លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែមេសា បានដឹកនាំប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីចូលរួមនៅក្នុងពិធីតាំងពិព័រណ៍ពិភពលោកនៅទីនោះ ហើយលោកមានគម្រោងការជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីចិន លោក ហូ ជិនតៅ (Hu Jintao) ផ្ដោតលើការពង្រឹងចំណងទាក់ទងរវាងកម្ពុជា និងចិន ព្រមទាំងការបញ្ជាក់ជំហរថា ប្រទេសកម្ពុជា បន្តប្រកាន់យកនយោបាយចិនតែមួយ។
មានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូប បានរួមដំណើរនោះ ដូចជា លោក ហោ ណាំហុង ជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី លោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាទេសរដ្ឋមន្ត្រី លោក ទ្បៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងមន្ត្រីប្រតិភូរដ្ឋាភិបាល ចំនួនជាង ៥រូបទៀត។
ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស្រ៊ី ថាមរុង្គ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីចិន លោក ហូ ជិនតៅ មានគម្រោងការជួបពិភាក្សាទ្វេភាគី នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិននោះ។
លោកមានប្រសាសន៍បន្តថា ៖ «នយោបាយចិនមួយ ដែលយើងប្រកាន់ខ្ជាប់ ហើយនិងកិច្ចសហប្រតិបត្តិការរបស់យើងលើគ្រប់វិស័យជាមួយចិន។ យើងឃើញជំនួយចិនសព្វបែបយ៉ាង ការជួយផ្នែកហេដ្ឋារចនាសម្ព័ន្ធសង់ស្ពាន នៅក្នុងប្រទេសកម្ពុជា។ ជំនួយរបស់ចិននេះ ទីមួយ គឺជំនួយឥតសំណង ទី២ កម្ចីឥតការប្រាក់។ នៅពេលដែលយើងសង គឺសងតែដើមទេ។ ហើយនិងកម្ចីមួយទៀត គឺការប្រាក់វាទាប។ អាហ្នឹងរយៈពេលយូរ។ អ៊ីចឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចហ្នឹង យើងឃើញគេជួយសព្វបែបយ៉ាង»។
លោកបន្តថា ក្រៅពីនេះ លោក ហ៊ុន សែន និងប្រតិភូរដ្ឋាភិបាលកម្ពុជា មានគម្រោងការជួបជាមួយតំណាងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនសៀងហៃ ដែលកំពុងតែធ្វើវិនិយោគទុន វិស័យទូរគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា លោកនាយករដ្ឋមន្ត្រីមានគម្រោងការជួបជាមួយតំណាងក្រុមហ៊ុនចិនសៀងហៃ ដែលកំពុងតែសាងសង់ស្ពាន និងផ្លូវថ្នល់កាត់ទន្លេមេគង្គ និងទន្លេសាបនៅកម្ពុជា។
ប្រទេសកម្ពុជា បានចូលរួមតាំងពិព័រណ៍ពិភពលោក នៅក្នុងក្រុងសៀងហៃផងដែរ សម្រាប់រយៈពេល ៦ខែ រហូតដល់ថ្ងៃទី៣១ ខែតុលា ខាងមុខនេះ នៅក្នុងចំណោមប្រទេសនានា និងអង្គការនានា សរុប ចំនួនជាង២០០ បានចូលរួមតាំងពិព័រណ៍នោះ។
ប្រទេសកម្ពុជា ក៏បានរៀបចំតាំងពិព័រណ៍នៅទីនោះ ដើម្បីឆ្លុះបញ្ចាំងឲ្យពិភពលោកបានស្គាល់ កម្ពុជានូវវប្បធម៌ អរិយធម៌ និងវិស័យកសិកម្ម នៅក្នុងសម័យកាលមួយចំនួន គឺសម័យកាលរុងរឿងនៃសម័យអង្គរ សម័យលង្វែក និងសម័យកាលចតុមុខ ឬហៅថា ភ្នំពេញបច្ចុប្បន្ន ក្នុងបំណងទាក់ទាញវិស័យទេសចរណ៍ និងវិនិយោគទុនមកកម្ពុជា។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានពណ៌នាថា ដំណើរទស្សនកិច្ចនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរឹងមាំ រវាងកម្ពុជា និងចិន តាំងពីសម័យកាលដឹកនាំដោយអតីតព្រះមហាក្សត្រ ព្រះបាតនរោត្តម សីហនុ ជារៀងរហូតមក។
កាលពីខែធ្នូ ឆ្នាំ២០០៩ កន្លងទៅ អង្គការការពារសិទ្ធិមនុស្សអន្តរជាតិនានា រាប់ទាំងសហរដ្ឋអាមេរិកផង បានរិះគន់ជាច្រើន ចំពោះប្រទេសកម្ពុជា ដែលបានចាប់បញ្ជូនជនជាតិភាគតិចចិនអ៊ុយហ្គឺរ (Uighur) ចំនួន ២០នាក់ ទៅកាន់ប្រទេសចិនវិញដោយបង្ខំ ដែលពួកគេបានរត់មកស្វែងរកសិទ្ធិជ្រោកកោន ពីអង្គការ UNHCR នៅក្នុងប្រទេសកម្ពុជា ពីការតាមចាប់ខ្លួនដោយអាជ្ញាធរចិន ដោយសារតែប្រទេសទាំងពីរទំនាក់ទំនងជិតស្និតនិងគ្នា មិនបានគិតអំពីកាតព្វកិច្ច ជាអន្តរជាតិ ក្នុងការការពារជនភៀសខ្លួន។
ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ប្រមុខរដ្ឋាភិបាលកម្ពុជា និងដឹកនាំប្រតិភូជាន់ខ្ពស់មកកម្ពុជាវិញ នៅថ្ងៃទី២ ខែឧសភា ខាងមុខនេះ៕