ដំណោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ កំពុងជួបភាពទាល់ច្រកសាជាថ្មីម្តងទៀតក្នុងសប្ដាហ៍នេះ ក្រោយពីការចរចាបញ្ហាព្រំដែននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបរាជ័យរួចមក។
កម្ពុជា និងថៃនៅតែមិនទាន់អាចស្វែងរកដំណោះស្រាយដើម្បីបញ្ចប់បញ្ហាព្រំដែនបាននៅឡើយទេ បើទោះបីជាភាគីទាំងពីរបានយល់ព្រមតាមផែនទីស្វែងរកដំណោះស្រាយព្រំដែនក៏ដោយ។ រដ្ឋមន្រ្តីការបរទេសខ្មែរ និងថៃ កាលពីដើមខែឧសភា បានយល់ព្រមគ្នាលើកិច្ចព្រមព្រៀងត្រីភាគី រវាងរដ្ឋមន្ត្រីការបរទេសខ្មែរ-ថៃ និងឥណ្ឌូណេស៊ី ក្នុងការស្វែងរកបទឈប់បាញ់គ្នា និងដំណោះស្រាយជម្លោះព្រំដែន។
ប៉ុន្តែកិច្ចព្រមព្រៀងនេះ គឺមានលក្ខខណ្ឌដោយភាគីថៃ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដកកងទ័ពខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារមុននឹងការអនុវត្តកិច្ចព្រមព្រៀងនេះ។
ឯកសារកិច្ចព្រមព្រៀងបញ្ជាក់ថា កម្ពុជា និងថៃ បានឯកភាពទទួលយកឯកសារលក្ខខណ្ឌប្រតិបត្តិសម្រាប់ដាក់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី។ ភាគីទាំងបីក៏បានឯកភាពគ្នាទៅលើកញ្ចប់ដំណើរការដោះស្រាយព្រំដែនដោយជំហានទី១ គឺការផ្លាស់ប្ដូរឯកសារលក្ខខណ្ឌប្រតិបត្តិ និងការប្រកាសពេលនៃកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ និងចម្រុះ។ ជំហានទី២ គឺការដាក់ក្រុមសង្កេតការណ៍ និងបើកកិច្ចប្រជុំព្រំដែន ហើយចុងក្រោយបំផុតគឺការអនុវត្តលទ្ធផលនៃកិច្ចប្រជុំព្រំដែន។
កិច្ចសន្យានេះមិនត្រូវបានស្វាគមន៍ពីរដ្ឋាភិបាលថៃទេ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ ត្រូវបានសារព័ត៌មានដកស្រង់សម្ដីថា អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី នឹងមិនអាចមកកាន់តំបន់ជម្លោះបានទេ ប្រសិនបើកម្ពុជា មិនព្រមដកកងទ័ពខ្លួនចេញពីតំបន់ជម្លោះព្រំដែនជាមុនសិន។ ថៃបានចោទប្រកាន់កម្ពុជាថា បានរំលោភសន្ធិសញ្ញារបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៥៤ ដោយការដាក់កងទ័ពក្នុងតំបន់ជាសម្បត្តិបេតិកភណ្ឌអន្តរជាតិ និងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរឆ្នាំ២០០០។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី បានប្រាប់ទីភ្នាក់ងារបរទេសថា បើទោះបីជារដ្ឋាភិបាលខ្មែរបានទទួលយកផែនទីដំណោះស្រាយជម្លោះព្រំដែន ដែលបានស្នើដោយប្រធានអាស៊ានក៏ដោយ ប៉ុន្តែថៃនៅមិនទាន់យល់ព្រម។ ការជំទាស់របស់ថៃ នឹងបណ្ដាលឲ្យមានការពន្យារពេលការដោះស្រាយបញ្ហាព្រំដែន។
