រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា បានច្រានចោលការចោទប្រកាន់ពីគណបក្ស សម រង្ស៊ី ថា រដ្ឋាភិបាលកំពុងតែទទួលឥទ្ធិពលពីប្រទេសចិន យ៉ាងខ្លាំង ជាងប្រទេសមហាអំណាចដទៃទៀត ដោយសារតែកម្ពុជា កំពុងតែជំពាក់បំណុលចិន វ័ណ្ឌកហួសពីសមត្ថភាព ដែលកម្ពុជាអាចសងបំណុលប្រទេសចិន នោះ នៅថ្ងៃអនាគត។
ប្រតិកម្មបដិសេធដោយមន្ត្រីរដ្ឋាភិបាលនេះ គឺនៅគ្រាដែលតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានរិះគន់កាលពីថ្ងៃទី៣ ខែកញ្ញា ថា រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែជំពាក់បំណុលចិនសរុបចំនួនជាង៥ពាន់លានដុល្លារអាមេរិក រហូតដល់ពេលនេះ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ការរិះគន់នោះ លោកយល់ថា ជាសារនយោបាយមួយ ដើម្បីកេងចំណេញនយោបាយសម្រាប់គណបក្ស សម រង្ស៊ី។
លោកបញ្ជាក់ថា អ្នកឯកទេសសេដ្ឋកិច្ចជាតិ និងអន្តរជាតិ បានវាយតម្លៃថា កម្ពុជាមានសមត្ថភាពក្នុងការសងបំណុលប្រទេសចិន៖ «យើងឃើញថា ដោយសារតែកម្ចីទាំងអស់នេះហើយ ដែលយើងអាចកសាងប្រទេសយើង ធ្វើការអភិវឌ្ឍទាញបានវិនិយោគទុនបរទេសមកទៀត ពីព្រោះបើយើងគ្មានហេដ្ឋារចនាសម្ព័ន្ធល្អ ក៏គេអត់មកដាក់ទុននៅយើងដែរ។ ឥឡូវនេះ យើងចាប់ផ្ដើមសងគេ (ចិន) បណ្ដើរហើយ ប៉ុន្តែយើងមានលទ្ធភាព ដែលយើងអាចសងបាន។ យើងខ្ចីចិន យើងខ្ចីជប៉ុន យើងខ្ចីប្រទេសមួយចំនួនទៀត ដូច្នេះយើងមិនមែនខ្ចីតែចិនណា ហេតុអ្វីមើលឃើញតែចិន មិនមើលឃើញដទៃទៀត។ ខ្ចីគេមកនេះ ដើម្បីរក្សាឯករាជ្យរបស់យើង បើយើងសុំគេ អាហ្នឹងយើងជាប់ឥទ្ធិពលគេ»។
លោក ខៀវ កាញារីទ្ធ មិនបានបញ្ជាក់ឲ្យដឹងទេថា តើកម្ពុជាកំពុងតែជំពាក់បំណុលចិន ចំនួនប៉ុន្មានពាន់លានដុល្លារអាមេរិកនោះទេ ប៉ុន្តែលោកបានបង្ហើបឲ្យដឹងថា កម្ពុជាជំពាក់បំណុលចិនចំនួន៣២%នៃបំណុលសរុប។
ទាក់ទងនឹងប្រាក់កម្ចីសម្បទានដ៏សន្ធឹកសន្ធាប់នេះ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកព្រួយបារម្ភអំពីឥទ្ធិពលរបស់ប្រទេសចិន មកលើប្រទេសកម្ពុជា កាន់តែខ្លាំងជាងប្រទេសមហាអំណាចដទៃទៀត៖ «ប្រទេសកម្ពុជា មិនត្រូវបណ្តោយឲ្យមានការជំពាក់បុល ជាពិសេសជាមួយប្រទេសចិន ហួសហេតុធ្ងន់ធ្ងរហួសសមត្ថភាព ដែលយើងអាចសងប្រទេសនេះបាននោះទេ។ ជំពាក់រុំក្បិននេះ អាចធ្វើឲ្យប្រទេសកម្ពុជា មិនអាចរួចផុតពីភាពក្រីក្រ ហើយស្ថិតក្នុងឥទ្ធិពលនយោបាយរបស់ចិន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា កន្លងទៅនេះ លោកបានជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ (Wen Jiabao) ដើម្បីរឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន ឲ្យស៊ីជម្រៅថែមទៀត។
នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ បានយល់ព្រមឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្ចីប្រាក់ជាកម្ចីសម្បទានចំនួនជាង៥០០លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា យកមកចំណាយលើគម្រោងអភិវឌ្ឍចំនួន៧ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធធារាសាស្ត្រ។
បន្ថែមលើនេះទៀត លោក វិន ជាបាវ បានយល់ព្រមផ្តល់ប្រាក់កម្ចីសម្បទានចំនួនរវាង៣០០លានដុល្លារអាមេរិក ទៅ៥០០លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងមួយឆ្នាំៗសម្រាប់រយៈពេល៥ឆ្នាំ ដើម្បីយកមកចំណាយលើគម្រោងអភិវឌ្ឍសំខាន់ៗមួយចំនួនទៀត នៅប្រទេសកម្ពុជា។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ បានសន្យាផ្តល់ប្រាក់ជំនួយឥតសំណងចំនួន១៥០លានយន់ ស្មើនិងជាង២៥លានដុល្លារអាមេរិក ជូនរដ្ឋាភិបាលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។