បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​វែក​មុខ​ឃាតករ​សម្លាប់ ជា វិជ្ជា

គណបក្ស​ប្រឆាំង​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទាមទារ​នៅ​ព្រឹក​ថ្ងៃ​២២ មករា​នេះ ឲ្យ​រដ្ឋាភិបាល​វែក​មុខ​ឃាតករ​ដៃ​ដល់​ដែល​បាន​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា។

0:00 / 0:00

មាន​ប្រសាសន៍​ក្នុង​ពិធី​រំឭក​ខួប​គម្រប់​៥​ឆ្នាំ​ថ្ងៃ​ដែល​លោក ជា វិជ្ជា ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន គឺ​លោក ជា មុនី ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា បាន​ធ្វើការ​ទាមទារ​យ៉ាង​ទទូច​ឲ្យ​រាជ​រដ្ឋាភិបាល​វែក​មុខ​ឃាតករ​ដៃ​ដល់​ដើម្បី​ផ្តល់​យុត្តិធម៌​ចំពោះ​វិញ្ញាណក្ខន្ធ​បង​ប្រុស​របស់​លោក។

លោក ជា មុនី បាន​មាន​ប្រសាសន៍​ថា ៖ «លោក ហេង ពៅ កាល​គាត់​នៅ​ជា​ស្នងការ​រង​បាន​ដឹង​រឿង​នៃ​ឃាតកម្ម​នេះ​ច្បាស់។ លោក​ឆ្លើយ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ថា ប៊ន សំណាង និង សុខ សំអឿន មិន​មែន​ជា​ឃាតករ​ទេ។ អ៊ីចឹង​មាន​ន័យ​ថា ឃាតករ​នៅ​មាន​សេរីភាព​នៅ​ឡើយ»

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បន្ថែម​ថា ៖ «យើង​សង្ឃឹម​ថា​ស្មារតី​នៃ​ការគោរព​វិញ្ញាណក្ខន្ធ​ថ្ងៃ​នេះ​នឹង​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ក៏​ដូច​ជា​សាលា​ឧទ្ធរណ៍​បើក​ការស៊ើប​អង្កេត​សា​ជា​ថ្មី​បន្ទាន់​ដើម្បី​វែក​រក​មុខ​ឃាតករ​ពិត​និង​អ្នក​នៅ​ក្រោយ​ខ្នង​មក​ផ្តន្ទា​ទោស​តាម​ច្បាប់»

ប្រធាន​បក្ស​ប្រឆាំង​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា គឺ​លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ជួយ​ក្នុង​ការវែក​មុខ​ឃាតករ ដោយ​លោក​បាន​ផ្តោត​ការមន្ទិល​ចំពោះ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ថា​អាច​នឹង​មាន​ជន​ដែល​មាន​ឥទ្ធិពល​និង​អំណាច​ខ្លាំង​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​ជា​អ្នក​នៅ​ពី​ក្រោយ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «សូម​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិកាំង បារ៉ាក់ អូបាម៉ា ជួយ​ប្រជារាស្ត្រ​ខ្មែរ​វែក​មុខ​ជន​ឧក្រិដ្ឋ​ឲ្យ​ទាល់តែ​បាន​ដើម្បី​យក​ទៅ​ផ្ដន្ទា​ទោស​តាម​ច្បាប់»

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ បំភ្លឺ​ចំពោះ​ការទាមទារ​ខាង​លើ​នេះ​ថា រាជ​រដ្ឋាភិបាល​កំពុង​រង់ចាំ​ការសម្រេច​ជា​ស្ថាពរ​របស់​តុលាការ​សិន​មុន​នឹង​ចាត់​វិធានការ​ណា​មួយ​ចំពោះ​បញ្ហា​នេះ។

លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ៖ «លោក ប៊ន សំណាង និង សុខ សំអឿន នេះ ត្រូវ​បាន​តុលាការ​កំពូល​លោក​ធ្វើការ​ដោះលែង​ជា​បណ្ដោះ​អាសន្ន។ ពាក្យ​ថា បណ្ដោះ​អាសន្ន មិន​ទាន់​ជា​ស្ថាពរ​នៅ​ឡើយ​ទេ ដូច្នេះ​សមត្ថកិច្ច​របស់​យើង​នៅ​រង់ចាំ​សេចក្ដី​សម្រេច​ស្ថាពរ​របស់​តុលាការ​សិន មុន​នឹង​ចាត់​វិធានការ​អ្វី​ផ្សេង​មួយ​ទៀត»

គួរ​បញ្ជាក់​ដែរ​ថា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​២២ មករា ឆ្នាំ​២០០៤ នៅ​ពេល​ដែល​លោក​កំពុង​អាន​កាសែត​នៅ​មុខ​តូប​លក់​កាសែត​មួយ​ក្បែរ​វត្ត​លង្កា។ ក្រោយ​ការបាញ់​សម្លាប់​នេះ លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ថា​ជា​ឃាតករ។

ថ្មីៗ​នេះ​តុលាការ​កំពូល​បាន​សម្រេច​ដោះលែង​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប​នេះ​ជា​បណ្តោះ​អាសន្ន តែ​ឃាតករ​ពិត​ពុំ​ទាន់​រក​ឃើញ​នៅ​ឡើយ។ ជន​ជាប់​សង្ស័យ ប៊ន សំណាង ក៏​មាន​វត្តមាន​នៅ​ក្នុង​ឱកាស​នេះ​ផងដែរ៕