ឈើ​ប្រណីត​ប្រមាណ​១០០​ម៉ែត្រ​គូប​ត្រូវ​ឈ្មួញ​ដឹក​ចេញ​ពី​ស្រុក​សៀមប៉ាង

មន្ត្រី​ស្រុក​សៀមប៉ាង​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​ខុស​ច្បាប់​ប្រមាណ​១០០​ម៉ែត្រ​គូប ត្រូវ​បាន​ឈ្មួញ​ដឹក​ចេញ​ពី​ស្រុក​សៀមប៉ាង កាល​ពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ច័ន្ទ ២៣ វិច្ឆិកា ឆ្នាំ​២០០៩ ដើម្បី​នាំ​ចូល​មក​ទីរួម​ខេត្ត​ស្ទឹងត្រែង។

0:00 / 0:00

ចរាចរណ៍​ឈើ​ប្រណីត​ខុស​ច្បាប់​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​លោក ឡូយ សូផាត អភិបាល​ខេត្ត​ស្ទឹងត្រែង ទៅ​កាន់​ស្រុក​សៀមប៉ាង កាល​ពី​ថ្ងៃ​សៅរ៍ និង​អាទិត្យ​កន្លង​ទៅ​នេះ។

មន្ត្រី​ដដែល​បាន​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កម្មករ​បាន​ជញ្ជូន​ឈើ​ពី​កន្លែង​ស្តុក​ដាក់​រថយន្ត​កាមីញ៉ុង​ធំៗ​ចំណុះ​៣០​ម៉ែត្រ​គូប​ពីរ​គ្រឿង ហើយ​ដឹក​ចេញ​ពី​តំបន់​ព្រៃស្រោង​ស្រឡៅ ក្នុង​ឃុំ​ស្រែ​សំបូរ។ ចំណែក​រថយន្ត​ប្រភេទ​កាមរី​ទេសចរណ៍​ប្រមាណ​១០​គ្រឿង​ទៀត ដឹក​ឈើ​ចេញ​ពី​ទី​រួម​ស្រុក​សៀមប៉ាង ដោយ​មិន​មាន​សមត្ថកិច្ច​ទប់​ស្កាត់ ៖ «កន្លែង​ផ្លូវ​ដែល​គេ​ដឹក​ចេញ ឡាន​ធំ​ហ្នឹង​គឺ​នៅ​ទី​តាំង​ឃុំ​ស្រែសំបូរ ឡាន​តូចៗ​ចេញ​ពី​ទី​រួម​ស្រុក​តែម្ដង។ ជញ្ជូន​ទាំង​យប់ ទាល់​តែ​ទៀប​ភ្លឺ​ម៉ោង​៥​បាន​គេ​ចេញ»

ស្រុក​សៀមប៉ាង​ជា​តំបន់​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ ហើយ​រង​ការ​កាប់​ធ្វើ​អាជីវកម្ម​ជា​ច្រើន​ឆ្នាំ​រហូត​មក​ទល់​សត្វ​ថ្ងៃ​នេះ។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ទទួល​ស្គាល់ និង​ចាត់​វិធានការ​បង្ក្រាប​ជា​បន្ត​បន្ទាប់ ក៏​ប៉ុន្តែ​មិន​អាច​បញ្ចប់​បញ្ហា​នេះ​បាន​ឡើយ។

លោក សំណាង នាយក​ផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ទទួល​បន្ទុក​ស្រុក​សៀមប៉ាង មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​សេចក្តី​រាយការណ៍​ខាង​លើ​នេះ​ទេ ពីព្រោះ​លោក​មិន​មាន​វត្តមាន​នៅ​មូលដ្ឋាន ហើយ​មន្ត្រី​ក្រោម​ឱវាទ​លោក​បដិសេច​ថា មិន​មាន​ករណី​នេះ​ទេ។

លោក សំណាង មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​ទូរស័ព្ទ​សួរ​ក្មេងៗ​អម្បាញ់មិញ​វា​ថា​អត់​ផង អត់​ដឹង​ថា​មាន​ផង អ៊ីចឹង​ប្រហែល​ខ្លាច​មាន​គេ​ជញ្ជូន​តូចៗ​មក ហើយ​គេ​យក​មក​ដាក់​នៅ​ឯ​ណា​ឯ​ណី​វិញ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​លោក ស៊ី សួន អភិបាល​ស្រុក​សៀមប៉ាង ដើម្បី​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ (២៣ វិច្ឆិកា) ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

យ៉ាង​នេះ​ក្តី​អ្នក​ភូមិ​ស្រែ​សំបូរ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ដែរ​ថា គាត់​បាន​ឃើញ​រថយន្ត​ជា​ច្រើន​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​សៀមប៉ាង កាត់​មុខ​ផ្ទះ​គាត់ កាល​ពី​ជិត​ភ្លឺ​ថ្ងៃ​ច័ន្ទ​នេះ។ គាត់​បន្ត​ថា នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ដែល​អ្នក​ភូមិ​ឃើញ​ស្ទើរ​រៀង​រាល់​រាត្រី​ច្រើន​ខែ​កន្លង​ទៅ​នេះ។

អ្នក​ភូមិ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ដូច្នេះ ៖ «យប់​មិញ​មាន​ដឹក​ទាល់​ភ្លឺ​មែន គេ​ដឹក​គ្រញូង។ សកម្មភាព​របស់​ប៉ូលិស ទាហាន ប៉េអឹម​អី គេ​ចុះ​បង្រ្កាប​ដូច​គ្នា ប៉ុន្តែ​គេ​បង្រ្កាប​ក្នុង​នាម​ថា​សម្រួល បើ​ថា​អ្នក​មិន​រត់​ការ​គេ​ចាប់»

វិទ្យុ​អាស៊ី​សេរី​ក៏​មិន​អាច​ទាក់ទង​លោក ឡូយ សូផាត អភិបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​បញ្ជាក់​បញ្ហា​នេះ​បាន​ដូច​គ្នា ព្រោះ​លោក​មិន​ទទួល​ទូរស័ព្ទ។

នៅ​ខេត្ត​ស្ទឹងត្រែង ក៏​ដូច​ខេត្ត​រតនគិរី ភាគ​ឦសាន​ប្រទេស​កម្ពុជា សេចក្តី​រាយ​ការណ៍​ពី​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ និង​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​ត្រូវ​ឈ្មួញ​មាន​ខ្នង​បង្អែក​ចលនា​ឲ្យ​អ្នក​ភូមិ​ចូល​ព្រៃកាប់ ហើយ​ពួកគេ​ជា​អ្នក​ប្រមូល​ទិញ​នាំ​ចេញ​ទៅ​ទីក្រុង​ភ្នំពេញ និង​មួយ​ចំណែក​ទៀត​នាំ​ចេញ​តាម​ច្រកទ្វារ​ព្រំដែន ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ក៏​ប៉ុន្តែ​ករណី​ទាំង​នោះ​ក្រុម​មន្ត្រី​សមត្ថកិច្ច​តែង​បដិសេធ​ថា មិន​បាន​ដឹង​ឬ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទេ៕