កម្មករ​រោងចក្រ​អ៊ឹមវ៉េ​សុំ​ដំឡើង​ប្រាក់​ខែ និង​កែ​លម្អ​បរិស្ថាន

កម្មករ​រោងចក្រ អ៊ឹមវ៉េ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ជា​ច្រើន​នាក់ បាន​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ ដំឡើង​ប្រាក់​ខែ​គោល និង​សុំ​ឲ្យ​កែ​លម្អ​បរិស្ថាន​ក្នុង​បន្ទប់​ការងារ ព្រមទាំង​ផ្ដល់​ទឹក​ស្អាត​គ្រប់គ្រាន់​សម្រាប់​កម្មករ។

កម្មការិនី​ឈ្មោះ ថ្លាង ឆេងហៀង អាយុ ២៤​ឆ្នាំ បាន​ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង គឺ​លោកស្រី មូរ សុខហួរ ថា កម្មករ​រោងចក្រ អ៊ឹមវ៉េ (MV) ទាំង​អស់​សំណូមពរ​ឲ្យ​ថៅកែ​រោងចក្រ​ជួយ​ដំឡើង​ប្រាក់​ខែ​ជូន​ពួក​គាត់​បន្ថែម ប្រមាណ ១១​ដុល្លារ​ទៀត លើ​ប្រាក់​ខែ​ដែល​មាន​ស្រាប់​ចំនួន ៥៥​ដុល្លារ​ក្នុង ១​ខែ​នោះ ទើប​អាច​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​កម្មករ​បាន តែ​ថៅកែ​រោងចក្រ​នេះ​មិន​យល់​ព្រម ដែល​ធ្វើ​ឲ្យ​ជីវភាព​កម្មករ​ទាំង​អស់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង។

ស្ត្រី​ឈ្មោះ ថ្លាង ឆេងហៀង បាន​បញ្ជាក់​ថា ៖ «កម្មករ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នោះ​ទេ។ ពួក​គេ​មក​ពី​ខេត្ត​ឆ្ងាយ​ៗ មក​ធ្វើ​ការ​អ៊ីចឹង ពួក​គេ​ត្រូវ​ចំណាយ​ច្រើន​ណាស់!ប្រាក់​ខែ​គោល​តែ ៥៥​ដុល្លារ​មិន​គ្រប់​រស់​ទេ។ បី​បួន​ខែ​ទៅ​ផ្ទះ​ម្ដង នៅ​សល់​តែ​ម្ភៃ ឬ​សាមសិប​ដុល្លារ​យក​ទៅ​ឲ្យ​អ្នក​ផ្ទះ​ប៉ុណ្ណោះ»

ក្នុង​នាម​ជា​តំណាង​កម្មករ​រោងចក្រ​ជាង ៣​ពាន់​នាក់ កម្មការិនី​រូប​នេះ​សំណូមពរ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ជួយ​ពួក​គាត់​ផង។

កម្មការិនី​ឈ្មោះ សុខ សោភា បន្ថែម​ថា លោក​សុំ​ឲ្យ​ថៅកែ​រោងចក្រ​នេះ​មេត្តា​កែ​លម្អ​បរិស្ថាន​ក្នុង​បន្ទប់​ការងារ ដោយ​អគារ​មាន​ដំបូល​ប្រក់​ស័ង្កសី ហើយ​គ្មាន​ពិតាន ធ្វើ​ឲ្យ​បន្ទប់​មាន​កម្ដៅ​ខ្លាំង និង​សុំ​ជួយ​ផ្ដល់​ទឹក​ស្អាត​គ្រប់គ្រាន់​ដល់​កម្មករ​ញ៉ាំ​ផង។

ស្ត្រី​ឈ្មោះ សុខ សោភា បាន​ឲ្យ​ដឹង​ថា ៖ «អគារ​ខ្លះ​អត់​មាន​កង្ហារ​ទេ ធ្វើ​ឲ្យ​កម្មករ​ក្ដៅ​ហប់។ខ្ញុំ​ធ្លាប់​ធ្វើ​ការ​នៅ​រោងចក្រ​ភ្នំពេញ គេ​មាន​កង្ហារ​បឺត​ខ្យល់ និង​កង្ហារ​បក់​គ្រប់គ្រាន់។ រោងចក្រ​នេះ​គ្មាន​ពិតាន​ទេ ដំបូល​ស័ង្កសី​ទៀត ក្ដៅ​ខ្លាំង​ណាស់!»

