អ្នក​នេសាទ​ជា​ច្រើន​នៅ​កោះកុង​ធ្លាក់​ខ្លួន​ជំពាក់​បំណុល

ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាមក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ដែល​ប្រកប​របរ​នេសាទ​ធនធាន​សមុទ្ទ​ជា​លក្ខណៈ​គ្រួសារ កំពុង​ធ្លាក់​ខ្លួន​ជំពាក់​ប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ក្នុង​មួយ​គ្រួសារ​ពី​១​ពាន់​ដុល្លារ​ទៅ​៤​ពាន់​ដុល្លារ។

0:00 / 0:00

នា​ព្រឹក​ព្រលឹម​នៅ​ភូមិ​បឹង​ក្រយ៉ាក ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ប្រជា​នេសាទ​បាន​ធ្វើ​ដំណើរ​តាម​ទូក​មក​ជា​បណ្ដើរៗ បន្ទាប់​ពី​បាន​ប្រមូល​ផល​នេសាទ​ពី​សមុទ្ទ ដែល​មាន​ដូច​ជា​ក្ដាម ខ្យង ត្រី ស្ទើរ​គ្រប់​ប្រភេទ។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​ប្រជា​នេសាទ ក្នុង​សហគមន៍​ពាម​ក្រសោប បាន​ត្អូញត្អែរ​ថា ផល​នេសាទ​សមុទ្ទ​នា​ឆ្នាំ​នេះ​មាន​ការ​ធ្លាក់​ចុះ ជាង​ឆ្នាំ​មុនៗ​នាំ​ឲ្យ​ពួកគាត់​មាន​ជីវភាព​ខ្សត់ខ្សោយ​ទៅៗ។

បុរស​រស់​នៅ​ភូមិ​១​បឹង​ក្រយ៉ាក លោក ប៊េ ឧត្ដម ថ្លែង​ថា គាត់​អាច​រក​ប្រាក់​បាន​ពី​របរ​នេសាទ​នេះ​ក្នុង​មួយ​ថ្ងៃ​ជិត​១០​ម៉ឺន​រៀល​ដោយ​សារ​គាត់​មាន​ទូក​ធំ​សម្រាប់​ចេញ​ទៅ​ដាក់​មង។ ប៉ុន្តែ​បន្ទាប់​ពី​គាត់​បាន​កាត់​ចំណាយ​ទៅ​លើ​ថ្លៃ​សាំ ថ្លៃ​ម្ហូប និង​ប្រាក់​ឈ្នួល​កម្មករ​ខ្លះ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​សល់​ប្រាក់​ត្រឹម​តែ​៣​ទៅ​៤​ម៉ឺន​រៀល ៖ "វា​អត់​សូវ​បាន​ដែរ​ជួនកាល​បាន​ជួនកាល​អត់​អ៊ីចឹង​ទៅ។ពេល​ណា​ទឹក​វា​ល្អ​អ៊ីចឹង​ទៅ ទឹក​អត់​សូវ​ពេល​ទឹក​វា​អត់​សូវ​នាច​ហ្នឹង​ដាក់​បាន។ នៅ​ក្នុង​កូន​ដៃ​គិត​កូន​ដៃ​ទៀត​យើង​ជា​ម្ចាស់​ទូក​នេះ យើង​អាច​បាន​សល់​បាន ៤​រយ​ឬ​៥​រយ​ហ្នឹង​បាន ទៅ​នេសាទ​នៅ​សមុទ្ទ​ធំ នៅ ខាង​ក្រៅ​រត់​ពី​ហ្នឹង​ទៅ​ទៀត​ឆ្ងាយ​ប្រហែល​ជា​២០​គីឡូ​ម៉ែត្រ"

