លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរដែលបានចុះសួរសុខទុក្ខកងទ័ពនៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ បានមានប្រសាសន៍ថា អគារទាំង១៥៥ខ្នងនឹងផ្តល់ទៅឲ្យកងទ័ពក្នុងខេត្តចំនួន៥ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដែលចំណាយទឹកប្រាក់អស់ជាងបីលានដុល្លារសហរដ្ឋអាមេរិក។
លោក ហ៊ុន សែន បានថ្លែងឲ្យដឹងដូច្នេះ ៖ «ដំបូងបំផុតខ្ញុំចាប់ផ្ដើមពីការផ្ដល់អគារសិន អគារចំនួន១៥៥ខ្នង គឺស្មើនឹង៣.៨៧៥.០០០ដុល្លារសហរដ្ឋអាមេរិក។ អ៊ីចឹងទេថ្ងៃនេះយើងជូនរហូតទៅដល់កោះវ៉ៃបន្ថែមទៀត»។
នេះជាលើកទីពីរហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះសួរសុខទុក្ខកងទ័ពតាមក្រវាត់ព្រំដែន ដោយបានផ្តល់អគារកងទ័ពស្នាក់នៅ សម្ភារៈប្រើប្រាស់ជាច្រើនទៀត បន្ទាប់ពីបានទៅសួរសុខទុក្ខកងទ័ពជួរមុខក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ កាលពីពេលកន្លងទៅថ្មីៗនេះ។
ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ក្រោយពីមានជម្លោះរឿងប្រាសាទព្រះវិហាររហូតមានការផ្ទុះអាវុធជាច្រើនលើកបណ្តាលឲ្យកងទ័ពប្រទេសទាំងពីរស្លាប់និងរបួសរៀងខ្លួនរួចមក គេកត់សម្គាល់ឃើញថា រដ្ឋាភិបាលខ្មែរបានចុះយុទ្ធនាការពង្រឹងកងទ័ពរបស់ខ្លួនជាបន្តបន្ទាប់។

ទាក់ទិនយុទ្ធការខាងលើនេះ លោក គឹម ស៊ូភារិទ្ធ មន្ត្រីនាំពាក្យស្តីទីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា ជារឿងធម្មតារបស់ប្រទេសមួយដែលបញ្ហាប្រឈមជាមួយប្រទេសជិតខាងត្រូវតែមានការលើកទឹកចិត្តពង្រឹងដល់កងកម្លាំងប្រដាប់អាវុធក្នុងការការពារទឹកដី។
ទោះជាយ៉ាងនេះក្ដី លោក គឹម ស៊ូភារិទ្ធ បានសម្តែងការព្រួយបារម្ភថា បញ្ហាខាងលើនេះបានប៉ះពាល់ថវិកាជាតិនិងជះឥទ្ធិពលកិច្ចការអភិវឌ្ឍន៍សង្គម ៖ «ខ្ញុំមានការព្រួយបារម្ភត្រង់ថា នៅពេលដែលប្រទេសយើងកំពុងជួបវិបត្តិសេដ្ឋកិច្ច ហើយចំណាយច្រើនទៅលើបញ្ហាកងទ័ព ធ្វើឲ្យយើងជួបការលំបាកថែមទៀតក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នរូបវន្ត សម្រាប់លើកស្ទួយជីវភាពប្រជាពលរដ្ឋយើង»។
មន្ត្រីនាំពាក្យគណបក្សសមរង្ស៊ីរូបនេះបន្តថា ការប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរ-ថៃ រដ្ឋាភិបាលខ្មែរមិនចាំបាច់ពង្រឹងកងទ័ព ដំឡើងសាច់ដុំកងទ័ពទេ ព្រោះថា រដ្ឋាភិបាលខ្មែរអាចចរចាតាមផ្លូវទូត ឬក៏បញ្ជូនសំណុំរឿងដែលប្រទេសថៃឈ្លានពានទាក់ទិនរឿងប្រាសាទព្រះវិហារ ទៅដោះស្រាយនៅអង្គការសហប្រជាជាតិនិងតុលាការអន្តរជាតិទីក្រុងឡាអេ។
ចាប់តាំងពីមានជម្លោះរឿងប្រាសាទព្រះវិហាររបស់ខ្មែរដែលអង្គការយូណេស្កូ បានសម្រេចដាក់ចូលជាបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨មក ប្រទេសកម្ពុជានិងថៃបានកើតមានសភាពការណ៍តានតឹងជាបន្តបន្ទាប់រហូតដល់ការផ្ទុះអាវុធជាច្រើនលើក និងការដាក់ពង្រាយកងទ័ពនៅតាមព្រំដែននិងគ្រឿងសព្វាវុធទំនើបៗបង្ហាញសាច់ដុំដាក់គ្នារៀងៗខ្លួន៕