ការរៀប​អាពាហ៍​ពិពាហ៍​តាម​ប្រពៃណី​របស់​ជនជាតិ​អ៊ិស្លាម

ការរៀប​អាពាហ៍​ពិពាហ៍​គឺ​មាន​ប្រពៃណី​និង​ទំនៀម​ទម្លាប់​ផ្សេងៗ​ពី​គ្នា​រវាង​ជនជាតិ​នីមួយៗ ជនជាតិ​ខ្មែរ​អ៊ិស្លាម​ដែល​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ទាប់ពី​ប្រទេស​របស់​ខ្លួន​គឺ​នគរ​ចំប៉ា​នៅ​ពេល​ដែល​ប្រទេស​នេះ​កំពុង​មាន​សង្គ្រាម​វឹកវរ​ជាមួយ​វៀតណាម ទោះ​ជា​យ៉ាង​នេះ​ក្តី​ទំនៀម​ទម្លាប់​ប្រពៃណី​នៃ​ការរៀប​អាពាហ៍​ពិពាហ៍​តាម​របៀប​បុរាណ​ដែល​សល់​ពី​នគរ​របស់​ខ្លួន​នោះ​ស្ទើរតែ​បាត់បង់​ទាំង​ស្រុង។

0:00 / 0:00

ប៉ុន្តែ​ការរៀប​អាពាហ៍​ពិពាហ៍​នេះ​បើ​តាម​ការបកស្រាយ​របស់​គ្រូ​បង្រៀន​ផ្នែក​សាសនា​អ៊ិស្លាម​គឺ​ពុំ​មែន​ជា​ប្រពៃណី​នោះ​ទេ សំខាន់​លក្ខខណ្ឌ​នៃ​ការរៀប​មង្គលការ​នោះ​គឺ​ឲ្យ​តែ​រៀបចំ​ត្រូវ​និង​ក្បួន​ខ្នាត​របស់​សាសនា​អ៊ិស្លាម​គឺ​ជា​ប្រការ​ដែល​ប្រសើរ​បំផុត ព្រោះ​ប្រពៃណី​និង​ទំនៀម​ទម្លាប់​នោះ​មិន​ស្ថិត​នៅ​ក្នុង​ក្បួន​ច្បាប់​នៃ​សាសនា​អ៊ិស្លាម​នោះ​ទេ សាសនិក​អ៊ិស្លាម​នា​ពេល​បច្ចុប្បន្ន​បាន​រៀប​អាពាហ៍​ពិពាហ៍​អនុវត្ត​តាម​ច្បាប់​វិន័យ​របស់​សាសនា​អ៊ិស្លាម។

ថ្នាក់​ដឹកនាំ​ភូមិ​ដែល​ហៅ​ថា ហាកិម គឺ​លោក លីម មហាំម៉ាត់នោ បាន​មាន​ប្រសាសន៍​ជុំវិញ​ទំនៀម​ទម្លាប់​នៃ​ការរៀប​អាពាហ៍​ពិពាហ៍​ពី​ជំនាន់​អតីតកាល​ថា ការរៀប​អាពាហ៍ពិពាហ៍​មាន​រយៈពេល​ពីរ​ថ្ងៃ។

លោក​បាន​រៀបរាប់​យ៉ាង​ដូច្នេះ ៖ «ថ្ងៃ​ទី​១ គេ​ហៅ​ថា​ប្រជុំ​ញាតិ ប្រជុំ​ក្រុម​គ្រួសារ ញាតិ​មិត្ត​មក​ពី​ឆ្ងាយ​គេ​រៀបចំ​ម្ហូបម្ហា​ពេល​ល្ងាច គ្រាន់តែ​ថា​ទទួល​ជា​មធ្យម​សម្រាប់​ក្រុម​គ្រួសារ​សាច់​ញាតិ ហើយ​ដល់​ពេល​យប់​ម៉ោង​៦​ទៅ​ម៉ោង​៦:៣០​យប់​ហ្នឹង មាន​ហូប​នំ ចាស់ៗ​មក​ចូលរួម​ច្រើន​ណាស់ ប្រុស​ក៏​មក​ច្រើន ស្រី​ក៏​មក​ច្រើន ជា​ពិសេស​ក្រមុំៗ​រយ​នាក់​តែ​ម្ដង​ដែល​គេ​មក​កំដរ​កូន​ក្រមុំ។ ការហូប​ហ្នឹង​ទៀត​ចែក​ចេញ​ជា​ពីរ​ប្រភេទ ប្រុស​ហូប​តាម​ប្រុស ស្រី​ហូប​តាម​ស្រី»