ស្ត្រី​ឈ្មោះ ឆេង អូន អាយុ ៤២ ដែល​មាន​ព​កូន​តូច​នៅ​និង​ដៃ ដែល​ទើប​តែ​លើក​ផល​នេសាទ​ពី​ទូក​បាន​ថ្លែង​ថា ក្នុង​មួយ​ថ្ងៃ​គាត់​អាច​រក​បាន​ពី​២​ម៉ឺន​រៀល ទៅ​៣​ម៉ឺន​រៀល ៖ "ខ្ញុំ​កូន​ទុក​មាន់​ចែ​ដាក់​ក្នុង​ព្រែក​ដៃៗ​ព្រែក​ហ្នឹង គេ​ទូក​ធំ​អាច​ទៅ​សមុទ្ទ​ក្រៅ​បាន មិន​លើក​មក​មិញ​បាន​បី​រយ អត់​គ្រប់​ទេ​អូន​គ្រាន់​តែ​សាំង​ពីរ​លីត្រ ហើយ​នៅ​ហូប​ក្នុង​ផ្ទះ​ទៀត។ បាន​ក្ដាម បាន​ក្ដាម​ផ្គរលាន់ ក្ដាម​ប្រហែល​កន្លះ​គីឡូ​សាច់​ហើយ​បាន​ក្ដាម​ផ្គរ​លាន់​អ៊ីចឹង​ទៅ ក្ដាម​ថ្ម​អ៊ីចឹង​ទៅ លក់​រួម​គ្នា​បាន​បី​រយ​ដែរ ហើយ​ចុះ​កូន​រៀន កូន​រៀន​បី ហើយ​នៅ​ថ្លៃ​សាំង​ថ្លៃ​អ៊ីចឹង​ទៅ ឥឡូវ​កាន់​តែ​ពិបាក​ទៅៗ"

ដោយសារ​ធនធាន​សមុទ្ទ​មាន​ការ​ធ្លាក់​ចុះ បាន​បង្ក​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​មួយ​នេះ បែក​គំនិត​ទៅ​ខ្ចី​បុល​ប្រាក់​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​មក​ធ្វើ​ជា​ដើម​ទុន ដើម្បី​ទប់ទល់​និង​របរ​នេសាទ​នេះ ដោយសារ​ពួកគាត់​ពុំ​មាន​ជម្រើស និង​គ្មាន​ការងារ​ធ្វើ។

លោកស្រី សៅ លាន អាយុ​៤៨ ពលរដ្ឋ​ក្នុង​ឃុំ​ពាមក្រសោប បាន​រអ៊ូ​ថា ក្នុង​មួយ​ថ្ងៃ​គាត់​អាច​រក​បាន​ត្រឹម​តែ​១ម៉ឺន​ទៅ​២​ម៉ឺន​រៀល មិន​អាច​ជួយ​ឲ្យ​គាត់​ដក​ខ្លួន​ចេញ​ពី​បំណុល​បាន​ឡើយ ៖ "ឥឡូវ​រក​អត់​សូវ​បាន​ទេ បើ​ឆ្នាំ​ទៅ​មួយ​មុន​ដំបូង​នោះ បី​បួន​ឆ្នាំ​បាន​ខ្លាំង​ណាស់ ម្នាក់ៗ​គ្រប់ៗ​ផ្ទះ​ហ្មង ក្ដាម​ឲ្យ​គរៗ​សាច់ៗ​ហ្មង​ណា។ ឥឡូវ​រក​មិន​សូវ​បាន​ទេ បាន​ប្រជាជន​មួយៗ​ជំពាក់​គេ អង្គការ​ច្រើន​ណាស់ អង្គការ​អេ​អ៊ឹម​ខេ (AMK) អង្គការ​ឥណទាន អង្គការ​កសិករ អង្គការ​អេ​ស៊ី​លី​ដា។ (សុណង)មីង​ជំពាក់​គេ​ដែរ​ឬ​ទេ? ជំពាក់​គេ​ដែរ​ជំពាក់​អេស៊ីលីដា យើង​មាន​តែ​ទូក​មាន​តែ​ម៉ាស៊ីន​តែ​យើង​អត់​មាន​សម្ភារៈ​ជា​មង ឬ​មួយ​ស្អី​គេ​អ៊ីចឹង យើង​មិន​ខ្ចី​គេ​មក"

