ប្រជាពលរដ្ឋដែលជាអ្នកប្រកបរបររែងរ៉ែមាសទាំងនោះ ភាគច្រើនគឺជាអ្នកចំណាកស្រុកមកពីតំបន់ផ្សេង។ ទោះយ៉ាងណាពួកគេនិយាយថា របររែងរ៉ែមាសនេះ គឺគ្រាន់តែបានកម្រៃចិញ្ចឹមជីវិត បន្ទាប់ពីរដូវធ្វើស្រែចំការ។
បុរសម្នាក់ក្នុងចំណោមអ្នកប្រកបរបររែងរ៉ែមាសជាច្រើនទៀត ដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា បើទោះបីជារបរនេះប្រើម៉ាស៊ីនបូមដីមើលទៅហាក់ដូចជារូបភាពធំដុំមែន ក៏ប៉ុន្តែរ៉ែមាសដែលពួកគេទទួលបានក្នុង ១ថ្ងៃៗនោះ គឺតិចតួចបំផុត៖ «វាបានមួយហូបៗ រស់នៅវាស្រួលជាងមុនអ៊ីចឹង។ ដីឥឡូវឡប់ឡិន គឺបាន ១ហ៊ុន ២ហ៊ុន ហើយកាត់ថ្លៃប្រេង កម្មករអ៊ីចឹងទៅ គឺនៅសល់ ១ម៉ឺន ២ម៉ឺនរៀល ជួនកាល ១ម៉ឺន ជួនកាលអត់ក៏មាន។ ជួនកាលគេដេញទៅ ក៏យើងទៅកន្លែងផ្សេង ព្រៃជ្រៅ ជួនកាលផ្អើលតាមគេ គេថា ឱ្យឈប់ក៏ឈប់តាមគេទៅ។ រកមិនបានទៀតរាល់ថ្ងៃ»។
ប្រភពពីអ្នកភូមិរំដេង បានឱ្យដឹងថា ពេលបច្ចុប្បន្ន បើតាមគេស្មាន គឺមានម៉ាស៊ីនប្រហែលជិត ១០០គ្រឿង កំពុងដាក់រាយប៉ាយដើម្បីបូមដីរែងយករ៉ែមាសខុសច្បាប់ក្នុងតំបន់នោះ។
ក្រៅពីប្រជាពលរដ្ឋដែលរែងយករ៉ែមាសខុសច្បាប់ គឺគេដឹងថា មានក្រុមហ៊ុនចិនមួយកំពុងធ្វើសកម្មភាពរែងយករ៉ែមាសនៅតំបន់ភ្នំលុង លើផ្ទៃដីប្រមាណ ១គីឡូម៉ែត្រក្រឡាផងដែរ។ ក៏ប៉ុន្តែអាជ្ញាធរបានអះអាងថា ក្រុមហ៊ុនចិនឈ្មោះ ឌែល ខម ដែលកំពុងរែងយករ៉ែមាសទីនោះ គឺមានអាជ្ញាប័ណ្ណអនុញ្ញាតពីរដ្ឋាភិបាលខ្មែរត្រឹមត្រូវ។
លោក គង់ មករា ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និង ថាមពល ខេត្តព្រះវិហារ បានចាត់ទុក សកម្មភាពរបស់ក្រុមអ្នកភូមិដែលប្រើម៉ាស៊ីនបូមដីយករ៉ែមាសទាំងនោះ ថាគឺជាអំពើអនាធិបតេយ្យ។
មន្ត្រីដដែលបានមានប្រសាសន៍ថា ការប្រើម៉ាស៊ីនបូមដីដើម្បីយករ៉ែមាសនោះ គឺបានធ្វើឱ្យបាក់ដី ហើយក្លាយទៅជារណ្ដៅធំៗ ដែលធ្វើឱ្យខូចសណ្ឋានដីជាច្រើនកន្លែង។ បន្ថែមលើនេះ ប្រសិនបើការរែងយករ៉ែមាសដោយប្រើសារធាតុគីមីផងនោះ គឺវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក សុខភាពមនុស្ស សត្វ និងផ្ទៃដីកសិកម្មជាដើម។
កាលពីដើមខែវិច្ឆិកា កន្លងទៅ មន្ទីរឧស្សាហកម្ម រ៉ែ និង ថាមពល ធ្លាប់បានចុះទៅបង្រ្កាបសកម្មភាពនោះ ដែរ ក៏ប៉ុន្តែការបង្ក្រាបហាក់ពុំមានប្រសិទ្ធិភាពទេ៖ «សកម្មភាពកន្លែងនោះ ជានិច្ចកាលគឺវានៅតែមាន ទោះបីយើងចុះទៅបង្ក្រាបហើយ ស្អែកឡើងយើងដកកម្លាំងមកវិញ គឺវាមានមួយម៉ាស៊ីន ២ម៉ាស៊ីនទៀត ហើយខ្លះគឺប្រជាពលរដ្ឋគាត់ធ្វើជាលក្ខណៈរែងដោយដៃ»។
អាជ្ញាធរបានឱ្យដឹងថា ការរែងរ៉ែមាសដោយដៃនៅតំបន់នោះ គឺជាជនជាតិភាគតិចគួយ ធ្លាប់ធ្វើជាយូរយារមកហើយ ដូច្នេះអាជ្ញាធរមិនបានហាមឃាត់ការប្រកបរបរចិញ្ចឹមជីវិតបែបនោះទេ។
មន្ត្រីមន្ទីរឧស្សាហកម្ម រ៉ែ និង ថាមពល ខេត្តព្រះវិហារ ឱ្យដឹងថា គេកំពុងតែសុំគោលការណ៍ពីអភិបាលខេត្តឱ្យបង្កើតជាគណៈកម្មការចម្រុះមួយ ដើម្បីគ្រប់គ្រងតំបន់រ៉ែមាសទាំងអស់ឱ្យបានជាប្រចាំ និងការពារកុំឱ្យមានការបូមយករ៉ែមាសដោយម៉ាស៊ីនខុសច្បាប់បានទៀតនៅពេលខាងមុខ។
អ្នកជំនាញខាងធនធានធម្មជាតិមួយរូបរបស់អង្គការក្រៅរដ្ឋាភិបាល បានឱ្យដឹងថា នៅខេត្តព្រះវិហារ ពេលបច្ចុប្បន្ន គឺមានរ៉ែនៅក្រោមដីជាច្រើនប្រភេទ ដូចជារ៉ែដែក រ៉ែប្រេងកាត និងរ៉ែមាសជាដើម។ ក៏ប៉ុន្តែក្នុងចំណោមរ៉ែទាំងនោះ គឺមានតែរ៉ែមាសមួយគត់ដែលប្រជាពលរដ្ឋមានលទ្ធភាពអាចទាញយកកម្រៃបានជាប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។