លោក​ហាកិម​បាន​បញ្ជាក់​ទៀត​ថា អ្វី​ដែល​មិន​មាន​ការប្រែប្រួល​នោះ​គឺ​រវាង​កូន​កម្លោះ​និង​កូន​ក្រមុំ​នៅ​ពេល​ដែល​បាន​ភ្ជាប់​ពាក្យ​រួច​ហើយ​ក្តី ពួក​គេ​ពុំ​មាន​សិទ្ធិ​បណ្តើរ​គ្នា​លេង​នោះ​ទេ។ ចំពោះ​ការតុបតែង​ខ្លួន​កូន​កម្លោះ​ក្រមុំ​មាន​ការប្រែប្រួល​តាម​សង្គម។

លោក​ហាកិម​បាន​ឲ្យ​ដឹង​ថា ៖ «កូន​ក្រមុំ​ច្រើន​ពី​ដើម​ឪពុក​ម្ដាយ​យើង ចាស់ៗ​ពាក់​ខោ​អាវ​ខ្មៅៗ​វែងៗ​ពី​ដើមៗ​ហ្នឹង។ គេ​ច្រើន​ស្លៀក​ពាក់​របៀប​របប​ហ្នឹង ប៉ុន្តែ​ពេល​ឡើង​គ្រែ ខ្មៅ​ហ្នឹង​មាន​លាប​ពណ៌ ឲ្យ​មាន​ពណ៌​ខៀវ ពណ៌​ក្រហម​ដែរ ក្រណាត់​សន្ទៀវ​ហ្នឹង វា​មិន​មែន​ដូច​បច្ចុប្បន្ន​ឥឡូវ​មាន​តេតារ៉ុង​មាន​អី​ឯណា។ កូន​កម្លោះ​ស្លៀកពាក់​ពី​ដើម​តិច​ណាស់​មាន​ស្លៀក​ខោ​បារាំង​អី ច្រើន​ស្លៀក​សារ៉ុង ពាក់​អាវ​វែង ហើយ​ចង (ក្រណាត់) លើ​ក្បាល​អី​ជា​ពណ៌​អី​ខ្លះ។ កូន​កម្លោះ​ឥឡូវ គេ​ស្លៀកពាក់​ជា​របៀប​របប​អារ៉ាប់​ទៅ ជួនកាល​ទៅ​គេ​ស្លៀកពាក់​ជា​ម៉ាឡេ​ទៅ ជួនកាល​ស្លៀក​ពាក់​ជា​ប្រពៃណី​ខ្មែរ អាវ​ធំ​ចង​ក្រវាត់​ក​ទៅ»

នាយក​នៃ​មជ្ឈមណ្ឌល​អ៊ិស្លាម​មួយ​និង​ជា​គ្រូ​បង្រៀន​ផ្នែក​សាសនា​អ៊ិស្លាម​ផង​នោះ លោក យួសុះ អាប់ឌុលរ៉សម៉ាន មាន​ប្រសាសន៍​អំពី​វិន័យ​នៃ​ការរៀប​អាពាហ៍​ពិពាហ៍​តាម​សាសនា​អ៊ិស្លាម​ថា ការរៀបការ​មិន​អាច​បង្ខំ​ពី​ភាគី​ណា​មួយ​បាន​ឡើយ ហើយ​ក្នុង​ពិធី​រៀប​មង្គលការ​នោះ​ក៏​ពុំ​មាន​ភ្លេង​ឬ​តន្រ្តី​អ្វី​ទេ។