ការខ្វែងគំនិតគ្នានេះ ចំពេលដែលតុលាការយុត្តិធម៌អន្តរជាតិកំពុងពិនិត្យបណ្តឹងកម្ពុជា ដើម្បីឈានទៅដល់ការបើកសវនាការបន្ទាន់ដើម្បីបកស្រាយសាលក្រមខ្លួនឆ្នាំ១៩៦២ និងការចាត់វិធានការបញ្ឈប់ការប្រយុទ្ធគ្នា។
មន្ត្រីតុលាការមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា កាលបរិច្ឆេទកិច្ចប្រជុំនៅមិនទាន់បានកំណត់ទេ ប៉ុន្តែកិច្ចប្រជុំនេះនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។ មន្ត្រីតុលាការបានឲ្យដឹងថា តុលាការនឹងពិនិត្យលើសាលក្រមខ្លួន ដោយនឹងបន្ថែមព័ត៌មានលម្អិត ប៉ុន្តែសាលក្រមឆ្នាំ១៩៦២ ដែលកំណត់ថា ប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទស្ថិតក្នុងបូរណភាពទឹកដីខ្មែរជាសាលក្រមបិទការតវ៉ា។
ឯកសារតុលាការយុត្តិធម៌អន្តរជាតិស្ដីពីកម្ពុជា បញ្ជាក់ថា កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ តុលាការបានសម្រេចចិត្តផ្អែកលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ដែលបានកំណត់ថា ផែនទីរបស់គណៈកម្មការចម្រុះបារាំង-សៀម បញ្ជក់ថា ប្រាសាទព្រះវិហារស្ថិតក្នុងព្រំដែនកម្ពុជា។ តុលាការក៏បានបញ្ជាឲ្យថៃ មានភារកិច្ចដកទាហាន និងប៉ូលិសខ្លួនដែលពីតំបន់ប្រាសាទព្រះវិហារ ហើយថៃត្រូវប្រគល់វត្ថុបុរាណទាំងឡាយដែលបានយកចេញពីប្រាសាទ។
កម្ពុជាយល់ព្រមលើសំណើដោះស្រាយជម្លោះ
មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី និយាយកាលពីថ្ងៃសុក្រ ទី១៣ ឧសភាថា រដ្ឋាភិបាលកម្ពុជា បានយល់ព្រមលើសំណើដោះស្រាយជម្លោះរវាងខ្មែរ-ថៃ ដោយសន្តិវិធីដែលស្នើដោយភាគីឥណ្ឌូណេស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសឥណ្ឌូណេស៊ី ម៉ៃឃល ថេន (Michael Tene) ថ្លែងថា ប្រទេសថៃនៅមិនទាន់យល់ព្រមលើការដោះស្រាយជម្លោះជាកញ្ចប់នេះនៅឡើយទេ ដោយគណៈរដ្ឋមន្ត្រីថៃ នឹងធ្វើការប្រជុំលើសំណើដោះស្រាយនេះនៅប៉ុន្មានសប្ដាហ៍ខាងមុខ។
ថៃយកបញ្ហាព្រះវិហារដើម្បីកេងចំណេញនយោបាយ
ពីប្រទេសថៃឯណោះវិញ ប្រវត្តិវិទូថៃ រិះគន់រដ្ឋាភិបាលថៃថា យកបញ្ហាព្រះវិហារដើម្បីកេងយកចំណេញផ្នែកនយោបាយ។
ប្រវត្តិវិទូថៃម្នាក់ លោកសាស្ត្រាចារ្យ ចាន់វិត កាសឺតសេរី (Charnvit Kasetsiri) ត្រូវបានកាសែត The Epoch Times របស់សហរដ្ឋអាមេរិក ដកស្រង់សម្ដីថា ជម្លោះខ្មែរ-ថៃ ដែលកំពុងតែកើតមាននេះ មិនមែនដោយសារបញ្ហាប្រាសាទព្រះវិហារនោះទេ។ លោកសាស្ត្រាចារ្យបញ្ជាក់ថា តាមពិតគឺអ្នកនយោបាយថៃ ដែលចង់ទាញយកទឹកចិត្តជាតិនិយម ដើម្បីចំណេញផ្នែកនយោបាយនោះតែម្ដងគឺជាដើមចមសំខាន់នៃជម្លោះនោះ។ លោកបន្តថា នេះជាឧទាហរណ៍នៃល្បែងនយោបាយចង់បានអំណាចរបស់អ្នកនយោបាយថៃ៕