អះអាងបែបនេះបន្ទាប់ពីអភិបាលខេត្តក្រចេះ គឺលោក ខាំ ភឿន បានសង្កេតឃើញថា ទំនិញសព្វសារពើ ពិសេសគឺអង្ករដែលឡើងថ្លៃមួយរយៈមុនមកត្រូវបានចុះថ្លៃជាបណ្ដើរៗហើយ ៖ «ស្រូវវាមិនទាន់ធ្ងន់ធ្ងរគួរឲ្យចោទខ្លាំងពេកទេ មួយគីឡូក្រាម ២០០០ -៣០០០រៀល...» ។
ប៉ុន្តែទោះជាយ៉ាងណាក៏លោកនៅតែមានការត្រៀមទុកជាមុនដែរ ដើម្បីការពារពេលអាសន្ន ។
តម្លៃទំនិញនៅទីផ្សារខេត្តក្រចេះ ថ្ងៃទី ២៩ មេសា អង្ករល្អមួយគីឡូក្រាម ថ្លៃ ៣០០០រៀល ដែលកាលពីពេលវឹកវរថ្លៃ ៣៣០០រៀល ទៅ ៣៥០០រៀល សាច់គោ ១គីឡូក្រាម ២០០០០រៀល សាច់ជ្រូក ១គីឡូក្រាម ១៨០០០រៀល សាច់មាន់ ១គីឡូក្រាម ២៥០០០រៀល តម្លៃនេះនៅនឹងពីមុនមក ។ បន្លែត្រកួន ១២០០រៀល សាឡាត់ចុះមកនៅ ១គីឡូក្រាម ១៤០០០រៀល ។
ប៉ុន្តែប្រជាពលរដ្ឋនៅឃុំកោះទ្រុង ស្រុកព្រែកប្រសព្វ បានឲ្យដឹងថា តម្លៃទំនិញទាំងអង្ករ ត្រី សាច់ តម្លៃប្រហាក់ប្រហែលនៅផ្សារទីរួមខេត្តដែរ ដែលតម្លៃនេះ អ្នកស្រី កែ សន្តារី បានផ្ដល់សម្ភាសន៍ថា ធ្វើឲ្យអ្នកស្រីនៅតែចម្បែងចិត្តពេលឡើងផ្សារម្ដងៗ ដោយប្រាក់ចំណូលក្នុងមួយគ្រួសារ១ខែៗបានត្រឹមតែជាង ១០ម៉ឺនរៀលតែប៉ុណ្ណោះ ៖ «ពីមុនសាច់ជ្រូកតែ ១គីឡូ ១៥០០០ ឥឡូវដល់ ១៨០០០ហើយ ។ ១ថ្ងៃបើសាច់ជ្រូក ជួលកាលត្រីអីទៅចំណាយជាង ១ម៉ឺនអីអ៊ីចឹងដែរ ជិត២ម៉ឺនដែរ គិតពីអង្ករអី គ្រួសារច្រើន ។ ចំណូលជួនកាល ១ខែ ជាង ១០ម៉ឺន ១២ម៉ឺនអីហ្នឹង» ។
អ្នកស្រីបានសុំឲ្យមានការបញ្ចុះថ្លៃ ហើយថាការឡើងថ្លៃនេះមិនពាក់ព័ន្ធទៅនឹងតម្លៃប្រេងសាំងកើនឡើងនោះទេ គឺបណ្ដាលមកពីអ្នកលក់ដំឡើងថ្លៃតៗគ្នា ។
ទប់ទល់នឹងតម្លៃទំនិញឡើងថ្លៃខ្ពស់នេះ ពិសេសគឺតម្លៃអង្កររដ្ឋាភិបាលបានមានវិធានការបិទការនាំចេញអង្ករបណ្ដោះអាសន្នចំនួន ២ខែ ដោយគិតពីថ្ងៃទី ២៦ មីនា មក ដែលមកទល់នឹងពេលនេះ មិនទាន់បានគ្រប់ពីរខែផង ប្រមុខរាជរដ្ឋាភិបាលបានប្រកាសឲ្យមានការនាំចេញអង្ករទៅប្រទេសជិតខាងទៅហើយ ។
ចំពោះកម្មករ មន្រ្តីរាជការ រដ្ឋាភិបាលបានមានវិធានការដំឡើងប្រាក់បៀវត្សរ៍ ប៉ុន្តែវិធានការនេះត្រូវបានមន្រ្តីយោធា និងគ្រូបង្រៀននៅតែអះអាងថា ការដំឡើងប្រាក់បៀវត្សរ៍ថារត់មិនទាន់តម្លៃទំនិញនៅទីផ្សារនៅឡើយ ៖ «តុល្យភាពរវាងប្រាក់បៀវត្សរ៍ ដែលរដ្ឋាភិបាលឲ្យម្ដងតែ ១០% និង២០% ប្រចាំឆ្នាំ ដល់ទំនិញយើងបែជាឡើងដល់ ២០%ក្នុងរយៈកាលប្រចាំខែវិញ មិនមែនប្រចាំឆ្នាំទេ ។ គម្លាតនេះពិបាកសម្រាប់ជីវភាពគ្រូបង្រៀន» ។
ទស្សនៈអភិបាលខេត្តក្រចេះបានអះអាងថា ដើម្បីទប់ទល់សភាពការណ៍នេះ មានតែបង្កើនការផលិត មានការដាំដុះ និងការចិញ្ចឹមសត្វជាដើម ៕
