សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ម្នាក់​នៅខេត្ត​​កំពង់​ស្ពឺ​ត្រូវ​គេ​បាញ់​របួស

មន្ត្រី​ការពារ​ព្រៃឈើ​ខេត្ត​កំពង់​ស្ពឺ​ត្រូវ​បាន​គេ​បាញ់​ឲ្យ​របួស​ធ្ងន់​ហើយ​ប៉ូលិស​បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​អ្នក​បាញ់​នោះ​ភ្លាម​ដែរ។

0:00 / 0:00

សកម្មជន​ការពារ​ព្រៃ​ឈើ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​បាញ់​ឲ្យ​របួស​ធ្ងន់​ធ្លាយ​ពោះ​នៅ​ក្នុង​ពិធី​មួយ​ក្នុង​ភូមិ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ​កាល​ពី​យប់​ថៃ្ង​ទី​២៣ ខែ​មករា ថ្មីៗ​នេះ។

លោក ជា ហ៊ាន ជា​ប្រធាន​នៃ​អង្គការ​ឃ្លាំ​មើល​និង​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​​នៅ​ថៃ្ង​ច័ន្ទ​នេះ​ថា ការ​បាញ់​ប្រហារ​នេះ​ប្រាកដ​ជា​មាន​ទាក់​ទង​ទៅ​នឹង​សកម្មភាព​របស់​មន្ត្រី​អង្គការ​ការពារ​ព្រៃ​ឈើ​រូប​នោះ។

លោក ជា ហ៊ាន បញ្ជាក់​ដូច្នេះ ៖ ​«បាទ! នៅ​ពេល​នេះ (អ្នករបួស)​មិន​​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ​ទេ។ សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កុសមៈ»។

សុខ សេរី ៖ លោក​យល់​ថា ការ​បាញ់​ជា​ជម្លោះ​ផ្ទាល់​ខ្លួន ឬ​ក៏​យ៉ាង​ម៉េច​? ជា ហ៊ាន ៖ ខ្ញុំ​សង្ស័យ​ថា មាន​គំ​នុំ​ណា​មួយ​ហើយ​ព្រោះ​បុគ្គលិក​ខ្ញុំ​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ស្ថិត​ក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ នៅថ្ងៃទី២០ ខែ​មករា ឆ្នាំ​២០១០។ បច្ចុប្បន្ន​នេះ​ខ្ញុំ​កំពុង​ពឹង​ផ្អែក​លើ​ស្ថាប័ន​សង្គម​ស៊ីវិល​និង​អង្គការ​ពាក់ព័ន្ធ​​ដើម្បី​ចាត់​វិធានការ​ចាប់​ជន​ដៃ​ដល់​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​។

សកម្មជន​រង​គ្រោះ​នោះ​ឈ្មោះ យ៉ុន ចន្រ្ទា ហៅ បុត្រ រស់​នៅ​ក្នុង​ភូមិ​តាទ្បាត់ ឃុំ​ភ្នាយ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។

មន្រ្តី​ប៉ុស្តិ៍​នគរបាល​នៅ​ក្នុង​ឃុំ​ភ្នាយ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​​តែ​​ដោះ​ស្រាយ​សំណុំ​រឿង​នេះ ​លោក សួន ចាន់ថន បាន​​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ដែល​បាន​បាញ់​ប្រហារ​នោះ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ហើយ។

លោក សួន ចាន់ថន មាន​ប្រសាសន៍​ថា ៖ «បញ្ជូន​ខ្លួន​ បញ្ជូន​សំណុំ​រឿង​ទៅ​អធិការ​ហើយ​។ ការងារ​ហ្នឹង​ខ្ញុំ​ប្រគល់​ឲ្យ​អធិការ​ហើយ​»។

សុខ សេរី ៖ គាត់​ឈ្មោះ​អី​បាទ​? សួន ចាន់ថន ៖ សែ ចាន់ធន ជា​​មន្ត្រី​ប៉ុស្តិ៍​ការពារ​ពិធី​បុណ្យ​ដាបាត​លាន​របស់​ប្រជាជន។ បញ្ជូន​ទៅ​ហើយ​ ថ្នាក់​អធិការ​ស្នងការ​គេ​មក​ធ្វើ​​។

ម្តាយ​របស់​សកម្មជន​រូប​នោះ​លោក​ស្រី ស មឿន ថែ្លង​ប្រាប់​វិទ្យុអាស៊ីសេរីថា អាជ្ញាធរ​មូលដ្ឋាន​គឺ​មេ​បុស្តិ៍នគរបាល​ឃុំ​ភ្នាយ​នៅ​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​កោះ​ហៅ​លោក​ស្រី​ឲ្យ​ទៅ​សម្រុះ​សម្រួល​ដោះ​ស្រាយ​បញ្ចប់​សំណុំ​រឿង​បាញ់​ប្រហារ​នោះ ដោយ​ឲ្យ​ទទួល​ប្រាក់​សំណង​ជំងឺ​ចិត្ត។

លោក ស មឿន បន្ថែម​ថា ៖ «មេ​ប៉ុស្តិ៍​គាត់​ហ្នឹង​មក​មើល​កូន​ខ្ញុំ​អ៊ីចឹង​​ដែរ»។

សុខ សេរី ៖ តែ​ឥឡូវ​នេះ​មាន​សំណូមពរ​ឲ្យ​ផ្តន្ទា​ទោស​ជន​ល្មើស​ទេ​? ស មឿន ៖ ចាស!​ មេ​កង​គាត់​ហៅ​ខ្ញុំ​ទៅ​ជួប​គ្នា​ថ្ងៃ​នេះ។ ហៅ​ទៅ​ឲ្យ​ជួយ​មើល​បង់​ខាត​ឲ្យ​កូន​ខ្ញុំ​ហ្នឹង។

ប្រធាន​នៃ​អង្គការ​ឃ្លាំ​មើល​និង​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​បាន​ដាក់​ពាក្យ​បណ្តឹង​អំពី​រឿង​នេះ​ទៅ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​និង​លីកាដូ នៅ​ក្នុង​ខេត្តកំពង់​ស្ពឺ ឲ្យ​មាន​ការ​អង្កេត​នៅ​ជុំវិញ​រឿង​នេះ។

លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ៖ «វា​ជា​វប្បធម៌​មួយ​អាក្រក់​ណាស់​នៅ​ស្រុក​ខ្មែរ​ ការ​អនុវត្ត​ច្បាប់​នៅ​ចន្លោះ​ប្រហោង​ច្រើន​ ហើយ​ការ​បង្ក​បង្កើត​ឲ្យ​មាន​អំពើ​ពុក​រលួយ​ធំធេង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​។ ក្នុង​នោះ​យើង​ឃើញ​ហើយ​ថា ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​និ​តិ​វិធី​ព្រហ្មទណ្ឌ​ គឺ​ពុំ​មាន​អនុញ្ញាត​ដោះ​ដូរ​ជា​សំណង ជា​លុយ​ជា​ស្អី​ទេ​»

ប្រភព​បាន​ឲ្យ​ដឹង​ថា មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​ទាស់​គ្នា​ប៉ុន្តែ​មន្រ្តី​ប៉ុស្តិ៍​នគរបាល​បាន​បាញ់​សកម្មជន​របស់​អង្គការ​នោះ​ចំ​ពី​ក្រោយ​ធ្លាយ​ពោះ​នៅ​គ្រា​ដែល​គាត់​បាន​ដើរ​មក​ផ្ទះ​វិញ​ពី​ពិ​ធី​នៅ​ក្នុង​ភូមិ​នោះ៕