ស្ត្រី​ឈ្មោះ ឆេង អូន បាន​បន្ទោស​ថា បញ្ហា​ចម្បង​ដែល​នាំ​ឲ្យ​ធនធាន​សមុទ្ទ​មាន​ការ​ធ្លាក់​ចុះ​នោះ​ព្រោះ​តែ​មាន​ឈ្មួញ​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ក្នុង​ដែន​សមុទ្ទ​ក្នុង​ខេត្ត​កោះកុង បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ពួកគាត់​កាន់​តែ​ជំពាក់​ប្រាក់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ជា​បន្ត​បន្ទាប់ ៖ "ពី​មុន​ដាក់​បាន​តែ​ឥឡូវ​ដាក់​អត់​សូវ​បាន តាំង​ពី​គេ​បូម​ខ្សាច់​មក​ហ្នឹង ដូច​ថា​មាន​ជីវភាព​ចុះ​ថយ​ណា។ ខ្ញុំ​មិន​ដឹង​ដែរ​នៅ​ដង​ទុង​បូម​ពេញៗ ឃើញ​កប៉ាល់​គេ​បូម​ពេញៗ​មិន​ដឹង​នៅ​ខាង​ណា​ដែរ​ហ្នឹង។ (សុណង) ចុះ​គ្រាន់​បូម​ខ្សាច់​ម៉េច​បាន​រក​មិន​បាន? ពួក​ប្រជាជន​គេ​ប្រជុំ​គេ​ថា​ឲ្យ​អត់​ដឹង​អី​ដែរ​ប៉ះពាល់​អ៊ី​ដែរ តែ​តាំង​ពី​ទូក​បូម​ខ្សាច់ មាន​កើត​មក​រក​កាន់​តែ​អន់​ថយ ប្រជាពលរដ្ឋ​កាន់​តែ​ជំពាក់​គេ​ដូច​ជា​រូប​ខ្ញុំ​ផ្ទាល់​ជំពាក់​អង្គការ​ផ្សេង​អ៊ីចឹង​ទៅ ជំពាក់​នាយ​ទុន​ផ្សេង​អ៊ីចឹង​ទៅ"

លោក គិត សឿន ប្រកបរបរ​នេសាទ​ជាង​២០​ឆ្នាំ​ទៅ​ហើយ បាន​ថ្លែង​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​មុនៗ និង​ពេល​បច្ចុប្បន្ន​នេះ ផល​នេសាទ​ធ្លាក់​បាន​ចុះ​ជា​ទ្វេ​ដង ដោយសារ​តែ​មាន​អាជីវកម្ម​បូម​ខ្សាច់​នៅ​តំបន់​នោះ ៖ "កប៉ាល់​បូម​ដី​ខ្លាំង​ពេក វា​ត្រូវ​ការ​បាច​ថ្នាំ​បូម​ដី ត្រី ក្ដាម អ៊ី​វា​អត់​សូវ​មាន​ដូច​មុន​ទេ។ បើ​ធៀប​ពី​មុន​ខុស​គ្នា​ឆ្ងាយ​ណាស់ ឥឡូវ​ដប់​នៅ សល់​តែ​បួន​ប្រាំ លុយ​អង្គការ​គេ​ឲ្យ​យក​ចេះ​តែ​យក​ទាល់​យើង​អាច​ទប់ទល់​សមត្ថភាព​បាន​ទើប​យក​បាន។ ជំពាក់​ដែរ​ហ្នឹង​ខ្ញុំ តែ​បាន​កូន​តៅ​ធ្វើការ​នៅ​ថៃ"

ឆ្លើយ​តប​ទៅ​និង​ការ​អះអាង​របស់​អ្នក​ភូមិ​នេះ មេឃុំ​ពាម​ក្រសោប ​និង​ជា​ប្រធាន​សហគមន៍​នេសាទ​ផង លោក ជុត ទិត បាន​ទទួល​ស្គាល់​ថា ពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក​ពិត​ជា​បាន​ខ្ចី​បុល​ប្រាក់​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ពិត​ប្រាកដ​មែន។ លោក​បាន​ប៉ាន់ស្មាន​ថា ពលរដ្ឋ​៦០​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប​២​៧៩​គ្រួសារ​ក្នុង​ឃុំ​នេះ បាន​ជំពាក់​ប្រាក់​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ។ ហើយ​មួយ​គ្រួសារ​បាន​ជំពាក់​បំណុល​ពី​១​ពាន់​ដុល្លារ​ទៅ​៤​ពាន់​ដុល្លារ។ លោក​បញ្ជាក់​ថា ផល​នេសាទ​មាន​ការ​ធ្លាក់​ចុះ ដោយសារ​អ្នក​មាន​លុយ និង​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ជនជាតិ​វៀតណាម​បាន​ចូល​នេសាទ​ក្នុង​ដែន​ទឹក​ឈូង​សមុទ្ទ​ជា​តំបន់​សហគមន៍​ប្រកបរបរ​នេសាទ។