រោងចក្រ អ៊ឹមវ៉េ បាន​កើត​មាន​បាតុភាព​កម្មករ​សន្លប់​ចំនួន ៤​លើក​ជាប់​ៗ​គ្នា កាល​ពី​ថ្ងៃ​ទី២០ ២១ ២៤ និង ២៥ សីហា កម្មករ​-​កម្មការិនី​សរុប​ជាង ៤០០​នាក់ បាន​ដួល​សន្លប់ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ម៉ូទ័រ និង​ទុស្សេ​ខ្សែ​ភ្លើង​ក្នុង​រោងចក្រ​នេះ។

ប្រធាន​សហជីព​ឧស្សាហកម្ម​វាយនភណ្ឌ​ប្រចាំ​រោងចក្រ អ៊ឹមវ៉េ គឺ​អ្នកស្រី ជួប សំអុល បាន​យល់​ស្រប​ជាមួយ​សំណូមពរ​របស់​កម្មករ​ទាំង​ស្រុង។ អ្នកស្រី​បន្ត​ថា សហជីព​បាន​ជួយ​ធ្វើ​ការ​តវ៉ា​ឲ្យ​កម្មករ​ជា​ច្រើន​លើក​ហើយ តែ​ពុំ​បាន​សម្រេច។

អ្នកស្រី ជួប សំអុល បាន​មាន​ប្រសាសន៍​ថា ៖ «ចំពោះ​ខ្ញុំ​ប្រសិន​បើ​អ្នកស្រី មូរ សុខហួរ គាត់​ជួយ​តវ៉ា​បាន គឺ​ខ្ញុំ​ត្រេកអរ និង​គាំទ្រ​គាត់ ព្រោះ​នេះ​ជា​ផល​ប្រយោជន៍​សម្រាប់​កម្មករ»

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​រោងចក្រ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ សីហា​នេះ ដោយ​ក្រុម​សន្តិសុខ​យាម​រោងចក្រ​មិន​អនុញ្ញាត​ឲ្យ​ចូល។ ឯ​លេខ​ទូរស័ព្ទ​ខាង​ផ្នែក​រដ្ឋបាល​រោងចក្រ​បាន​រោទ៍ តែ​គ្មាន​អ្នក​ទទួល។

ប្រធាន​មន្ទីរ​ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង លោក ពៅ ស៊ីថា មាន​ប្រសាសន៍​ថា បញ្ហា​បរិស្ថាន​ក្នុង​រោងចក្រ​ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ដែល​មាន​ក្រសួង​ការងារ ក្រសួង​សុខាភិបាល អាជ្ញាធរ​ខេត្ត និង​ផ្នែក​ជំនាញ​នានា​ក្នុង​ខេត្ត បាន​ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជា​ថ្មី​ម្ដង​ទៀត​ហើយ កាល​ពី​ថ្ងៃ​២៦ សីហា ឃើញ​ថា ត្រឹមត្រូវ​តាម​ស្តង់ដារ​ការងារ​ហើយ។

លោក ពៅ ស៊ីថា បាន​បញ្ជាក់​ថា ៖ «និយាយ​ជា​រួម​លក្ខខណ្ឌ​សុវត្ថិភាព និង​អនាម័យ​រោងចក្រ​នេះ មាន​ភាព​ល្អ​ជាង​រោងចក្រ​នៅ​ភ្នំពេញ​ផង។ការ​ខ្វះខាត​បន្តិច​បន្តួច ដូច​ជា​ខ្យល់​កង្ហារ​ជាដើម កំពុង​ត្រូវ​បាន​កែ​លម្អ​ហើយ»

យ៉ាង​ណា​ក៏​ដោយ លោកស្រី មូរ សុខហួរ បាន​សន្យា​ជាមួយ​កម្មករ​ទាំង​អស់​ថា លោកស្រី​នឹង​ដាក់​សំណើ​របស់​កម្មករ​នេះ តាមរយៈ​រដ្ឋ​សភា​សុំ​ឲ្យ​ក្រសួង​ការងារ​ជួយ​ដោះស្រាយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ៕