កិច្ចប្រជុំនេះ បានចូលរួមបើកជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី២៥ ខែតុលា បានអំពាវនាវសុំឲ្យមានការធ្វើសុខដុមនីយកម្ម ឬការស្រុះស្រួលគ្នានៃអ្នកកាន់សាសនានានា ដើម្បីឲ្យមានសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ាន នៅគ្រាដែលជម្លោះរវាងអ្នកកាន់សាសនាឥស្លាម និងអ្នកកាន់សាសនាព្រះពុទ្ធ បានចាប់ផ្ដើមរីករាលដាលនៅតំបន់អាស៊ាន នាពេលថ្មីៗនេះ។
កន្លងមក មានសេចក្តីរាយការណ៍ថា ជម្លោះរវាងអ្នកកាន់សាសនាព្រះពុទ្ធ និងអ្នកកាន់សាសនាឥស្លាម នៃក្រុមជនជាតិភាគតិចរហិនយ៉ា (Rohinya) នៅក្នុងរដ្ឋរ៉ាកឃិន (Rakhine) នៃប្រទេសភូមា (មីយ៉ាន់ម៉ា) បានបណ្ដាលឲ្យមនុស្ស ១០នាក់បានស្លាប់ និងមនុស្ស ១៧នាក់ទៀត បានរងរបួសធ្ងន់នៅក្នុងអំពើហិង្សាកាលពីខែមិថុនា ឆ្នាំ២០១២ កន្លងមកនេះ។ នៅក្នុងអំឡុងពេលនោះដែរ ផ្ទះជិត ៥០០ខ្នងរបស់ជនជាតិភាគតិចរហិនយ៉ា ត្រូវបានដុតបំផ្លាញចោល។
ក្រៅពីនេះ ក៏មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ថា ក្រុមអ្នកកាន់សាសនាឥស្លាម នៅភាគខាងត្បូងប្រទេសថៃ នៅតែបន្តប្រើអំពើហិង្សាដោយបំផ្ទុះគ្រាប់បែកសម្លាប់អ្នកកាន់សាសនាព្រះពុទ្ធជាញឹកញាប់ ដើម្បីបំបែករដ្ឋនៅក្នុងប្រទេសថៃ នោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់មន្ត្រីជាន់ខ្ពស់មកពីប្រទេសសមាជិកអាស៊ាន ទាំងនោះថា ការធ្វើឲ្យមានសុខដុមនីយកម្មរវាងអ្នកកាន់សាសនានានា គឺជាការចាំបាច់ណាស់៖ «នៅពេលនេះ អំពើហិង្សាសាសនាទើបបានហូរចូលមកក្នុងអាស៊ាន ក៏ដោយ ក៏គេមិនគួរមើលស្រាលបញ្ហានេះពេកដែរ។ ការពង្រឹង ការធ្វើឲ្យមានសុខដុមនីយកម្មរវាងសាសនានៅក្នុងតំបន់ គឺជាកិច្ចការចាំបាច់បំផុតដែលមិនអាចមើលរំលងបានឡើយ។ ចំពោះមុខនេះ កម្ពុជា មានភ័ព្វសំណាងល្អ ដោយកម្ពុជា មិនដែលមានអំពើហិង្សាសាសនា»។
ទាក់ទងនឹងការព្រួយបារម្ភអំពីជម្លោះសាសនានេះដែរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អូស្មាន ហាសាន់ និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រមុខរដ្ឋាភិបាលកម្ពុជា កំពុងតែប្រកាន់យកនូវនយោបាយល្អចំពោះអ្នកកាន់សាសនាឥស្លាម នៅកម្ពុជា៖ «ដោយឡែកនៅកម្ពុជា យើងនេះ គឺថាយើងមានសុខដុមរមនា ដែលយើងមានសាសនាឥស្លាម យើងមានសាសនាព្រះពុទ្ធ យើងមានសាសនាផ្សេងៗទៀត ដូច្នេះយើងមានការគោរពសិទ្ធិគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាពលរដ្ឋ ដែលមានជំនឿសាសនាផ្សេងៗគ្នា។ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា»។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍រិះគន់ថា ប្រទេសមួយចំនួននៅតំបន់អាស៊ាន ប្រកាន់យកនយោបាយតឹងរ៉ឹង រើសអើងសាសនា និងជាតិសាសន៍៖ «គ្រាន់តែខ្មែរហែព្រះត្រៃបិតកចូលទៅក្នុងប្រទេសវៀតណាម មិនឲ្យចូលផង ហើយនិយាយថាសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍យ៉ាងម៉េច? ឯវៀតណាម អាចមកសង់វត្តនៅកម្ពុជា បាន អាចមកធ្វើអីនៅកម្ពុជា បាន។ អីចឹង យើងចង់បើកចំហដូចគ្នា ដើម្បីអី? ដើម្បីជាតូបនីយកម្ម ដើម្បីសាសនានីយកម្ម ដើម្បីភាពសុខដុមរមនា នៃសង្គម នៃអាស៊ីអាគ្នេយ៍»។
គេមានផែនការបង្កើតជាសហគមន៍អាស៊ាន តែមួយ នៅឆ្នាំ២០១៥ ខាងមុខនេះទៀត។ សហគមន៍អាស៊ាន នោះ មានប្រជាជនសរុបជាង ៦០០លាននាក់ និងមានអំបូរជាតិសាសន៍ខុសៗគ្នាចំនួនជាង ៩០០សាសន៍។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា មានអ្នកកាន់សាសនាព្រះពុទ្ធចំនួន ៩៦% អ្នកកាន់សាសនាឥស្លាម ចំនួន ២% និងអ្នកកាន់សាសនាគ្រិស្ដ ចំនួន ២%។ កន្លងមក គេមិនបានឃើញមានជម្លោះសាសនានៅប្រទេសកម្ពុជា ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