លោក យួសុះ អាប់ឌុលរ៉សម៉ាន បាន​មាន​ប្រសាសន៍​ថា ៖ «គ្រឹះ​សំខាន់​នៅ​ក្នុង​ការរៀបការ​ឬ​មួយ​ភាសា​អារ៉ា​ប់ថា... មាន​៣​ប្រការ។ ទី​១ ឲ្យ​មាន​កម្លោះ​ហើយ​ក្រមុំ ហើយ​ទាំង​ពីរ​នាក់​នោះ​អាច​រៀបការ​ជាមួយ​គ្នា​បាន​តាម​វិន័យ​និង​សាសនា​អ៊ិស្លាម។ ទី​២ មាន​ការអនុញ្ញាត​អំពី​អ្នក​គ្រប់គ្រង អំពី​ឪពុក​ស្រ្តី​បាន​ពោល​ពាក្យ​ប្រគល់​កូន​ស្រី​របស់​លោក​ឲ្យ​ទៅ​កូន​កម្លោះ។ ទី​៣ កូន​កម្លោះ​ត្រូវ​ទទួល​ថា ខ្ញុំ​ទទួល​ហើយ​រៀបការ​នោះ។ នេះ​គឺ​គ្រឹះ​សំខាន់​បី​នេះ គឺ​អាច​ក្លាយ​ទៅ​ជា​ប្ដី​ប្រពន្ធ​ហើយ»

លោក​បាន​បន្ត​ថា ចំពោះ​កូន​ក្រមុំ​នៅ​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​តុបតែង​ខ្លួន​ក្នុង​សំម្លៀក​បំពាក់​ណា​ដែល​ស៊ិចស៊ី​នោះ​ទេ។ លោក​បាន​បញ្ជាក់​អំពី​ផល​ប្រយោជន៍​នៃ​ការរៀប​មង្គលការ​នោះ​ថា ៖ «បុរស​និង​ស្រ្តី​មិន​រៀបការ​ទេ គឺ​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​បុគ្គល គ្រួសារ សង្គម ហើយ​និង​ប្រទេស​ជាតិ សុខភាព សន្តិសុខ ហើយ​និង​អ្វី​ផ្សេងៗ​ដទៃ​ទៀត។ មាន​ន័យ​ថា បើ​យើង​រៀបការ​តាម​ច្បាប់​នោះ​ធ្វើ​ឲ្យ​សង្គម​គ្មាន​ជំងឺ​កាមរោគ​នៅ​ក្នុង​សង្គម ប្រមេះ ស្វាយ ឃ្លង់ អេដស៍»

រីឯ​ប្រធាន​សមាគម​ខ្មែរ​អ៊ិស្លាម​និង​អភិវឌ្ឍន៍​ជនជាតិ​ភាគ​តិច លោក សា មហាំម៉ាត់សេន បាន​បញ្ជាក់​ថា​ជា​ទូទៅ​ឃើញ​ថា​ពី​ជំនាន់​មុន​ការផ្គូរផ្គង​កូន​ចៅ ឪពុក​ម្តាយ​តែងតែង​រៀបចំ​មង្គលការ​ឲ្យ​កូនៗ ទោះបី​ជា​កូន​កម្លោះ​ក្រមុំ​នោះ​បាន​ស្គាល់​គ្នា​ឬ​មិន​បាន​ស្គាល់​គ្នា​ពី​មុន​មក​ក្តី។

លោក សា មហាំម៉ាត់សេន បាន​មាន​ប្រសាសន៍​ថា ៖ «ប្រជាជន​នៃ​ជនជាតិ​អ៊ិស្លាម​ដែល​នៅ​កម្ពុជា​មាន​ការសិក្សា​ស្វែងយល់​ពី​ផ្នែក​សាសនា​អ៊ិស្លាម​ក្ដី ខាង​ផ្នែក​ខាង​ចំណេះ​ទូទៅ​ក្ដី គេ​នឹង​បាន​ស្វែងយល់​ពី​អ្វី​ដែល​ហៅ​ថា សុភមង្គល»