អ្នក​សម្រប​សម្រួល​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការពារ​ធម្មជាតិ​ខេត្ត​កោះកុង ហៅ​កាត់​ថា (IUCN) លោក ស៊ុន គង់ មាន​ប្រសាសន៍​ថា ដើម្បី​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ អង្គការ​នេះ​បាន​បង្កើត​គម្រោង​សន្សំ​ប្រាក់​មួយ​ដែល​បាន​ចងក្រង​ពលរដ្ឋ​ក្នុង​សហគមន៍​ពី​១០​នាក់​ទៅ​១៥​នាក់ ដែល​អាច​ខ្ចី​ប្រាក់​បាន​ក្នុង​ការ​ប្រាក់​ទាប។ ប៉ុន្តែ​ពលរដ្ឋ​ជំពាក់​បំណុល​នេះ លោក​បាន​ពន្យល់ ថា​មាន​ហេតុផល​៣​សំខាន់​ដែល​អាច​ឲ្យ​ពលរដ្ឋ​ដោះ​ខ្លួន​ចេញ​ពី​បំណុល​បាន ៖ "គួរ​តែ​គណៈកម្មការ​ឬ​ក៏ ប្រធាន​សហគមន៍​ហ្នឹង ត្រូវ​តែ​ពិចារណា​ដើម្បី​យក​ថវិកា​មក​ជំនួស ដើម្បី​លោក​ដោះស្រាយ​តាម​វិធី​ណា​មួយ​ដែល​មាន​ការ​ឯកភាព​ក្នុង​ក្រុម ឬ​ឯកភាព​ក្នុង​មូលដ្ឋាន​របស់​គាត់​ផ្ទាល់"

ប្រជា​នេសាទ​មួយ​រូប​រស់នៅ​ភូមិ​ដដែល ឈ្មោះ លួន គឹមយៀង បាន​ថ្លែង​ថា មុខរបរ​នេសាទ​មិន​អាច​ឲ្យ​ពួកគាត់​រក​ចំណូល​ចូល​គ្រួសារ​បាន​ឋិតថេរ​នោះ​ទេ។ ប្រការ​នេះ​បាន​ជំរុញ​ឲ្យ​គាត់ ស្វែងរក​ការងារ​ធ្វើ​ផ្សេងៗ​ទៀត​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ដើម្បី​បំពេញ​តម្រូវ​ការ​ជីវភាព​ប្រចាំ​ថ្ងៃ ៖ "ជីវភាព​ជា​អ្នក​នេសាទ​ដូច​ជា ធម្មតា​ទេ​បើ​សិន​ជា​មាន​មុខរបរ​អ្វី​ដែល​អាច​រក​ផ្សេង​ទៀត​បាន ហ្នឹង​អាច​ធូរធារ​ជាង​ហ្នឹង បើ​សិន​យើង​អាច​នេសាទ​បាន​យើង​នេសាទ។ តែ​បើ​តិច​ទៀត​យើង​អាច​រក​ការងារ​ធ្វើ​នៅ​ដី​លើ​វិញ ដូច​ជា​ការងារ​សំណង់​ឬ​ក៏ យើង​ដើរ​វាយ​ត្រី​អី តាម​ព្រែក​អ៊ីចឹង"

ករណី​ជំពាក់​ប្រាក់​គេ​នេះ​មិនមែន​ហើយ​បញ្ហា​នេះ​មិន​មែន​មាន​នៅ​តែ​សហគមន៍​នេសាទ​ឃុំ​ពាមក្រសោប​នេះ​ទេ នៅ​ឯ​តំបន់​នេសាទ​កោះ​ខ្យង ខេត្ត​ព្រះសីហនុ និង​ក៏​កំពុង​ជួប​ករណី​នេះ​ដូច​គ្នា​ដែរ ហើយ​មិន​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។