ុន្តែ​អ្វី​ដែល​សមាគម​កត់​សម្គាល់ គឺ​ឃើញ​តែ​ប្រជា​នេសាទ​ខ្មែរ​ដែល​បាន​ទទួល​ទោស​តាម​ច្បាប់ ចំណែក​អ្នក​នេសាទ​វៀតណាម មិន​ដែល​ឃើញ​ច្បាប់​បាន​ដាក់​ទោស​ទេ ព្រោះ​មាន​ការ​ចរចា​សម្របសម្រួល​រវាង​ប្រទេស​កម្ពុជា-​វៀតណាម។

លោកស្រី ទ្រី ឈូន បន្ថែម​ថា ៖ «អា​ការ​ចាប់​ហ្នឹង​បាន​ជា​រឿយៗ​ដែរ ប៉ុន្តែ​គ្រាន់​តែ​ថា ជា​លក្ខណៈ​សម្រួល​គ្នា​ទៅ​វិញ​ទៅ​មក មិន​មាន​ការ​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ទេ»

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សម្ព័ន្ធភាព​អភិរក្ស​ធនធាន​ធម្មជាតិ​សមុទ្រ (FACT) លោក តុង រ៉ា បាន​ឲ្យ​ដឹង​ថា ប្រជាជន​កាន់​តែ​ច្រើន​បាន​យល់​អំពី​ច្បាប់​ជលផល និង​ចេះ​ការពារ​ធនធាន​ធម្មជាតិ​សមុទ្ទ និង​ចេះ​ជួយ​គ្នា​នៅ​គ្រា​ដែល​ឃើញ​មាន​ការ​ឈ្លានពាន ការ​នេសាទ និង​បំផ្លាញ​ផល​សមុទ្រ ដែល​អង្គការ​នេះ​បាន​ជួយ​អប់រំ និង​បណ្ដុះបណ្ដាល​រាល់​ខែ​នោះ។ លោក​ថា ការ​ប្រមូល​គ្នា​ចុះ​ចាប់​ទូក​នេសាទ​វៀតណាម ជា​ឧទាហរណ៍​របស់​ប្រជា​នេសាទ​ដែល​ជួយ​គ្នា​ការពារ​ធនធាន​សមុទ្រ​របស់​ខ្លួន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។