សូម​ជម្រាប​ថា ការរៀប​អាពាហ៍​ពិពាហ៍​របស់​សាសនិក​អ៊ិស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ចំពោះ​នារីៗ​នៅ​ពេល​យប់​គេ​នាំគ្នា​ទៅ​មើល​ការតុបតែង​ខ្លួន​របស់​កូន​ក្រមុំ​នោះ។ ពិធី​រៀប​មង្គលការ​នេះ​ពុំ​បាន​កំណត់​ចំនួន​ថ្ងៃ​នោះ​ទេ សំខាន់​គឺ​គេ​ត្រូវតែ​ធ្វើ​ពិធី​ជប់លៀង​ដ៏​ធំ​មួយ​ដើម្បី​បង្ហាញ​ថា កូន​អ្នក​ភូមិ​នោះ​បាន​រៀបការ​និង​ធ្វើ​តាម​ច្បាប់​អ៊ិស្លាម​និង​ច្បាប់​សង្គម។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ការរៀប​អាពាហ៍​ពិពាហ៍​នោះ ខ្មែរ​អ៊ិស្លាម​នៅ​ប្រទេស​កម្ពុជា​ជា​ទំនៀម​ទម្លាប់​បាន​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ចូល​រោង​ការ​និង​ថ្ងៃ​បញ្ចប់​និង​មាន​ពិធី​ជប់លៀង​ច្រើន​ដង ដូច​ជា​ពេល​យប់​គេ​ជប់លៀង​នំ​ចំណី​ផ្សេងៗ​ជាដើម។ ការរៀបការ​នេះ​កូន​កម្លោះ​មិន​បាន​មក​រៀបការ​នៅ​ផ្ទះ​ខាង​ស្រី​ទេ គឺ​គេ​បាន​ធ្វើ​ពិធី​រៀបការ​នៅ​ផ្ទះ​រៀងៗ​ខ្លួន លុះ​ដល់​ថ្ងៃ​ទី​ពីរ​គេ​បាន​ហែ​កូន​កម្លោះ​មក​ផ្ទះ​ខាង​ស្រី​ដោយ​មាន​សាច់​ញាតិ​ខាង​កូន​កម្លោះ​មក​ជាមួយ ដូច​ជា​ឪពុក​ម្តាយ​ឬ​បង​ប្អូន ប៉ុន្តែ​កូន​ក្រមុំ​ពុំ​បាន​មក​ទទួល​កូន​កម្លោះ​នោះ​ដែរ។

ក្រោយ​ពី​បាន​ហែ​មក​ដល់​ផ្ទះ​ខាង​ស្រី​គេ​បាន​រៀប​ពិធី​ប្រគល់​កូន​ក្រមុំ​ឲ្យ​កូន​កម្លោះ​ដែល​គេ​ហៅ​ថា នីកាស់​និង​មាន​ភ្ញៀវ​ផ្នែក​បុរស​ទាំង​សងខាង​ចូលរួម​ក្នុង​ចំណោម​នោះ គេ​រក​សាក្សី​ពីរ​នាក់​ដែល​ជា​មនុស្ស​ទៀងត្រង់​ដើម្បី​ដឹង​ឮ​ពី​ការនីកាស់​ដែល​គេ​អាច​ធ្វើ​នៅ​ពេល​នៅ​យប់​ឬ​នៅ​ពេល​ថ្ងៃ បន្ទាប់​ពី​នីកាស់​គេ​ជប់លៀង​ឬ​បរិភោគ​ចំណី​ផ្សេងៗ​នៅ​ផ្ទះ​ខាង​ស្រី។

ការរៀបការ​ដែល​មិន​បាន​នីកាស់​ទេ​នោះ​មាន​ន័យ​ថា ពួក​គេ​ទាំង​ពីរ​នាក់​មិន​ទាន់​ក្លាយ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​បាន​ទេ ទោះ​បី​ជា​គេ​បាន​ធ្វើ​ពិធី​មង្គលការ​នោះ​ធំដុំ​យ៉ាង​ណា​ក៏ដោយ។ នីកាស់​គេ​អាច​ធ្វើ​នៅ​ក្នុង​វិហារ នៅ​ផ្ទះ​កូន​ក្រមុំ​ឬ​នៅ​ផ្ទះ​អ្នក​ជិត​ខាង។ ក្រោយ​ពី​បាន​នីកាស់​កូន​កម្លោះ​ក្រមុំ​គេ​បាន​រៀបចំ​ឲ្យ​ផ្សំ​ដំណេក​នៅ​យប់​ទី​២ ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​ក៏​មិន​ចូល​វិហារ​ដើម្បី​ប្រាថ្នា​អ្វី​នោះ​ដែរ។

យោង​តាម​ប្រវត្តិ​សាស្ត្រ​របស់​សាសនា​អ៊ិស្លាម​បាន​បង្ហាញ​ថា ការរៀប​អាពាហ៍​ពិពាហ៍​គឺ​មាន​តាំង​ពី​ជំនាន់​ព្យាការី​របស់​អល់ឡោះ ហៅ​ថា ណាពី​អាដាម មក​ម៉្លេះ ដែល​ជា​ជីដូន​ជីតា​របស់​មនុស្ស​ព្រោះ​អល់ឡោះ​បាន​បង្កើត​អាដាម​ដំបូង​គេ​បង្អស់​បាន​រៀបការ​ជាមួយ​ហាវើ៕