អតីតអ្នកទោសនៅមន្ទីរស.២១ ឬគុកទួលស្លែង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យចំនួន ២រូប គឺលោក ជុំ ម៉ី និងលោក ប៊ូ ម៉េង បានអំពាវនាវជាថ្មីទៀត ដោយសុំឲ្យសាលាក្ដីខ្មែរក្រហមជំរុញការកាត់សេចក្ដីឲ្យបានលឿនជាទីបំផុត ក្នុងគ្រាដែលតុលាការកូនកាត់មួយនេះ នឹងចាប់ផ្ដើមដំណើរការសវនាការបឋមលើសំណុំរឿង០០២ នៅថ្ងៃទី២៧ មិថុនា ខាងមុខ។
ថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃសៅរ៍ ទី២៥ មិថុនា នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (Choeung Ek Genocidal Center) ក្នុងខណ្ឌដង្កោ ចម្ងាយប្រហែល ១១គីឡូម៉ែត្រ ទិសនិរតីរាជធានីភ្នំពេញ លោក ជុំ ម៉ី ក្នុងនាមជនរងគ្រោះក្នុងរបបខ្មែរក្រហម និងជាប្រធានសមាគមក្សេមក្សាន្តដើម្បីជនរងគ្រោះ បានសម្ដែងការត្រេកអរចំពោះរូបលោកដែលបានក្លាយជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២។
លោកបានថ្លែងដូច្នេះ ៖ «គោលបំណងសំខាន់ជាងគេ គឺថា ខ្ញុំបានស្ដាប់ឮថា សាលាក្ដីនេះគាត់ទទួលស្គាល់ដើមបណ្ដឹងបន្ថែមទៀត អ៊ីចឹងខ្ញុំសប្បាយចិត្តណាស់ ខ្ញុំបានមកអុជធូបរំលឹកដល់អ្នកបាត់បង់ជីវិតទាំងប៉ុន្មាននេះ ដើម្បីឲ្យគាត់ជួយជំរុញសាលាក្ដីនេះឲ្យគាត់កាត់ទោសឆាប់ៗកុំឲ្យវាយូរ ព្រោះប៉ុន្មាននាក់ហ្នឹងគាត់ចាស់ៗណាស់ទៅហើយ ឲ្យគាត់ឆ្លើយការពិតទាន់គាត់នៅរស់ តែគាត់ស្លាប់ទៅវាបាត់អារឿងហ្នឹងហើយ»។
ចំណែកលោក ប៊ូ ម៉េង ជនអតីតជនរងគ្រោះមួយរូបទៀត មានប្រសាសន៍ស្រដៀងគ្នានេះដែរថា លោកបន់ស្រន់ដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលបានស្លាប់នៅទូទាំងប្រទេស ដើម្បីសុំឲ្យដំណើរការសវនាការបឋមលើសំណុំរឿង ០០២ នៅថ្ងៃទី២៧ មិថុនា ខាងមុខនេះផ្ដល់ភាពយុត្តិធម៌ជូនពួកគាត់។
លោក ប៊ូ ម៉េង ថ្លែងបន្ថែមដូច្នេះ ៖ «មកថ្ងៃនេះខ្ញុំនឹងប្រាប់ដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតទូទាំងប្រទេស ដែលវាសម្លាប់ដោយអយុត្តិធម៌ជាទីបំផុត ហើយខ្ញុំសុំឲ្យតុលាការនេះជំរុញឲ្យលឿន ឲ្យយុត្តិធម៌ជាទីបំផុត ដើម្បីជាគំរូទៅសាកលលោក ពីព្រោះគុកទួលស្លែងនេះមិនមែនតែគុកដាក់តែ ៣នាក់ដែលរួចខ្លួននេះទេ គឺវាច្រើនគ្នាណាស់ មានទាំងបរទេសក៏ជាប់ជាមួយខ្ញុំដែរ តុលាការពិសេសធ្វើយ៉ាងណាឲ្យវាពិសេស ដូចជាពាក្យដែលហៅថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងនាមជាជនរងគ្រោះមួយរូប គឺមានការឈឺចាប់ណាស់»។
មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោក ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា ការទទូចចង់បាននូវភាពយុត្តិធម៌ពីសាលាក្ដីខ្មែរក្រហមនេះ គឺជាការទន្ទឹងរង់ចាំរបស់ជនរងគ្រោះស្ទើរតែទាំងអស់នៅទូទាំងប្រទេស។
លោក ឌឹម សុវណ្ណារុំ បន្ថែម ៖ «បេសកកម្មរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺក្នុងទិសដៅហ្នឹងហើយ គឺធ្វើម៉េចស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទាំងអស់ ហើយសំខាន់បំផុតទៀត គឺថា ការពិត។ ប៉ុន្តែការស្វែងរកយុត្តិធម៌ និងការពិតនេះ គឺត្រូវធ្វើម៉េចធ្វើក្នុងលក្ខណៈមួយជាតុលាការជាតិមែន ប៉ុន្តែមានលក្ខណៈស្តង់ដារ ត្រូវគោរពឲ្យខានតែបានអំពីនីតិវិធីតុលាការ គោរពឲ្យបានភាពស្មើគ្នានៅក្នុងតុលាការ ការកាត់សេចក្ដីមួយប្រកបដោយយុត្តិធម៌ មានន័យថា ជាការកាត់សេចក្ដីមួយប្រកបដោយសមធម៌»។
មន្ត្រីកម្មវិធីគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (Chrac) លោក អ៊ឹង ហ្សឺឌី ដែលបានចូលរួមក្នុងសន្និសីទកាសែតនោះដែរ មានមតិថា កាលដែលអតីតជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលបានមកកាន់កន្លែងនេះ គឺជាការរំលឹកឡើងវិញនូវការឈឺចាប់របស់គាត់ ស្របពេលដែលគាត់បានក្លាយទៅជាតំណាងដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២ ហើយសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ពីសាលាក្ដីនេះ។
លោក អ៊ឹង ហ្សឺឌី បន្តថា ៖ «គាត់ជាអ្នកដែលរស់រានមានជីវិតពីមន្ទីរស.២១ អ្វីដែលសំខាន់ចំពោះគាត់ត្រង់ថា ដំណើរការនៃការកាត់សេចក្ដីសំណុំរឿង០០២នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២៧ ខានស្អែកនេះហើយ វាជាពេលវេលាមួយដ៏ឆាប់ក្នុងរយៈពេលមិនយូរប៉ុន្មាន គឺនឹងមានការកាត់សេចក្ដី អ៊ីចឹងសំខាន់បំផុត គឺអាចជាសារមួយដែរទៅដល់តុលាការដំណើរការយ៉ាងណាៗ គឺសុំឲ្យជួយស្វែងរកយុត្តិធម៌ឲ្យគាត់ ពីព្រោះគាត់រំពឹងថា គាត់នឹងបានទទួលនូវយុត្តិធម៌»។
នៅប៉ុន្មានតែ ២ថ្ងៃទៀតប៉ុណ្ណោះ គឺថ្ងៃទី២៧ មិថុនា ខាងមុខ សាលាក្ដីខ្មែរក្រហម នឹងចាប់ផ្ដើមដំណើរការសវនាការបឋមលើសំណុំរឿង ០០២ ប្រឆាំងជនជាប់ចោទ ៤រូប គឺ នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធីរិទ្ធ។ ក្នុងសំណុំរឿង ០០២ នេះ មានដើមបណ្ដឹងរដ្ឋរដ្ឋប្បវេណីសរុបចំនួន ៣.៨៥០នាក់ ដែលនឹងក្លាយជាភាគីមួយមានសិទ្ធិគ្រប់គ្រាន់ និងជាផ្នែកមួយនៃដំណើរការនៃអង្គជំនុំជម្រះនេះ៕